អាស៊ានចង់ឲ្យប្រទេសអ្នកមានចែករំលែកថវិកាជួយប្រទេសអ្នកក្រ
2015.02.16
គម្លាតកាន់តែធំរវាងអ្នកមាននិងអ្នកក្រ អាចក្លាយជាមូលហេតុចម្បងរាំងស្ទះដល់ការបង្កើតតំបន់សេដ្ឋកិច្ចតែមួយនៅចុងឆ្នាំ២០១៥។ បញ្ហានេះ ថ្នាក់ដឹកនាំអាស៊ាន បានបង្កើតយន្តការមួយលើកទឹកចិត្តឲ្យប្រទេសសមាជិកអាស៊ាន ដែលមានប្រាក់ចំណូលខ្ពស់ ត្រូវបែងចែកថវិកាខ្លះដើម្បីជួយប្រទេសសមាជិកអាស៊ានដែលក្រីក្រ។
បច្ចុប្បន្ន អ្នកមានកាន់តែមានខ្លាំង ចំណែកអ្នកក្រវិញ កាន់តែក្រីក្រដុនដាបរហូតដល់គ្មានផ្ទះសម្បែងនិងចំណីអាហារសម្រាប់បរិភោគ។ គម្លាតវាងអ្នកមាននិងអ្នកក្រកាន់តែធំនេះ ជាបញ្ហាសង្គមធ្ងន់ធ្ងរដែលនាំឲ្យមានការរំលោភបំពានដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងបង្ហាញថា រដ្ឋាភិបាលរបស់ប្រទេសមួយអសមត្ថភាពលើការបែកចែកផលពីកំណើនសេដ្ឋកិច្ចឲ្យបានស្មើភាពគ្នា។
ការរកឃើញរបស់ធនាគារពិភពលោក និងធនាគារអភិវឌ្ឍអាស៊ី បានបង្ហាញថា ប្រទេសសមាជិកអាស៊ានភាគច្រើន នៅមានគម្លាតអ្នកមាន និងអ្នកក្រកាន់តែធំនៅឡើយក្នុងនោះ រួមមានប្រទេស ប្រទេសហ្វីលីពីន ឡាវ កម្ពុជា និងប្រទេសភូមា។ ចំណូលរបស់ប្រជាពលរដ្ឋម្នាក់ជាមធ្យមក្នុងមួយឆ្នាំមានចំនួនក្រោម ១ពាន់ដុល្លារអាមេរិក ស្របពេលដែលប្រទេសថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប្រ៊ុយណេ និងសិង្ហបុរី មានចំណូលចាប់ពី ៦ពាន់ដុល្លារអាមេរិក ដល់ ៦ម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
បញ្ហានេះ កិច្ចប្រជុំអាស៊ាន ចុងក្រោយ បានជំរុញឲ្យប្រទេសដែលមានប្រាក់ចំណូលខ្ពស់របស់អាស៊ាន ត្រូវបែងចែកផលពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីជួយប្រទេសក្រីក្រ។ សំណើនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ ដែលបានប្រព្រឹត្តទៅនៅប្រទេសមីយ៉ាន់ម៉ា កាលពីចុងឆ្នាំ២០១៤។
លទ្ធផលនៅក្នុងកិច្ចប្រជុំកំពូលលើកទី២៥ អាស៊ានបានចេញសេចក្ដីថ្លែងការណ៍រួម ដោយបានជំរុញដល់ប្រទេសអ្នកមានចំណូលខ្ពស់ទាំងអស់ ត្រូវកំណត់ថវិកាជួយដល់ប្រទេសអ្នកក្រ ឬប្រទេសដែលមានការអភិវឌ្ឍតិចតួច។ មូលហេតុដែលអាស៊ានជំរុញបែបនេះ គឺដោយសារតែប្រទេសមានឧស្សាហកម្មទាំងនោះ បាន ទាញយកប្រយោជន៍ ឬផលិតភាពសេដ្ឋកិច្ចច្រើនជាងប្រទេសក្រីក្រ រួមមានការប្រើប្រាស់កម្លាំងពលកម្ម ការបង្កើតការងារជំនាញ និងបង្កឲ្យមានផលប៉ះពាល់ពីសកម្មភាពផលិតរបស់ប្រទេសដែលមានឧស្សាហកម្មជឿនលឿន។ ប៉ុន្តែជំនួយផ្នែកហិរញ្ញវត្ថុដែលថ្នាក់ដឹកនាំអាស៊ាន គ្រោងបង្កើតនោះ ហាក់មានភាពមិនច្បាស់ដោយសារតែប្រទេសសមាជិកអាស៊ានភាគច្រើននៅមានបញ្ហាប្រឈមរាំងស្ទះដល់ការអភិវឌ្ឍនៅឡើយ។
ជាក់ស្ដែង សេដ្ឋកិច្ចដែលធំជាងនៅក្នុងតំបន់អាស៊ាន គឺប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ និងឥណ្ឌូនេស៊ី កំពុងប្រឈមនឹងវិបត្តិបំណុលគ្រួសារដែលរំពឹងថា នឹងកើនឡើងខ្ពស់។ នៅក្នុងប្រទេសហ្វីលីពីន កំណើនសេដ្ឋកិច្ចអាចនឹងកើនជាង ៦% ប៉ុន្តែប្រទេសនេះ ប្រឈមនឹងការចំណាយលើការស្ដារឡើងវិញពីផលប៉ះពាល់គ្រោះមហន្តរាយធម្មជាតិ ដែលបានកើនឡើងនៅឆ្នាំ២០១៣។
ប្រទេសកម្ពុជា នៅស្ថានការណ៍ក្រោយការបោះឆ្នោត ប្រឈមនឹងហានិភ័យនៃទីផ្សារពលកម្ម។ ប្រទេសភូមា ឬមីយ៉ាន់ម៉ា ប្រឈមនឹងការធ្វើកំណែទម្រង់ផ្នែកស្ថាប័នរដ្ឋរបស់ខ្លួន។ ចំណែកប្រទេសវៀតណាម ដែលប្រឈមនឹងកំណែទម្រង់ប្រព័ន្ធធនាគារ។
ប៉ុន្តែអ្នកសេដ្ឋកិច្ចវិញយល់ឃើញថា ស្របពេលដែលប្រទេសសមាជិកអាស៊ាន កំពុងមានវិបត្តិផ្ទៃក្នុង ស្របពេលដែលអាស៊ានមិនទាន់មានផែនការបង្កើតមូលនិធិជាក់លាក់ដើម្បីជួយកាត់បន្ថយគម្លាតអ្នកមាននិងអ្នកក្រនោះ គឺប្រទេសសមាជិកអាស៊ាន គួរតែពង្រឹងកម្មវិធីកំណែទម្រង់វិស័យពន្ធដារ និងការកាត់បន្ថយឧបសគ្គចំពោះការវិនិយោគរបស់វិស័យឯកជន ទើបជាកត្តាសំខាន់បំផុតទ្រទ្រង់ការអភិវឌ្ឍរបស់ខ្លួន។
ក្រៅពីនេះ បញ្ហានេះការគោរពសិទ្ធិមនុស្សមិនស្មើគ្នា ការអនុវត្តលទ្ធិប្រជាធិបតេយ្យ ភាពក្រីក្រ និងការធ្វើចំណាកស្រុក ក៏ជាបញ្ហាប្រឈមសំខាន់សម្រាប់ប្រទេសសមាជិកអាស៊ានក្រីក្រ។ បញ្ហាទាំងអស់នេះ នឹងបង្កើតជាបញ្ហាប្រឈមដល់ការបង្កើតតំបន់ពាណិជ្ជកម្មសេរីតែមួយនៅចុងឆ្នាំ២០១៥។
របាយការណ៍របស់អាស៊ាន បានបង្ហាញថា ប្រទេសសមាជិកអាស៊ានទាំង១០ អនុវត្តផែនការនៃការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន បានប្រមាណតែ ៨២% ប៉ុណ្ណោះនៅដើមឆ្នាំ២០១៥ ដោយសារតែកម្រិតប្រាក់ចំណូលរបស់ប្រជាពលរដ្ឋអាស៊ានខុសគ្នាខ្លាំង។
បច្ចុប្បន្ន ប្រជាពលរដ្ឋដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រមានប្រមាណ ៥០% ក្នុងនោះអ្នករកចំណូលក្រោម ១ដុល្លារ ២៥សេន មានប្រមាណ ១០០លាននាក់ និងប្រមាណ ២០០លាននាក់ មិនអាចរកចំណូលបាន ២ដុល្លារអាមេរិកក្នុងមួយថ្ងៃ ក្នុងចំណោមប្រជាពលរដ្ឋអាស៊ានសរុបជាង ៦០០លាននាក់៕