វិធី​បង្ការ​មហារីក​ប្រស្តេត

ថ្វី​បើ​បញ្ហា​គ្រោះថ្នាក់​ទាក់ទង​នឹង​ប្រស្តេត​រីក​បុរស​ជា​ច្រើន​អាច​ជួប​នោះ​ក្តី ក៏​គ្រូពេទ្យ​មាន​ប្រសាសន៍​ថា បុរស​អាច​បញ្ចៀស ឬ​ក៏​អាច​ពន្យារ​បញ្ហា​គ្រោះថ្នាក់​នោះ​បាន​ដែរ ដូចជា​តាម​រយៈ​ការ​បរិភោគ​បន្លែ ចៀស​វាង​បរិភោគ​ខ្លាញ់​ជាដើម។
ដោយ ឃឹម សារ៉ង
2010-01-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

វេជ្ជបណ្ឌិត​ឯកទេស​មាន​ប្រសាសន៍​ថា ខណៈ​ដែល​គេ​មិន​អាច​បង្ការ​ទាំង​ស្រុង​មិន​ឲ្យ​កើត​មហារីក​ប្រស្តេត​នោះ គេ​ក៏​អាច​មាន​វិធី​សម្រាប់​កាត់​បន្ថយ​លទ្ធភាព​ឈាន​ទៅ​រក​គ្រោះថ្នាក់​បាន​ដែរ។

លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ នៅ​ក្រុង​ឡងប៊ិក រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា ជា​ទូទៅ​បុរស​កម្រ​ចៀស​ផុត​ណាស់ ៖ «មាន​ជំងឺ​ខ្លះ​ក្នុង​ខ្លួន​យើង ដូច​ជា​រឿង​លើស​ឈាម រឿង​ស្អីៗ​ហ្នឹង​ឯង ដូច​ថា សឹង​តែ​គេច​មិន​រួច​ពេល​អាយុ​យើង​ច្រើន​ទៅ។ ក្មេង​ពេញ​វ័យ​គឺ​អត់​មាន​បញ្ហា​ទេ ប៉ុន្តែ​ដូច​យើង​អាយុ​ច្រើន ជា​ពិសេស​ចាប់​ពី​អាយុ​៥០​ឆ្នាំ​ទៅ បើ​មាន​សញ្ញា​ស្អីៗ​ហើយ គឺ​យើង​ទៅ​ជួប​គ្រូពេទ្យ ហើយ​សួរ​ថា តើ​មាន​មធ្យោបាយ​អី​ដើម្បី​នឹង​គេច​វាង? គឺ​ដូច​ខ្ញុំ​ជម្រាប​អម្បាញ់ម៉ិញ  គ្រាន់​តែ​ថា ពន្យារ​ពេល។ ពន្យារ​ពេល​ឲ្យ​វា​កើត​បាន ដូចជា​ចំណី​អាហារ​យើង​ញ៉ាំ ដូចជា​បន្ថយ​ជាតិ​ខ្លាញ់ គឺ​ខ្លាញ់។ ខ្ញុំ​ស្រាវជ្រាវ​ទៅ គឺ​ខ្លាញ់​ហ្នឹង​វា​ទាក់ទង​នឹង​មហារីក​ទាក់ទង​អី​ហ្នឹង​ច្រើន។ មហារីក​ប្រូស្តាត​គឺ​មួយ​ដែរ​ចំណី​អាហារ​ដែល​ខ្លាញ់។ ពីព្រោះ​ជន​ជាតិ​ខ្លះ​ក្នុង​ពិភពលោក​យើង​នេះ គេ​អត់​សូវ​ញ៉ាំ​ខ្លាញ់ គេ​អត់​កើត​ទេ​មហារីក។ បើ​និយាយ​ពី​ប្រូស្តាត​រីក គឺ​ខុស​គ្នា។ មហារីក​ចំណី​អាហារ​ជួយ​មែន​ទែន គឺ​បន្ថយ​ជាតិ​ខ្លាញ់ គឺ​ញ៉ាំ​បន្លែបន្លុក​ឲ្យ​ច្រើន។ អា​រឿង​ប្រស្តេត អាយុ​យើង​ច្រើន​គឺ​យើង​កើត​តែម្តង។ បន្លែបន្លុក​ស្រុក​ខ្មែរ​យើង ធ្វើ​ឲ្យ​យើង​នោម​ធូរ គឺ​ញ៉ាំ​អាហ្នឹង​ទៅ​គឺ​ជួយ​ហើយ»

មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​អាមេរិក CDC បាន​ឲ្យ​ដឹង​ថា ដើម្បី​បង្ការ​មហារីក​ប្រស្តេត​នោះ គឺ​បុរស​ត្រូវ​តែ​ធ្វើ​តេស្ត​ពិនិត្យ​ប្រស្តេត (Prostate exam)។

ចំពោះ​លោក​វេជ្ជបណ្ឌិត ឌូរ៉េដូ ប្រ៊ូកស៍ (Durado Brooks) ប្រធាន​ផ្នែក​មហារីក​ប្រស្តេត​និង​មហារីក​ពោះ​វៀន​ធំ​នៃ​សង្គម​ជំងឺ​មហារីក​អាមេរិក​មាន​ប្រសាសន៍​ថា ការ​ដែល​អាច​ថា ជា​ការ​ប្រសើរ​ចំពោះ​បុរស​នោះ គឺ​ប្រហែល​ជា​ឱសថ​ឈ្មោះ Finasteride (Proscar) ។ល។ ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា អាច​កាត់​បន្ថយ​លទ្ធភាព​ឈាន​ទៅ​រក​គ្រោះថ្នាក់​កើត​មហារីក​ប្រស្តេត។

លោក​វេជ្ជបណ្ឌិត Brooks បន្ត​ថា ៖ "បុរស​គប្បី​យល់​ថា ឱសថ​ទាំង​នេះ​មិន​មែន​សម្រាប់​បញ្ចៀស​គ្រោះថ្នាក់​ទាំង​ស្រុង​នោះ​ទេ ក៏ប៉ុន្តែ​ប្រសិន​បុរស​ម្នាក់​បារម្ភ​អំពី​ខ្លួន​ជួប​គ្រោះថ្នាក់​កើត​មហារីក​ប្រស្តេត ពេល​នោះ​បុរស​នោះ​ក៏​ត្រូវ​តែ​ដឹង​ថា មាន​ឱសថ​មួយ​ចំនួន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​លទ្ធភាព​គ្រោះថ្នាក់​នោះ​ដែរ "

បច្ចុប្បន្ន​នេះ​អង្គការ​សង្គម​ជំងឺ​មហារីក​អាមេរិក បាន​ស្នើ​វេជ្ជបណ្ឌិត​ធ្វើ​តេស្ត​ឈាម​រក​មើល​កម្រិត​សារធាតុ Prostate Specific Antigen (PSA) និង​ធ្វើការ​ពិនិត្យ​ផ្ទាល់​ហៅ​ថា Digital rectal exam ( DRE) ១​ឆ្នាំ​១​ដង​ចំពោះ​អតិថិជន​របស់​ខ្លួន​ដែល​មាន​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ។ ចំពោះ​បុរស​ដែល​ស្ថិត​ក្នុង​ក្រុម​គ្រោះថ្នាក់ ហើយ​ដែល​រួម​មាន​បុរស​ជន​ជាតិ​ស្បែក​ខ្មៅ​និង​បុរស​ដែល​មាន​ខ្សែ​លោហិត​ញាតិ​សន្តាន​ជិត មាន​ឪពុក បង-​ប្អូន​ប្រុស ឬ​កូន​ប្រុស ធ្លាប់​កើត​មហារីក​ប្រស្តេត​មុន​អាយុ​៦៥​ឆ្នាំ​នោះ គឺ​ត្រូវ​ចាប់​ផ្តើម​ធ្វើ​តេស្ត​ពី​អាយុ​៤៥​ឆ្នាំ។

ចំពោះ​បុរស​ដែល​ស្ថិត​ក្នុង​ក្រុម​គ្រោះថ្នាក់​ខ្លាំង​ដែល​មាន​ញាតិ​សន្តាន​៣-​៤​នាក់ កើត​មហារីក​ប្រស្តេត​ពេល​អាយុ​នៅ​ក្មេង​នោះ​វិញ អង្គការ​សង្គម​ជំងឺ​មហារីក​អាមេរិក​ស្នើ​ឲ្យ​ចាប់​ផ្តើម​ធ្វើ​តេស្ត​នៅ​ពេល​អាយុ​៤០​ឆ្នាំ។

លោក​វេជ្ជបណ្ឌិត ហ៊ឺប៊ឺត លីផរ៍ (Herbert Lepor) ប្រធាន​ផ្នែក​ម៉ូត្រសាស្ត្រ​និង​ជា​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​ពេទ្យ​នា​សកលវិទ្យាល័យ​ញូវយ៉ក មាន​ប្រសាសន៍​ថា ៖ "ជា​សំខាន់​គឺ​គ្មាន​ច្បាប់​វិន័យ​ណា​ដែល​នៅ​នឹង​ថ្កល់​ដូច​គេ​ចារ​នៅ​ថ្ម​នោះ​ឡើយ គឺ​បុរស​ទាំង​អស់​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ពេល​ណា រយៈពេល​ប៉ុន្មាន​ត្រូវ​ធ្វើ​តេស្ត ហើយ​បើ​ក្នុង​ករណី​សង្ស័យ​ថា មាន​មហារីក​នោះ​អ្នក​ជំងឺ​ត្រូវ​ពិភាក្សា​ដោយ​ចំហ​អំពី​វិធី​ព្យាបាល"

លោក​វេជ្ជបណ្ឌិត ម៉ៃខល ស្មីត (Michael W. Smith) បាន​សរសេរ​នៅ​ក្នុង​ឯកសារ WebMD ថា ក្រៅ​ពី​កត្តា​អាយុ ប្រវត្តិ​គ្រួសារ ជាតិ​សាសន៍ គឺ​នៅ​មាន​របប​អាហារ​និង​របៀប​រស់​នៅ​ទុយមុយ​មិន​សកម្ម មិន​ស្វាហាប់​ផង​ដែរ ដែល​អាច​ជា​កត្តា​នាំ​ឈាន​ទៅ​កើត​មហារីក​ប្រស្តេត។ លោក​ថា របប​អាហារ​ដែល​មាន​ខ្លាញ់​ច្រើន​អាច​បង្កើន​គ្រោះថ្នាក់ ហើយ​នៅ​ប្រទេស​ដែល​និយម​បរិភោគ​សាច់​និង​អាហារ​ផលិត​ពី​ទឹក​ដោះ បុរស​ច្រើន​កើត​មហារីក​ប្រស្តេត។

វេជ្ជបណ្ឌិត ម៉ៃខល ស្មីត បន្ត​ថា របប​អាហារ​មាន​ដូចជា​បន្លែ ដូចជា​ផ្កា​ខាត់ណា សណ្តែក​បារាំង ផ្លែឈើ​និង​គ្រាប់​ធញ្ញជាតិ អាច​បន្ថយ​គ្រោះ​ថ្នាក់​កើត​មហារីក​ប្រស្តេត។ អាហារ​នាំ​សុខភាព​ល្អ​នានា ដូចជា នំប៉័ង ធញ្ញជាតិ បាយ បបរ Pasta និង​សណ្តែក​ក៏​ល្អ​ដែរ។ ទន្ទឹម​នឹង​នេះ បុរស​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​កើត​មហារីក​ប្រស្តេត ដោយ​ធ្វើការ​ហាត់​ប្រាណ​ទៀង​ទាត់​និង​រក្សា​ទម្ងន់​ឲ្យ​នៅ​ធម្មតា​កុំ​ឲ្យ​ធាត់។ លើស​ពី​នេះ​ទៀត សារធាតុ​ហៅ​ថា Antioxidants អាច​ជួយ​បង្ការ​កុំ​ឲ្យ​ខូច​កោសិការ​ពន្ធុ ឬ​តំណ​ពូជ ហើយ​ជា​លទ្ធផល​ក៏​អាច​បន្ថយ​គ្រោះថ្នាក់​មហារីក​ប្រស្តេត។ ដោយ​ឡែក​សារធាតុ Lycopenes ជា Antioxidant មួយ​ប្រភេទ ក៏​ជាប់​ទាក់ទង​នឹង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​កើត​មហារីក​នោះ​ដែរ។

តើ​បញ្ហា​ដែល​បុរស​ប្រព្រឹត្ត​ស្នេហា​ផ្លូវ​ភេទ​ញឹកញាប់ អាច​នាំ​ឈាន​ដល់​កើត​មហារីក​ប្រស្តេត​​​​​ដែរ​ឬ​ទេ?

តប​នឹង​សំណួរ​នេះ លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ មាន​ប្រសាសន៍​ថា មិន​មាន​ទាក់ទង​គ្នា​ទេ ៖ «អត់​មាន​សោះ។ កន្លែង​ហ្នឹង​ឯង​គឺ​ថា អត់​មាន​ទេ។ យើង​ដេក​ច្រើន យើង​ដេក​តិច អត់​ដេក​ដូច​លោក​សង្ឃ​លោក​អី ដូច​អត់​មាន​ទាក់ទង​រឿង​ហ្នឹង។ យើង​ដេក​សោះ អត់​ដេក​សោះ ឬ​ក៏​ដេក​ច្រើន ដេក​តិច បើ​ថា ក្រែង​វា​អាច​ធូរ​ស្រាល​អី? អត់​មាន​ទាក់ទង​រឿង​ហ្នឹង​ទេ»

ការ​សិក្សា​ខ្លះ​បាន​ឲ្យ​ដឹង​ថា មហារីក​ប្រូស្តាត​​វា​ដុះដាល​ដោយសារ​អ័រម៉ូន​ម្យ៉ាង​របស់​បុរស​ហៅ​ថា  Testosterone។ Testosterone ចេញ​ពី​ពង​ស្វាស​មនុស្ស​ប្រុស។ កាល​ណា​មាន​បរិមាណ Testosterone ក្នុង​ឈាម​ច្រើន វា​បង្ក​ឲ្យ​មាន​ចំណង់​ផ្លូវភេទ​ច្រើន។

លោក​វេជ្ជបណ្ឌិត ដូណាលដ៍ ទ្រុម្ភ (Donald Trump) នាយក​វិទ្យាស្ថាន​មហារីក Roswell Park មាន​ប្រសាសន៍​ថា ៖ “Testosterone ហាក់​ដូច​ជា​កត្តា​តម្រូវ​ចំពោះ​មហារីក​ប្រស្តេត ក៏​ប៉ុន្តែ​ច្បាស់​ណាស់​ថា កត្តា​នេះ​មិន​គ្រប់គ្រាន់​ក្នុង​ការ​បង្ក​ឲ្យ​កើត​មហារីក​ប្រស្តេត​នោះ​ទេ ព្រោះ​ថា បុរស​រាល់​រូប បុរស​ដែល​មាន​សុខភាព​ល្អ​ធម្មតា មាន​បរិមាណ Testosterone ច្រើន​គួរ​សម​នៅ​ក្នុង​ឈាម ហើយ​ប្រាកដ​ណាស់​ថា មិន​មែន​បុរស​គ្រប់​រូប​សុទ្ធ​តែ​ជួប​មហារីក​ប្រស្តេត​នោះ​ឡើយ។ យើង​គិត​ថា Testosterone  អាច​ថា ជា​ជី ឬ​គ្រឿង​ចិញ្ចឹម​ដែល​នាំ​ឲ្យ​ជាលិកា​ប្រស្តេត​លូត​លាស់​ធម្មតា ហើយ​ដែល​សំខាន់​ សម្រាប់​ការ​លូត​លាស់​នៃ​មហារីក​ប្រស្តេត។ ក៏ប៉ុន្កែ​មិន​ទាន់​មាន​ទិន្នន័យ​ណា​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា Testosterone ជា​មូលហេតុ​ផ្ទាល់​នៃ​មហារីក​ប្រូស្តាត​នោះ​ទេ”

សូម​រំឭក​ថា ប្រស្តេត​គឺ​ជា​ក្រពេញ​មួយ​ដែល​ស្ថិត​នៅ​ជុំវិញ​បំពង់​បង្ហួរ​នោម វា​ស្ថិត​នៅ​ខាង​ក្រោម​ផ្លោក​នោម ហើយ​និង​នៅ​ចំ​ពី​មុខ​ចុង​ពោះវៀន​ធំ​របស់​បុរស៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល