ភាពខុសគ្នារវាងការព្យាបាលដោយចលនា និងការម៉ាស្សា ឬចាប់សរសៃ
2015.02.19
ការធ្វើម៉ាស្សា ឬចាប់សរសៃ កំពុងតែពេញនិយមសម្រាប់ពលរដ្ឋកម្ពុជា។ មនុស្សជាច្រើនតែងនាំគ្នាទៅរកកន្លែងធ្វើម៉ាស្សា ឬចាប់សរសៃ ដើម្បីឲ្យគេព្យាបាលបញ្ហាចុករោយ ឈឺសាច់ដុំរបស់គេ។ ដោយឡែកអ្នកខ្លះទៀតដែលមានបញ្ហាឈឺ ឬសាច់ដុំងាប់ដោយសារជំងឺ ដូចជាជំងឺស្ត្រូក ពេលសម្ពាធឈាមឡើងខ្លាំង ក៏ទៅឲ្យគេធ្វើម៉ាស្សាដែរ។ ប៉ុន្តែគ្រូពេទ្យផ្ដល់ដំបូន្មានថា អ្នកមានបញ្ហាបែបនេះ ត្រូវទៅឲ្យគេព្យាបាលដោយចលនាវិញទើបត្រឹមត្រូវ។
តើខុសគ្នាដូចម្ដេចរវាងការព្យាបាលដោយចលនា និងការម៉ាស្សា ឬចាប់សរសៃ?
ជាទូទៅ យើងតែងមានការយល់ច្រឡំថា ការធ្វើម៉ាស្សា ឬចាប់សរសៃ និងការព្យាបាលដោយចលនាមានគោលបំណង និងបច្ចេកទេសដូចគ្នា។ ប៉ុន្តែវេជ្ជបណ្ឌិត យ៉ូហ្ស៊ីកាហ្ស៊ី កាម៉េដា (Dr.Yoshikazy Kameda) ជំនាញខាងព្យាបាលដោយចលនានៃមន្ទីរពេទ្យ សាន់រ៉ាយជប៉ុន (Sunrise Japan Hospital) ពន្យល់ថា ការព្យាបាលដោយចលនា និងការម៉ាស្សា ឬចាប់សរសៃ មិនដូចគ្នាទេ។ លោកវេជ្ជបណ្ឌិតថ្លែងថា ចំណុចសំខាន់៣ ដែលជាភាពខុសគ្នារវាងការព្យាបាលដោយចលនា និងការម៉ាស្សា ឬចាប់សរសៃ គឺទី១ គោលបំណងខុសគ្នា។ ទី២ ចំណុចសំខាន់ និងបច្ចេកទេសក៏ខុសគ្នា ហើយទី៣ ប្រសិទ្ធភាព និងលទ្ធផលបន្ទាប់ពីការព្យាបាលក៏ខុសគ្នាដែរ។
លោកវេជ្ជបណ្ឌិត យ៉ូហ្ស៊ីកាហ្ស៊ី កាម៉េដា ពន្យល់ថា ការធ្វើម៉ាស្សា ឬចាប់សរសៃ គ្រាន់តែជាការឲ្យគេជួយធ្វើឲ្យសាច់ដុំរលា និងមានអារម្មណ៍ស្រួលខ្លួន៖ «ការម៉ាស្សាជាកាយវិការមួយដែលអ្នកម៉ាស្សាគាត់សង្កត់លើដងខ្លួន ឬសង្កត់តិចៗ ដើម្បីឲ្យសាច់ដុំបានធូរស្រាល ហើយយើងមានអារម្មណ៍ល្អ ហើយជាចលនាមួយដែលអ្នកម៉ាស្សាហ្នឹងគាត់ជាអ្នកធ្វើសកម្មភាព អ្នកដែលត្រូវគេម៉ាស្សាសម្រាក»។
ប៉ុន្តែការព្យាបាលដោយចលនាវិញ គឺអ្នកជំងឺធ្វើចលនាដោយខ្លួនឯង និងមានគោលបំណងច្រើនជាងនេះ៖ «ការព្យាបាលដោយចលនា គឺយើងប្រែប្រួលទៅតាមស្ថានភាពអ្នកជំងឺមួយៗ ព្រោះគាត់មានបញ្ហាផ្សេងៗគ្នា។ ទោះបីគាត់ឈឺស្មាមែន មានឈ្មោះថាឈឺដូចគ្នា ប៉ុន្តែលក្ខណៈការឈឺខុសគ្នា។ អ៊ីចឹងយើងប្រែប្រួលទៅតាមបញ្ហារបស់គាត់ និងបច្ចេកទេសរបស់យើង។ ខាងអ្នកការព្យាបាលដោយចលនាគាត់យល់ច្បាស់ណាស់ ទាក់ទងនឹងបញ្ហាធ្វើឲ្យគាត់មានការឈឺចាប់ទាំងអស់ហ្នឹង ឬក៏រោគសញ្ញាថាគាត់ឈឺអី គាត់អាចដឹងថា បញ្ហានោះគាត់ព្យាបាលបាន ឬវាអាចវិវឌ្ឍយ៉ាងម៉េច គាត់ដឹងទាំងអស់»។
ប្រការដែលអាចនាំឲ្យច្រឡំថា ការព្យាបាលដោយចលនា និងការម៉ាស្សា ឬចាប់សរសៃដូចគ្នា ព្រោះតែមានចំណុចមួយនៃបច្ចេកទេសព្យាបាលដោយចលនា គឺការគ្រប់គ្រងកម្លាំងសាច់ដុំ ឬហៅថា មឹសសឹល ថូន ខន់ថ្រូល (Muscle tone control)៖ «វាអាចជាបច្ចេកទេសនៃការធ្វើម៉ាស្សាដែរ ប៉ុន្តែវាមិនមែនទាំងស្រុងទេ គឺវាជាបច្ចេកទេសមួយតូចទេ។ មានមនុស្សមួយចំនួនគាត់យល់ច្រឡំថា ការព្យាបាលដោយចលនាហ្នឹងជាអ្នកម៉ាស្សាហើយ។ ភាគច្រើនខ្ញុំឮអ៊ីចឹងខាងក៏ដោយ ឬអ្នកទូទៅក៏ដោយ គាត់តែងថាអ្នកម៉ាស្សា»។
ការព្យាបាលដោយចលនា គឺគ្រូពេទ្យចាំបាច់ត្រូវបង្ហាត់បង្ហាញដល់អ្នកជំងឺ គ្រួសារ និងសហគមន៍ឲ្យយល់ពីបញ្ហា រោគសញ្ញារបស់ជំងឺគាត់ និងអំពីបច្ចេកទេសដែលត្រូវអនុវត្តនៅផ្ទះ។ នេះហើយដែលជាភាពខុសគ្នាស្រឡះរវាងការព្យាបាលដោយចលនា និងការធ្វើម៉ាស្សា ឬចាប់សរសៃ។
តើមានបញ្ហាអី ប្រសិនបើយើងមិនយល់ច្បាស់អំពីភាពខុសគ្នារវាងការព្យាបាលដោយចលនា និងការម៉ាស្សា ឬចាប់សរសៃ?
លោកវេជ្ជបណ្ឌិត យ៉ូហ្ស៊ីកាហ្ស៊ី កាម៉េដា មានប្រសាសន៍ថា ប្រសិនបើយើងមិនបានយល់ច្បាស់អំពីភាពខុសគ្នារវាងការព្យាបាលដោយចលនា និងការម៉ាស្សា ឬចាប់សរសៃទេ យើងក៏មិនអាចទទួលបានការព្យាបាលឲ្យចំមុខជំងឺដែរ។ ម្យ៉ាងទៀត ការព្យាបាលនោះនឹងធ្វើឲ្យរឹតតែធ្ងន់ធ្ងរទៅវិញ៖ «ចំណុចទី១ អ្នកជំងឺអត់បានទទួលការព្យាបាលត្រឹមត្រូវទេ។ ឧបមាថា គាត់ឈឺស្មាអ៊ីចឹង គឺគាត់អត់ដឹងថាគាត់ឈឺដោយសារអី ឬឈឺកម្រិតណាទេ។ គាត់អត់ដឹងថាទៅព្យាបាលនៅកន្លែងណាដែលសមស្របនឹងបញ្ហារបស់គាត់។ ដូច្នេះអ្នកជំងឺមិនអាចទទួលការព្យាបាលឲ្យសមស្របបញ្ហារបស់គាត់ ឲ្យចំណុចរបស់គាត់។ មួយទៀត អ្នកជំងឺគាត់អត់អាចទទួលបាននូវភាពធូរស្បើយទេ។ ទីបី ជំងឺរបស់គាត់ទៅជាធ្ងន់ធ្ងរទៅៗ។ អ៊ីចឹងអ្នកជំងឺទាំងអស់គួរតែយល់ពីភាពខុសគ្នារវាងពីរហ្នឹង»។
លោកវេជ្ជបណ្ឌិតឲ្យដឹងថា បញ្ហាឈឺសាច់ដុំ គឺបណ្ដាលមកពីស្ថានភាពឥរិយាបថរបស់យើងមិនបានត្រឹមត្រូវ៖ «កាលណាយើងមានស្ថានភាពអត់ល្អ ឬក៏យើងធ្វើចលនាមួយមិនត្រឹមត្រូវខុសទំនង វាជាមូលហេតុធ្វើឲ្យយើងឈឺចាប់។ ដូច្នេះ ការព្យាបាលដោយចលនា គឺជួយទៅលើស្ថានភាព និងចលនារបស់យើងដែលត្រឹមត្រូវ»។
ដូច្នេះ លោកវេជ្ជបណ្ឌិតណែនាំថា ការទៅរកសេវាម៉ាស្សា គួរទៅរកកន្លែងផ្ដល់សេវាណាដែលមានជំនាញច្បាស់លាស់ ដើម្បីឲ្យសាច់ដុំដែលចុករោយ ឬឈឺ បានធូរស្បើយ និងមានអារម្មណ៍ល្អឡើងវិញ។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ការព្យាបាលអ្នកជំងឺស្ត្រូក ដោយការធ្វើម៉ាស្សា ឬចាប់សរសៃ មិនមានប្រសិទ្ធភាពអាចស្ដារលទ្ធភាពអ្នកជំងឺឲ្យបានត្រឡប់មកសភាពពេញលេញដូចដើមវិញទេ។ លោកថា វិធីដែលអាចជួយបានតែមួយគត់ គឺការព្យាបាលដោយចលនា៖ «អ្នកជំងឺស្លាប់មួយចំហៀងខ្លួនហ្នឹង បើសិនជាគាត់ទៅរកការព្យាបាលដោយចលនា គាត់ទៅរកកន្លែងត្រឹមត្រូវសម្រាប់បញ្ហារបស់គាត់ គាត់អាចនឹងមានឱកាសត្រឡប់មកវិញសកម្មភាពដែលគាត់ធ្លាប់មាន ដូចជាការគាត់ចេះឈរ ក្រោក ហើយចេះដើរ ហើយគាត់មានលទ្ធភាពអាចធ្វើកិច្ចការប្រចាំថ្ងៃគាត់បាន អត់ត្រូវការពឹងអ្នកដទៃ។ អ៊ីចឹងមានតែអ្នកព្យាបាលតែមួយទេ ដែលគាត់អាចជួយអ្នកជំងឺដែលមានស្ត្រូកហ្នឹង អាចមានការរីកចម្រើនបាន។ អ៊ីចឹងបើសិនជាមានអ្នកជំងឺដែលមានស្លាប់មួយចំហៀងខ្លួនហ្នឹង គាត់ត្រូវការព្យាបាលដោយចលនាជាចាំបាច់»។
លោកវេជ្ជបណ្ឌិតពន្យល់ទៀតថា៖ «បើសិនជាអ្នកជំងឺមានបញ្ហាធ្ងន់ធ្ងរ ពិបាក គាត់មិនអាចធ្វើអ្វីកើត ដោយសារបញ្ហារបស់គាត់ហ្នឹង ញ៉ាំថ្នាំក៏អត់ធូរ ទៅម៉ាស្សាក៏អត់ធូរ គាត់មានវិធីសាស្ត្រមួយទៀត គឺទៅរកអ្នកព្យាបាលដោយចលនា គឺគាត់អាចជួយឲ្យធូរស្បើយបាន»។
លោកវេជ្ជបណ្ឌិតណែនាំថា លោកអ្នកត្រូវជ្រើសរើសវិធីសាស្ត្រឲ្យបានត្រឹមត្រូវ ថាតើត្រូវធ្វើម៉ាស្សា ឬត្រូវព្យាបាលដោយចលនា នៅពេលណាមានបញ្ហាសាច់ដុំ និងសន្លាក់៕