សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ពី​ភាព​សម្ងាត់​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាស៊ាន-អាសេព

ដោយ ស៊ុន ហេង
2016.09.27
អាស៊ាន ២០១៦ ៨៥៥ ទង់ជាតិ​នៃ​សមាជិក​អាស៊ាន​ទាំង​១០។ Photo courtesy of asean.org
Photo courtesy of asean.org

កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ថ្នាក់​តំបន់​ទូលំទូលាយ ហៅ​កាត់​ថា អាសេព (RCEP) ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង ១០ និង​ដៃគូ​ពាណិជ្ជកម្ម​ធំៗ ៦ ដែល​មាន​ប្រជាជន​សរុប​ច្រើន​ជាង ៣​ពាន់​លាន​នាក់ និង​ផលិតផល​ក្នុង​ស្រុក​រួម​ជាង ២២​ទ្រីលាន ឬ ២២​លាន​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ទោះ​បី​ជា​ទំហំ​នៃ​កិច្ចព្រមព្រៀង​នេះ​មាន​ទំហំ​មហាសាល​យ៉ាង​នេះ​ក្តី សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ថា ការ​ចរចា​ធ្វើ​ឡើង​ពោរពេញ​ដោយ​ការ​សម្ងាត់ គ្មាន​ការ​ចែក​រំលែក​ព័ត៌មាន​គ្រប់គ្រាន់ ឬ​ជជែក​ពិភាក្សា​ជាមួយ​វិស័យ​សាធារណៈ​ឡើយ ដែល​អាច​បង្ក​បញ្ហា​ដល់​កម្ពុជា។

កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ថ្នាក់​តំបន់​ទូលំទូលាយ ហៅ​កាត់​ថា អាសេព (RCEP) ដែល​មាន​សមាជិក ១៦ ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ដាក់​ដំណើរ​ការ​ចរចា​ជា​ផ្លូវ​ការ​នៅ​ជំនួប​ប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​លើក​ទី​៤៤ នៅ​ទីក្រុង​សៀមរាប កាល​ពី​ឆ្នាំ​២០១២។

ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង ១០ និង​ដៃគូ​ពាណិជ្ជកម្ម​ធំៗ ៦ ដូចជា ចិន ជប៉ុន ឥណ្ឌា កូរ៉េ​ខាង​ត្បូង អូស្ត្រាលី និង​ណូវែលហ្សេឡង់ដ៍ បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ក្រោម​គោលដៅ​ពង្រីក​កំណើន​សេដ្ឋកិច្ច អភិវឌ្ឍ​តំបន់​ប្រកប​ដោយ​សមធម៌ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ជា​សមាជិក អាសេព ទាំងអស់។

ព្រោះ​តែ​កិច្ចព្រមព្រៀង​នេះ​មាន​វិសាលភាព​ធំធេង បាន​ជា​សង្គម​ស៊ីវិល​រំពឹង​ថា រដ្ឋាភិបាល ជាពិសេស​រដ្ឋាភិបាល​ប្រទេស​ក្រីក្រ នឹង​ជជែក​ពិភាក្សា​ស្តាប់​យោបល់​ពី​វិស័យ​សាធារណៈ​សិន មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​នានា។

ផ្ទុយ​ពី​ការ​រំពឹង​ទុក ការ​ចរចា​ទៅ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម អាសេព គិត​មក​ដល់​ឆ្នាំ​២០១៦ ចំណាយ​រយៈពេល​អស់​ជិត ៤​ឆ្នាំ មិន​មាន​ខ្លឹមសារ​នៃ​ការ​ចរចា​ត្រូវ​បាន​ចែក​រំលែក​ទៅ​វិស័យ​សាធារណៈ​ឡើយ។

ថ្មីៗ​នេះ នៅ​ក្រោយ​ជំនួប​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​លើក​ទី​២៨ និង​លើក​ទី​២៩ នៅ​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ ថ្នាក់​ដឹកនាំ​អាស៊ាន និង​ប្រទេស​ដៃគូ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម អាសេព ទាំង​៦ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ស្ដីពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ថ្នាក់​តំបន់​ទូលំទូលាយ ឬ អាសេព នេះ​ដែរ។

ខ្លឹមសារ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​លើក​ឡើង​ថា ការ​ចរចា​កំពុង​តែ​វិវឌ្ឍន៍​ទៅ​មុខ ទោះ​បី​ជា​មាន​ភាព​ស្មុគស្មាញ​ដោយសារ​ភាព​ខុស​គ្នា​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជា​សមាជិក​ក៏ដោយ។ ប្រទេស​ទាំងអស់​កំពុង​ពិភាក្សា​រក​ដំណោះស្រាយ​មួយ​ដែល​មាន​តុល្យភាព មាន​គុណភាព និង​ផ្តល់​ផល​ចំណេញ​ដល់​គ្រប់​ភាគី។ សេចក្តី​ថ្លែងការណ៍​ដដែល​បាន​បន្ត​ទៀត​ថា ប្រទេស​ជា​សមាជិក​កំពុង​ពន្លឿន​ការ​ចរចា​ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង​នេះ​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ។

ទោះ​ជា​យ៉ាង​នេះ​ក្តី សេចក្តី​ថ្លែងការណ៍​របស់​ថ្នាក់​ដឹកនាំ​កំពូល​អាស៊ាន​នេះ មិន​បាន​បញ្ជាក់​ថា​ភាព​ស្មុគស្មាញ​នៃ​ភាព​ខុស​គ្នា​នោះ​មាន​អ្វី​ខ្លះ ឬ​ពេល​ឆាប់ៗ​នោះ គឺ​ពេល​ណា​ឡើយ។

កាល​ពី​ចុង​ឆ្នាំ​២០១៥ ឯកសារ​ដែល​មាន​ផ្ទុក​ខ្លឹមសារ​នៃ​កិច្ច​ចរចា​របស់​ប្រទេស​សមាជិក អាសេព បាន​បែកធ្លាយ ហើយ​ចែកចាយ​នៅ​តាម​បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល។ ឯកសារ​បែកធ្លាយ​បាន​ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម អាសេព គឺ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៦។ ឯកសារ​ដដែល​នេះ​ផ្តល់​ឱកាស​ជា​លើក​ដំបូង​ឲ្យ​វិស័យ​សាធារណៈ​បាន​សិក្សា និង​វិភាគ​ទៅ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នេះ ហើយ​បាន​រក​ឃើញ​ចំណុច​ខ្វះខាត ដែល​ផ្តល់​ឱកាស​ឲ្យ​សាជីវកម្ម​ធំៗ​ទាញ​យក​ផល​ប្រយោជន៍​ពី​ប្រជាជន​ក្នុង​ស្រុក ហើយ​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​ទទួល​ផល​ចំណេញ​ច្រើន​ជាង​ប្រទេស​ក្រីក្រ។

នៅ​ខែ​កក្កដា ឆ្នាំ​២០១៦ ស្ថាប័ន​សង្គម​ស៊ីវិល​មក​ពី​ប្រទេស​សមាជិក អាសេព ទាំង​១៦ បាន​ជួប​ពិភាក្សា​គ្នា​នៅ​ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur) ប្រទេស​ម៉ាឡេស៊ី ដើម្បី​វិភាគ​ទៅ​លើ​ខ្លឹមសារ​នៃ​កិច្ច​ចរចា អាសេព ដែល​បែកធ្លាយ​នោះ ហើយ​ស្វែងរក​យុទ្ធការ​ដែល​អាច​ឲ្យ​សង្គម​ស៊ីវិល​ចូលរួម​ក្នុង​ការ​សម្រេច​ចិត្ត។

ជំនួប​ពិភាក្សា​នេះ​រៀបចំ​ឡើង​ដោយ​ស្ថាប័ន​សង្គម​ស៊ីវិល​អន្តរជាតិ ៤ រួម​មាន​អង្គការ សឺត វើល ណេតវើក (Third World Network) អង្គការ ហ្វកឃើស អន ដឺ គ្លូបល សៅ (Focus on the Global South) អង្គការ អេ.ភី.ដាបិលយូ.អិល.ឌី (APWLD) និង​អង្គការ គ្រេន (Grain)

ស្ថាប័ន​សង្គម​ស៊ីវិល​កម្ពុជា ៤ ដែល​បាន​ទៅ​ចូលរួម​កិច្ច​ពិភាក្សា​នោះ មាន​សម្ព័ន្ធ​បង​ប្អូន​ស្រី សហភាព​ការងារ​កម្ពុជា អង្គការ​សីលការ និង​បណ្ដាញ​ពហុ​វិស័យ។

ក្នុង​ចំណោម​បុគ្គលិក​សង្គម​ស៊ីវិល​ដែល​ទៅ​ចូលរួម​វេទិកា​ស្ដីពី អាសេព នៅ​ទីក្រុង​កូឡាឡាំពួរ នោះ គឺ​មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​តស៊ូ​មតិ​ស្ត្រី​មួយ​ឈ្មោះ​ថា សកម្មភាព​សង្គម​ដើម្បី​ការ​ផ្លាស់ប្ដូរ និង​ជា​តំណាង​ឲ្យ​សម្ព័ន្ធ​បង​ប្អូន​ស្រី កញ្ញា លី ពិសី។ កញ្ញា លី ពិសី ឲ្យ​អាស៊ីសេរី​ដឹង​ពី​ចំណុច​មួយ​ចំនួន​នៃ​កិច្ចព្រមព្រៀង ដែល​កញ្ញា​ថា​នឹង​ប៉ះពាល់​ខ្លាំង​ដល់​ប្រជាជន​ក្រីក្រ ដូចជា​បញ្ហា​កម្មសិទ្ធិ​បញ្ញា។

កម្ពុជា ត្រូវ​បាន​អនុគ្រោះ​ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ឲ្យ​ពន្យារ​ការ​អនុវត្ត​ច្បាប់​កម្មសិទ្ធិ​បញ្ញា​ក្នុង​វិស័យ​សុខភាព​សាធារណៈ​ដល់​ឆ្នាំ​២០៣៣ ក្រោម​មូលហេតុ​ថា កម្ពុជា ជា​ប្រទេស​ក្រីក្រ មិន​ទាន់​រៀបចំ​ខ្លួន​រួច​រាល់​សម្រាប់​ការ​អនុវត្ត​ច្បាប់​នេះ​ទេ។ ការ​លើកលែង​នេះ​មាន​ន័យ​ថា ប្រទេស​ក្រីក្រ​ដូច​កម្ពុជា អាច​នាំ​ចូល និង​ចែកចាយ​ថ្នាំ​ចេនេរីក (Generic) ឬ​ថ្នាំ​មិន​ជាប់​កម្មសិទ្ធិ​បញ្ញា​ដែល​មាន​តម្លៃ​ថោក។

ខ្លឹមសារ​កិច្ចព្រមព្រៀង អាសេព ដូច​ចែង​ក្នុង​ឯកសារ​បែកធ្លាយ​នោះ ទាមទារ​ឲ្យ​ប្រទេស​សមាជិក​អនុលោម​តាម​ច្បាប់​កម្មសិទ្ធិ​បញ្ញា ដែល​តម្រូវ​ឲ្យ​កម្ពុជា ប្ដូរ​មក​ប្រើ​ថ្នាំ​មាន​កម្មសិទ្ធិ​បញ្ញា​តម្លៃ​ថ្លៃ​វិញ ដោយសារ​កម្ពុជា មិន​ទាន់​រៀបចំ​ច្បាប់​រួច​រាល់​សម្រាប់​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ទេ។ កញ្ញា លី ពិសី សម្ដែង​ការ​ព្រួយ​បារម្ភ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បែប​នេះ​នឹង​ផ្តល់​ផល​ចំណេញ​ទៅ​ម្ចាស់​សាជីវកម្ម​ធំៗ​ប៉ុណ្ណោះ ដែល​ខាង​សង្គម​ស៊ីវិល​មាន​គម្រោង​ចូល​អន្តរាគមន៍៖ «អ៊ីចឹង​អាច​ធ្វើ​អ្វី​បាន? មួយ​បើអាច​ទៅ​រួច គឺ​ជួប​ជាមួយ​តំណាង​អ្នក​ចរចា​របស់​ប្រទេស​នីមួយៗ។ បើ​មិន​អាចទៅ​រួច ទម្រង់​មួយ​ទៀត គឺ​ធ្វើ​លិខិតបើក​ចំហ​ដែល​និយាយ​ពី​សំឡេង​របស់​សង្គម​ស៊ីវិល​នៅ ១៦​ប្រទេស​ហ្នឹងគេ​ផ្ញើតាម​រយៈសារព័ត៌មាន​ឲ្យ​ដឹង​ថា ប្រជាជន​មានការ​ព្រួយ​បារម្ភអ្វី»

អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​ព័ត៌មាន​កម្មករ អ្នកស្រី ម៉ាក ច័ន្ទស៊ីថា មាន​ការ​ព្រួយ​បារម្ភ​ថា កិច្ចព្រមព្រៀង អាសេព នឹង​ផ្តល់​សិទ្ធិ និង​អាទិភាព​ទៅ​ឲ្យ​សាជីវកម្ម​ធំៗ​ច្រើន​ពេក ដែល​ធ្វើ​ឲ្យ​ខ្វះ​ការ​អើពើ​ទៅ​អាជីវកម្ម​ធុន​តូច និង​មធ្យម​នៅ​ក្នុង​ស្រុក ដែល​ជា​អ្នក​រង​ការ​ប៉ះពាល់​ម្នាក់​ដែរ៖ «សង្គម​ស៊ីវិល និង​ប្រជាជន​យើង​ត្រូវ​ការ​យល់​ដឹង​ពី​កិច្ចព្រមព្រៀង​ហ្នឹងចំណុចមួយ​ទៀត រដ្ឋាភិបាល​ត្រូវ​បើក​ឲ្យ​ទូលាយ​ក្នុង​ការ​ជជែកពិភាក្សា​ជាមួយ​សង្គម​ស៊ីវិល និង​វិនិយោគិន​ក្នុង​ស្រុក មិន​មែនតែ​វិនិយោគិន​បរទេស​ទេ។ ប្រសិន​បើ​រដ្ឋាភិបាល​បើក​ឲ្យ​មាន​ការ​ជជែក​មុន​នឹង​គាត់​ធ្វើ​កិច្ចព្រមព្រៀង​មួយៗ វា​អនុញ្ញាត​ឲ្យ​ប្រជាជន​យើង អ្នក​ជំនួញក្នុង​ស្រុកមាន​ការពិភាក្សា»

ប្រធាន​អង្គការ​សភា​យុវជន​ខ្មែរ និង​អនុបណ្ឌិត​ផ្នែក​នយោបាយ​ការ​បរទេស និង​ច្បាប់​អន្តរជាតិ លោក ឡុង គឹមឃន ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ចព្រមព្រៀង​លក្ខណៈ​តំបន់​ដូច អាសេព នេះ ប្រទេស​ក្រីក្រ​ដូច​កម្ពុជា គ្មាន​ជម្រើស​អ្វី​ល្អ​ជាង​ការ​ចូលរួម​ទេ ទោះ​បី​ជា​កិច្ចព្រមព្រៀង​បែប​នេះ​តែង​ផ្តល់​ផល​ចំណេញ​ច្រើន​ទៅ​ឲ្យ​ប្រទេស​អ្នក​មាន និង​សាជីវកម្ម​ធំៗ​ក៏ដោយ។ ថា​តើ​ផល​ប្រយោជន៍​បាន​មក​ដល់​ប្រទេស​ក្រីក្រ​ជា​អតិបរមា​ដែរ​ឬ​ទេ? គឺ​ឋិត​លើ​រដ្ឋាភិបាល​ក្នុង​ការ​រៀបចំ​គោល​នយោបាយ​មាន​ប្រសិទ្ធភាព តាម​រយៈ​ការ​បើក​ចំហ​ព័ត៌មាន និង​ទទួល​យក​ការ​ប្រឹក្សា​មក​វិញ៖ «ទី​មួយ គឺ​សារព័ត៌មាន។ គាត់​ព្យាយាម​ឲ្យ​មាន​ការ​ជជែក​ពី​រឿង​ហ្នឹង យ៉ាង​ហោច​ណាស់​ឲ្យ​មាន​ការប្រឹក្សា​យោបល់។ ទី​ពីរ យើង​មាន​ក្រុម​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច ហើយ​យើង​មាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​មានអ្នក​ចេះ​ដឹង​ច្រើន ហើយ​បាន​ធ្វើ​ការងារ​ច្រើន ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថាគំនិត​យោបល់​ដែល​គាត់​បាន​ឲ្យ គឺ​ដល់​កម្រិត​ណា។ ទី​បី នៅ​ពេល​កិច្ចព្រមព្រៀង​ចាប់​ផ្ដើមអនុវត្ត​ភ្លាម គឺ​វា​ចាប់​ផ្ដើម​ប៉ះពាល់​ដល់​ប្រជា​កសិករ និង​សហគ្រាស​ធុន​តូច និង​ធុន​មធ្យម​នៅ​ក្នុង​ប្រទេស​យើង​ហើយ»

ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក សុខ ចិន្តាសោភា នៅ​ថ្ងៃ​អាទិត្យ ទី​១៨ កញ្ញា សុំ​បដិសេធ​មិន​ផ្តល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី​ទាក់ទង​នឹង​រឿង​នេះ។

អាសេព ត្រូវ​បាន​អ្នក​វិភាគ​ឃើញ​ជា​កិច្ចព្រមព្រៀង​ដែល​ប្រទេស​ចិន ជួយ​ផ្ដួចផ្ដើម​ឡើង​ដើម្បី​ជា​គូប្រជែង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាព​ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ធី.ភី.ភី (TPP) របស់​សហរដ្ឋ​អាមេរិក។

ពាណិជ្ជកម្ម​របស់​ប្រទេស​ជា​សមាជិក អាសេព ទាំង​១៦ គឺ​ជិត​ស្មើ​នឹង ១​ភាគ​៣ នៃ​ពាណិជ្ជកម្ម​ពិភពលោក​ទាំងមូល។ ប្រសិន​បើ អាសេព ដំណើរ​ការ​បាន​ជោគជ័យ តំបន់​នេះ​នឹង​ក្លាយ​ជា​តំបន់​ពាណិជ្ជកម្ម​ធំ​ជាង​គេ​លើ​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។