ផល​ប៉ះពាល់​សុខភាព​និង​គ្រោះថ្នាក់​ដោយ​ការ​ទទួល​ទាន​សុរា​ត្រាំ​ជាមួយ​សារធាតុ​ផ្សេងៗ

ដោយ ខែ សុណង
2016.12.23
ស្រា​ថ្នាំ ៨៥៥ ស្រា​ស​ត្រាំ​ជាមួយ​ផ្លែ​ឈើ​ស្រស់​ដែល​ពលរដ្ឋ​ត្រាំ​ទុក​សម្រាប់​ទទួល​ទាន។ RFA
Photo: RFA

តាម​ទំនៀមទម្លាប់​តៗ​គ្នា​ជា​យូរយារ​ណាស់​មក​ហើយ និង​រហូត​មក​ដល់​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​តែង​យក​ស្រា​ស និង​ផ្លែ​ឈើ​គ្រប់​មុខ ឫស​ឈើ សម្បក​ឈើ និង​សត្វ ជាដើម ត្រាំ​លាយ​ចូល​គ្នា​យក​មក​ទទួល​ទាន។ អ្នក​ធ្វើ​ដូច្នេះ ដោយសារ​តែ​គេ​ជឿ​ថា ទាំង​មនុស្ស​ធម្មតា និង​ស្ត្រី​ទើប​សម្រាល​កូន​រួច នៅ​ពេល​ទទួល​ទាន​សុរា​ប្រភេទ​នេះ អាច​នឹង​ជួយ​ឲ្យ​ពួក​គេ​មាន​សុខភាព​ល្អ មាំមួន និង​មាន​សាច់​ស្អាត។

តើ​ការ​យល់​ឃើញ​បែប​នេះ​ជា​ការ​ត្រឹមត្រូវ​ដែរ​ឬ​ទេ?

ផ្ទុយ​អំពី​ការ​គិត​ថា សុរា​ដែល​គេ​យក​ត្រាំ​លាយ​ជាមួយ​សារធាតុ​ផ្សេងៗ នឹង​ក្លាយ​ជា​ឱសថ ឬ​ថ្នាំ​ដ៏​ខ្លាំង​ពូកែ​ស័ក្ដិសិទ្ធិ​សម្រាប់​ជួយ​បំប៉ន​រាងកាយ ទាំង​មនុស្ស​ធម្មតា ឬ​ស្ត្រី​ក្រោយ​សម្រាល​កូន​នោះ មន្ត្រី​សុខាភិបាល​អះអាង​ថា វា​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ទៅ​វិញ។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ផ្ដល់​សម្ភាស​ដល់​អាស៊ីសេរី​ថា គ្មាន​ការ​សិក្សា​ស្រាវជ្រាវ​ពី​ក្រសួង​សុខាភិបាល ឬ​មាន​ឯកសារ​វិទ្យាសាស្ត្រ​ណា​មួយ​បាន​ទទួល​ស្គាល់​ថា ការ​ប្រើប្រាស់​ស្រា​ស​ត្រាំ​ជាមួយ​ផ្លែ​ឈើ​ជាច្រើន​ប្រភេទ ការ​ត្រាំ​ស្រា​ជាមួយ​ពន្លៃ ទឹក​ឃ្មុំ ឫស​ឈើ សម្បក​ឈើ និង​សត្វ​ជាច្រើន​មុខ​នោះ នឹង​ក្លាយ​ជា​ឱសថ​ដ៏​មាន​ប្រសិទ្ធភាព សម្រាប់​ជួយ​សុខភាព​នោះ​នៅ​ឡើយ។

លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា មនុស្ស​ធម្មតា​ដែល​ទទួល​ទាន​សុរា​ប្រភេទ​នេះ នឹង​រង​នូវ​ការ​ខូច​ថ្លើម មាន​ជំងឺ​ក្រពះ ជំងឺ​ប្រព័ន្ធ​ប្រសាទ ជំងឺ​លើស​ឈាម និង​ជំងឺ​ទឹកនោម​ផ្អែម។ល។ ឯ​ស្ត្រី​មាន​ផ្ទៃពោះ អាច​នឹង​ទទួល​រង​នូវ​ការ​ធ្លាក់​ឈាម​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ និង​ស្ត្រី​សម្រាល​កូន​រួច ឬ​គេ​ហៅ​ថា​ស្ត្រី​កូន​ខ្ចី​ដែល​កំពុង​បំបៅ​ដោះ​កូន នឹង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទារក ដែល​មាន​ដូចជា ធ្វើ​ឲ្យ​ទារក​ឈឺ​ភ្នែក រាក ទទួល​រង​នូវ​សារធាតុ​ញៀន ប៉ះពាល់​ដល់​ប្រាជ្ញា​ស្មារតី និង​ខូច​ថ្លើម​ទារក ជាដើម៖ «យើង​អត់​មាន​ការ​សិក្សា ប៉ុន្តែ​ធម្មតា​តែ​យើង​លាយ​គ្រប់​ប្រភេទ​ឧទាហរណ៍ ប្រមាត់ ផ្លែ​ឈើ ឬ​ក៏​សម្បក​ឈើ ដែល​យើង​ជឿ​ត​គ្នា​នោះ វា​អាច​ផលិត​ចេញ​ទៅ​ជា​សារធាតុ​ផ្សេង​ដែល​យើង​មិន​ដឹង។ ជួនកាល វា​មិន​អាច​ប៉ះពាល់​ឲ្យ​យើង​ឃើញ​ភ្លាមៗ​ថា យើង​ឈឺ​ទេ ប៉ុន្តែ​ឃើញ​ថា​ប៉ះពាល់​សុខភាព​យូរ​អង្វែង​ដែល​យើង​មិន​ដឹង។ ដូច្នេះ កុំ​ធ្វើ​អ្វី​តាម​ការ​នឹក​ឃើញ​របស់​យើង ពីព្រោះ​ទាំងអស់​នេះ​ជា​របស់​ដែល​យើង​ញ៉ាំ​ចូល​ទៅ​ក្នុង​ពោះ មិន​មែន​ក្រៅ​ខ្លួន​ទេ ហើយ​វា​បម្លែង​ចូល​ក្នុង​ឈាម​របស់​យើង វា​អាច​ប៉ះពាល់​សុខភាព​របស់​យើង​រយៈពេល​ខ្លី និង​រយៈពេល​វែង»

អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ថ្លែង​បន្ត​ថា ជាង​នេះ​ទៅ​ទៀត ការ​ផ្សំ ឬ​លាយ​តាម​ជំនឿ​តៗ​គ្នា ឬ​ទម្លាប់​ដែល​គ្មាន​ការ​សិក្សា​ច្បាស់លាស់​នោះ វា​អាច​នឹង​បម្លែង​ទៅ​ជា​សារធាតុ​ផ្សេង ឬ​អាច​បង្ក​ឲ្យ​ពុល​ក៏​មាន។ អាការ ឬ​រោគ​សញ្ញា​នៃ​ការ​ពុល​នោះ លោក​អ្នក​អាច​កត់​សម្គាល់​បាន ដែល​ភាគច្រើន​ដូចជា​ថប់​ដង្ហើម ណែន​ទ្រូង ស្រវាំង​ភ្នែក ឈឺ​ពោះ ឈឺ​ក្បាល ឈឺ​ទ្រូង អស់​កម្លាំង ជាដើម។ ដូច្នេះ សូម​ប្រញាប់​ទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត បើ​សិន​ជា​មាន​អាការ​បែប​នេះ ប៉ុន្តែ​បើ​ធ្ងន់ធ្ងរ​ជាង​នេះ អ្នក​ជំងឺ​អាច​សន្លប់​បាត់​ស្មារតី ឬ​ឈាន​ដល់​ការ​ដាច់​ខ្យល់​ស្លាប់​ក៏​មាន៖ «សូម​អញ្ជើញ​ទៅ​មណ្ឌល​សុខភាព គេ​នឹង​មាន​របៀប​គេ​ព្យាបាល​របស់​គេ គេ​មាន​ឱសថ​មួយ​ចំនួន​ដែល​អាច​កាត់​បន្ថយ​ការ​ពុល​នេះ»

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Kher Sonorng
ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Kher Sonorng
RFA/Kher Sonorng

អ្នក​ប្រើប្រាស់​សុរា​ផ្សំ​លាយ​មួយ​ចំនួន បាន​ទិញ​ស្រា​ស​ទាំង​ឪទឹន ទាំង​កាន ទាំង​លីត្រ ត្រាំ​ទុក​ទទួល​ទាន​ជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ប្រចាំ​ថ្ងៃ។ ចំណែក​ស្ត្រី​មួយ​ចំនួន​បាន​ទទួល​ការ​ណែនាំ​ពី​មនុស្ស​ចាស់​តៗ​គ្នា ឬ​មាន​ការ​ផ្ដួចផ្ដើម​ពី​ក្រុម​គ្រួសារ​ឲ្យ​ត្រាំ​សុរា​ទុក​ទទួល​ទាន​នៅ​ពេល​សម្រាល​កូន​រួច ដែល​យល់​ថា សុរា​នោះ​នឹង​ជួយ​ឲ្យ​សុខភាព​ល្អ មាំមួន និង​មាន​សាច់​ស្អាត ឬ​សាច់​ចាំ ជាដើម។ បញ្ហា​នេះ ក្រៅ​អំពី​ផល​ប៉ះពាល់​សុខភាព​ដោយ​ការ​ទទួល​ទាន​សុរា​ដោយ​ផ្ទាល់ អ្នក​ប្រើប្រាស់​មួយ​ចំនួន ក៏​អាច​ក្លាយ​ជា​អ្នក​ទទួល​ទាន​ស្រា​ជា​ប្រចាំ និង​ខ្លះ​បាន​ធ្លាក់​ខ្លួន​ញៀន​អត់​មិន​បាន​ក៏​មាន។

ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​សាមញ្ញ​ដែល​យើង​ម្នាក់ៗ​ស្ទើរ​មិន​ចាប់​អារម្មណ៍​នេះ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ស្វែង​យល់​តាម​រយៈ​សារ​អប់រំ​របស់​ក្រសួង​សុខាភិបាល ជៀសវាង​ជឿ​តាម​ការ​បំពុល​ពី​បណ្ដាញ​សង្គម ឬ​ហ្វេសប៊ុក (Facebook) ដែល​ចេះ​តែ​ផ្សព្វផ្សាយ និង​ចែកចាយ​បន្ត​មិន​បាន​ត្រឹមត្រូវ៖ «យក​ល្អ​សម័យ​នេះ​ដែល​គេ​ហៅ​ថា​សម័យ​បច្ចេកវិទ្យា សូម​បង​ប្អូន​ឧស្សាហ៍​តាមដាន​នូវ​សារ​អប់រំ​ដែល​ចេញ​ពី​ក្រសួង​សុខាភិបាល។ សម័យ​នេះ​មាន​ប្រព័ន្ធ​ទំនាក់ទំនង​ខ្លះ​អាច​ផ្ដល់​ព័ត៌មាន​មិន​ត្រឹមត្រូវ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ឃើញ​ហើយ អ្នក​ខ្លះ​ថា​គួរ​ញ៉ាំ​នេះ ខ្លះ​ថា​គួរ​ញ៉ាំ​នោះ ដោយ​ពុំ​បាន​យោង​លើ​ឯកសារ​យោង​ណា​មួយ​នោះ​ទេ។ ឮ​សូរ​តែ​តៗ​គ្នា ហើយ​ផ្សព្វផ្សាយ។ សូម​សំណូមពរ​ថា មុន​នឹង​បង​ប្អូន​ជឿ​ទៅ​លើ​បញ្ហា​សង្គម គួរ​តែ​ធ្វើ​ការ​សិក្សា​តាមដាន​ព័ត៌មាន​ពី​សុខាភិបាល ដែល​ជា​ព័ត៌មាន​ត្រឹមត្រូវ ហើយ​ពិត​ប្រាកដ»

កាល​ពី​ដើម​ខែ​វិច្ឆិកា ដល់​ខែ​ធ្នូ ឆ្នាំ​២០១៦ មាន​មនុស្ស ៩២​នាក់ បាន​ពុល​ស្រា​ស​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី ១៥​នាក់​ស្លាប់ និង​អ្នក​ឈឺ​ដោយសារ​ពុល​ស្រា​ស​ចំនួន ៧៧​នាក់ នៅ​ឃុំ​ក្ដុលសែនជ័យ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។ បញ្ហា​នេះ មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល​នៃ​ក្រសួង​សុខាភិបាល បាន​រក​ឃើញ​ជាតិ​ពុល ឬ​មេតាណុល​កម្រិត​ខ្ពស់ បណ្ដាល​ឲ្យ​អ្នក​ផឹក​ពុល​ដោយសារ​ការ​ផ្សំ​ផលិត​ស្រា​គ្មាន​បច្ចេកទេស។

ភាព​ឆ្លាត​វៃ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ទាំងនេះ មន្ត្រី​ជំនាញ​សុខាភិបាល បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​យល់​ដឹង និង​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ទទួល​ទាន​សុរា ឬ​អាហារ​ដែល​គ្មាន​ស្លាក​សញ្ញា និង​គ្មាន​ប្រភព​នៃ​ការ​ផលិត​ច្បាស់លាស់។ រីឯ​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ពី​ឱសថ​បុរាណ បន្លែ ផ្លែ​ឈើ​ធម្មជាតិ ដែល​ថា​ជួយ​បំប៉ន​សុខភាព ឬ​ព្យាបាល​ជំងឺ​នានា​នោះ ក្រសួង​សុខាភិបាល កំពុង​សិក្សា​ស្រាវជ្រាវ​ករណី​មួយ​ចំនួន ប្រសិន​បាន​ដឹង​អំពី​លទ្ធផល​នេះ ក្រសួង​នឹង​ផ្សព្វផ្សាយ​ជូន​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។