"សមាហរណកម្ម​អាស៊ាន​គំរាមកំហែង​ដល់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច"

ដោយ ចេង ម៉េងជូ
2015.12.08
ទិវា​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក មណ្ឌលគិរី ៦២០ ជនជាតិ​ដើម​ភាគ​តិច​ចូលរួម​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ពិភពលោក នា​សង្កាត់​សុខុដម ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៤។
Photo Adhoc

ខណៈ​ដែល​មេដឹកនាំ​អាស៊ាន​សាទរ​ចំពោះ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ សង្គម​ស៊ីវិល​មើល​ឃើញ​ថា ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ជា​ច្រើន​ដែល​រស់​នៅ​តាម​ប្រទេស​សមាជិក​អាស៊ាន ភាគច្រើន​កំពុង​ក្លាយ​ជា "ជនរងគ្រោះ​នៃ​គម្រោង​អភិវឌ្ឍន៍"។ របាយការណ៍​ថ្មី​មួយ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ក្នុង​តំបន់​អាស៊ាន បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ដែល​ជា​ផល​ប៉ះពាល់​នៃ​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​តាម​គម្រោង​ត្រូវ​សម្រេច​ឲ្យ​បាន​ត្រឹម​ចុង​ឆ្នាំ​២០១៥​នេះ ទើប​ត្រូវ​បាន​មេដឹកនាំ​ប្រទេស​ជា​សមាជិក​ទាំង​១០ ប្រកាស​បង្កើត​ជា​ផ្លូវការ នា​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧ នៅ​រដ្ឋធានី​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា កន្លង​ទៅ​ថ្មីៗ​នេះ។

កិច្ច​ប្រជុំ​នោះ​ក៏​ជា​គ្រា​ដែល​មេដឹកនាំ​អាស៊ាន​បង្ហាញ​ពី​ផែនការ​អភិវឌ្ឍន៍​រយៈ​ពេល ១០​ឆ្នាំ​បន្ទាប់​ទៀត គឺ "អាស៊ាន​ឆ្នាំ​២០២៥"។ ក្រៅ​ពី​ប្ដេជ្ញា​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាស៊ាន​កាន់តែ​ប្រសើរ មេដឹកនាំ​ទាំង​នោះ​ក៏​បាន​សន្យា​ថា នឹង​ធានា​ឲ្យ​បាន​នូវ​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​អាស៊ាន​ទាំង​មូល​ដែរ។

​តំបន់​អាស៊ី​អាគ្នេយ៍​ជា​ជម្រក​ដ៏​ធំ​បំផុត​មួយ​របស់​ជនជាតិ​ដើម​ភាគតិច​ដែល​មាន​ចំនួន​សរុប​ប្រមាណ​ពី ៩៣​លាន ទៅ ១២៤​លាន​នាក់ ដែល​ស្ទើរ​តែ​ស្មើ​នឹង​ពាក់កណ្ដាល​នៃ​ចំនួន​ជនជាតិ​ដើម​ភាគតិច​សរុប ៣៧០​លាន​នាក់​នៅ​លើ​ពិភពលោក។

យ៉ាង​ណា​ក៏ដោយ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ក្នុង​តំបន់​អាស៊ាន​លើក​ឡើង​ថា សិទ្ធិ​របស់​ជន​ជាតិ​ដើម​ភាគតិច​ជា​ច្រើន​នៅ​តែ​រង​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ បើទោះជា​មាន​ការ​សន្យា​ពី​សំណាក់​មេដឹកនាំ​ប្រទេស ថា​នឹង​គោរព​សិទ្ធិមនុស្ស​ឲ្យ​ខាង​តែ​បាន​ក៏ដោយ។

របាយការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣ ធ្នូ របស់​អង្គការ​កតិកាសញ្ញា​ជនជាតិ​ដើម​ភាគ​តិច​អាស៊ី (Asia Indigenous Peoples Pact) ហៅ​កាត់​ថា អេ.អាយ.ភី.ភី (AIPP) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ បាន​លើក​ឡើង​ពី​ឧបសគ្គ​ជា​ច្រើន​ដែល​ជនជាតិ​ដើម​ភាគ​តិច​ជា​ច្រើន​ក្នុង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ចំនួន ៨ កំពុង​ប្រឈម​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ដែល​កំពុង​គំរាមកំហែង​ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួកគេ។

អង្គការ​កតិកាសញ្ញា​ជ​ន​ជាតិ​ដើម​ភាគតិច​អាស៊ី គឺជា​បណ្ដាញ​នៃ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២០ ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៨ ដែល​មាន​ជនជាតិ​ដើម​ភាគ​តិច​រស់នៅ​ច្រើន ដែល​រួម​មាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និង​វៀតណាម។

របាយការណ៍​កម្រាស់ ៧២​ទំព័រ​នោះ ផ្ដោត​សំខាន់​លើ​ផល​ប៉ះពាល់​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ទៅ​លើ​ជន​ជាតិ​ដើម​ភាគ​តិច ក្រោម​រូបភាព​នៃ​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​ដូចជា គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ និង​ការ​រុករក​រ៉ែ​ជាដើម។ គម្រោង​ទាំង​នោះ​ភាគ​ច្រើន​ធ្វើ​លើ​ដី​សមូហភាព​របស់​ជនជាតិ​ដើម​ភាគ​តិច ដោយសារ​តំបន់​ដែល​ពួកគេ​រស់​នៅ​សំបូរ​ដោយ​ធនធាន​ធម្មជាតិ និង​រ៉ែ ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​នីមួយៗ​ត្រូវ​ការ​ជា​ចាំបាច់​ដើម្បី​បំពេញ​តម្រូវ​ការ​ផ្នែក​ថាមពល​ក្នុង​ការ​បង្កើន​សន្ទុះ​សេដ្ឋកិច្ច​រៀងៗ​ខ្លួន។

ដើម្បី​បម្រើ​ឲ្យ​គោលដៅ​សេដ្ឋកិច្ច​នេះ អាស៊ាន​បាន​ដាក់​ចេញ​នូវ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រួម​ដើម្បី​ត​ភ្ជាប់​ប្រទេស​ក្នុង​តំបន់។ គម្រោង​ទាំង​នោះ​មាន​ដូចជា បណ្ដាញ​ផ្លូវ​ហាយវេ​អាស៊ាន (Highway ASEAN) ផ្លូវ​រថភ្លើង​សិង្ហបុរី-គុនមីង (Singapore-Kunming) ត​ភ្ជាប់​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី ថៃ កម្ពុជា វៀតណាម និង​ខេត្ត​គុនមីង ប្រទេស​ចិន ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ និង​គម្រោង​ផ្សេងៗ​ទៀត​ក្នុង​វិស័យ​ទូរគមនាគមន៍ ការ​ដឹក​ជញ្ជូន និង​ការ​ផ្គត់ផ្គង់​ថាមពល​ក្នុង​តំបន់។

អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​លើក​ឡើង​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា គម្រោង​ទាំង​នោះ​នឹង​មិន​ត្រឹមតែ​ឆក់​យក​ទីតាំង​រស់នៅ​តាម​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទាញ​យក​ធនធាន​ធម្មជាតិ ដែល​ពួកគេ​តែង​រស់​នៅ​អាស្រ័យ​ផល​ផង​ដែរ។

​ជាក់ស្ដែង ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដន សាហុង (Don Sahong) ដែល​រដ្ឋសភា​ប្រទេស​ឡាវ ទើប​បាន​អនុម័ត​ឲ្យ​ចាប់​ផ្ដើម​ការ​សាងសង់​ដោយ​មិន​មាន​ការ​ឯកភាព​ពី​ពលរដ្ឋ​រង​ផល​ប៉ះពាល់ ដែល​មួយ​ចំនួន​ជា​ជន​ជាតិ​ដើម​ភាគ​តិច​រស់​នៅ​តាម​បណ្ដោយ​ដង​ទន្លេ​មេគង្គ​កម្ពុជា និង​វៀតណាម នោះ​ឡើយ។

នៅ​កម្ពុជា​វិញ ឧទាហរណ៍​មួយ​ដែល​របាយការណ៍​នោះ​បាន​ដកស្រង់​ស្ដីពី​ការ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​គឺ ករណី​រដ្ឋាភិបាល​ដក​ហូត​ដី​ប្រមាណ​ជាង ៥០០​ហិកតារ ពី​ជនជាតិ​ដើម​ភាគតិច ហើយ​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​រុករក​រ៉ែ និង​ធ្វើ​កសិកម្ម។ កន្លង​ទៅ ក្រុម​ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​បាន​ធ្វើ​ការ​ទាមទារ​ជា​ហូរហែ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​ដីធ្លី​របស់​ពួកគេ ដែល​ជា​ញឹកញាប់​រងគ្រោះ​ដោយសារ​គោលនយោបាយ​ដី​សម្បទាន​ដី​សេដ្ឋកិច្ច។

ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ទៅ​លើ​សិទ្ធិ​សេរីភាព​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ឆ្លើយ​តប​ថា រដ្ឋាភិបាល​តែងតែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគតិច ក្នុង​បរិបទ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន៖ «ករណី​ខ្លះ​យើង​ឃើញ​ជនជាតិ​ដើម​ភាគ​តិច វប្បធម៌​របស់​ពួកគេ​ឲ្យ​តែ​គាត់​ធ្លាប់​ទៅ​ដល់​កន្លែង​ត្រង់​ណា ដី​ទៅដល់​កន្លែង​ត្រង់​ហ្នឹង។ ដូច្នេះ​យើង​រៀប​សហគមន៍ សហគមន៍​មួយ​ដែល​មាន​ដែន​ច្បាស់លាស់ ពី​ត្រង់​ណា​ដល់​ត្រង់​ណា។ បន្ទាប់​មក​ទៀត យើង​ឃើញ​មាន​ករណី​ខ្លះ គាត់​អត់​មាន​អំណះអំណាង​ថា អា​ហ្នឹង​ជា​ដី​គាត់​ធ្លាប់​រស់ ប្រកប​ការងារ​នៅ​កន្លែង។ អា​ហ្នឹង​យើង​ដោះស្រាយ​ជា​បន្តបន្ទាប់។ យើង​មាន​តំណាង​នៅ​ក្នុង​សភា គេ​មាន​អ្នកតំណាង​របស់​គេ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។ គោលការណ៍​អភិវឌ្ឍន៍​ក៏​យើង​យក​គេ​ជា​អាទិភាព​ដែរ ដែល​យើង​បញ្ចៀស​រាល់​ការ​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​គេ»

យ៉ាង​ណា​ក៏ដោយ ប្រធាន​អង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា អ្នកស្រី យុន ម៉ាណេ ដែល​ជា​ជនជាតិ​ដើម​ភាគតិច​មួយ​រូប​ដែរ​នោះ​យល់​ឃើញ​ថា ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា នៅ​តែ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន ជាពិសេស​គឺ​កង្វះខាត​ការ​យល់​ដឹង​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ហើយ​ពួកគេ​នៅ​តែ​បន្ត​ប្រឈម​នឹង​ផល​ប៉ះពាល់​នៃ​គោលនយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​នៅ​ឡើយ។

អ្នកស្រី យុន ម៉ាណេ៖ «ពេល​ខ្លះ​គេ​ថា អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច​ទៅ​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​សហគមន៍​មាន​ការងារ​ធ្វើ ប៉ុន្តែ​ជា​ទូទៅ ឱកាស​ដែល​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទទួល​បាន​គឺ​នៅ​មាន​កម្រិត​ដោយសារ​តែ​លក្ខខណ្ឌ​របស់​ក្រុមហ៊ុន​ហ្នឹង​គាត់​ថា ជនជាតិ​ដើម​ភាគ​តិច​អត់​អាច​មាន​សមត្ថភាព​ជួយ​ធ្វើ​ការងារ​គាត់​បាន​ច្រើន គាត់​ថា​អ៊ីចឹង នៅ​ខ្វះ​ជំនាញ។ ប៉ុន្តែ​យើង​ឃើញ​ថា កន្លែង​ហ្នឹង​វា​ផ្ទុយ​នឹង​អ្វី​ដែល​គាត់​បាន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល គាត់​ថា គាត់​នឹង​ជួយ​ផ្ដល់​ឱកាស ជួយ​បណ្ដុះបណ្ដាល​ឲ្យ​គាត់​មាន​ជំនាញ​អី​អ៊ីចឹង ប៉ុន្តែ​ភាគ​ច្រើន​ទៅ មិន​ដែល​មាន​ពេល​បណ្ដុះបណ្ដាល​ទេ។ ច្រើន​តែ​ទៅ​ដល់ ចាប់​ឲ្យ​ធ្វើ​តែម្ដង ហើយ​ដល់​ពេល​ធ្វើ​ទៅ​អត់​កើត យើង​ជា​អ្នក​ប្រឈម ដែល​តាម​ពិត​ទៅ ផ្ដល់​ការងារ​ហ្នឹង​មិន​មែន​ឲ្យ​សហគមន៍​ទេ គឺ​ភាគ​ច្រើន​ហ្នឹង​សម្រាប់​តែ​ក្រុមហ៊ុន​ខ្លួន​ឯង ហើយ​ដូច​វៀតណាម អ៊ីចឹង គាត់​ច្រើន​តែ​យក​ជនជាតិ​ខ្លួន​ឯង​មក​ពី​វៀតណាម»

ក្រៅពី​បញ្ហា​នៅ​កម្ពុជា របាយការណ៍​ក៏​បាន​លើក​ឡើង​ពី​ករណី​ផ្សេងៗ​ទៀត​នៅ​បណ្ដា​ប្រទេស​អាស៊ាន​ដទៃ​ទៀត។ ក្នុង​នោះ របាយការណ៍​បាន​លើក​ឡើង​ពី​ការ​បង្កើត​ច្បាប់​ថ្មីៗ​មួយ​ចំនួន​នៅ​ប្រទេស​សមាជិក​អាស៊ាន​ជា​ច្រើន​ដែល​អនុគ្រោះ​ដល់​ការ​វិនិយោគ តែ​អាច​បង្ក​ជា​ហានិភ័យ​ដល់​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។ ក្នុង​នោះ​មាន​ច្បាប់​ស្ដីពី​ការ​រុករក​រ៉ែ​នៅ​ប្រទេស​ថៃ ដែល​រង​ការ​រិះគន់​ថា ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ក្រុមហ៊ុន​វិនិយោគ​ក្នុង​ការ​កាន់កាប់​ដី​បាន​ច្រើន​ជាង​មុន ដោយ​មិន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​អនុវត្ត​គម្រោង​នោះ​ឡើយ។

​នៅ​ប្រទេស​មីយ៉ាន់ម៉ា វិញ របាយការណ៍​លើក​ឡើង​ថា ច្បាប់​ថ្មី​ស្ដីពី​ការ​វិនិយោគ​បរទេស​អាច​នឹង​បង្ក​ហានិភ័យ​ដល់​ការ​គោរព​សិទ្ធិមនុស្ស​ដោយសារ​ច្បាប់​នោះ​មិន​បាន​ដាក់​បញ្ចូល​នូវ​ការ​ការពារ​សិទ្ធិ​ដីធ្លី។ ក្រៅ​ពី​នោះ នៅ​សមាន​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​ទៀត រួម​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ប្រទេស​ម៉ាឡេស៊ី ផែនការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​ឥណ្ឌូនេស៊ី និង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ខ្នាត​ធំ​នៅ​ហ្វីលីពីន ជា​ដើម។

ក្រៅ​ពី​រង​គ្រោះ​ដោយសារ​គម្រោង​អភិវឌ្ឍន៍ ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ច្បាប់​នោះ​ទេ ដែល​ផ្ទុយ​ពី​សេចក្ដី​ប្រកាស​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច និង​សេចក្ដី​ប្រកាស​អាស៊ាន​ស្ដីពី​សិទ្ធិមនុស្ស​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋ​ជា​សមាជិក​កាល​ពី​ឆ្នាំ​២០១២។

របាយការណ៍​ដដែល​បញ្ជាក់​ថា ប្រទេស​ដែល​មាន​រដ្ឋធម្មនុញ្ញ​ចែង​ជាក់លាក់​ពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​មាន​ដូចជា កម្ពុជា ម៉ាឡេស៊ី និង​ហ្វីលីពីន ខណៈ​នៅ​ប្រទេស​អាស៊ាន​ដទៃ​ទៀត ច្បាប់​ទាំង​នោះ​នៅ​មាន​ភាព​ស្រពេចស្រពិល ហើយ​ថា បើ​ទោះជា​មាន​ច្បាប់​ក៏ដោយ ក៏​ការ​អនុវត្ត​ជាក់ស្ដែង​មិន​មាន​ភាព​ត្រឹមត្រូវ​តាម​ច្បាប់​ដែរ។

អង្គការ​កតិកាសញ្ញា​ជនជាតិ​ដើម​ភាគតិច​អាស៊ី បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់ កែ​លម្អ​ចំណុច​ខ្វះខាត​របស់​ខ្លួន​ដែល​ព្រងើយកន្តើយ​ចំពោះ​ផល​ប៉ះពាល់​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​អាស៊ាន​ទៅលើ​សិទ្ធិ​សេរីភាព​របស់​ជន​ជាតិ​ដើម​ភាគតិច ហើយ​ត្រូវ​ប្រតិបត្តិ​តាម​ការ​សន្យា​របស់​ខ្លួន​កន្លង​មក។ ក្នុង​របាយការណ៍​នោះ អង្គការ​ជា​សមាជិក​ទាំង ២០ នេះ​លើក​ឡើង​ថា ប្រសិនបើ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ឲ្យ​បាន​ពេញលេញ​ក្នុង​ដំណើរ​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នោះ​ទេ គឺ​គោលដៅ​អភិវឌ្ឍន៍​របស់​អាស៊ាន​ដែល​ថា គិតគូរ​ពី​ភាព​ស្មើ​គ្នា លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នោះ​នឹង​មិន​អាច​សម្រេច​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។