"ព្រៃឈើបន្តរងការគំរាមកំហែងដោយសារតម្រូវការឈើប្រណីតក្នុងប្រទេសចិនកើនឡើង"
2015.12.28

អង្គការសង្គមស៊ីវិលអន្តរជាតិ ធ្វើការងារការពារព្រៃឈើឈ្មោះ ហ្វរែស ទ្រែនស៍ (Forest Trends) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក រកឃើញថា ព្រៃឈើនៅបណ្ដាប្រទេសអាស៊ានមួយចំនួន នៅតែបន្តរងការគំរាមកំហែងដោយសារតម្រូវការឈើប្រណីតនៅប្រទេសចិន កើនឡើងខ្លាំង។
ការនិយមឈើប្រណីតនៅប្រទេសចិន ក៏កំពុងជំរុញឲ្យមានសកម្មភាពឈើខុសច្បាប់កើតឡើងកាន់តែច្រើននៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាហ្វ្រិក (Africa) ដែរ ខណៈព្រៃឈើនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍កាន់តែតិច។
ចិន ជាប្រទេសប្រើប្រាស់ឈើប្រណីតច្រើនជាងគេនៅលើពិភពលោក ដោយសារឈើប្រណីតដែលចិន ហៅថា ហុងមូ (Hongmu) ឬឈើក្រហម ជាអត្តសញ្ញាណមួយនៃវប្បធម៌ចិន។ ទន្ទឹមនឹងប្រទេសចិន មានកំណើនសេដ្ឋកិច្ចខ្លាំង រួមទាំងការលូតលាស់នៃវិស័យសំណង់នៅមួយរយៈចុងក្រោយនេះផង ការនិយមប្រើប្រាស់ឈើប្រណីតធ្វើជាគ្រឿងសង្ហារិម និងគ្រឿងតុបតែងលម្អគេហដ្ឋានក៏កើនឡើង។
ការវិភាគរបស់អង្គការ ហ្វរែស ទ្រែនស៍ (Forest Trends) លើតួលេខពាណិជ្ជកម្មឈើត្រឹមឆ្នាំ២០១៤ បង្ហាញថា ប្រទេសចិន បាននាំចូលឈើប្រណីតច្រើនបំផុតនៅឆ្នាំ២០១៤។ និន្នាការនៃកំណើននេះ ចាប់ផ្ដើមងើបឡើងជាលំដាប់ចាប់តាំងពីឆ្នាំ២០០០ មក។
នៅឆ្នាំ២០១៤ ប្រទេសចិន បាននាំចូលឈើប្រណីតទាំងឈើស្រស់ និងឈើស្ងួតសរុបជិត ២លានម៉ែត្រគូប (១,៩៦លានម៉ែត្រគូប) កើនឡើង ៧០% ពីឆ្នាំ២០១៣។ បើគិតជាទឹកប្រាក់ បរិមាណឈើទាំងនោះមានតម្លៃសរុប ២,៦ពាន់លានដុល្លារ កើនឡើងសឹងទ្វេដងពីឆ្នាំ២០១៣។
ក៏ប៉ុន្តែកំណើននេះ ធ្លាក់ចុះវិញនៅ ៦ខែដើមឆ្នាំ២០១៥ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៤។ ការធ្លាក់ចុះនេះ មន្ត្រីធ្វើការងារក្នុងឧស្សាហកម្មឈើប្រណីតនៃប្រទេសចិន ប្រាប់អង្គការ ហ្វរែស ទ្រែនស៍ (Forest Trends) ថា អាចបណ្ដាលមកពីការស្តុកឈើទុកកាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៤ មកពីយុទ្ធនាការរបស់រដ្ឋាភិបាលចិន ក្នុងការបង្ក្រាបអំពើពុករលួយ ហើយក៏អាចដោយសារអតិថិជនវ័យក្មេងនៅប្រទេសចិន មិនសូវពេញនិយមប្រើប្រាស់ឈើប្រណីតមានតម្លៃថ្លៃ។ យ៉ាងណាក៏ដោយ អង្គការ ហ្វរែស ទ្រែនស៍ (Forest Trends) ថា និន្នាការនេះមិនទាន់ជាក់លាក់នៅឡើយ ត្រូវការការតាមដានបន្ថែមទៀត។
អង្គការអន្តរជាតិមួយនេះបញ្ជាក់ថា ឈើប្រណីតដែលប្រទេសចិន នាំចូលក្នុងមួយឆ្នាំៗមានប្រភពមកពីតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសកម្ពុជា ឡាវ វៀតណាម ថៃ និងមីយ៉ាន់ម៉ា។ ក្រៅពីនេះ គឺប្រទេសឥណ្ឌា ដែលស្ថិតក្នុងតំបន់អាស៊ី។ បច្ចុប្បន្ន វិនាសកម្មនេះកំពុងរាលដាលទៅតំបន់អាហ្វ្រិក ខណៈព្រៃឈើមានគុណភាពខ្ពស់ដែលអាចរកបាននៅតំបន់អាស៊ីអាគ្នេយ៍មានចំនួនកាន់តែតិច មិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារបានគ្រប់គ្រាន់។
របាយការណ៍ដដែលលើកឡើងថា ទោះបីជាប្រទេសទាំងនោះមានក្របខ័ណ្ឌច្បាប់ហាមឃាត់ការកាប់ឈើប្រណីតក៏ដោយ ក៏សកម្មភាពជួញដូរឈើប្រណីតនៅតែមានលក្ខណៈខ្លាំងក្លាដដែល ហើយគ្របដណ្ដប់ដោយសកម្មភាពរបស់ក្រុមឈ្មួញមានអំណាច។
អង្គការ ហ្វរែស ទ្រែនស៍ (Forest Trends) ថាក្នុងឆ្នាំ២០១៤ ប្រទេសឡាវ ជាប់លេខមួយខាងផ្គត់ផ្គង់ឈើប្រណីតដល់ទីផ្សារប្រទេសចិន។ សកម្មភាពនាំឈើប្រណីតចូលទីផ្សារប្រទេសចិន តែងធ្វើឡើងទាំងតាមផ្លូវសមុទ្រ និងផ្លូវគោក ក៏ប៉ុន្តែច្រកដែលពេញនិយមបំផុតដែលឈ្មួញឈើប្រើបច្ចុប្បន្ន គឺច្រកកំពង់ផែហុងកុង ដោយសារទំនិញឈើប្រណីតនាំចូលតាមច្រកនេះ ត្រូវបានលើកលែងពន្ធនាំចូល និងមាននីតិវិធីមិនសូវតឹងតែងដូចតាមច្រកចិនដីគោក។ បន្ទាប់មក ឈើទាំងនោះនឹងត្រូវដឹកជញ្ជូនបន្តពីក្រុងហុងកុង ទៅតំបន់សេដ្ឋកិច្ចពិសេសសិនជិន (Shenzhen) ភាគខាងត្បូងឆៀងខាងកើតនៃតំបន់ដីគោកប្រទេសចិន។
អ្នកសរសេររបាយការណ៍របស់អង្គការ ហ្វរែស ទ្រែនស៍ (Forest Trends) ដែលចេញផ្សាយនៅដើមខែធ្នូ លោក ណាអូមិ បាស៊ីក ទ្រាន័រ (Naomi Basik Treanor) លើកឡើងថា តម្រូវការដ៏ខ្ពស់របស់ប្រទេសចិន នាំមកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រជាជនដែលរស់នៅអាស្រ័យផលពីព្រៃឈើ។ លោកបានលើកឡើងពីភាពខ្វះចន្លោះក្នុងការអនុវត្តច្បាប់ការពារព្រៃឈើ នៅតាមបណ្ដាប្រទេសមួយចំនួនដែលសម្បូរដោយឈើប្រណីត៖ «ប្រទេសជាច្រើននៅតំបន់អាហ្វ្រិក និងអាស៊ី ហាមប្រាមការកាប់ឈើ និងការនាំចេញឈើប្រណីត ក៏ប៉ុន្តែផលិតផលទាំងនេះនៅតែអាចទៅដល់ប្រទេសចិន។ ជាអកុសល ក្របខ័ណ្ឌច្បាប់នៅតាមបណ្ដាប្រទេសមានព្រៃឈើប្រណីត ជារឿយៗនៅមិនទាន់គ្រប់គ្រាន់ មិនត្រូវបានអនុវត្ត ឬរាំងស្ទះដោយសារការស៊ីសំណូក និងអំពើពុករលួយ។ ឧទាហរណ៍ បម្រាមជាច្រើនទៅលើការកាប់ និងនាំចេញឈើប្រណីត មិនត្រូវបានអនុវត្ត ដោយសារតែមន្ត្រីពុករលួយ ហើយច្បាប់ខ្លះតែងតែត្រូវបានបំពានក្នុងប្រទេស ដែលមានសមត្ថភាពអនុវត្តច្បាប់ និងអភិបាលកិច្ចខ្សោយ»។
ក្នុងក្របខ័ណ្ឌអាស៊ាន ប្រទេសជាសមាជិកទាំង១០ បានបង្កើតបណ្ដាញអនុវត្តច្បាប់អភិរក្សព្រៃឈើ និងសត្វព្រៃមានឈ្មោះហៅកាត់ថា អាស៊ាន វិន (ASEAN-WEN) តាំងពីឆ្នាំ២០០៥ មក ក្នុងបំណងបង្កើនសមត្ថភាពរបស់អាស៊ានក្នុងការប្រយុទ្ធប្រឆាំងសកម្មភាពឧក្រិដ្ឋកម្មជួញដូរព្រៃឈើ និងសត្វព្រៃឆ្លងដែន និងដើម្បីអនុវត្តកិច្ចព្រមព្រៀងរបស់អាស៊ាន លើអនុសញ្ញាស្ដីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ ហៅកាត់ថា សៃតេស (CITES)។
យ៉ាងណាក៏ដោយ អង្គការ ហ្វរែស ទ្រែនស៍ (Forest Trends) លើកឡើងក្នុងរបាយការណ៍របស់ខ្លួនថា បណ្ដាញឧក្រិដ្ឋជនជួញដូរព្រៃឈើ ច្រើនមាននៅតំបន់ទន្លេមេគង្គ ហើយបណ្ដាញទាំងនោះភាគច្រើនជាឈ្មួញជនជាតិចិន និងវៀតណាម ដែលជួញឈើប្រណីតពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា៕