អ្នក​ជំនាញ​ថា កម្ពុជា​និង​អាមេរិក​ទំនងជា​ចង់​កែសម្រួល​ការទូត​ឡើងវិញ ខណៈ​ប្រារព្ធ​ខួប​៧០​ឆ្នាំ

ដោយ មាន ឫទ្ធិ
2020.01.15
ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ខួប​ទី​ ៧0​ឆ្នាំ ៦២២ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ប្រារព្ធ​ខួប​ទី​៧0​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា នៅ​រោងចក្រ​អនាគត (Future Factory)។
Photo Provided

សហរដ្ឋអាមេរិក និង​កម្ពុជា ប្រារព្ធ​ខួប ៧០​ឆ្នាំ នៅ​ដើម​ឆ្នាំ​២០២០​នេះ នៃ​ការ​បង្កើត​ចំណង​ទំនាក់ទំនង​ការទូត ស្រប​ពេល​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ បាន​ឆ្លងកាត់​នូវ​ភាព​រកាំរកូស និង​ធ្លាក់​ចុះ​ខ្លាំង​មិន​ធ្លាប់​មាន​ពី​មុន​មក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ មើល​ឃើញ​ថា ប្រទេស​ទាំងពីរ ទំនងជា​ចង់​កែសម្រួល​ទំនាក់ទំនង​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ។

សហរដ្ឋអាមេរិក និង​កម្ពុជា ចាប់ផ្ដើម​ទំព័រ​ទសវត្ស​ថ្មី ក្នុង​ឆ្នាំ​២០២០ នេះ ជាមួយ​នឹង​ព្រឹត្តិការណ៍​ប្រារព្ធ​ខួប​លើក​ទី​៧០​ឆ្នាំ នៃ​ការ​បង្កើត​ចំណង​ទំនាក់ទំនង​ការទូត​ដ៏​យូរលង់ ជិត​មួយ​សតវត្ស​របស់​ខ្លួន​។ ព្រឹត្តិការណ៍​ប្រារព្ធ​ខួប​លើក​ទី​៧០​ឆ្នាំនេះ មិនមែន​ធ្វើឡើង​តែមួយ​ថ្ងៃ ឬមួយ​ខែ នោះ​ទេ ក៏ប៉ុន្តែ​ពេញ​មួយ​ឆ្នាំ​២០២០​នេះ​តែម្ដង ជាមួយ​នឹង​ការរៀបចំ​ព្រឹត្តិការណ៍​សាធារណៈ​ជាច្រើន តាម​ប្រធានបទ​ផ្សេងៗ​គ្នា​តាម​ខែ​នីមួយៗ ដើម្បី​បង្ហាញ​ពី​ចំណាប់អារម្មណ៍​លើ​ការ​ចូលរួម​ចំណែក​របស់​អាមេរិក ចំពោះ​ការអភិវឌ្ឍន៍​នៅ​កម្ពុជា និង​ភាពជា​ដៃគូ​មិន​អាច​ខ្វះ​បាន​លើ​គ្រប់​វិស័យ រវាង​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។

ដោយ​ចាប់ផ្ដើម​ជាមួយ​នឹង​ព្រឹត្តិការណ៍​ហែ​ក្បួន​រ៉ឺម៉ក​កង់បី​ជាច្រើន​គ្រឿង តាម​វិថី​នានា​ក្នុង​ក្រុងភ្នំពេញ ស្ថានទូត​អាមេរិក ក៏​គ្រោង​រៀបចំ​សកម្មភាព​សំខាន់ៗ ផ្តោត​លើ​ប្រធានបទ​នៃ​ទំនាក់ទំនង​ក្នុង​វិស័យ​កសិកម្ម អប់រំ បច្ចេកវិទ្យា ស្ត្រី និង​យេនឌ័រ បរិស្ថាន សុខភាព​សាធារណៈ ពាណិជ្ជកម្ម វប្បធម៌ ជំនួយ​មនុស្សធម៌ ប្រជាជន និង​ប្រជាជន​ជាដើម​។ នេះ​គេ​នៅ​មិនទាន់​រាប់បញ្ចូល​ពី​ប្រធាន​បទ​រសើប​នានា​ក្នុង​ក្រសែ​ភ្នែក​មន្ត្រី​បក្ស​កាន់អំណាច ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អនុវត្ត​ច្បាប់ សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ផង​នោះ។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ផាទ្រីក ម័រហ្វី (Patrick Murphy) ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៧០​ឆ្នាំ នៃ​ការ​បង្កើត​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា កាលពី​ថ្ងៃ​ទី​០៨ មករា រំឮក​ឡើងវិញ​អំពី​ការ​ចងក្រង​បង្កើត​ទំនាក់ទំនង​ការទូត​ជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩៥០​។ លោក​សង្កត់​ធ្ងន់ៗ​ថា ព្រឹត្តិការណ៍​នេះ គឺ​កើត​មាន​ឡើង ៣ ឆ្នាំ​នៅ​មុន​ពេល​ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពេញលេញ​ពី​អាណានិគម​បារាំង​។ លោក​ថា គឺ​ការ​ទទួលស្គាល់​កម្ពុជា​ពី​សំណាក់​សហរដ្ឋអាមេរិក​នេះ​ហើយ ដែល​ជា​ចំណុច​ផ្ដើម​នាំ​ឱ្យ​កម្ពុជា​ឈាន​ទៅ​សម្រេច​បាន​ឯករាជ្យ​ពី​អាណានិគម​បារាំង ហើយ​សហរដ្ឋអាមេរិក​ពិត​ជា​មាន​មោទនភាព​ចំពោះ​រឿង​នេះ​ណាស់​។ លោក ផាទ្រីក ម័រហ្វី គូស​បញ្ជាក់​ថា ខួប​លើក​ទី​៧០​ឆ្នាំនេះ ស​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា បុគ្គល ស្ថាប័ន និង​អង្គការ​នានា ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត​រួម និង​សេចក្ដី​ប្រាថ្នា​ចង់​ឃើញ​ប្រទេស​កម្ពុជា​មួយ ប្រកបដោយ​ប្រជាធិបតេយ្យ​រឹងមាំ៖ «កម្ពុជា​បាន​ឆ្លងកាត់​ដំណាក់កាល​ដ៏​វែងឆ្ងាយ​មួយ ជាពិសេស​ចាប់​តាំង​ពី​ក្រោយ​ដំណើរការ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​។ វា​គឺជា​ដំណើរការ​រយៈពេល ៣​ទសវត្សរ៍​នៃ​កិច្ចសហការ​រវាង​ប្រទេស​យើង​ទាំងពីរ។ សហរដ្ឋអាមេរិក ជឿជាក់​ថា វា​អាស្រ័យ​ទៅ​លើ​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការ​ធ្វើ​ឱ្យ​មាន​វិវឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់ វិបុលភាព សន្តិភាព និង​រដ្ឋធម្មនុញ្ញ ដែល​ផ្ដោត​លើ​នីតិរដ្ឋ សិទ្ធិមនុស្ស និង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស»

ឆ្លើយតប​នឹង​ប្រសាសន៍​របស់​លោក ផាទ្រីក ម័រហ្វី ប្រមុខ​ទូត​កម្ពុជា និង​ជា​រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ បាន​កោតសរសើរ​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង ៥​ពាន់​លាន​ដុល្លារ​អាមេរិក និង​ជំនួយ​នានា​របស់​សហរដ្ឋអាមេរិក​ដល់​កម្ពុជា ជាពិសេស​ក្នុង​ការ​ជួសជុល​ប្រាសាទ​បុរាណ​។ លោក ប្រាក់ សុខុន បញ្ជាក់​ជំហរ​ថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ និង​ស្វែងរក​ចំណុច​សក្ដានុពល ដើម្បី​ជា​ប្រយោជន៍​រួម​នៃ​ប្រជាជន​ទាំងពីរ ឈរ​លើ​ការយោគយល់ និង​ការ​គោរព​គ្នា​ទៅវិញទៅមក។

មួយ​ថ្ងៃមុន​ការ​ចាប់ផ្តើម​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​នេះ ដែល​គឺជា​ពេលវេលា​ដែល​របប​ក្រុងភ្នំពេញ​មិន​ដែល​បំភ្លេច​ប្រារព្ធ​ខួប​នៃ​ទិវា​អ្វីមួយ​ដែល​របប​នេះ​ហៅថា ជា «​ថ្ងៃកំណើត​ទី​ពីរ​» «​ទិវា​ជ័យជម្នះ​៧​មករា» នោះ ស្ថានទូត​សហរដ្ឋអាមេរិក ក្រោម​អាណត្តិ​របស់​ឯកអគ្គរដ្ឋទូត​ថ្មី​នេះ បាន​បញ្ចេញ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន សរសើរ​ថា ប្រជាពលរដ្ឋ​កម្ពុជា បាន​បង្ហាញ​នូវ «​ភាព​រឹងមាំ​» អស់​ជាច្រើន​ទសវត្ស ចាប់​តាំង​ពី​សម័យ​ខ្មៅ​ងងឹត និង​ការ​ខិតខំ​ប្ដេជ្ញា​ចិត្ត នាំ​ប្រទេស​មួយ​នេះ​មកដល់​សព្វថ្ងៃ​។ សារ​ដដែល​សង្កត់​ធ្ងន់ៗ​ថា សហរដ្ឋអាមេរិក​នៅតែ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​គាំទ្រ​ដល់​ពលរដ្ឋ​កម្ពុជា និង​សេចក្ដី​ប៉ងប្រាថ្នា​របស់​ពលរដ្ឋ​កម្ពុជា ក្នុង​ការ​ផ្សះផ្សា​ជាតិ វិបុលភាព ប្រជាធិបតេយ្យ និង​ឯករាជ្យ ក្នុង​គោលដៅ​ដើម្បី​ធានា​ថា នឹង​មិន​មាន​សោកនាដកម្ម​បែបនេះ កើតមាន​ឡើងវិញ​នោះ​ទេ។

រីឯ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន វិញ នៅ​ចំ​ថ្ងៃ​ទិវា​៧​មករា​នោះ​ដែរ ក៏​ហាក់​បង្ហាញ​តម្រុយ​ចង់​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​ប្រទេស​លោក​ខាង​លិច ដែល​លោក​ថា ធ្លាប់​មាន​ទស្សនៈ​មិនល្អ​ចំពោះ​កម្ពុជា៖ «ខ្ញុំ​ក៏​សង្ឃឹម​ផង​ដែរ​ថា ទំនាក់ទំនង​រវាង​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ខ្លះ ដែល​ធ្លាប់​មាន​ទស្សនៈ​មិន​គ្រប់​ជ្រុងជ្រោយ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ នឹង​ត្រូវ​បាន​ថែរក្សា​ពូន​ជ្រំ​លើកស្ទួយ​ឱ្យ​ល្អ​ប្រសើរ​ឡើង ដែល​នឹង​មិន​ក្លាយ​ជា​ចំណាប់ខ្មាំង​នៃ​ទំព័រ​ដ៏​ខ្មៅ​ងងឹត​ខ្លះ​នៃ​ប្រវត្តិសាស្ត្រ​ឡើយ»

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Naresuan នៃ​ប្រទេស​ថៃ បណ្ឌិត ប៉ូល ឆែមប៊័រ (Paul Chambers) វាយតម្លៃ​ដំណើរ​វិវឌ្ឍន​នេះ​ថា ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ទំនងជា​ស្ថិត​ក្នុង​ដំណាក់កាល «​កែសម្រួល​» ជាពិសេស​ចាប់​តាំង​ពី​ពេល​ដែល​មានការ​តែងតាំង​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​អាមេរិក និង​អ្វីមួយ​ដែល​ទំនងជា​ថា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុនប៉ង​ធានា​ទៅ​ក្រុង​វ៉ាស៊ីនតុន​ថា ក្រុងភ្នំពេញ​មិនមែន​គ្រាន់តែ​ទោរទន់​ទៅ​រក​ក្រុង​ប៉េកាំង​តែមួយ​នោះ​ទេ​។ យ៉ាងណាក៏ដោយ លោក​ថា បញ្ហា​ប្រឈម​សម្រាប់​សហរដ្ឋអាមេរិក គឺ​ធ្វើ​យ៉ាងណា​រក្សា​កម្ពុជា​មិន​ឱ្យ​ផ្អៀង​ខ្លាំង​ពេក​ទៅ​រក​ប្រទេស​ចិន ដោយ​បង្ហាញ​ថា​ខ្លួន​មិនបាន​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​ការ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស​របស់​របប​លោក ហ៊ុន សែន​។ លោក​វិភាគ​ថា ក្រោយ​កម្ពុជា​បាន​រៀបចំ​ព្រឹត្តិការណ៍​បោះឆ្នោត «​ក្លែងក្លាយ​» កាលពី​ឆ្នាំ​២០១៨​មក សហរដ្ឋអាមេរិក​អាច​ដាក់​ទណ្ឌកម្ម​ខ្លាំង​មក​ប្រទេស​នេះ​បាន ដោយ​ប្រើ​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​តំណាងរាស្ត្រ​អាមេរិកាំង​។ ក៏ប៉ុន្តែ លោក​ថា ការ​ធ្វើ​ដូច្នេះ នឹង​រុញច្រាន​លោក ហ៊ុន សែន ឱ្យ​ខិត​ទៅ​រក​ចិន​កាន់តែ​ខ្លាំង​។ រីឯ​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា​វិញ បណ្ឌិត ប៉ូល ឆែមប៊័រ ថា នោះ​គឺ​ការ​ធ្វើ​ចំណាត់​ការ​ឱ្យ​បាន​ច្រើន ដើម្បី​ឱ្យ​មាន​តុល្យភាព​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក ក្នុងនាម​ភាពជា​ដៃគូ​ភូមិសាស្ត្រ​នយោបាយ​។ លោក​ថា កម្ពុជា មិន​ចង់​ឱ្យ​សហរដ្ឋអាមេរិក គិត​ថា ខ្លួន​កំពុង​ពឹងផ្អែក​លើ​ចិន​ខ្លាំង​នោះ​ទេ។

ជុំវិញ​បញ្ហា​ប្រឈម​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នេះ អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត មាស នី វាយតម្លៃ​ថា ក្រៅពី​បាន​បង្ហាញ​នូវ​ជំហរ​សូម​ឱ្យ​កម្ពុជា​រក្សា​អព្យាក្រឹត្យ និង​ឯករាជ្យ​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់​លាស់​ជាមួយ​នឹង​ប្រទេស​ចិន និង​ព្រមាន​កម្ពុជា​ឱ្យ​គោរព​ឱ្យ​ខ្ជាប់ខ្ជួន​តាម​រដ្ឋធម្មនុញ្ញ លោក​ថា សហរដ្ឋអាមេរិក​ទំនងជា​មិន​ចង់​យក​បញ្ហា​ប្រឈម​នេះ ទៅ​ដោះស្រាយ​នឹង​បញ្ហា​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​នោះ​ទេ៖ «សហរដ្ឋអាមេរិក​ក៏​ហាក់​ដូចជា កំពុងតែ​បំពេញ ឬ​ប្រើ​នូវ​របៀប​ធ្វើការ​មួយ​ដែល​ស្រដៀង​គ្នា​នឹង​សហគមន៍​អឺរ៉ុប​ដែរ គឺ គេ​ធ្វើ​អី​គឺ​គេ​មិន​ចង់​យក​បញ្ហា​ប្រឈម ដើម្បី​ទៅ​ដោះស្រាយ​បញ្ហា​ទំនាក់ទំនង​រវាង​ប្រទេស​នោះ​ទេ​។ យើង​ដឹង​ហើយ​ថា សូម្បីតែ​នៅ​ក្នុង​តំណែង​ថ្មី​របស់​លោក ផាទ្រីក ម័រហ្វី នេះ ក៏​គាត់​ព្យាយាម​បង្ហាញ​នូវ​សារ​វិជ្ជមាន​ច្រើន​ដែរ​។ ក៏ប៉ុន្តែ អ្វី​ដែល​ជា​ការ​កត់សម្គាល់​របស់​យើង គឺ​សហរដ្ឋអាមេរិក​ហាក់​ដូចជា​ឈរ​នៅ​លើ​ជំហរ​រឹងមាំ​មួយ គឺ​ការពារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា»

ជុំវិញ​ការ​បោះ​ដៃ​ឈាន​ទៅ​កែ​លម្អ ឬ​ស្ដារ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​បាន​ប្រសើរ​ឡើងវិញ​នោះ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត ប៉ូល ឆែមប៊័រ ផ្ដល់​អនុសាសន៍​ថា ប្រទេស​ទាំងពីរ អាច​រៀបចំ​ឱ្យ​មាន​ឡើងវិញ​នូវ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ហើយ​ជា​ការ​ឆ្លើយតប សហរដ្ឋអាមេរិក​អាច​លុបចោល​ការ​ដាក់​ទណ្ឌកម្ម​នានា និង​បញ្ចៀស​នៅ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​។ រីឯ​កម្ពុជា​វិញ លោក​ថា មិន​ត្រូវ​បង្ហាញ​ឱ្យ​ឃើញ​ថា ខ្លួន​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​នឹង​យោធា​ចិន​នោះ​ឡើយ។

យ៉ាងណាក៏ដោយ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​ដដែល វាយ​តម្លៃ​ថា លោក​ពុំ​ឃើញ​មាន​មនោសញ្ចេតនា​ប្រឆាំង​អាមេរិក​នៅ​កម្ពុជា​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​នេះ​ទេ​។ លោក​ថា សហរដ្ឋអាមេរិក គួរ​ព្យាយាម​បង្កើត​នូវ​មិត្តភាព​កាន់តែ​ប្រសើរ​ជាង​មុន​ជាមួយ​ពលរដ្ឋ​កម្ពុជា ហើយ​វិធី​មួយ​ក្នុង​ការ​ធ្វើ​ដូច្នេះ គឺ​តាមរយៈ​ការ​វិនិយោគ​ក្នុង​វិស័យ​រចនាសម្ព័ន្ធ​វប្បធម៌​នៅ​កម្ពុជា ដូចជា​ការ​បង្កើត​សារមន្ទីរ ហើយ​បង្ហាញ​ប្រាប់​ពលរដ្ឋ​កម្ពុជា ថា ការ​វិនិយោគ​របស់​អាមេរិក​មាន​វឌ្ឍនភាព​ទៅមុខ​តាមរយៈ​ការ​ប្ដេជ្ញា​ចិត្ត​នេះ​។ ទន្ទឹម​គ្នា​នេះ លោក​ថា មន្ត្រី​ការ​ទូត​អាមេរិកាំង គួរតែ​ចូលរួម​ពាក់ព័ន្ធ​ឱ្យ​បាន​ច្រើន​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ទំនាក់ទំនង​ការទូត​សាធារណៈ​រវាង​ប្រជាជន និង​ប្រជាជន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។