ខណៈ​សហរដ្ឋអាមេរិក​ធ្វើតេស្ត​វ៉ាក់សាំង​ដំបូង ជប៉ុន​បាន​ផលិត​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ-១៩​មាន​ប្រសិទ្ធភាព

ម៉ៅ សុធានី
2020.03.19
កូរ៉ូណា​វីរុស ម៉ាស៊ីន​ស្គែនកម្ដៅ​អ្នក​ដំណើរ​ឆ្លង​កាត់​វាល​យន្តហោះ​ ដែល​ក្រសួង​សុខាភិបាល​ដាក់​ដើម្បី​តាម​ដាន​ការ​ឆ្លង​មេរោគ​ កូរ៉ូណា​វីរុស។
រូប៖ ហ្វេសប៊ុក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង

ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សុខាភិបាល នៅ​ប្រទេស​ជាច្រើន កំពុង​ស្វះស្វែង​ផលិត​វ៉ាក់សាំង​ការពារ​និង​ព្យាបាល​ជំងឺ​កូវិដ-១៩ (Covid-19) ដ៏​កាច​សាហាវ​មួយ​នេះ ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​ដោយសារ​នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើង​ដល់​ទៅ​ជាង ៨​ពាន់​នាក់ (,០១២) ក្នុង​ចំណោម​អ្នក​ឆ្លង​ចំនួន​ជាង ២០​ម៉ឺន​នាក់ (២០២,២៨៤)

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​ចិន អះអាង​ថា ឱសថ​ដែល​ផលិត​ដោយ​ក្រុម​វេជ្ជសាស្ត្រ​ជប៉ុន ពិត​ជា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​កូវីដ​-១៩ (Covid-19)

លោក ហ្សាង ស៊ីនមីន (Zhang Xinmin) បាន​ប្រាប់​កាសែត​ដឹហ្គាដៀន​របស់​អង់គ្លេស (The Guardian) ផ្សាយ​កាល​ថ្ងៃ​ទី​១៨ ខែមីនា ថា ឱសថ​ឈ្មោះ ហ្វាវីពីរ៉ាវៀ (Favipiravir) ដែល​ផលិត​ដោយ​ក្រុមហ៊ុន ហ្វយហ្យីហ្វីម (Fujifilm) នៅ​ប្រទេស​ជប៉ុន គឺ​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់ ចំពោះ​ការ​ព្យាបាល​ទៅលើ​អ្នកជំងឺ​កូវីដ​-១៩ ចំនួន​៣៤០​នាក់ នៅ​ក្នុង​មន្ទីរពេទ្យ​វូហាន (Wuhan) និង​សិនជិន (Shenzhen) នៅ​ក្នុង​ប្រទេស​ចិន។

លោក ហ្សាង ស៊ីនមីន បញ្ជាក់​ថា ក្រោយ​គ្រូពេទ្យ​ផ្ដល់​ថ្នាំ​ព្យាបាល​ប្រភេទ​នេះ ទៅលើ​អ្នកជំងឺ​កូវីដ​-១៩ (Covid-19) គឺ ៤​ថ្ងៃ​ក្រោយ​មក​ការ​ធ្វើតេស្ត ពុំ​មាន​រក​ឃើញ មេរោគ​សារកូវី២ (SARS-CoV2) ទៀត​ទេ​។ បន្ថែម​ពី​នេះ សួត របស់​អ្នកជំងឺ ក៏​មាន​ស្ថានភាព​ល្អ​ប្រសើរ​រហូតដល់ ៩១% បើ​ប្រៀបធៀប​ការ​ប្រើ​ថ្នាំ​ផ្សេងទៀត គឺ​មាន​ប្រសិទ្ធភាព​ត្រឹមតែ​៦២% ប៉ុណ្ណោះ​។ ទោះជា​មានការ​អះអាង​យ៉ាង​នេះ​ក៏ដោយ អ្នក​ជំនាញ​សុខភាព​ជប៉ុន​លើក​ឡើង​ថា ថ្នាំ​នេះ នឹង​មិន​មាន​ប្រសិទ្ធភាព​ខ្ពស់​ទេ ប្រសិនបើ​ប្រើ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​ដែល​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ។

ចំណែក​នៅ​សហរដ្ឋអាមេរិក​នេះ​វិញ ក្រុមហ៊ុន​បច្ចេកវិទ្យា​ខាង​ជីវសាស្ត្រ​ឈ្មោះ មូដឺណា (Moderna) ដែល​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ខេមប្រីជ (Cambridge) ក្នុង​រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) បាន​សហការ​ជាមួយ​ក្រុម វេជ្ជបណ្ឌិត​ស្រាវជ្រាវ នៃ​វិទ្យាស្ថាន​សុខាភិបាល​ជាតិ (NIH) ធ្វើតេស្ត​សាកល្បង​ចាក់​វ៉ាក់សាំង ជា​លើកដំបូង ដើម្បី​ការពារ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូ​វិត​-១៩ (Covid-19) ទៅលើ​មនុស្ស ។ ការ​ចាក់​វ៉ាក់សាំង​នេះ ធ្វើឡើង​នៅ​វិទ្យាស្ថាន ស្រាវជ្រាវ​សុខភាព ខាយសឺ ភីមីនែន (Kaiser Permanente) ក្នុង​ក្រុង ស៊ីអាថល (Seattle) នៅ​រដ្ឋ​វ៉ាស៊ីនតុន (Washington) កាលពី​ថ្ងៃទី​១៦ ខែ​មីនា។

ទោះបីជា​យ៉ាងណាក៏ដោយ រហូតមកដល់​ពេលនេះ អង្គការ​សុខភាព​ពិភពលោក (World Health Organization) មិនទាន់​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ ពី​វ៉ាក់សាំង ឬ​ថ្នាំ​ព្យាបាល ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ​-១៩ (Covid-19) នៅ​ឡើយ​ទេ។

ពាក់ព័ន្ធ​នឹង​ការសាកល្បង​វ៉ាក់សាំង​នៅ​សហរដ្ឋអាមេរិក​នេះ ប្រធាន​ក្រុម​គ្រូពេទ្យ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខាង​ជីវសាស្ត្រ​ឈ្មោះ មូដឺណា (Moderna) លោក​វេជ្ជបណ្ឌិត តាល់ ហ្សាក់ (Tal Zaks) មាន​ប្រសាសន៍​ថា គោលបំណង​សំខាន់​នៃ​ការ​ធ្វើតេស្ត​ចាក់​វ៉ាក់សាំង​សាកល្បង​ជា​លើកដំបូង​នេះ គឺ​ដើម្បី​ចង់​ដឹង អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ឈ្មោះ mRNA-1273 នេះ ក្នុង​ការ​ទប់ទល់ ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ (Covid-19) ដែល​កំពុង​រាតត្បាត​យ៉ាង​ខ្លាំង​ក្នុង​ពិភពលោក​។ លោក​បន្ត​ថា ការ​ចាក់​វ៉ាក់សាំង​សាកល្បង​នេះ​ធ្វើឡើង ទៅលើ​មនុស្ស​ពេញវ័យ​ចំនួន ៤៥​នាក់ អាយុ​ចន្លោះ​ពី ១៨​ឆ្នាំ ដល់​៥៥​ឆ្នាំ ដែល​មាន​សុខភាព​ល្អ ហើយ​ដែល​ស្ម័គ្រចិត្ត ចូលរួម​ក្នុង​ការ​ពិសោធន៍​លទ្ធផល​វ៉ាក់សាំង​នេះ។

លោក​វេជ្ជបណ្ឌិត តាល់ ហ្សាក់ បន្ត​ថា ក្រុម​វេជ្ជបណ្ឌិត​ជំនាញ នឹង​តាមដាន​ពិនិត្យ ដោយ​យកចិត្តទុកដាក់ ពី​សុ​វត្ថ​ភាព​របស់​ពួកគេ ជាពិសេស ពិនិត្យ​មើលថា​តើ​វ៉ាក់សាំង​នេះ អាច​បង្កើន​ប្រព័ន្ធ​ការពារ​ខ្លួន ដើម្បី​ប្រឆាំង ទប់​ទល់នឹង​មេរោគ​សារ​កូវី២ (SARS-CoV2)​នេះ បាន​កម្រិត​ត្រឹមណា?

អ្នកស្រាវជ្រាវ​គោលនយោបាយ​សាធារណៈ​និង​កម្មវិធី​បង្ការ​ជំងឺ​ទឹកនោមផ្អែម នៃ​សកល​វិទ្យាល័យ កូនិតទីខាត់ (Connecticut) បណ្ឌិត គង់ សេងលី មាន​ប្រសាសន៍​​ថា ទោះបី ជា​ការ​បង្កើត​វ៉ាក់សាំង​នេះ ធ្វើឡើង​ជាបន្ទាន់​ក្តី ដោយ​មិនបាន​ធ្វើតេស្ត​ពិសោធន៍ ទៅលើ​សត្វ​កណ្ដុរ​នៅឡើយ​ក្តី ក៏ប៉ុន្តែ​លោក​មាន​ជំនឿ​ថា នឹង​មិន​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​របស់​មនុស្ស​ឡើយ៖

«ករណី​នេះ​គេ​ធ្វើ ដូចជា​បន្ទាន់ ដោយសារ​ជំងឺ​នេះ រាតត្បាត​លឿន​ពេក​។ គេ​ពិសោធន៍​ផ្ទាល់​ជាមួយ​មនុស្ស​តែម្ដង​ចំនួន ៤៥​នាក់​។ គេ​មាន​៣​ដំណាក់កាល គឺ​គេ​ពិនិត្យ​កម្រិត​នៃ​ការ​ចាក់​ថ្នាំ (Dose)​។ ក្នុង​ដំណាក់​កាល​ទី​១ គឺ​ចាក់​ ២ដង គឺ​២ដូ​ស (Dose) ម្តង​នៅ​ថ្ងៃ​ទី​១ ហើយ​ម្តង​ទៀត គឺ​២៨​ថ្ងៃ​ក្រោយមក​។ បន្ទាប់មក​វេជ្ជបណ្ឌិត​ស្រាវជ្រាវ គេ​នឹង​ពិនិត្យមើល​ពី​សុ​វត្ថ​ភាព និង​ប្រសិទ្ធភាព ថា​តើ​ក្នុង​ខ្លួន​យើង​ផលិត​ប្រព័ន្ធ​ការពារ​ខ្លួន​ប្រឆាំង​មេរោគ»

បណ្ឌិត គង់ សេងលី មាន​ប្រសាសន៍​អំពី​ដំណើរការ​ធ្វើតេស្ត​សាកល្បង​នៃ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​-១៩ (Covid-19) ថ្មី ដែល​ត្រូវ​ឆ្លងកាត់​ជាច្រើន​ដំណាក់កាល មុននឹង​សម្រេច​ជា​ផ្លូវការ ដាក់​ឱ្យ​ប្រើប្រាស់​ជា​សាធារណៈ​៖ «វ៉ាក់សាំង​នេះ មុន​អាច​ចេញ​ប្រើប្រាស់​បាន ត្រូវ​ឆ្លងកាត់​២​ដំណាក់កាល​។ ទីមួយ សាកល្បង​ជាមួយ​មនុស្ស​៤៥​នាក់ ហើយ​លើក​ទី​២ បន្ទាប់ពី​ទទួល​បាន​លទ្ធផល​ពី​ការសាកល្បង​លើក​ទី​១ អ្នកស្រាវជ្រាវ​គេ នឹង​វាយតម្លៃ ថា តើ​ដំណាក់កាល​ទី​២ នឹង​ធ្វើ​នៅ​ពេល​ណា​?​។ ឥឡូវនេះ ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង និង​វិទ្យាស្ថាន​ស្រាវជ្រាវ ដើម្បី​ផលិត​វ៉ាក់សាំង បាន​ទាក់ទង​នឹង​ក្រសួង​ដែល​អនុញ្ញាត​ការប្រើប្រាស់​ថ្នាំ ហៅថា FDA ដើម្បី​ពិសោធន៍​វគ្គ​ទី​២​ទៀត ដែល​នឹង​មាន​មនុស្ស​ច្រើនជាង​នេះ ដើម្បី​លទ្ធផល​ចេញ​មក​គឺ​មាន​ប្រសិទ្ធភាព​និង​សុ​វត្ថ​ភាព»

តាម​គោលការណ៍​និង​បទដ្ឋាន​ច្បាប់​នៅ​សហរដ្ឋអាមេរិក វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ (Covid-19) ថ្មី​នេះ យ៉ាងហោចណាស់ គេ​ត្រូវការ​ពេលវេលា​ពី ១​ឆ្នាំ ទៅ​មួយ​ឆ្នាំ​កន្លះ ដើម្បី​ផលិត​វ៉ាក់សាំង​សម្រាប់​ប្រើប្រាស់​ជា​ផ្លូវការ​។

ក្រុម​អ្នក​ជំនាញ​សុខភាព ផ្ដល់​យោបល់​ថា ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ (Covid-19) នេះ វិធី​ដ៏​ល្អ​បំផុត អនុវត្ត​អនាម័យ​ល្អ លាងដៃ​នឹង​សាប៊ូ​ឱ្យ​បាន​ញឹកញាប់ ផ្តាច់​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ ដោយ​តម្រូវ​ឱ្យ​នៅក្នុង​ផ្ទះ ហើយ​ប្រសិនបើ​មាន​រោគសញ្ញា​ណាមួយ ដូចជា​គ្រុន​ក្តៅ​លើស​ពី​៣៨ អង្សា​សេ ក្អក​និង​មាន​បញ្ហា​ផ្លូវដង្ហើម គឹ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់ ដើម្បី​ទទួល​បាន​កា​រព្យា​បាល​។

អង្គការ​សុខភាព​ពិភពលោក (WHO) និង​រដ្ឋាភិបាល​នៅ​ប្រទេស​ជាច្រើន រួម​ទាំង​សហរដ្ឋអាមេរិក​ផង បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់ ដូចជា​បិទ​ព្រំដែន ហាម​ការ​ធ្វើ​ដំណើរ​កម្សាន្ត បិទ​សាលារៀន ភោជនីយដ្ឋាន អាហារដ្ឋា​ន រង្គសាល និង​ហាម​ជួបជុំគ្នា​លើស​ពី​១០​នាក់​។ បន្ថែម​ពី​នេះ ក្រុមហ៊ុន និយោជក និង​ស្ថាប័នរដ្ឋ ក៏បាន​លើកទឹកចិត្ត​ឱ្យ​និយោជក​ធ្វើការ​ពី​ផ្ទះ​ដើម្បី​កាត់បន្ថយ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ពី​ព្រោះ​ការ​ចម្លង​ជំងឺ​កូ​វិដ​-១៩ (Covid-19) នេះ មាន​ករណី​ខ្លះ​អ្នកជំងឺ មិនបាន​បង្ហាញ​រោគសញ្ញា​អ្វី​ទេ​។

គិត​មកទល់​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​មីនា ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វិត​-១៩ (Covid-19) នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើង​ដល់​ទៅ​ជាង ៨​ពាន់​នាក់ (,០១២) ក្នុងចំណោម​អ្នក​ឆ្លង​ចំនួន​ជាង ២០​ម៉ឺន​នាក់ (២០២,២៨៤)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។