រោគ​សញ្ញា​សំខាន់ៗ​និង​របៀប​ព្យាបាល​ប្រស្តេត​រីក

ដូច​លោក​អ្នក​បាន​ជ្រាប​មក​ហើយ​ថា បុរស​ដែល​មាន​ប្រស្តេត​រីក​ធំ គឺ​បង្ក​ឲ្យ​ពិបាក​បត់ជើង​តូច​ណាស់ ដោយសារ​បំពង់​បង្ហួរ​នោម​រួម​តូច។
ដោយ ឃឹម សារ៉ង
2010-01-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា ដើម្បី​កំណត់​ថា​ប្រស្តេត​រីក​ធំ មិនមែន​សម្គាល់​តែ​ទៅ​លើ​ការ​ពិបាក​បត់ជើង​តូច​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ គឺ​គេ​ត្រូវ​តែ​ធ្វើ​តេស្ត​តាម​វិធី​២​យ៉ាង​គឺ ការ​ធ្វើ​តេស្ត​ឈាម​ដោយ​ពិនិត្យ​មើល​ហៅ​ថា Prostate Specific Antigen (PSA exam) និង​ធ្វើ Digital Rectal Exam (DRE)។

អង្គការ​សង្គម​ជំងឺ​មហារីក​អាមេរិក (American Cancer Society) បាន​លើក​ឡើង​ថា DRE គឺ​វេជ្ជបណ្ឌិត​អាច​ស្ទាប​ដឹង​ថា តើ​ប្រស្តេត​រីក​ធំ​ប៉ុណ្ណា ឬ​ក៏​រក​មើល​ថា តើ​ក្រពេញ​ប្រស្តេត​មាន​ភាព​មិន​ប្រក្រតី​យ៉ាងណា។ ជា​ទូទៅ​គឺ​គេ​ធ្វើ​ដូចជា​ទៅ​លើ​បុរស​អាយុ​៥០​ឆ្នាំ ឬ​ចាស់​ជាង​នេះ ហើយ​ដែល​គ្មាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​មហារីក​ប្រស្តេត ឬ​ប្រស្តេត​រីក​ធំ។

លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ នៅ​ក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ចង់​និយាយ​អំពី​ការ​ពិនិត្យ។ ឥឡូវ​យើង​អត់​ទាន់​ដឹង​ទេ គ្រាន់​តែ​ស្មាន​ទេ​ថា អ្នក​ជំងឺ​ហ្នឹង​កើត​ហើយ។ ការ​ដែល​ពិនិត្យ​សំខាន់​បំផុត​គឺ​ហៅ​ថា Digital Rectal Examគឺ​សំខាន់។ ប្រូស្តាត​ដែល​រីក គឺ​វា​ណែន វា​រីក​ វា​ណែន ហើយ​យើង​ចុច​ទៅ​វា​អត់​រឹង​ដូច​ថ្ម​ទេ ប៉ុន្តែ​ការ​ពិនិត្យ​ហ្នឹង​គឺ​ទាក់ទង​នឹង​បច្ចេកទេស​ត្រូវ​ធ្វើ​ម៉េចៗ ខ្ញុំ​មិន​ជម្រាប​ទេ ប៉ុន្តែ​តែ​អាហ្នឹង​ឯង គឺ​ធ្វើ​ឲ្យ​យើង​ដឹង»

ឃឹម សារ៉ង ៖ ហ្នឹង​គឺ​លូក​តាម​រន្ធ​គូទ​អ៊ីចឹង? វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ ៖ បាទ! អាហ្នឹង​ឯង គឺ​លេខ​១ ហើយ Objective sign ស្ទាប​ទៅ​គឺ​ដឹង​តែម្តង ប៉ុន្តែ​ទាល់​តែ​អ្នក​ជំងឺ​ដេក​យ៉ាង​ម៉េចៗ ទាល់​តែ​បច្ចេកទេស មិន​ជម្រាប​ទេ សំខាន់​ណាស់។

ចំពោះ​ការ​ធ្វើ​តេស្ត​ឈាម​ពិនិត្យ​មើល PSA វេជ្ជបណ្ឌិត​ឯកទេស​មាន​ប្រសាសន៍​ថា ជា​និច្ចកាល​តែងតែ​មាន​បរិមាណ PSA តិច​តួច​លិច​ចូល​ទៅ​ក្នុង​សរសៃ​ឈាម។ ក៏​ប៉ុន្តែ តើ​បរិមាណ​ប៉ុណ្ណា​ដែល​គេ​រក​ឃើញ​នៅ​ក្នុង​ឈាម ហើយ​គេ​កំណត់​ថា​អាច​មាន​គ្រោះថ្នាក់​ប្រស្តេត​រីក​ធំ ឬ​ក៏​មហារីក​ប្រស្តេត​នោះ?

លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «មួយ​ទៀត បូម​ឈាម​មើល​គឺ​អាច​ឃើញ​ឡើង​ដែរ ឡើង​ខ្លះ​ដែរ គេ​ហៅ​ថា PSA (Prostate Specific Antigen) គឺ​ឡើង​ដែរ ឡើង​ខ្លះ​ដែរ។ នៅ​ពេល​ហ្នឹង​យើង​ច្បាស់​ជា​មនុស្ស​ហ្នឹង​កើត​ហើយ ប្រូស្តាត​ហ្នឹង​រីក ហើយ​ចាប់​ព្យាបាល»

លោក​វេជ្ជបណ្ឌិត សាយម៉ុន ហល (Simon Hall) ឯកទេស​ម៉ូត្រសាស្ត្រ ប្រធាន​ផ្នែក​ម៉ូត្រវិទ្យា​នៅ​មហាវិទ្យាល័យ​ពេទ្យ Mount Sinaiនា​បុរី​ញូវយ៉ក មាន​ប្រសាសន៍​នៅ​ក្នុង​ឯកសារ Webmedicineថា ចំពោះ​បុរស​សំខាន់​ត្រូវ​យល់​ថា ពិនិត្យ PSA មិន​កំណត់​ថា មាន​មហារីក​នោះ​ទេ វា​គ្រាន់តែ​ប្រាប់​អ្នក​ថា តើ​ភាព​គ្រោះថ្នាក់​កើន​ឡើង​ឬ​ទេ​ប៉ុណ្ណោះ។ លោក​បន្ត​ថា មាន​ករណី​បុរស​ខ្លះ​មាន​មហារីក​ប្រស្តេត​រីក​លឿន​ណាស់ តែ​កម្រិត PSA នៅ​ធម្មតា។ ក៏​ដូចគ្នា​នេះ​ដែរ មាន​បុរស​ខ្លះ​មាន​កម្រិត PSA កើន​ឡើង ក៏​ប៉ុន្តែ​គ្មាន​មហារីក​ឡើយ ហើយ​ឥឡូវ​នេះ​គ្មាន​នរណា​ប្រាកដ​ឡើយ​ថា តើ​មូលហេតុ​អ្វី​នោះ។ ហេតុនេះ​ហើយ​បាន​ជា ដើម្បី​ជួយ​ដល់​ការ​កំណត់​អំពី​គ្រោះថ្នាក់​នេះ វេជ្ជបណ្ឌិត​ច្រើន​តែ​ធ្វើ DRE។ ក្នុង​វិធី​នេះ វេជ្ជបណ្ឌិត​រក​មើល​ភាព​សមប្បមាណ ឬ​ស៊ីមេទ្រី (Symmetry) ភាព​រឹង​និង​ទំហំ​របស់​ប្រស្តេត។ បន្ទាប់​ពី​ការ​កំណត់​ធាតុពិត​នៃ​ជំងឺ​ហើយ នោះ​ទើប​ឈាន​ដល់​ការ​ព្យាបាល​ប្រស្តេត​រីក​ធំ។

លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ព្យាបាល​មាន​២។ នៅ​កន្លែង​ខ្ញុំ យើង​មាន​ប្រើ​ថ្នាំ។ ថ្នាំ​ចែក​ជា​២ ជា​សំខាន់។ ទី​១ គឺ​ថ្នាំពេទ្យ​ហ្នឹង​ឯង ទី​២ គឺ​ថ្នាំ​ដែល​ផ្សំ​ពី​ដើម​ឈើ ឫស​ឈើ។ នៅ​ស្រុក​ខ្មែរ​យើង​គឺ​សំបូរ​ណាស់ ពាក្យ​អង់គ្លេស​ហៅ​ថា Phytotherapy គឺ Plant therapy គេ​យក​ដើម​ឈើ សំបក​ឈើ ស្លឹក​ឈើ ឫស​ឈើ លម្អង​ផ្កា​ទាំង​អស់​ហ្នឹង​យក​មក​ផ្សំ​ជា​ថ្នាំ គឺ​គេ​ប្រើ​នៅ​អឺរ៉ុប នៅ​សហរដ្ឋ​អាមេរិក​ក៏​គេ​ប្រើ​ដែរ។ ប៉ុន្តែ​សម្រាប់​ប្រជាជន​ខ្មែរ​យើង​ដែល​មាន​បញ្ហា ចំណាំ​មើល​ថា ស្លឹក​ឈើ បន្លែ ចំណី​អាហារ​ណា​ដែល​ញ៉ាំ​ហើយ​នោម​មក​ធូរ ចំណាំ​វា​ទុក គឺ​ជួយ​យើង ព្រោះ​យើង​ខ្វះ​ថ្នាំ បើ​មាន​ថ្នាំ​អី​គឺ​ជួយ​ណាស់។ ផ្លែ​ឈើ​អី​ក៏ដោយ ដើម​ឈើ​អី​ក៏ដោយ ស្លឹក​ឈើ​អី​ក៏ដោយ ឫស​ឈើ​អី​ក៏ដោយ ផ្កា​ឈើ​អី​ក៏ដោយ ឬ​លម្អង​ផ្កា​អស់​ហ្នឹង​ឯង​ដែល​យក​មក​ធ្វើ​ជា​សម្ល​ក៏ដោយ ឬ​ក៏​ធ្វើ​ជា​តែ​ផឹក​ក៏ដោយ នោម​មក​បាន​ធូរ ដាក់​មក​នោម​ឆ​តែម្តង ប្រើ​អស់​ហ្នឹង​ទៅ​ស្រួល​ហើយ។ ចៀស​វាង​អារឿង​ញ៉ាំ​ខ្លាញ់​ញ៉ាំ​អីៗ​ហ្នឹង​គឺ​អត់​ល្អ​ទេ​ទាក់ទង​នឹង​រឿង​ធ្វើ​ឲ្យ​អស់​ហ្នឹង​រីក​ហើយ ហ្នឹង​មហារីក។ បើ​និយាយ​ថា ខ្ញុំ​ស្គាល់​ឈ្មោះ​ថ្នាំ​អីៗ​នៅ​ស្រុក​ខ្មែរ ខ្ញុំ​អត់​ដឹង​ទេ។ ថ្នាំ​ទាំង​អស់​ដែល​ខ្ញុំ​រៀន គឺ​ថ្នាំ​ចិន​និង​ថ្នាំ​បស្ចឹម ម៉្លោះ​ហើយ​ខ្ញុំ​អត់​ដឹង​ទេ ថ្នាំ​ឫស​ឈើ សំបក​ឈើ​នៅ​ស្រុក​ខ្មែរ​យើង​ច្រើន​ខុស​គ្នា»

អ្នក​មាន​បញ្ហា​ប្រូស្តេត​រីក​ធំ​ម្នាក់​នៅ​ក្រុង​ភ្នំពេញ គឺ​លោក ស៊ឹម សារ៉ាក់ អគ្គនាយករដ្ឋបាល​និង​ហិរញ្ញវត្ថុ​ក្រសួង​វប្បធម៌​ទើប​ចូល​និវត្តន៍ អាយុ​៦១​ឆ្នាំ​មាន​ប្រសាសន៍​អំពី​ខ្លួន​លោក​ផ្ទាល់​ដែល​ទទួល​ការ​ព្យាបាល​ប្រូស្តេត​រីក​ធំ​ថា ៖ «ចុង​ក្រោយ​ហ្នឹង​ចុក​ឃើញ​ម៉ែ​ឃើញ​ឪ​តែម្តង​ហើយ បាន​ទៅ​មើល​ទៅ​ស្រាប់​តែ​ពេទ្យ​គេ​ថា Hypertrophie ខ្ទង់​ប៉ុន្មាន​ទេ...​ភ្លេច​ហើយ ៦០​ប៉្លាយ​មីលីម៉ែត្រ ធំ​ណាស់ វា​មក​ជិត​អា​រន្ធ​នោម។ គេ​ថា​វា​ហើម​អា​សាច់​ក្រពីង​ប្រូស្តាត​ហ្នឹង។ ពេទ្យ​ស្រុក​ខ្មែរ​ដែល​គេ​ធានា​វះ ដល់​ពេល​ហ្នឹង​គាត់​ថា ទេ! អត់ហ៊ាន​វះ​ទេ ជម្រាប​ត្រង់​ខ្លាច មិន​ដែល​មាន​ធំ​អ៊ីចឹង។ ធើ​ឲ្យ​ឯង​ភ័យ។ រត់​ទៅ​បាងកក គ្រាន់​តែ​វះ​វា​ទារ ៨៥០០​(ដុល្លារ)។ វា​គិត​លុយ​ទាំង​នៅ​កំដរ ទាំង​នៅ​ដេក​ស៊ី​ទៅ​ខ្ទង់​៣​ម៉ឺន​(ដុល្លារ)។ អេ! អត់​ទេ វិល​មក​វិញ។ នៅ​ស្រុក​ខ្មែរ​យើង​តែ​១​ពាន់​ហ្នឹង។ គេ​ទើប​នឹង​មានAppareil ថ្មី។ គេ​ធ្វើ​អា​ដាក់​ទុយោ​ចូល​ទៅ គេ​មាន​ប្រដាប់​គេ​វិល វ៉ៃ​បំបែក អាវិល...មិន​ដឹង​យ៉ាង​ម៉េច​ទេ ឮ​សូរ​តែ​គេ​ថា។ មើល​នៅ​ក្នុង​ទូរទស្សន៍​អី​ទៀត។ គេ​ដាក់​ទូរទស្សន៍​ឲ្យ​មើល គេ​ដាក់​ថ្នាំ​សន្លប់​តែ​ពាក់​កណ្តាល​ទេ ចុះ​ទៅ​ក្រោម​ហ្នឹង​នៅ​ដឹង​ទាំង​អស់​ទេ​តើ! មុន​ដំបូង​គេ​ឲ្យ​មើល ដល់​ក្រោយ​ទៅ​បាន​គេ​ខ្លាច​យើង​ភ័យ​យើង​អី​ផង គេ​ទាញ​វាំង​នន​បិទ​លែង​ឲ្យ​មើល​ទូរទស្សន៍​ទៅ។ ២​ម៉ោង​ឯណោះ»

ចំពោះ​ស្ថានភាព​សុខភាព​បន្ទាប់​ពី​ការ​វះ​កាត់​នោះ​វិញ លោក ស៊ឹម សារ៉ាក់ មាន​ប្រសាសន៍​ថា ៖ «រហ័ស​ដែរ​តើ នៅ​សម្រាក​ពេទ្យ​តែ​១​អាទិត្យ​ទេ។ ១​អាទិត្យ​ហ្នឹង​ដក​សុង​ចេញ​បាន​ដើរ ដើរ​ហាត់​ប្រាណ​អី​ធម្មតា អត់​មាន​អី​ពិបាក​ទេ។ ការនោម​ហ្នឹង? ការ​នោម នោម​ធ្លាក់​អស់​ដំបូង។ អូ! ពេល​ផដែល​រួច​ហើយ​ហ្នឹង​វា​មាន​រឿង​ដូច​កូន​ក្មេង ដូច​កូន​ខ្ចី​អ៊ីចឹង ព្រោះ​អាទឹក​នោម​វា​មក​អត់​ដឹង​ខ្លួន​ទេ វា​មក​រហូត អាវះ​រួច​ហើយ​ហ្នឹង។ ប្រើ​អា​ស្អី ដូច​កូន​ខ្ចី​ដាក់​កុំ​ឲ្យ​ជុះ​អាចម៍​ជុះ​នោម​ចេញ ហើយ​ដល់​៣​ខែ​មក​ដាក់​អា​ស្អី​ដូច​ស្រីៗ​មក​ខែ​ថ្ងៃ​ទៀត ដាក់​អាហ្នឹង។ ព្រោះ​ឈឺ​នោម​វា​មក។ កាល​មុន​អត់​ឈឺ​ទេ វា​មក​តែម្តង​អត់​ដឹង ដល់​អា​៣​ខែ​មក តែ​ឈឺ​មក​ហើយ ជោកៗ​ខោ គិតៗ​ទៅ​យូរ​ដែរ​អាហ្នឹង ពិបាក​ដែរ ប៉ុន្តែ​ឥឡូវ​ធម្មតា​ហើយ»

សូម​រំឭក​ថា ប្រូស្តេត​គឺ​ជា​ក្រពេញ​មួយ​ដែល​ស្ថិត​នៅ​ជុំវិញ​បំពង់​បង្ហួរ​នោម វា​ស្ថិត​នៅ​ខាង​ក្រោម​ផ្លោក​នោម ហើយ​និង​នៅ​ចំ​ពី​មុខ​ចុង​ពោះវៀន​ធំ​របស់​បុរស៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល