អ្នកជំនាញសន្តិសុខអន្តរជាតិ ប្រចាំវិទ្យាស្ថានសហគ្រាសអាមេរិកាំង (American Enterprise Institute, AEI) និងជាសហអ្នកនិពន្ធនៃរបាយការណ៍វាយតម្លៃគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន របស់មជ្ឈមណ្ឌលសន្តិសុខអាមេរិកាំងថ្មី (Center for a New American Security, CNAS) សម្ដែងក្តីបារម្ភថា មហាយក្សចិនអាចបង្កប់គម្រោងការមហិច្ឆតាយោធា ក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ខ្លួន។ ក្តីបារម្ភនេះ កើតមានឡើងក្រោយពេលដែលមហាអំណាចចិនទើបបិទបញ្ចប់វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទីពីររបស់ខ្លួន កាលពីចុងសប្ដាហ៍មុននេះ ដែលមានការចូលរួមពីសំណាក់មេដឹកនាំពិភពលោកជិត ៤០ រូប ក្នុងនោះក៏មានលោក ហ៊ុន សែន ផង។
ខាងក្រោមនេះគឺជាបទសម្ភាសន៍រវាងលោក មាន ឫទ្ធិ និងបណ្ឌិត ហ្សាក ឃូពឺរ (Zack Cooper)សាស្ត្រាចារ្យសាកលវិទ្យាល័យ Georgetown និងជាអ្នកជំនាញសន្តិសុខអន្តរជាតិប្រចាំវិទ្យាស្ថានសហគ្រាសអាមេរិកាំង (American Enterprise Institute, AEI) ជុំវិញបញ្ហានេះ៖
មាន ឫទ្ធិ៖ សូមអគុណលោកបណ្ឌិត ហ្សាក ឃូពឺរ ដែលបានចូលរួមផ្ដល់សម្ភាសន៍នេះ។ ខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំងណាស់ជាមួយគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិននេះ។ ជាដំបូង ខ្ញុំចង់ដឹងថា តើអ្វីខ្លះដែលជារឿងរ៉ាវសំខាន់ៗដែលជាលទ្ធផលនៃវេទិកាខ្សែក្រវាត់ និងផ្លូវលើកទីពីររបស់ចិននេះ? ហើយថាតើវាមានន័យយ៉ាងដូចម្តេចដែរ សម្រាប់ពិភពលោក តំបន់អាស៊ីអាគ្នេយ៍ជារួម និងកម្ពុជាជាពិសេសនោះ?
ហ្សាក ឃូពឺរ៖ បាទ ចិនព្យាយាមកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនតាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ខ្លួន ដែលមិនមែនសម្រាប់តែតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង ប៉ុន្តែក៏មាននៅតំបន់អាស៊ីអឺរ៉ុប រហូតដល់ទ្វីបអាហ្វ្រិក ហើយឥឡូវនេះ ដល់បស្ចិមប្រទេសមួយចំនួននៃទ្វីបអឺរ៉ុបផង។ ដូច្នេះ យើងឃើញថា មានកិច្ចប្រឹងប្រែងដ៏សម្បើមមួយរបស់រដ្ឋាភិបាលក្រុងប៉េកាំង។ ខ្ញុំគិតថា អ្វីដែលយើងមើលឃើញពីវេទិកាខ្សែក្រវាត់ និងផ្លូវ ដែលទើបនឹងកើតមានឡើងកាលពីសប្ដាហ៍មុននេះ មែនទែនទៅ គឺជាការព្យាយាមតម្រង់ទិសសាជាថ្មីឡើងវិញ នូវកិច្ចប្រឹងប្រែង និងការសម្រេចបានមួយចំនួន ដែលចិនទំនងជាជំរុញទៅមុខខ្លាំងពេក និងលឿនពេក។
មាន ឫទ្ធិ៖ ដូច្នេះ តើលោកមានការវាយតម្លៃទូទៅយ៉ាងដូចម្តេចដែរ ពាក់ព័ន្ធនឹងគោលបំណងស្ថាពររបស់ចិន ក្នុងការដែលបានដាក់ចេញនូវវេទិកាខ្សែក្រវាត់នេះឡើង ហើយដែលចិននាពេលអនាគតគ្រោងនឹងធ្វើវេទិកាជាប្រចាំនោះបាទ?
ហ្សាក ឃូពឺរ៖ បាទ! ខ្ញុំគិតថា វេទិកានេះ គឺបង្កើតឡើងដើម្បីផ្តោតទៅលើគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ហើយយើងឃើញមានការផ្ដោតខ្លាំងពីសំណាក់លោកប្រធានាធិបតីចិន ស៊ី ជីងពីង (Xi Jinping) និងមន្ត្រីដទៃទៀតនៃរដ្ឋាភិបាលរបស់លោក ជុំវិញកិច្ចប្រឹងប្រែងនេះ។ វេទិកាឆ្នាំនេះ មានការចូលរួមច្រើនពីសំណាក់ប្រទេសជាច្រើន។ ក៏ប៉ុន្តែ អ្វីដែលពលរដ្ឋជាច្រើនកត់សម្គាល់ គឺថាលោក ស៊ី ជីងពីង ទំនងដូចជាទទួលស្គាល់ថា ចិនបានប្រព្រឹត្តិកំហុសនៅក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ខ្លួន ហើយដែលគម្រោងនេះ មិនបានធ្វើការពាក់ព័ន្ធនឹងចូលរួមជួយការពារបរិស្ថាន មិនបានដោះស្រាយក្តីបារម្ភអំពីការបាត់បង់អធិបតេយ្យរបស់ប្រទេសទទួលអត្ថប្រយោជន៍ ពុំមានតម្លាភាពច្បាស់លាស់ ក្នុងគម្រោងរបស់ខ្លួនជាដើម។ ដូច្នេះ មានរឿងជាច្រើន ដែលខ្ញុំគិតថា អ្នកតាមដានពីខាងក្រៅ អាចនឹងគិតថា វេទិកានេះគឺជាការវាយតម្លៃឡើងវិញ នូវគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិន និងកិច្ចប្រឹងប្រែងដើម្បីព្យាយាមកែសម្រួលនូវអ្វីដែលជាកំហុសដែលបានកើតមានឡើងក្នុងដំណាក់កាលដំបូងនៃគំនិតផ្ដួចផ្ដើមនេះ។
មាន ឫទ្ធិ៖ បាទ ឥឡូវយើងត្រលប់ទៅមើលរឿងឥទ្ធិពលរបស់ចិននៅក្នុងប្រទេសប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងកម្ពុជាជាពិសេស តើលោកពិនិត្យមើលឃើញថា មានឥទ្ធិពលជាអវិជ្ជមាន ណាខ្លះដែលអាចពាក់ព័ន្ធទៅនឹងគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិននេះ?
ហ្សាក ឃូពឺរ៖ ខ្ញុំគិតថា យើងឃើញមានប្រទេសទទួលអត្ថប្រយោជន៍ជាច្រើនដូចជា កម្ពុជាជាដើម កំពុងតែលះបង់កម្រិតខ្លះនៃអធិបតេយ្យរបស់ខ្លួន ដើម្បីរក្សាការវិនិយោគផ្នែកសេដ្ឋកិច្ចពីប្រទេសចិន ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលតំណាងឱ្យគម្រោងខ្សែក្រវាត់ និងផ្លូវនេះ។ ដូច្នេះ ក្តីបារម្ភមួយដែលខ្ញុំមាននោះ គឺថា កម្ពុជាអាចនឹងធ្វើហេតុការណ៍ណាមួយក្នុងសមាគមអាស៊ាន ដែលសមាគមនេះមិនចង់ធ្វើ។ នេះមានន័យថា កម្ពុជាអាចបន្តរាំងខ្ទប់សេចក្ដីថ្លែងការណ៍របស់អាស៊ាន ដែលរិះគន់ជំហររបស់ចិន។ ឧទាហរណ៍ផ្សេងទៀត យើងក៏ឮពីពាក្យចចាមអារាមមួយចំនួន ពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយកម្រិតខ្ពស់នៅក្នុងគម្រោងមួយចំនួននៅតំបន់អាស៊ាន។ ដូច្នេះ ខ្ញុំគិតថា យើងមានក្តីបារម្ភមួយចំនួន ក្នុងនាមជាក្រុមអ្នកតាមដានពីខាងក្រៅ ថាតើប្រទេសទទួលអត្ថប្រយោជន៍ អាចទទួលបាននូវអ្វីពិតប្រាកដដូចដែលប្រទេសទាំងនោះ ត្រូវបានចិនសន្យាជាមួយដែរឬទេ នៅពេលដែលពួកគេសម្រេចចិត្តចូលរួមជាមួយគម្រោងខ្សែក្រវាត់ និងផ្លូវនេះ។
មាន ឫទ្ធិ៖ បាទ! ដូច្នេះ តើមានមេរៀនជាបទពិសោធន៍ល្អៗណាខ្លះ ដែលកម្ពុជាគួររៀនសូត្រពីប្រទេសអ្នកមានដទៃទៀត ដែលបានសម្រេចចិត្តចូលរួមក្នុងគំនិតផ្ដួចផ្ដើមរបស់ចិននេះ ហើយដែលក្រុមប្រទេសអ្នកមានទាំងនោះនៅតែអាចថែរក្សា និងអាចការពារអធិបតេយ្យរបស់ប្រទេសពួកគេបាន?
ហ្សាក ឃូពឺរ៖ បាទ! ខ្ញុំគិតថា អ្នកអាចក្រឡេកទៅមើលប្រទេសម៉ាឡេស៊ីបាន ដែលជាឧទាហរណ៍ដ៏ល្អមួយ។ ប្រទេសនេះ បានដកថយទៅវិញនូវគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិនមួយចំនួន ដែលប្រទេសនេះ បារម្ភថាអាចមានពាក់ព័ន្ធនឹងអំពើពុករលួយខ្លាំង កង្វះតម្លាភាពក្នុងការចចារសម្រេចបាននូវកិច្ចសន្យាជាមួយចិន។ រដ្ឋាភិបាលថ្មីនៃប្រទេសម៉ាឡេស៊ី បានរុញគម្រោងការនេះ ឱ្យដើរថយក្រោយវិញ ហើយទីបំផុតទៅរដ្ឋាភិបាលក្រុងប៉េកាំងបានយល់ព្រម ចចារឡើងវិញ ដោយបានបង្កើតជាការចរចាសងបំណុលប្រសើរជាងមុន មានការការពារបរិស្ថានបានប្រសើរជាងមុន ក្នុងករណីមួយចំនួន។ ដូច្នេះ មានឧទាហរណ៍ជាច្រើន ដែលប្រទេសទទួលអត្ថប្រយោជន៍គួរតែទទួលបានតម្លាភាពខ្លាំងជាងមុន ច្រើនជាងមុន ហើយប្រជាជននៃប្រទេសទទួលអត្ថប្រយោជន៍ គួរតែចង់ដឹងឱ្យបានច្បាស់លាស់ ថាតើពួកគេ ទទួលបានអ្វីឱ្យពិតប្រាកដពីគម្រោងការរបស់ចិននេះ។ ពួកគេគួរយល់ដឹងអំពីកម្រិតនៃចិរភាពបរិស្ថាន។ ពួកគេគួរយល់ដឹងអំពីកម្រិតនៃបំណុល។ ក្តីបារម្ភអំពីការបាត់បង់អធិបតេយ្យ ថាតើគម្រោងទាំងនេះមានប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកដែរឬទេ? និងថាតើមានការពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយដែរឬយ៉ាងណានោះ។
ដូច្នេះយើងសង្ឃឹមថា ប្រទេសទទួលអត្ថប្រយោជន៍ទាំងនេះ ត្រូវតែទទូចឱ្យមាននូវគម្រោងអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ហើយខ្ញុំគិតថា បើពួកគេទាមទារដូច្នេះមែននោះ នោះប្រទេសរបស់ពួកគេ នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីគម្រោងខ្សែក្រវាត់ និងផ្លូវនេះ។ប៉ុន្តែ ក្នុងករណីដែលចិននៅតែមិនដាក់ចេញឱ្យមានឡើងនូវគម្រោងដែលមានគុណភាព និងស្តង់ដារខ្ពស់ នោះវានឹងក្លាយជាក្តីបារម្ភ មិនថាសម្រាប់តែប្រទេសទទួលអត្ថប្រយោជន៍ប៉ុណ្ណោះទេ ក៏ប៉ុន្តែសម្រាប់ប្រទេសដទៃទៀត ដែលមានក្តីបារម្ភអំពីការបាត់បង់អធិបតេយ្យរបស់ប្រទេសទទួលអត្ថប្រយោជន៍ពីគម្រោងរបស់ចិននេះ។
មាន ឫទ្ធិ៖ ដូច្នេះ នេះមានន័យថា ការទទួលខុសត្រូវ មិនមែនត្រូវផ្ដោតតែទៅលើប្រទេសចិននោះទេ តែក៏ត្រូវផ្តោតលើប្រទេសទទួលអត្ថប្រយោជន៍ផងដែរ? តើនេះជាការត្រឹមត្រូវដែរឬទេបាទ?
ហ្សាក ឃូពឺរ៖ បាទ! ត្រឹមត្រូវហើយ។ ខ្ញុំគិតថា នេះគឺជាការប្រែប្រួលសំខាន់មួយនៃគម្រោងខ្សែក្រវាត់ និងផ្លូវ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដំបូងឡើយ ក្តីរំពឹងពីប្រទេសទទួលអត្ថប្រយោជន៍នោះគឺនៅត្រង់ថា ចិនផ្ដល់មូលនិធិច្រើនតាមដែលអាចធ្វើទៅបាន ដល់ប្រទេសរបស់ពួកគេ។ ក៏ប៉ុន្តែ ឥឡូវនេះ យើងឃើញថា ប្រទេសទទួលអត្ថប្រយោជន៍ទាំងនោះ ក៏បានចេញមកវិញនិយាយវិញដែរថា ពួកគេមិនត្រឹមតែត្រូវការមូលនិធិច្រើនដែលចិនសន្យាប៉ុណ្ណោះ ទេ តែពួកគេក៏មានការគិតគូរអំពីអ្វីដែលចិនអាចផ្ដល់ឱ្យជាលទ្ធផលមកវិញដែរ... អំពីស្តង់ដារដែលនឹងត្រូវផ្តល់ឱ្យ ហើយថាតើមានការរក្សាដូចតាមការសន្យាបានប៉ុណ្ណាដែរ? ដូច្នេះ ខ្ញុំគិតថា មានការផ្លាស់ប្ដូរពីការផ្តោតតែទៅលើទុនវិនិយោគរបស់ចិន មកជាករណីដែលក្រុមប្រទេសទទួលអត្ថប្រយោជន៍ ចង់ធានាថា ពួកគេទទួលបានកិច្ចសន្យាល្អពីគម្រោងខ្សែក្រវាត់និងផ្លូវនេះវិញ។
មាន ឫទ្ធិ៖ ឥឡូវ យើងងាកទៅពិនិត្យមើលលើលទ្ធផលពីការទៅចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវនេះវិញម្តង។ លោក ហ៊ុន សែន បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់លោកថា ចិនបានផ្តល់ជំនួយលើវិស័យយោធា ក្នុងទឹកប្រាក់ចំនួនជិត ៩០លានដុល្លារអាមេរិក ក្រោយពីបានចូលរួមវេទិកានេះ។ ក្នុងន័យនេះ តើលោកយល់ឃើញថា អាចមានទំនាក់ទំនងរវាងវេទិកាខ្សែក្រវាត់ និងផ្លូវនេះ ជាមួយនឹងមហិច្ឆតាយោធារបស់ចិនដែរឬទេ សម្រាប់កម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍នាពេលអនាគតនោះបាទ?

ហ្សាក ឃូពឺរ៖ បាទ! ខ្ញុំពិតជាមានការព្រួយបារម្ភខ្លះដែរ ដែលថា អាចនឹងមានទំនាក់ទំនងរវាងគម្រោងខ្សែក្រវាត់ និងផ្លូវ ជាមួយនឹងមហិច្ឆតាវិស័យយោធារបស់ចិន។ ទីតាំងដែលយើងឃើញមានរឿងនេះ អាចនឹងកើតមានឡើងនៅកម្ពុជា។ ទន្ទឹមនឹងនេះ ក៏មានតំបន់ផ្សេងទៀតដូចជានៅប្រទេសប៉ាគីស្ថាន (Pakistan) ដែលយើងឃើញមានការបង្កើតកំពង់ផែ ផ្លូវរទេះភ្លើងដែលជាសក្ដានុពល អាចឱ្យចិនតភ្ជាប់ទៅនឹងមហាសមុទ្រឥណ្ឌាបាន។ វាសុទ្ធសឹងតែជាគម្រោងអាចប្រើប្រាស់បានពហុបំណង ដែលអាចផ្ដល់ឱ្យកងទ័ពជើងគោក និងជើងទឹករបស់ចិន យកទៅធ្វើជាទីកន្លែងដែលពួកគេអាចប្រតិបត្តិការពីតំបន់មហាសមុទ្រឥណ្ឌា និងតំបន់ដទៃទៀតហួសពីនេះ។ ដូច្នេះ ខ្ញុំគិតថា អ្នកវិភាគអាមេរិកាំងភាគច្រើន មានការព្រួយបារម្ភ ថាតើ គម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិននេះ មានបង្កប់នូវមហិច្ឆតាយោធាឬយ៉ាងណានោះ។ យើងនៅមិនទាន់ឃើញក្តីបារម្ភទាំងនោះ ក្លាយជាការពិតនៅឡើយទេ។ តែក្តីបារម្ភអំពីសមត្ថភាពរបស់ប្រទេសម្ចាស់ផ្ទះ មានច្រើនជាងក្តីបារម្ភពីការប្រើប្រាស់ទីកន្លែងទាំងនោះ នាពេលបច្ចុប្បន្ននេះ។
មាន ឫទ្ធិ៖ ត្រលប់ទៅមើលរបាយការណ៍របស់មជ្ឈមណ្ឌលដើម្បីសន្តិសុខថ្មីរបស់អាមេរិកាំង វិញ ខ្ញុំដឹងថា លោកបានធ្វើជាសហអ្នកនិពន្ធនៃរបាយការណ៍ ស្ដីពីការវាយតម្លៃលើគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិននេះ។ ក្នុងចំណោមបញ្ហាប្រឈមចម្បងៗសរុបចំនួន ៧ ចំណុច ដែលរបាយការណ៍របស់លោកបានលើកឡើង ក៏ដូចជាក្នុងអំឡុងពេលវេទិកាខ្សែក្រវាត់ និងផ្លូវនេះ លោកប្រធានាធិបតី ស៊ី ជីងពីង ក៏បានលើកឡើងអំពីបញ្ហាអវិជ្ជមានមួយចំនួន ហើយក៏បានសន្យាដោះស្រាយបញ្ហាទាំងនេះ ដោយលើកកម្ពស់ឱ្យមានតម្លាភាពច្រើនជាងមុន ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ឬក៏លើកស្ទួយឱ្យមានការគោរពបរិស្ថានប្រកបដោយចិរភាព ដោយធានាថាមានផលប៉ះពាល់តិចតួចលើបរិស្ថានជាដើម តើលោកមើលឃើញថា នេះគឺជាការឆ្លើយតបសមស្របដែរឬទេ ចំពោះការរិះគន់នានា ហើយថាតើ វាអាចនឹងត្រូវបានយកទៅអនុវត្តដោយក្រុមហ៊ុនចិន ឬរដ្ឋាភិបាលចិនបានដែរឬទេ?
ហ្សាក ឃូពឺរ៖ ខ្ញុំគិតថា ចិនបានឆ្លើយតប ដោយទទួលស្គាល់បញ្ហាប្រឈមមួយចំនួនទាក់ទងនឹងគម្រោងខ្សែក្រវាត់ និងផ្លូវ។ កាលពីដើមឡើយ ចិនហាក់មិនសូវជាចង់ពិភាក្សាបញ្ហានេះប៉ុន្មានទេ។ តែឥឡូវនេះ ជារឿងច្បាស់លាស់ទៅហើយថា ដោយសារតែការសន្យាជាច្រើនពីគម្រោងខ្សែក្រវាត់ និងផ្លូវនេះ មិនសុទ្ធតែក្លាយជាការពិតនោះទេ។ ដូច្នេះ ខ្ញុំគិតថា វាជារឿងឆ្លាតវៃ ដែលរដ្ឋាភិបាលចិន ទទួលស្គាល់បញ្ហាប្រឈមអស់ទាំងនេះ។ សំណួរគឺស្ថិតនៅត្រង់ថា តើចិនអាចដោះស្រាយបញ្ហាទាំងអស់នេះ ប្រកបដោយការពេញចិត្តដែរឬទេ? តើចិនត្រូវការជំនួយពីខាងក្រៅ ដើម្បីដោះស្រាយបញ្ហាទាំងនេះដែរឬទេ? ដូច្នេះ ជាឧទាហរណ៍ ខ្ញុំគិតថា បញ្ហាមួយដែលខ្ញុំមានក្តីបារម្ភនោះ គឺជុំវិញបញ្ហាតម្លាភាព។ ផ្នែកមួយនៃហេតុផល ដែលគម្រោងខ្សែក្រវាត់ និងផ្លូវភាគច្រើន មិនមានតម្លាភាពនោះ គឺក៏ព្រោះតែវាធ្វើឱ្យគម្រោងនេះងាយស្រួលអនុវត្តពីសំណាក់ភាគីចិន ដោយពួកគេមិនចាំបាច់ផ្ដល់តម្លៃខ្លាំងដល់ប្រជាជនក្នុងមូលដ្ឋាន ហើយពួកគេក៏ពុំចាំបាច់ធានាកុំឱ្យមានបញ្ហាពុករលួយអីជាដើម។ ដូច្នេះ វាមិនគ្រាន់តែថា ចិនដឹងថាត្រូវតែមានការបើកចំហជាងមុន និងមានយន្តការប្រកបដោយតម្លាភាពប៉ុណ្ណោះនោះទេ។ នេះគឺជាបញ្ហាប្រឈមស្នូលមួយរបស់ចិន ដោយសារហេតុផលជាច្រើនដែលគម្រោងខ្សែក្រវាត់ និងផ្លូវ របស់ចិនមាននោះ គឺកង្វះតម្លាភាព។ ដូច្នេះ ខ្ញុំគិតថា ចិនមិនត្រូវធ្វើត្រឹមតែនិយាយពីរឿងតម្លាភាពនោះទេ ក៏ប៉ុន្តែត្រូវធ្វើដំណើរឱ្យហួសពីនេះ ដោយគិតគូរពីដំណើរការប្រកបដោយតម្លាភាពជាងនេះ ដែលនឹងក្លាយជាបញ្ហាប្រឈមពិតប្រាកដនោះ។
មាន ឫទ្ធិ៖ តើលោកមានពិនិត្យឃើញឧទាហរណ៍ជាក់ស្ដែងណាមួយ ដែលលោកអាចផ្ដល់ឱ្យយើង ជុំវិញបរាជ័យនៃគម្រោងខ្សែក្រវាត់ និងផ្លូវ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជានៅប្រទេសឡាវ ម៉ាឡេស៊ី ឬក៏នៅមីយ៉ាន់ម៉ា ជាដើមនោះ?
ហ្សាក ឃូពឺរ៖ យើងបានឃើញមានគម្រោងមួយចំនួន ដែលយើងមានការព្រួយបារម្ភ។ ខ្ញុំគិតថា កំពង់ផែនៅមីយ៉ាន់ម៉ា (Myanmar) គឺជាគម្រោងមួយដែលមនុស្សជាច្រើនមានការព្រួយបារម្ភខ្លាំង។ ឧទាហរណ៍ដូចជា រដ្ឋាភិបាលមីយ៉ាន់ម៉ា បានផ្តល់ឱ្យមានគម្រោងវិនិយោគភាគច្រើនទៅឱ្យចិន ផ្តល់ឱ្យចិនអាចមានលទ្ធភាពទៅចេញចូលកំពង់ផែនៅទីនោះបាន ដែលនេះជាការលះបង់កម្រិតមួយចំនួននៃអធិបតេយ្យរបស់ខ្លួន។ ប្រទេសម៉ាឡេស៊ី គឺជាឧទាហរណ៍មួយទៀត ដែលតាមពិតទៅ រដ្ឋាភិបាលបច្ចុប្បន្នរបស់ម៉ាឡេស៊ី បានប្រឹងប្រែង ឱ្យមានការចរចាឡើងវិញនូវកិច្ចសន្យានានាដែលខ្លួនសម្រេចបានជាមួយគម្រោងខ្សែក្រវាត់ និងផ្លូវ ហើយដែលខ្លួនយល់ថាបានលើកទឹកចិត្តឱ្យមានការប្រព្រឹត្តិអំពើពុករលួយ។ ដូច្នេះ ប្រាកដណាស់ យើងមើលឃើញមាននិន្នាការនេះ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជុំវិញគម្រោងខ្សែក្រវាត់ និងផ្លូវ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
មាន ឫទ្ធិ៖ សំណួរចុងក្រោយរបស់ខ្ញុំ តើលោកមានអនុសាសន៍ជារួម សម្រាប់ប្រទេសក្រីក្រ ជាពិសេសប្រទេសកម្ពុជា និងប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ អំពីរបៀបដោះស្រាយទៅនឹងបញ្ហាឥទ្ធិពលរបស់ចិន ហើយថាតើ ប្រទេសទាំងនេះ ត្រូវធ្វើដូចម្ដេចដើម្បីគេចចេញពីអន្ទាក់បំណុលរបស់ចិន ព្រមទាំងអ្វីមួយដែលក្រុមអ្នករិះគន់មួយចំនួនហៅថា ជាការដាក់អាណានិគមសម័យទំនើបទៅលើប្រទេសតូចតាចនោះបាទ?
ហ្សាក ឃូពឺរ៖ បាទ! ខ្ញុំគិតថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតក្នុងតំបន់ មានភ្នាក់ងារជាច្រើន។ វាពិតជាមិនអាចទៅរួចទេសម្រាប់ចិន ដែលចង់អនុវត្តគម្រោងទាំងនោះដោយខ្លួនឯង។ គម្រោងទាំងនេះ ត្រូវការឱ្យមាននូវកិច្ចសហការជាមួយប្រទេសទទួលអត្ថប្រយោជន៍។ ជាមួយគ្នានេះ ប្រទេសទទួលអត្ថប្រយោជន៍ ក៏ចង់ឃើញមានគម្រោងអភិវឌ្ឍន៍ទាំងនោះពីប្រទេសចិនវិញដែរ។ ដូច្នេះ ខ្ញុំគិតថា អ្វីដែលអ្នកជំនាញពីខាងក្រៅ រំពឹងនោះ គឺថា មានការផ្ដោតសាជាថ្មីទៅលើប្រទេសទទួលអត្ថប្រយោជន៍ ធ្វើយ៉ាងណាឱ្យពួកគេទទួលបាននូវកិច្ចសន្យាល្អបំផុតមួយតាមដែលអាចធ្វើទៅបាន។ ជារឿយៗ នេះអាចមានន័យថា ត្រូវមានការលះបង់មួយចំនួន ក្នុងន័យថា ចិនជាអ្នកគ្រប់គ្រងលើគម្រោងនានា។ ត្រូវធានាថា គម្រោងទាំងនោះមានតម្លាភាព មានផលប៉ះពាល់បរិស្ថានតិចតួច មានកម្រិតបំណុលប្រកបដោយចិរភាព។ ឧទាហរណ៍ដូចជា គម្រោងទាំងនោះ ប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក ហើយវាមិនមានភាពងាយរងគ្រោះទៅនឹងអំពើពុករលួយនោះទេ។ ខ្ញុំគិតថា ប្រទេសមូលដ្ឋាន និងប្រទេសទទួលអត្ថប្រយោជន៍ អាចធ្វើរឿងរ៉ាវទាំងនេះបាន ដរាបណាពួកគេ មានការជំរុញខ្លាំងនៅក្នុងការចរចារបស់ខ្លួនជាមួយចិន។
មាន ឫទ្ធិ៖ បាទ សូមអរគុណលោកបណ្ឌិត ហ្សាក ឃូពឺរ ដែលបានចូលរួមផ្ដល់សម្ភាសនេះ។ សូមជម្រាបលា!
ហ្សាក ឃូពឺរ៖ អរគុណបាទ!