HRW ជំរុញ​អាមេរិក​យក​បញ្ហា​សិទ្ធិ​មនុស្ស​ធ្វើ​ជា​របៀបវារៈ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន

ដោយ ចេង ម៉េងជូ
2016-02-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទាត់​ធាក់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន នៅ​មុខ​បរិវេណ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។
ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទាត់​ធាក់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន នៅ​មុខ​បរិវេណ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។
Photo: RFA

ខណៈ​មេ​ដឹក​នាំ​អាស៊ាន​ទាំង ១០​ប្រទេស កំពុង​ត្រៀម​ខ្លួន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន ដែល​មក​ដល់​នៅ​ថ្ងៃ​ទី​១៥-១៦ កុម្ភៈ នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch = HRW) បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដាក់​សម្ពាធ​លើ​មេ​ដឹក​នាំ​អាស៊ាន ឲ្យ​បញ្ចប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​របស់​ខ្លួន។

ទោះ​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​យល់​ថា បញ្ហា​សិទ្ធិ​មនុស្ស​នឹង​មិន​អាច​ក្លាយ​ជា​របៀបវារៈ​សំខាន់​ក្នុង​កិច្ច​ប្រជុំ​ពិសេស​នោះ តាម​សំណើ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ឡើយ។

ក្នុង​របាយការណ៍​កម្រាស់ ៦៣​ទំព័រ​របស់​ខ្លួន​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​តំបន់​អាស៊ាន ចេញ​ផ្សាយ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញីវយ៉ក (New York) សហរដ្ឋ​អាមេរិក ជំរុញ​ឲ្យ​រដ្ឋបាល លោក បារ៉ាក់ អូបាម៉ា លើក​យក​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​ទាំង​នោះ មក​ធ្វើ​ជា​ប្រធានបទ​សំខាន់​ក្នុង​របៀបវារៈ​នៃ​ជំនួប​ជាមួយ​មេ​ដឹក​នាំ​អាស៊ាន​ទាំង ១០​ប្រទេស ដែល​ក្នុង​នោះ​មាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង។

ករណី​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០​ប្រទេស ដែល​អង្គការ​អន្តរជាតិ​នេះ​បាន​លើក​ឡើង​ក្នុង​របាយការណ៍​របស់​ខ្លួន រួម​មាន កង្វះ​ខាត​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ហួស​ហេតុ​ក្នុង​ការ​បញ្ចេញ​មតិ ការ​រឹតត្បិត​លើ​អង្គការ​សង្គម​ស៊ីវិល ការ​រំលោភ​បំពាន​សកម្មជន​សិទ្ធិ​មនុស្ស ការ​រំលោភ​បំពាន​អំណាច​តុលាការ ស្ថានភាព​អំពើ​ពុក​រលួយ​ដែល​មាន​កម្រិត​ខ្ពស់ និង​បញ្ហា​មួយ​ចំនួន​ទៀត។

របាយការណ៍​នោះ ក៏​លើក​ឡើង​ពី​ករណី​ជាក់ស្ដែង​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន ក្នុង​ចំណោម​ប្រទេស​ទាំង​១០។ ករណី​ទាំង​នោះ​រួម​មាន ការ​ឃុំឃាំង​អ្នក​ទោស​នយោបាយ​នៅ​ប្រទេស​វៀតណាម ការ​កាត់​ទោស​ក្រោម​ហេតុផល​នយោបាយ​នៅ​ប្រទេស​ម៉ាឡេស៊ី ការ​បង្ក្រាប​សកម្មភាព​សម្ដែង​មតិ​ពី​សំណាក់​រដ្ឋាភិបាល​ថៃ ព្រម​ទាំង​ការ​គាប​សង្កត់​អ្នក​នយោបាយ​នៅ​ប្រទេស​កម្ពុជា។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​យល់​ពី​ភាព​ចាំបាច់​នៃ​ការ​រឹត​បន្តឹង​កិច្ច​សហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក និង​តំបន់​អាស៊ាន ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ចិន មក​លើ​តំបន់​នេះ។ ទោះ​យ៉ាង​នេះ​ក្ដី លោក​មិន​គាំទ្រ​ចំពោះ​ការ​ដែល លោក បារ៉ាក់ អូបាម៉ា អញ្ជើញ​មេ​ដឹក​នាំ​អាស៊ាន​មួយ​ចំនួន​ដែល​មាន​ប្រវត្តិ​អាក្រក់ ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ឲ្យ​មក​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​លើ​ដែនដី​សហរដ្ឋ​អាមេរិក ជា​ផ្លូវ​ការ​បែប​នេះ​ឡើយ៖ «យើង​គិត​ថា សហរដ្ឋ​អាមេរិក មិន​គួរ​អញ្ជើញ លោក ហ៊ុន សែន តាំង​តែ​ពី​ដំបូង​ទី​មក​ម្ល៉េះ តែ​យើង​មិន​ដឹង​ថា យ៉ាង​ម៉េច​បាន​ជា លោក អូបាម៉ា ផ្លាស់ប្ដូរ​គោល​នយោបាយ​របស់​ខ្លួន​ដែល​អញ្ជើញ លោក ហ៊ុន សែន ជា​ផ្លូវ​រដ្ឋ​ជា​លើក​ដំបូង ឲ្យ​មក​សហរដ្ឋ​អាមេរិក នេះ។ លោក អូបាម៉ា ក៏​អញ្ជើញ​ឧត្ដមសេនីយ៍​យោធា​ថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ដែល​ជា​មេ​ដឹក​នាំ​រដ្ឋ​ប្រហារ​កំពុង​កាន់​អំណាច អញ្ជើញ​មេ​ដឹក​នាំ​បក្ស​កុម្មុយនីស្ត​វៀតណាម មេ​ដឹក​នាំ​ឡាវ និង​មេ​ដឹក​នាំ​ប្រទេស​ប្រ៊ុយណេ ដែល​សុទ្ធតែ​ជា​មេ​ដឹក​នាំ​រដ្ឋាភិបាល​ដែល​មិន​ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ។ លោក អូបាម៉ា ក៏​អញ្ជើញ​មេ​ដឹក​នាំ​ប្រទេស​ម៉ាឡេស៊ី ដែល​កំពុង​មាន​រឿង​អាស្រូវ​ពុក​រលួយ​ខ្លាំង​នោះ​ដែរ។ ការ​អញ្ជើញ​ទាំង​នេះ មិន​គួរ​ធ្វើ​ឡើង​ទេ»

ក្នុង​លិខិត​របស់ លោក ប្រ៊ែដ អាដាម ផ្ញើ​ជូន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា ចុះ​ថ្ងៃ​ទី​១១ កុម្ភៈ លោក ប្រ៊ែដ អាដាម សរសេរ​ថា ការ​អញ្ជើញ​របស់ លោក អូបាម៉ា ផ្ទុយ​នឹង​សេចក្ដី​ប្រកាស​របស់​សហរដ្ឋ​អាមេរិក ឆ្នាំ​២០១១ ដែល​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ចូល​ដែនដី​សហរដ្ឋ​អាមេរិក បាន​ឡើយ។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លើក​ឡើង​ថា ទោះ​យ៉ាង​នេះ​ក្ដី ក៏​វា​មិន​ទាន់​យឺត​ពេល​ទេ​សម្រាប់ លោក បារ៉ាក់ អូបាម៉ា ក្នុង​ការ​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​តំបន់​អាស៊ាន មក​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​កំពូល ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈមណ្ឌល​ឧទ្យាន​សាន់នីឡែនដ៍ (Sunnylands) ទីក្រុង​រេនឆូ ម៉ារ៉ាហ្ស (Rancho Mirage) រដ្ឋ​កាលីហ្វ័រញ៉ា។

ការ​អញ្ជើញ​មេ​ដឹក​នាំ​អាស៊ាន​ទាំង​១០ ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា ដោយ​ផ្ទាល់​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

ការ​អញ្ជើញ​នេះ ធ្វើ​ឡើង​ខណៈ​មហា​អំណាច​លើ​ពិភពលោក កំពុង​ផ្ដោត​គោល​នយោបាយ​ការ​បរទេស​របស់​ខ្លួន ឆ្ពោះ​មក​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ជា​ជម្រក​នៃ​ប្រជាជន​សរុប​ជាង ៦២០​លាន​នាក់ និង​ជា​តំបន់​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​លំដាប់​ទី​៣ ក្នុង​តំបន់​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន និង​ឥណ្ឌា ហើយ​និង​លំដាប់​ទី​៧ ក្នុង​ពិភពលោក។

ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន ដាច់​ដោយឡែក​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក នេះ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា នឹង​ផ្ដោត​សំខាន់​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ វិស័យ​ថាមពល ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម និង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ព្រម​ទាំង​ការ​ជជែក​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​តំបន់​អាស៊ាន​ដែរ។

យ៉ាង​ណា​ក៏ដោយ ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស ឬ​លទ្ធិប្រជាធិបតេយ្យ ប្រធាន​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ លោក គង់ ភោគ យល់​ថា ការ​ជជែក​ពី​ប្រធានបទ​នេះ នឹង​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​មិន​អាច​ដូច​នឹង​កម្រិត​ដែល​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ស្នើ​នោះ​ទេ៖ «បើ​សិន​ជា​អាមេរិក លើក​យក​បញ្ហា​នេះ​មក​និយាយ គឺ​ក្នុង​ក្របខ័ណ្ឌ​ការទូត​ច្រើន​ជាង​ការ​ដាក់​សម្ពាធ ឬ​ការ​វាយ​តម្លៃ​ទៅ​លើ​បណ្ដា​ប្រទេស​អាស៊ាន អំពី​បញ្ហា​សិទ្ធិ​មនុស្ស។ អ៊ីចឹង វា​គឺ​ជា​រឿង​ធម្មតា​សម្រាប់​សហរដ្ឋ​អាមេរិក ដែល​ជា​ទូទៅ​យើង​មើល​ឃើញ​ថា គាត់​ជា Standard Meter ពាក់ព័ន្ធ​ជាមួយ​នឹង​រឿង​សិទ្ធិ​មនុស្ស នឹង​អាច​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ ឬ​មួយ​ក៏​ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​ហ្នឹង ទៅ​ពង្រឹង​បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ»

បច្ចុប្បន្ន តំបន់​អាស៊ាន គឺ​ជា​ទីផ្សារ​នាំ​ចេញ​ផលិតផល​លំដាប់​ទី​៤ របស់​សហរដ្ឋ​អាមេរិក ហើយ​សហរដ្ឋ​អាមេរិក គឺ​ជា​ប្រភព​ធំ​បំផុត​នៃ​ទឹក​ប្រាក់​វិនិយោគ​នៅ​ក្នុង​តំបន់​អាស៊ាន។

ប្រធាន​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ លោក គង់ ភោគ ពន្យល់​ថា ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន សហរដ្ឋ​អាមេរិក មិន​អាច​ខ្ជះខ្ជាយ​ពេលវេលា​ក្នុង​ការ​បង្កើន​វត្តមាន​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នោះ​ទេ ខណៈ​ប្រទេស​មហា​អំណាច​ដទៃ​ទៀត ដូចជា ចិន ឥណ្ឌា ជប៉ុន កំពុង​ពង្រីក​ឥទ្ធិពល​រៀងៗ​ខ្លួន​ក្នុង​តំបន់​អាស៊ាន ដែល​មាន​ភាព​អនុគ្រោះ​បំផុត​ដល់​សកម្មភាព​សេដ្ឋកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល