កម្ពុជា​ព្រួយ​បារម្ភ​អំពី​ការ​ចល័ត​ពលកម្ម​អាស៊ាន

ការ​ធ្វើ​សមាហរណកម្ម​តំបន់​នៅ​ពេល​ខាង​មុខ​ក្នុង​ប្រទេស​អាស៊ាន ធ្វើ​ឲ្យ​មាន​ការ​លើក​ឡើង​ស្រដៀង​គ្នា​រវាង​ស្ថាប័ន​​ស្រាវជ្រាវ និង​រដ្ឋាភិបាល ព្រួយ​បារម្ភ​អំពី​ការ​ខាត​ការងារ​នៅ​ក្នុង​ស្រុក។
ដោយ អាន ស៊ីថាវ
2012.11.06

ការ​ព្រួយ​បារម្ភ​ទាំង​នោះ គឺ​ការ​ខ្វះ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​នៅ​ប្រទេស​កម្ពុជា ទន្ទឹម​នឹង​​​តម្រូវ​ការ​​ពលកម្ម​កើន​ឡើង ឬ​ការ​វិនិយោគ​ក្នុង​ស្រុក​កើន​ឡើង​នៅ​ក្នុង​តំបន់​អាស៊ាន។ និន្នាការ​នេះ​អាច​នឹង​កើត​ឡើង​នៅ​ពេល​ដែល​ប្រទេស​​សមាជិក​អាស៊ាន ជា​ពិសេស​ប្រទេស​កម្ពុជា គ្មាន​​វិធានការ​គ្រប់គ្រង​​ពលកម្ម និង​ការវិនិយោគ។

ការ​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​លើក​ឡើង​ថា នៅ​​​ក្នុង​បរិបទ​អាស៊ាន ក្រៅ​ពី​លំហូរ​ពាណិជ្ជកម្ម​ដោយ​សេរី​ នៅ​ពេល​ធ្វើ​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​លំហូរ​ពលកម្ម​នឹង​ត្រូវ​បើក​ចំហ​ផង​ដែរ ដែល​បាន​សរសេរ​ក្នុង​ឯកសារ​គោល​របស់​អាស៊ាន។ ​នៅ​ពេល​នោះ ទាំង​ពលកម្ម​​ជំនាញ ឬ​គ្មាន​ជំនាញ​របស់​ប្រទេស​អាស៊ាន​ មាន​លំហូរ​ដោយ​សេរី​ និង​មាន​ការ​ប្រកួត​ប្រជែង​ពី​ប្រទេស​ខាង​ក្រៅ។

ប្រទេស​សមាជិក​អាស៊ាន​​នីមួយៗ​នឹង​ទទួល​ផល​ប្រយោជន៍​កាន់​តែ​ច្រើន ក្នុង​ករណី​ប្រទេស​នោះ​ ទទួល​យក​ពលកម្ម​ជំនាញ​កាន់​តែ​ច្រើន។ ផ្ទុយ​ទៅ​វិញ​ ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​នឹង​ខ្វះ​ខាត​កម្លាំង​ពលកម្ម​ នៅ​ពេល​​​ដែល​ធនធាន​មនុស្ស​ភាគ​ច្រើន នឹង​សម្លឹង​ទៅ​រក​ទីផ្សារ​ការ​ងារ​ដែល​មាន​អត្ថប្រយោជន៍​ខ្ពស់។

វិទ្យាស្ថាន​នៃ​កិច្ចការ​បរទេស​​របស់​ប្រទេស​សិង្ហបុរី បាន​រក​ឃើញ​ថា ការ​ចល័ត​ពលកម្ម​ជំនាញ​គឺ​មាន​សារសំខាន់​សម្រាប់​ការ​អនុវត្ត​សេរីភាវូបនីយកម្ម​សេវាកម្ម និង​ការ​វិនិយោគ​ ដែល​ជា​​គោល​បំណង​របស់​អាស៊ាន ដើម្បី​ធ្វើ​​សមាហរណកម្ម​សេដ្ឋកិច្ច​នៅ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។ ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា នៅ​ពេល​នោះ ប្រទេស​ដែល​​ជា​អ្នក​ស្រូប​ពលកម្ម​​ជំនាញ គឺ​ប្រទេស​សិង្ហបុរី ចំ​ពេល​ដែល​ប្រទេស​ហ្វីលីពីន និង​ប្រទេស​ម៉ាឡេស៊ី ជា​អ្នក​ផ្គត់​ផ្គង់​កម្លាំង​ពលកម្ម។

សកម្មភាព​​មួយ​ចំនួន​​ដែល​​មាន​នៅ​ក្នុង​ឯកសារ​គោល​របស់​អាស៊ាន​ស្ដី​អំពី​លំហូរ​ដោយ​សេរី​នៃ​ពលកម្ម​ជំនាញ មាន​ដូច​ជា​ ការ​សម្រប​សម្រួល​ក្នុង​ការ​ចេញ​ទិដ្ឋាការ​​ធ្វើ​ការ​ងារ ​កិច្ច​ព្រមព្រៀង​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ជា​កត្តា​សំខាន់​បំផុត​សម្រាប់​បង្កើន​សហប្រតិបត្តិការ​​រវាង​អាស៊ាន។

កិច្ច​ព្រមព្រៀង​ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​សម្រាប់​​ការ​ចល័ត​ពលកម្ម​ជំនាញ​រវាង​អាស៊ាន ប៉ុន្តែ​ការ​ទទួល​ស្គាល់​សមត្ថភាព​នឹង​បទ​​​​ពិសោធន៍​មិន​ទាន់​បាន​ធានា​ ឬ​ព្រមព្រៀង​គ្នា​សម្រាប់​​ការ​ចាប់​យក​ការងារ​នៅ​ក្នុង​តំបន់​អាស៊ាន​នៅ​ឡើយ។ ក្របខ័ណ្ឌ​ច្បាប់ និង​គោលនយោបាយ​ ជា​ឧបសគ្គ​ចម្បង​​សម្រាប់​ការ​ចល័ត​ពលកម្ម ដែល​​កត្តា​រារាំង​ទាំង​នោះ​រួម​មាន លិខិត​អនុញ្ញាត​ធ្វើ​ការងារ​  ការ​ផ្ដល់ ឬ​ការ​អនុញ្ញាត​ដោយ​រដ្ឋធម្មនុញ្ញ​ឲ្យ​ទទួល​ការ​ងារ​នៅ​ប្រទេស​សមាជិក​អាស៊ាន​​ណា​មួយ រួម​ទាំង​ភាសា​ជា​ដើម។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​នៅ​ពេល​ដែល​ប្រទេស​អាស៊ាន​ទាំង​អស់​​ មាន​ការ​រីក​ចម្រើន​បច្ចេកវិទ្យា តម្រូវការ​ជំនាញ​នឹង​កើន​ឡើង ហើយ​តម្រូវ​ការ​អ្នក​មាន​ជំនាញ​​ខ្ពស់​ពី​ខាង​​ក្រៅ​នឹង​ហូរ​ទៅ​ប្រកួត​ប្រជែង​ជា​មួយ​អ្នក​មាន​ជំនាញ​ខ្ពស់​នៅ​ប្រទេស​នីមួយៗ។ ប៉ុន្តែ​​ប្រទេស​សមាជិក​អាស៊ាន​ដែល​មាន​ការ​អភិវឌ្ឍ​ទាប ប្រឈម​នឹង​ការ​បាត់បង់​ការងារ ជា​ពិសេស​ការងារ​គ្មាន​ជំនាញ ដោយ​សារ​តែ​ពលកម្ម​បរទេស​នឹង​មក​ជំនួស។

អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក ហៀង សួ មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា មិន​ត្រូវ​មាន​ការ​ព្រួយ​បារម្ភ​​ថា ប្រទេស​សមាជិក​អាស៊ាន​ចូល​មក​ដណ្ដើម​ការងារ​នោះ​ឡើយ ដោយ​សារ​តែ​កត្តា​មួយ​ចំនួន គឺ​ប្រាក់​ខែ​អប្បបរមា និង​ការ​ចំណាយ​ប្រើប្រាស់​នៅ​កម្ពុជា​ មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង។ ផ្ទុយ​ទៅ​វិញ លោក ហៀង សួ បញ្ជាក់​ថា កម្លាំង​ពលកម្ម​​គ្មាន​ជំនាញ​របស់​កម្ពុជា​ នឹង​ហូរ​ចេញ​ទៅ​ប្រទេស​​សមាជិក​អាស៊ាន​ផ្សេង​ ដោយ​សារ​​​ទីផ្សារ​ការ​ងារ​ធំ​ជាង​មុន ហើយ​កត្តា​នេះ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​វិនិយោគ​​នៅ​កម្ពុជា។

លោក​បញ្ជាក់​ថា ឥទ្ធិពល​អាក្រក់​ផ្សេង​ទៀត គឺ​​​បញ្ហា​ប្រឈម​​​​ក្នុង​ការ​រក​​ការងារ​របស់​​អ្នក​រៀន​នៅ​មហា​វិទ្យាល័យ៖ «ពេល​ដែល​អ្នក​រៀន​នៅ​មហា​វិទ្យាល័យ​នៅ​ថៃ នៅ​វៀតណាម នៅ​ឥណ្ឌូនេស៊ី ក៏​ប្រឈម​នឹង​ការ​រើសអើង​ពី​និយោជក។ មាន​ន័យ​ថា គាត់​ពិបាក​រក​ការងារ ជួន​កាល​គាត់​អាច​ពិចារណា​ដើម្បី​ឆ្លង​ដែន​មក​ធ្វើ​ការងារ។ អ៊ីចឹង​មាន​ន័យ​ថា សម្ពាធ​ឧត្ដម​សិក្សា គឺ​អាច​មាន​ខ្ពស់​ជាង​អ្នក​មាន​ជំនាញ​តិច»។

យ៉ាង​ណា​ក៏​ដោយ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​២០១៥ ទីផ្សារ​ការ​ងារ​ជា​ទីផ្សារ​គ្មាន​ព្រំដែន​ពិត​ប្រាកដ​មែន​ ប៉ុន្តែ​​​​អ្នក​ពាក់ព័ន្ធ​មិន​ត្រូវ​បារម្ភ​អំពី​ភាព​ខ្វះ​ខាង​ការងារ​ឡើយ ដោយ​សារ​តែ​បច្ចុប្បន្ន​នេះ​ ការ​វិនិយោគ​មាន​ច្រើន​ដែល​នឹង​បង្កើត​ការងារ​ច្រើន​នៅ​ពេល ៣​ឆ្នាំ​ខាង​មុខ​ទៀត។

លោក ខៀវ កាញារីទ្ធ៖ «សព្វ​ថ្ងៃ រដ្ឋាភិបាល​កំពុង​បារម្ភ​ ដំបូង​ដោយ​ខ្ងុំ​លើក​ឧទាហរណ៍​មួយ​ចុះ។ គេ​វិនិយោគ​ចម្ការ​កៅស៊ូ ១៥​ម៉ឺន​ហិកតារ ពីរ​បី​ឆ្នាំ​ទៀត​ យើង​ត្រូវ​ការ​មនុស្ស​ធ្វើ​ការ​ ១៥​ម៉ឺន​នាក់ ហើយ​ឥឡូវ​យើង​រក​មិន​បាន ៥​ពាន់​នាក់​ផង»

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ដើម្បី​សម្រេច​បាន​​គោល​ដៅ​​នេះ រដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​​​មាន​​​ការ​ផ្សព្វ​ផ្សាយ​ ការងារ​ក្នុង​ស្រុក ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ស៊ី​គ្នា​រវាង​តម្រូវ​ការ​ការងារ និង​ការ​ផ្គត់​ផ្គង់​​នៅ​ប្រទេស​កម្ពុជា នៅ​ពេល​ដែល​​អាស៊ាន​ធ្វើ​សមាហរណកម្ម​តំបន់​នៅ​ពេល​ខាង​មុខ។ លោក​បញ្ជាក់​ថា នៅ​ពេល​ធ្វើ​សមាហរណកម្ម​តំបន់​នៅ​ពេល​ខាង​មុខ ការ​បង្កើត​ការងារ​ខ្ពស់​​គឺ​នៅ​ក្នុង​វិស័យ​កសិកម្ម។

នាយក​ប្រតិបត្តិ​កម្មវិធី​អភិវឌ្ឍ​ធនធាន​យុវជន លោក ជាង សុខា មាន​ប្រសាសន៍​ថា​ ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ ប្រទេស​កម្ពុជា មាន​ចំនួន​យុវជន​​ខ្ពស់​ជាង​គេ​ ដែល​បច្ចុប្បន្ន​មាន​ចំនួន​ជាង ៤​លាន​នាក់​ ប៉ុន្តែ​ភាគ​ច្រើន​ពួក​គេ​មិន​បាន​ដឹង​អំពី​ទីផ្សារ​ការងារ​អ្វី​សមស្រប​សម្រាប់​ពួកគេ​ឡើង​នៅ​ក្នុង​បរិបទ​អាស៊ាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។