តើ​វិធី​ណាខ្លះ ដើម្បី​ជួយ​សង្គ្រោះ​បឋម​ដល់​មនុស្ស​ឆក់​ខ្សែភ្លើង?

ដោយ ម៉ៅ សុធានី
2020.02.20
គោ​ត្រូវ​ខ្សែ​ភ្លើង​ឆក់ សៀមរាប ២០១៦ ៨៥៥ សត្វ​គោ​ត្រូវ​ខ្សែ​ភ្លើង​ឆក់​ងាប់​នៅ​កន្លែង​ដែល​ម៉ាស​ខ្សែ​ភ្លើង​ត​ចូល​ក្នុង​ទឹក​ប្រឡាយ នា​ឃុំ​ត្រពាំងធំ ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA

គ្រូពេទ្យ​ជំនាញ​សង្គ្រោះ​បន្ទាន់ ឱ្យ​ដឹង​ថា នៅ​ពេល​មនុស្ស​ណា​ម្នាក់​ឆក់​ខ្សែភ្លើង គឺ​ចរន្តអគ្គិសនី នឹង​ឆ្លង​ចូល​ក្នុង​រាងកាយ​មួយ​រំពេច វា​បង្ក​ឱ្យ​ស្ពឹក ឈឺ​កន្ត្រាក់​សាច់ដុំ បង្ក​របួស​ស្នាម​ជាំ​ខ្មៅ នៅ​កន្លែង​ឆក់ ឬ​ដំបៅ​ស្បែក និង​គាំងបេះដូង​មួយ​រំពេច ហើយ​មាន​ករណី​ធ្ងន់ធ្ងរ​ខ្លះ បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ។

តើ​មាន​វិធី​ណាខ្លះ ដើម្បី​សង្គ្រោះ​បឋម ដល់​ជនរងគ្រោះ​ឆក់​ខ្សែភ្លើង?

ការ​យល់​ដឹង​ពី​វិធី​សង្គ្រោះ​បន្ទាន់ មាន​សារៈសំខាន់​ណាស់ ដើម្បី​ជួយសង្គ្រោះ​ជីវិត​របស់​ជនរងគ្រោះ​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​។ គេហទំព័រ​ផ្នែក​សង្គ្រោះ​បន្ទាន់ ឱ្យដឹង​ថា ជា​ដំបូង​លោកអ្នក​ត្រូវ​ទូរស័ព្ទ​ទៅ​លេខ​សង្គ្រោះ​បន្ទាន់ ដែល​នៅ​សហរដ្ឋអាមេរិក លេខ ៩១១ (911) ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ គឺ​លេខ ១១៩ (119)​។ មុន​រថយន្ត​សង្គ្រោះ​បន្ទាន់​មកដល់ ជា​ដំបូង​បង្អស់ អ្នក​ជួយសង្គ្រោះ ត្រូវ​ពិនិត្យមើល​ជុំវិញ​ខ្លួន ថា​តើ​មាន​គ្រោះថ្នាក់​ឬ​អត់ ពីព្រោះ​ចរន្តអគ្គិសនី អាច​ឆ្លង​បន្ត​យ៉ាង​ឆាប់រហ័ស តាមរយៈ​ទឹក​ឬ​ដែក ដូចនេះ​កុំ​ប៉ះពាល់​ដល់​ជនរងគ្រោះ​ឱ្យ​សោះ និង​កាត់​ផ្តាច់​ប្រភព​ផ្ដល់​ចរន្តអគ្គិសនី​។ រួចហើយ គឺ​គេ​អាច​ប្រើ​ឈើ​វែង ឬ​ឈើ​ប្លាស្ទីក រុញច្រាន​ជនរងគ្រោះ​ចេញពី​កន្លែង​ប្រភព​ឆក់ រួច​យក​ជនរងគ្រោះ​ដាក់​នៅ​កន្លែង​ស្ងួត​នៅ​លើ​ក្រដាស ឬ​លើ​ក្ដារ​ជាដើម។

វេជ្ជបណ្ឌិត​ជំនាញ​ព្យាបាល​ជំងឺ​ទូទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ នៅ​មណ្ឌល​សុខភាព​តំបន់​លេខ​វ៉ូដ (Lakewood Regional Medical Center) លោក វេជ្ជបណ្ឌិត តែ សៀង​ឡុង មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ពី​រដ្ឋ​កាលីហ្វរនីញ៉ា (California) អំពី​វិធី​មួយ​ចំនួន​ដែល​អាច​ជួយ​ខ្លួនឯង និង​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​ឆក់​ខ្សែ​ភ្លើង​៖ «ឃើញ​អ្នក​ឆក់​គឺ​អត់​ប៉ះ​បានទេ យើង​ត្រូវ​យក​ឈើ យក​ក្រ​ម៉ា ឬ​កន្សែង យើង​ទាញ​គេ​ចេញទៅ កាលណា​ប៉ះ យើង​ឆក់​ដែរ ហើយ​ធ្វើទុក្ខ​ខ្លួន​យើង​ដូច​គេ​ដែរ គឺ​ប៉ះ​អត់​បាន​។ ហើយ​នៅ​កន្លែង​មាន​ទឹក យើង​ប៉ះ​ខ្សែភ្លើង យើង​នៅ​ឈរ​កន្លែង​ទឹក គឺ​យើង​ឆក់​ដែរ​។ ប្រសិនបើ​យើង​បរ​ឡាន ហើយ​ខ្សែភ្លើង​ធ្លាក់​នៅ​ជិត​ហ្នឹង នៅ​ក្នុង​ឡាន​កុំ​ចេញ​គឺ​ខ្លាច​ឆក់​ដែរ»

វេជ្ជបណ្ឌិត​ជំនាញ​សង្គ្រោះបន្ទាន់​រូប​នេះ មានប្រសាសន៍​បន្ត​ថា ប្រសិនបើ​អ្នករងគ្រោះ មាន​រោគសញ្ញា​ក្អួត ឬ​ស្លេកស្លាំង​មុខមាត់ ក្រោយ​ឆក់​ខ្សែភ្លើង​រួច​ភ្លាម ត្រូវ​ដាក់​ជើង​ជនរងគ្រោះ​ឱ្យ​ខ្ពស់​បន្តិច​។ បន្ថែម​ពី​នេះ បើ​សិន​ជា​មាន​ហូរ​ឈាម គឺ​ត្រូវ​យក​ក្រណាត់​ស្ងួត​ស្អាត ចង​ទប់​នៅមុខ​កន្លែង​ហូរ​ឈាម​។ ក្នុង​លក្ខខណ្ឌ ដែល​ជនរងគ្រោះ​ដួល​សន្លប់ ត្រូវ​ធ្វើ​ចលនា​សង្កត់​លើ​បេះដូង ឬ​ហៅ​កាត់​ថា CPR ដើម្បី​ឱ្យ​បេះដូង​ដំណើរការ​ឡើងវិញ មុន​រថយន្ត​សង្គ្រោះ​បន្ទាន់​មក​ដល់។

តើ​មូល​ហេតុអ្វី​បណ្ដាល​ឱ្យ​ខ្សែភ្លើង​ឆក់​? គេហទំព័រ​ស្រាវជ្រាវ​ស្ដីពី​ការសង្គ្រោះ​បន្ទាន់ ឱ្យដឹង​ថា រូបរាងកាយ​របស់​មនុស្ស ដែក​និង​ទឹក គឺជា​ប្រភព​ចម្លង​ចរន្តអគ្គិសនី​។ អាស្រ័យហេតុនេះ លោកអ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាទីបំផុត កុំ​ឱ្យ​ប៉ះពាល់​កន្លែង​ដែល​ជា​ប្រភព​ចម្លង ឬ​ចែកចាយ​ចរន្តអគ្គិសនី​។ ខ្សែភ្លើង​ឆក់​អាច​កើតឡើង​យ៉ាង​ឆាប់រហ័ស​ជាទីបំផុត មិនបាន​មួយ​ពព្រិច​ភ្នែក​ផង ហើយក៏ គ្មាន​នរណា​អាច​ទាយ​ទុក​ដឹង​ជាមុន អំពី​ផលវិបាក​ធ្ងន់ធ្ងរ បណ្តាល​មក​ពី​គ្រោះថ្នាក់​ខ្សែភ្លើង​ឆក់​នេះ​ដែរ​។ នៅ​ពេល​មនុស្ស​ម្នាក់​ឆក់​ខ្សែភ្លើង គឺ​ចរន្តអគ្គិសនី​នឹង​ឆ្លង​ចូល​ក្នុង​រាងកាយ ហើយ​វា​បង្ក​ឱ្យ រលាក​ខ្លោច​ឬ​ដំបៅ​ស្បែក​នៅ​កន្លែង​ឆក់​។ ប្រសិនបើ​ករណី​ឆក់​ចរន្តអគ្គិសនី​ខ្លាំង​វិញ វា​អាច​ប៉ះពាល់​ដល់​ខួរក្បាល​និង​បេះដូង ដែល​ជា​ហេតុ​នាំ​ឱ្យ​គាំងបេះដូង បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ។

ប្រភព​ដែល​បណ្ដាល​ឱ្យ​ឆក់​ខ្សែភ្លើង​នេះ រួមមាន កន្លែង​ផ្ដល់​និង​ចែកចាយ​ចរន្តអគ្គិសនី រន្ទះបាញ់ ម៉ាស៊ីន​ប្រើ​អេឡិចត្រូនិក គ្រឿង​ឧបករណ៍​អគ្គិសនី កន្លែង​ដោត​ខ្សែភ្លើង និង​ប្រដាប់ប្រដា​ប្រើប្រាស់​ក្នុង​ផ្ទះ​ជាដើម​។ ការ​ឆក់​ខ្សែភ្លើង​ដោយ​ការប្រើប្រាស់​ប្រដាប់​ប្រដា​ក្នុង​ផ្ទះ មិន​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជីវិត​ទេ។

តើ​អ្នក​ឆក់​ខ្សែភ្លើង មាន​រោគសញ្ញា​អ្វីខ្លះ​? ចំពោះ​រោគសញ្ញា​វិញ គឺ​អាស្រ័យ​ទៅតាម​កម្រិត​នៃ​គ្រោះថ្នាក់​ឆក់​ខ្សែភ្លើង ក្នុង​នោះ រួមមាន សន្លប់​បាត់ស្មារតី រមួល​សាច់ដុំ ស្ពឹក មាន​បញ្ហា​ពិបាក​ដកដង្ហើម ស្រវាំងភ្នែក ឬ​ហឹង​ត្រចៀក​ស្ដាប់​មិន​លឺ ឈឺក្បាល ប្រកាច់ រលាក​ជាំ​ខ្មៅ ឬ​ដំបៅ​ស្បែក​។ ទោះបី មាន​ករណី​ខ្លះ ការ​ឆក់​ខ្សែភ្លើង​មិន​បង្ក​គ្រោះថ្នាក់ ឬ​របួស​ធ្ងន់ធ្ងរ​ក៏ដោយ ចាំបាច់​ជនរងគ្រោះ​ត្រូវ ទៅ​ជួប​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ ដោយសារ មាន​ករណី​ខ្លះ មុខរបួស​រលាក​ឬ​ស្លាក ស្នាម​សរីរាង្គ​ខាងក្នុង មិនទាន់​បង្ហាញ​រោគសញ្ញា​ភ្លាម​នៅឡើយ​ទេ​។ បន្ថែម​ពី​នេះ ប្រសិនបើ​អ្នក​ឆក់​ខ្សែភ្លើង​ហើយ មានការ​ចុកចាប់​ខ្លាំង និង​ហើម​នៅ​កន្លែង​សាច់ដុំ​ដៃជើង ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ ពិព្រោះ​បញ្ហា​នេះ នាំ​ឱ្យ​ប៉ះពាល់​ដល់​សរសៃឈាម។

តើ​មាន​វិធី​ណាខ្លះ​ដើម្បី​ព្យាបាល​អ្នក​ឆក់​ខ្សែភ្លើង​? គេហទំព័រ​ផ្នែក​សង្គ្រោះ​បន្ទាន់ បង្ហាញ​ថា ចំពោះ​វិធី​ព្យាបាល​វិញ គ្រូពេទ្យ​ផ្ដល់​ថ្នាំលេប និង​លាប សម្រាប់​ជួយ​បន្ថយ​ការឈឺចាប់​រលាក​លើ​ស្បែក ដោយ​ប្រើ​ថ្នាំលាប អង់ទីប៊ីយូទិក (Antibiotic) និង​ប្រើ​ក្រណាត់​ស្បៃ​រុំ មុខរបួស​។ បន្ថែម​ពី​នេះ​គឺ​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ ព្យួរ​សេរ៉ូម និង​ចាក់​ថ្នាំ​តេតតានូស (Tetanus)​។ ហើយ​ក្នុង​ករណី​ខ្សែភ្លើង​ឆក់​ធ្ងន់ធ្ងរ គ្រូពេទ្យ​អាច​ឱ្យ​គេង​សម្រាក​នៅ​មន្ទីរពេទ្យ ២​ឬ​៣​ថ្ងៃ ដើម្បី​តាមដាន ក្រែងលោ​មាន​បញ្ហា​បេះដូង និង​មាន​បញ្ហា​ធ្ងន់ធ្ងរ​នៅ​សរីរាង្គ​ខាងក្នុង​។ មាន​ករណី​ខ្លះ ជនរងគ្រោះ​ដោយសារ​ខ្សែភ្លើង​ឆក់ អាច​មាន​ផលវិបាក​យូរអង្វែង​ដល់​សុខភាព ដូចជា ស្ពឹក​ដៃជើង សាច់​ដុំ​ខ្សោយ និង​ឈឺ​ចុកចាប់​ក្នុង​សាច់ដុំ​រហូត។

តើ​គេ​អាច​ធ្វើ​ដូចម្តេច​ខ្លះ ដើម្បី​បង្ការ​បញ្ហា​ខ្សែភ្លើង​ឆក់​? វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សង្គ្រោះ​បន្ទាន់ លោក តែ សៀងឡុង មាន​ប្រសាសន៍​បន្ថែម​ថា ឪពុកម្ដាយ ឬ​ក្រុម​គ្រួសារ​នៅ​ក្នុង​ផ្ទះ ដែល​មាន​កុមារ​តូច​ៗ ត្រូវ​ប្រុងប្រយ័ត្ន​ជាទីបំផុត ដើម្បី​បង្ការ​ឬ​ការពារ​ការ​ឆក់​ខ្សែភ្លើង ដូចជា ទិញ​ជ័រ​ម្យ៉ាង​ដែល​ប្រើ​សម្រាប់​បិទ​ប្រអប់​ដោត​ខ្សែភ្លើង​នៅ​ជញ្ជាំង ឬ​ព្រី​ភ្លើង និង​កន្លែង​ដែល​ជា​ប្រភព​ផ្ដល់​ចរន្តអគ្គិសនី ឬ​ភ្លើង៖ «ក្នុង​ផ្ទះ​កូនក្មេង​ធម្មតា វា​រពិស​ណាស់ ហើយ​កន្លែង​ដោត​ខ្សែភ្លើង ត្រូវ​យក​ជ័រ​ទៅ​បិទ​ទប់ វា​កុំ​ឱ្យ​មាន​ប្រហោង ខ្សែភ្លើង​ដាក់​ឡើងលើ​ឱ្យ​ផុត​ពី​ដៃ​ក្មេង កុំ​ឱ្យ​វា​លេង​។ កុំ​ដោត​ខ្សែភ្លើង​ច្រើនពេក ដូចជា​នៅ​ក្នុង​បន្ទប់​គេង អាច​ឆេះ​ដែរ ហើយ​កន្លែង​ណា​មាន​ទឹក ឬ​ចង្ក្រាន​បាយ យើង​ត្រូវ​ប្រុងប្រយ័ត្ន​ដែរ»

ក្រុម​គ្រូពេទ្យ​ជំនួយ​សង្គ្រោះ​បន្ទាន់ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​លក្ខខណ្ឌ​ដែល​អ្នករងគ្រោះ​ឆក់​ខ្សែភ្លើង មាន​របួស​ក្បាល ឆ្អឹង​ក ឆ្អឹងខ្នង ដោយសារ​ធ្លាក់​ពីលើ​ដើមឈើ​ឬ​ពី​ដំបូល​ផ្ទះ សំខាន់​បំផុត គួរ​ទុក​ជនរងគ្រោះ ឱ្យ​នៅ​កន្លែង​ដដែល​កុំ​ឱ្យ​លើក​ចេញ ឬ​ប្ដូរ​កន្លែង​ទីតាំង​ឱ្យ​សោះ​។ បន្ថែម​ពី​នេះ នៅ​ពេល​រង់ចាំ​រថយន្ត​ពេទ្យ​សង្គ្រោះ​បន្ទាន់​មកដល់ អ្នក​ជួយសង្គ្រោះ កុំ​ប៉ះ​កន្លែង​ស្បែក​រលាក ឬ​របួស​។ គេ​អាច​កត់សំគាល់​ថា ជនរងគ្រោះ​រង​របួស​រលាក​ខ្លាំង ផ្នែក​សរីរាង្គ​ខាងក្នុង ដោយសារ​មាន​ស្នាម​ជាំ​ខ្លាំង និង​មាន​ដុំ​អុច​ខ្មៅ​ៗ​នៅ​លើ​ស្បែក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។