អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​ប្រទេស​ក្នុង​អាស៊ាន​ទប់ស្កាត់​អំពើ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន

ដោយ ចេង ម៉េងជូ
2016-02-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេតំហ្វេតាមីន​គ្រាប់ (Methamphetamine) ចំនួន ២.០០០គ្រាប់ និង​មេតំហ្វេតាមីន​ម្សៅ កន្លះ​គី​ឡូ​ក្រាម ដែល​អាជ្ញាធរ​ខេត្ត​បាត់ដំបង​កម្ទេច​ចោល​នៅ​សួនច្បារ​សាធារណៈ​ក្នុង​ក្រុង​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៤។
មេតំហ្វេតាមីន​គ្រាប់ (Methamphetamine) ចំនួន ២.០០០គ្រាប់ និង​មេតំហ្វេតាមីន​ម្សៅ កន្លះ​គី​ឡូ​ក្រាម ដែល​អាជ្ញាធរ​ខេត្ត​បាត់ដំបង​កម្ទេច​ចោល​នៅ​សួនច្បារ​សាធារណៈ​ក្នុង​ក្រុង​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA

របាយការណ៍​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ ប្រឆាំង​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម បង្ហាញ​ថា ទន្ទឹម​នឹង​សេដ្ឋកិច្ច​អាស៊ាន​មាន​សន្ទុះ​ខ្លាំងក្លា សកម្មភាព​របស់​ឧក្រិដ្ឋជន​ក្នុង​តំបន់​នេះ ក៏​កំពុង​រីក​ដុះដាល​ដែរ។ អង្គការ​អន្តរជាតិ​នេះ ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ ឲ្យ​ដូច​ការ​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​សេដ្ឋកិច្ច​ដែរ។

ក្នុង​ការ​សិក្សា​ពី​ស្ថានភាព​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ក្នុង​តំបន់​អាស៊ាន ការិយាល័យ​អង្គការ​សហប្រជាជាតិ ប្រឆាំង​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម រក​ឃើញ​ថា បណ្ដាញ​ឧក្រិដ្ឋជន​ក្នុង​តំបន់​នេះ កំពុង​រីក​ដុះដាល​យ៉ាង​ឆាប់​រហ័ស ដែល​គំរាម​កំហែង​ដល់​ស្ថិរភាព​ក្នុង​តំបន់។

សកម្មភាព​ខុស​ច្បាប់​ទាំង​នោះ​រួម​មាន ការ​ជួញ​ដូរ​មនុស្ស ថ្នាំ​ញៀន ទំនិញ​ក្លែងក្លាយ និង​ការ​ជួញ​ដូរ​ឈើ​ប្រណីត និង​សត្វ​ព្រៃ ជាដើម ដែល​ត្រូវ​បាន​វាយ​តម្លៃ​ជា​សាច់​ប្រាក់​ថា លើស​ពី ១០០​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ទំហំ​សាច់​ប្រាក់​នេះ ធំធេង​ជាង​ទំហំ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា មីយ៉ាន់ម៉ា និង​ឡាវ បូក​បញ្ចូល​គ្នា​ទៅ​ទៀត។

ក្នុង​របាយការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ តំណាង​ការិយាល័យ​អង្គការ​សហប្រជាជាតិ ប្រឆាំង​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក ជែរឺមី ឌូហ្គ្លាស (Jeremy Douglas) លើក​ឡើង​ក្នុង​របាយការណ៍​នោះ​ថា បច្ចុប្បន្ន ការ​យក​ចិត្ត​ទុក​ដាក់​របស់​អាស៊ាន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន មិន​បាន​ដិតដល់​ដូច​ការ​គិតគូរ​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​ឡើយ។

ការ​ចេញ​ផ្សាយ​របាយការណ៍​នេះ នៅ​បន្ទាប់​ពី​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន ទើប​បាន​ប្រកាស​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជា​ផ្លូវ​ការ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥។ ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន គឺ​ដើម្បី​ជំរុញ​លំហូរ​ពាណិជ្ជកម្ម ពលករ​មាន​ជំនាញ និង​ការ​វិនិយោគ​ក្នុង​តំបន់។

ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ រួម​ទាំង​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ដែល​ជា​ដៃគូ​សេដ្ឋកិច្ច​សំខាន់​របស់​អាស៊ាន បាន​បង្កើន​ការ​វិនិយោគ​របស់​ខ្លួន​ជា​លំដាប់​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​បម្រើ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​ដែល​កំពុង​លូតលាស់​យ៉ាង​លឿន​នេះ។

យ៉ាង​ណា​ក៏ដោយ ការិយាល័យ​អង្គការ​សហប្រជាជាតិ ប្រឆាំង​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម ក្រើន​រំឭក​ដល់​រដ្ឋាភិបាល​ក្នុង​តំបន់​នេះ​ថា ភាព​ប្រសើរ​ឡើង​នៃ​ហេដ្ឋារចនាសម្ព័ន្ធ ក៏​កំពុង​បង្ក​ភាព​អនុគ្រោះ​យ៉ាង​ខ្លាំង​ដល់​សកម្មភាព​របស់​បណ្ដាញ​ក្រុម​ឧក្រិដ្ឋជន​ដែរ។

លំហូរ​ពាណិជ្ជកម្ម​ដែល​ឆ្លង​កាត់​ដែន​សមុទ្រ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍ មាន​តម្លៃ​សរុប​ជាង ៥,៣​លាន​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ ទោះ​យ៉ាង​ណា របាយការណ៍​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ ប្រឆាំង​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម លើក​ឡើង​ថា ក្នុង​ចំណោម​កុងតឺន័រ​ផ្ទុក​ទំនិញ​សរុប​ចំនួន ៥០០​លាន​ក្នុង​មួយ​ឆ្នាំៗ មាន​ប្រមាណ​តែ ២% ប៉ុណ្ណោះ​ដែល​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ។

ការ​វិភាគ​របស់​អង្គការ​អន្តរជាតិ​នេះ​បង្ហាញ​ថា សកម្មភាព​ខុស​ច្បាប់​ដែល​មាន​ការ​គំរាម​កំហែង​កម្រិត​ខ្ពស់​រួម​មាន ការ​ជួញ​ដូរ​ឈើ​ប្រណីត និង​សត្វ​ព្រៃ ការ​ជួញ​ដូរ​មនុស្ស និង​ថ្នាំ​ញៀន។ ចំណែក​សកម្មភាព​ដែល​មាន​ការ​គំរាម​កំហែង​កម្រិត​មធ្យម​មាន​ដូចជា ការ​ជួញ​ដូរ​ទំនិញ និង​ថ្នាំ​ក្លែងក្លាយ សំណល់​អេឡិចត្រូនិក និង​ចោរកម្ម​លើ​ផ្ទៃ​សមុទ្រ។

របាយការណ៍​នោះ​កត់​សម្គាល់​ថា ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ ដែល​រួម​មាន​ប្រទេស​មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម ចិន និង​ប្រទេស​ឥណ្ឌា សកម្មភាព​ជួញ​ដូរ​ពលករ​ខុស​ច្បាប់ និង​ការ​ជួញ​ដូរ​ថ្នាំ​ញៀន​ប្រភេទ​មេតំហ្វេតាមីន (Methamphetamine) កំពុង​កើន​ឡើង​ខ្លាំង ក្នុង​កម្រិត​គួរ​ឲ្យ​ព្រួយ​បារម្ភ ប៉ុន្តែ​កិច្ច​សហប្រតិបត្តិការ​រក្សា​សន្តិសុខ​របស់​អាជ្ញាធរ​នៃ​ប្រទេស​ពាក់ព័ន្ធ​ទាំង​នោះ នៅ​មាន​កម្រិត​នៅ​ឡើយ។

ទន្ទឹម​នឹង​នេះ ការ​ជួញ​ដូរ​ឈើ និង​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់ ក៏​មាន​កម្រិត​គំរាម​កំហែង​ខ្ពស់​ដែរ។ របាយការណ៍​ដដែល​បង្ហាញ​ថា កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា គឺ​ជា​ប្រភព​ចម្បង​នៃ​ឈើ​ខុស​ច្បាប់ និង​សត្វ​ព្រៃ ហើយ​ជា​ច្រក​សំខាន់​ដែល​ក្រុម​ឧក្រិដ្ឋជន​ប្រើប្រាស់ ដើម្បី​នាំ​ចេញ​ទំនិញ​ខុស​ច្បាប់​ទាំង​នោះ​ទៅ​ប្រទេស​វៀតណាម ជាពិសេស​ប្រទេស​ចិន។

ពាក់ព័ន្ធ​នឹង​បទល្មើស​លើ​ផ្ទៃ​សមុទ្រ​វិញ របាយការណ៍​ដដែល​លើក​ឡើង​ថា ដែន​សមុទ្រ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍ ជា​ទីតាំង​ដ៏​ល្អ​ប្រសើរ​បម្រើ​ដល់​ប្រយោជន៍​ក្រុម​ឧក្រិដ្ឋជន ដោយសារ​កប៉ាល់​ដឹក​ទំនិញ​ឆ្លង​កាត់​កំពង់ផែ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ជា​ញឹកញាប់​មិន​ត្រូវ​បាន​ត្រួត​ពិនិត្យ​ឡើយ។

ដើម្បី​ទប់ស្កាត់​ការ​កើន​ឡើង​នៃ​សកម្មភាព​របស់​ក្រុម​ឧក្រិដ្ឋជន​ដែល​កំពុង​គំរាម​កំហែង​ដល់​ស្ថិរភាព​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ការិយាល័យ​អង្គការ​សហប្រជាជាតិ ប្រឆាំង​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្នុង​តំបន់​នេះ ចាត់​ទុក​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ថា​ជា​រឿង​អាទិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

សូមប្រឆាំងជាដាច់ខាត ការធ្វើឧក្រិដ្ឋកម្មប្រទេទនេះ។នឹងត្រូវផ្តន់ទាទោសតាមច្បាប់ជាដាច់ខាត។

Mar 01, 2016 09:03 AM

គេហទំព័រ​ទាំងមូល