ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​លាង​សាច់​ឆៅ​មុន​ចម្អិន​នៅ​ផ្ទះ

ដោយ ម៉ៅ សុធានី
2019-05-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាច់ជ្រូក ដែល​គេ​ដាក់​លក់​ក្នុង​ផ្សារ​មួយ​ នៅ​រាជធានីភ្នំពេញ។
សាច់ជ្រូក ដែល​គេ​ដាក់​លក់​ក្នុង​ផ្សារ​មួយ​ នៅ​រាជធានីភ្នំពេញ។
RFA

ភ្នាក់ងារ​សុខាភិបាល​សាធារណៈ​នៅ​សហរដ្ឋអាមេរិក ព្រមាន​ចំពោះ​គ្រោះថ្នាក់​នៃ​ការ​លាង​សាច់​ឆៅ រួមមាន​សាច់​មាន់ សាច់​គោ និង​សាច់​ជ្រូក ជាដើម មុន​ពេល​ចម្អិន ដោយ​លើក​ហេតុផល​ថា ប្រសិនបើ​មិនបាន​លាង​សំអាត ដោយ​ប្រុងប្រយ័ត្ន​នោះ​ទេ មេរោគ (Bacteria) ដែល​អាច​មាន​នៅ​ក្នុង​សាច់​ទាំងនោះ នឹង​រាលដាល​ឆ្លង​ទៅ ប្រដាប់ប្រដា​ប្រើប្រាស់​ក្នុង​ផ្ទះបាយ និង​ម្ហូប​អាហារ ឬ​បន្លែ​ផ្សេងៗ​ទៀត ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព។

តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ខ្លះ ដើម្បី​កាត់បន្ថយ​កុំ​ឱ្យ​ឆ្លង​មេរោគ​ពី​សាច់​ឆៅ នៅ​ពេល​ចម្អិន​ម្ហូប​នៅ​ផ្ទះ?

អនាម័យ​នៃ​ការ​លាង​សំអាត​សាច់​ឆៅ និង​ទុកដាក់​ម្ហូបអាហារ មាន​សារៈសំខាន់​ណាស់ ដើម្បី​ការពារ​នូវ​ជំងឺ​មួយ​ចំនួន រួម​មានការ​រាករូស ក្អួតចង្អោរ គ្រុន​ក្ដៅ និង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ផ្សេងទៀត​ដល់​អ្នក​បរិភោគ។

អ្នកស្រាវជ្រាវ​កម្មវិធី​សុខភាព​សាធារណៈ​នៃ​សមាគម​គាំទ្រ​សុខភាព​ខ្មែរ និង​សាកលវិទ្យាល័យ កូណិតទីខាត់ (Connecticut) លោក បណ្ឌិត គង់ សេងលី មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ពី​ទីក្រុង​ឡូវ៉ែល (Lowell) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) ថា ការស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិក​ថ្មីៗ​ នេះ​រក​ឃើញ​ថា នៅ​ក្នុង​សាច់​ឆៅ​ទាំងនោះ ច្រើន​មាន​ផ្ទុក​បាក់តេរី ឬ​មេរោគ​ម្យ៉ាង ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព។ លោក​ថា នៅ​ពេល​ដែល​លាង​សាច់​ទាំងនោះ មិនបាន​ប្រុងប្រយ័ត្ន និង​សំអាត​នៅ​ជុំវិញ​កន្លែង​លាង​មិន​បាន​ត្រឹមត្រូវ មេរោគ​នោះ​ក៏​ឆ្លង​ទៅ​ប្រដាប់ប្រដា​ប្រើប្រាស់ និង​បន្លែ​ផ្លែឈើ ដែល​ដាក់​ក្បែរ​នោះ៖ «មូលហេតុ​ដែល​គេ​មិន​ចង់​ឱ្យ​លាង​នៅ​ក្នុង​កន្លែង​លាងចាន (sink) កញ្ចប់​សាច់​ដែល​ទិញ​ពី​ហាង​នោះ គឺ​ដោយសារ​វា​​មាន​បាក់តេរី យ៉ាងតិច ២​ប្រភេទ ដែល​ជា​ទូទៅ គឺ​មាន​នៅ​ក្នុង​សាច់ ដូចជា​ សាច់​មាន់ សាច់​គោ សាច់​ជ្រូក សាច់​ចៀម​ជាដើម​នោះ និង​មាន​ក្នុង​ទឹកដោះគោ​ផង​ដែរ។ បាក់តេរី​នោះ នឹង​ធ្វើ​ឱ្យ​យើង​រាករូស ជំងឺ​រលាក​ក្រពះ រលាក​ពោះវៀន ធ្វើ​ឱ្យ​ក្អួត​ចង្អោរ គ្រុន​ក្តៅ​ និង​ឈឺក្បាល​។ល។»

កាលពី​ថ្ងៃ​ចុង​ខែ​មេសា​កន្លងទៅ មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​ការពារ​ជំងឺ​នៅ​សហរដ្ឋអាមេរិក ហៅ​កាត់​ថា (CDC) បាន​ចេញ​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​មួយ ព្រមាន​អំពី​ហានិភ័យ​ខ្ពស់ នៃ​ការ​លាង​សាច់​ឆៅ រួមមាន​សាច់​មាន់​ជាដើម។ របាយការណ៍​​គូស​បង្ហាញ​ថា នៅ​ក្នុង​សាច់​ឆៅ​ទាំងនោះ តែងតែ​មាន​ផ្ទុក​មេរោគ​ម្យ៉ាង​ឈ្មោះ ខេមភីឡូ បាក់ធ័រ (Campylobacter) និង​ពេលខ្លះ​មាន​ផ្ទុក​មេរោគ សេលមូនេឡា (Salmonella) និង ក្លសទ្រីឌៀម (Clostridium)

ទីភ្នាក់ងារ​សុខភាព​សាធារណៈ​នេះ ក៏​បញ្ជាក់​ផង​ដែរ​ថា ប្រសិនបើ​សាច់​មាន់ ឬ​សាច់​ផ្សេងទៀត ចម្អិន​មិន​ឆ្អិន​ល្អ ហើយ​ឆ្លង​មេរោគ​ទៅ​ភេសជ្ជៈ ឬ​ម្ហូប​ផ្សេងទៀត អ្នក​បរិភោគ​អាច​មាន​បញ្ហា​ពុល​អាហារ ដែល​នាំ​ឱ្យ​រាករូស និង​ក្អួតចង្អោរ។

ទាក់ទង​នឹង​ការ​រក​ឃើញ​នេះ បណ្ឌិត គង់ សេងលី លើកឡើង​ថា អ្នក​ចម្អិន​ម្ហូបអាហារ​នៅផ្ទះ មិន​​បាន​​ចាប់​អារម្មណ៍​​អំពី​​ការ​​ឆ្លង​​មេរោគ នៅ​ពេល​ដែល​លាង​សាច់​ឆៅ​ទាំង​នោះ​ទេ៖ «គេ​រក​ឃើញ​ថា នៅ​ពេល​ដែល​យើង​លាង​នោះ ទឹក​នោះ គឺ​វា​ខ្ចាយ​ទៅ​ប្រឡាក់​នៅ​កន្លែង​លាងចាន ឬ​កន្លែង​ផ្សេងទៀត នៅ​ក្បែរ​នោះ មេរោគ ​(​ត្រូវ​)​ បាន​ពាំនាំ​តាមរយៈ​ការ​ខ្ចាយ​ទឹក​ហ្នឹង ប្រហែល​ពី​កន្លះ​ទៅ​មួយ​ម៉ែត្រ ហើយ​មេរោគ​វា​អាច​នៅ​ទីនោះ ដែល​បណ្ដាល​មក​ពី​ការ​លាង​ខ្ទាត​នោះ ឆ្លង​ទៅ​ម្ហូបអាហារ​ដទៃ​ទៀត ព្រោះ​យើង​មិនបាន​លាង​សំអាត​ល្អ​នៅ​ជុំវិញ​នោះ ដូច្នេះ​វា​ងាយ​នឹង​ឆ្លង​មេរោគ»

របាយការណ៍​របស់​CDC ដដែល ក៏​បាន​ផ្ដល់​ដំបូន្មាន​ថា ដើម្បី​ការពារ​នៃ​ការ​ឆ្លង​មេរោគ​ពី​សាច់​ឆៅ នៅ​ពេល​ទៅ​ទិញ​ពី​ហាង​មក ត្រូវ​ដាក់​កញ្ចប់​សាច់​នោះ​ទៅ​ក្នុង​ថង់ មុន​ដាក់​វា​ទៅ​ក្នុង​រទេះរុញ ឬ​ទូរ​ទឹកកក​នៅផ្ទះ​។ នៅ​ពេល​ចម្អិន​ត្រូវ​ប្រើ​ជ្រញ់​មួយ​ដាច់​ដោយ​ឡែក​​សម្រាប់​​កាត់​​សាច់ និង​​កុំ​ឱ្យ​ដាក់​សាច់​ឆៅ​ទាំងនោះ នៅ​​ក្បែរ​​ម្ហូប​អាហារ​​ដែល​​ចម្អិន​​រួច​ហើយ ឬ​​នៅ​​ក្បែរ​​​បន្លែ​​​ផ្លែ​​ឈើ​។ បន្ថែម​​ពី​​នេះ CDC ក៏បាន​ហាម​លាង​សាច់​ទាំងនោះ ដោយ​ខ្លាច​ឆ្លង​មេរោគ ទៅ​ម្ហូបអាហារ​ផ្សេងទៀត​នៅ​ពេល​ដែល​​​លាង​​​សំអាត ដោយ​មិនបាន​ប្រុងប្រយ័ត្ន។

ចំពោះ​បញ្ហា​ហាម​ការ​លាង​សាច់​ឆៅ​នេះ លោក បណ្ឌិត គង់ សេងលី ពន្យល់​ថា ពលរដ្ឋ​ខ្មែរ​មិន​អាច​អនុវត្ត​បាន​ដូចជា​នៅ​សហរដ្ឋអាមេរិក​នោះ​ទេ ដោយសារ​ការ​វេច​ខ្ចប់ នៅ​ប្រទេស​កម្ពុជា មិន​បាន​តាម​ស្តង់ដារ អនាម័យ​ត្រឹមត្រូវ ជាពិសេស នៅ​ពេល​​ទិញ​ពី​កន្លែង​លក់​នៅ​ទីផ្សារ​។ ទោះជា​យ៉ាង​នេះ​ក្តី លោក​បណ្ឌិត ពន្យល់​ពី​វិធី​មួយ​ចំនួន ក្នុង​ការ​លាង​សំអាត​សាច់​ឆៅ​ទាំងនោះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​៖ «នៅ​ស្រុក​អាមេរិក គេ​វេច​ខ្ចប់​មាន​អនាម័យ​ប្រសើរ​ជាង​ម្ហូបអាហារ នៅ​ស្រុក​ខ្មែរ​របស់​យើង ដែល​ការ​វេច​ខ្ចប់​មិនទាន់​តាម​ស្តង់ដារ​នោះ​ទេ​។ ដូចនេះ បើ​យើង​ធ្វើតាម​ការ​ឱ្យ​ដំបូន្មាន​របស់ CDC ប្រហែលជា​មិន​ប្រាកដ​អាច​អនុវត្ត​បាន​នៅ​កម្ពុជា​នោះ​ទេ​។ ខ្ញុំ​គិត​ថា ការ​លាង​ដោយ​ប្រុងប្រយ័ត្ន កុំ​ឱ្យ​ខ្ទាត​ខ្ចាយ​ទៅ​បន្លែ​ផ្លែឈើ នៅ​ក្បែរៗ​នោះ យើង​អាច​កាត់បន្ថយ​ការ​រាលដាល​របស់​មេរោគ​។ ប៉ុន្តែ​កាលណា​យើង​ចម្អិន​ឆ្អិន គឺ​មេរោគ​ជាប់​នឹង​សាច់​នឹង​ស្លាប់​ដោយ​ខ្លួនឯង»

មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​ការពារ​ជំងឺ​នៅ​សហរដ្ឋអាមេរិក (CDC) ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​ ដែល​អាច​ឆ្លង​មេរោគ​ពី​សាច់​ឆៅ​ទាំងនោះ គឺ​កុមារ​អាយុ​ក្រោម ​៥​ឆ្នាំ ស្ត្រី​មាន​ផ្ទៃពោះ និង​មនុស្ស​ចាស់​អាយុ​លើស​ពី ៦៥​ឆ្នាំ​ឡើង​ទៅ ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ (Weak Immune System)

បណ្ឌិត គង់ សេងលី ផ្ដល់​ដំបូន្មាន​ថា ដើម្បី​ការពារ ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​បាក់តេរី ឬ​​មេរោគ​​ទាំង​នោះ ប្រជាពលរដ្ឋ​​ខ្មែរ​​ត្រូវ​​មាន​​អនាម័យ​​ខ្ពស់ សំអាត​នៅ​កន្លែង​ផ្ទះបាយ ជាពិសេស​នៅ​កន្លែង​លាងចាន។ នៅ​ពេល​ចម្អិន​ម្ហូបអាហារ គួរ​លាង​បន្លែ​​មុន ទុក​ដាក់​​ឱ្យ​​បាន​​ត្រឹមត្រូវ រួច​លាង​សាច់​ជា​ក្រោយ ដោយ​ប្រុងប្រយ័ត្ន​កុំ​ឱ្យ​ខ្ទាត​ទឹក​​ប្រឡាក់​​ទៅ​​កន្លែង​​ផ្សេង និង​​លាង​​ដុស​​កន្លែង​​ធ្វើ​​ម្ហូប កន្លែង​លាងចាន​ជាមួយ​សាប៊ូ​ឱ្យ​បាន​ស្អាត ក្រោយពី​លាង​សាច់​រួច និង​​ប្រើ​​ជ្រញ់​​ដាច់​ដោយ​ឡែក សម្រាប់​កាប់ ឬ​​ហាន់​​សាច់ ពី​​ជ្រញ់​​ហាន់​​បន្លែ និង​​ផ្លែឈើ សំខាន់​បំផុត គឺ​ត្រូវ​ចម្អិន​សាច់​ឱ្យ​បាន​ឆ្អិន​ល្អ​មុន​​បរិភោគ។

រឿង​សំខាន់​មួយទៀត គឺ​មិន​ត្រូវ​ប្រើប្រាស់​កន្លែង​លាងចាន​ធ្វើជា​កន្លែង​ដុស​ធ្មេញ និង​ខ្ពុរ​មាត់​ទេ ពីព្រោះ​មេរោគ​បាក់តេរី (Bacteria)​ដែល​នៅ​ក្នុង​ទឹកមាត់​មនុស្ស​អាច​មក​ទុំ​នៅ​លើ​កន្លែង​លាងចាន ហើយ​ឆ្លង​ទៅ​ក្នុង​សាច់ បន្លែ ផ្លែឈើ ឬ​ម្ហូបអាហារ​ដែល​យើង​បរិភោគ​ចូល​ទៅ​ក្នុង​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល