អ្នកជំនាញវិស័យសន្តិសុខថាមពល ទឹក និងស្បៀងប្រចាំតំបន់ទន្លេមេគង្គ នៃមជ្ឈមណ្ឌល ស្ទីមសុន សែនធ័រ (Stimson Center) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក ព្រមានថា ការផ្ដោតខ្លាំងពេកតែទៅលើការសាងសង់ទំនប់វារីអគ្គិសនីតាមដងទន្លេមេគង្គ ធ្វើឱ្យកម្ពុជាត្រូវប្រឈមទៅនឹងការបាត់បង់ស្ទើរតែទាំងស្រុងនូវសក្ដានុពលធនធានជីវចម្រុះប្រកបដោយចិរភាព ដែលប្រព័ន្ធទន្លេមេគង្គនេះកំពុងផ្គត់ផ្គង់។
នេះជាបទសម្ភាសន៍រវាងលោក មាន ឫទ្ធិ នៃអាស៊ីសេរី និងលោក ប្រាយអ៊ិន អាយលឺ (Brian Eyler) អ្នកជំនាញផ្នែកសន្តិសុខថាមពល ទឹក និងស្បៀងប្រចាំតំបន់ទន្លេមេគង្គ នៃមជ្ឈមណ្ឌល Stimson Center ដែលមានសេចក្ដីដូចតទៅ។
មាន ឫទ្ធិ៖ ជម្រាបសួរ លោក ប្រាយអ៊ិន! អរគុណណាស់ ដែលលោកអញ្ជើញមកដល់បន្ទប់ផ្សាយរបស់អាស៊ីសេរីនាពេលនេះ។ ខ្ញុំដឹងថា ថ្មីៗនេះកាលពីខែកុម្ភៈ មជ្ឈមណ្ឌល Stimson Center របស់លោក បានចេញផ្សាយនៅរបាយការណ៍មួយស្ដីពីតំបន់មេគង្គ៖ ឆ្ពោះទៅរកនិរន្តរភាពអនាគតវិស័យថាមពល ទឹក និងស្បៀងនៅកម្ពុជា។ មុនពេលដែលយើងឈានទៅជជែកគ្នាលម្អិតអំពីរបកគំហើញ និងអនុសាសន៍នានា ដែលរបាយការណ៍នេះ បានរកឃើញ និងដាក់ចេញ ជាដំបូង ខ្ញុំចង់ដឹងថា តើអ្វីទៅជាបញ្ហាប្រឈមសំខាន់ៗ ដែលតំបន់មេគង្គទាំងមូលកំពុងជួបប្រទះ និងជាពិសេសសម្រាប់ប្រទេសកម្ពុជា ជុំវិញបញ្ហានិរន្តរភាពវិស័យថាមពល ទឹក និងស្បៀងនេះ បាទ?
ប្រាយអ៊ិន៖ បាទ! អរគុណណាស់ដែលអនុញ្ញាតឱ្យខ្ញុំបានផ្ដល់កិច្ចសម្ភាសនៅទីនេះ។ ខ្ញុំរីករាយណាស់ដែលបានជជែកជាមួយលោក និងនិយាយទៅកាន់ពលរដ្ឋកម្ពុជា ដែលមានការបារម្ភខ្លាំងចំពោះបញ្ហាតំបន់ទន្លេមេគង្គនេះ។ លោកដឹងទេ មួយភាគបីនៃប្រជាពលរដ្ឋ កម្ពុជា កំពុងរស់នៅតាមបណ្ដោយដងទន្លេមេគង្គ និងទន្លេសាប ដែលជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធទន្លេមេគង្គ។ ពលរដ្ឋទាំងនោះកំពុងទាញយកធនធាននានាពីប្រព័ន្ធទន្លេនេះ។ ធនធានទាំងនេះអាចជា ធនធានត្រី ឬធនធានដទៃទៀត ដែលអាចយកទៅប្រើសម្រាប់ផលិតកម្មកសិកម្ម ឬក៏ប្រើប្រាស់ធនធានទឹកនៃទន្លេមេគង្គនេះ។ ទន្លេមេគង្គ គឺជាធនធានធម្មជាតិដ៏មានសារសំខាន់បំផុតមួយ សម្រាប់ពលរដ្ឋកម្ពុជា។
ជាការគួរឱ្យសោកស្ដាយ ប្រព័ន្ធអេកូឡូស៊ីដ៏សាំញ៉ាំមួយនេះ ដែលជាប្រភពជំរុញឱ្យមានផលិតភាពកសិកម្ម ធនធានត្រីដ៏សម្បូរណ៍ហូរហៀរបានមកពីបឹងទន្លេសាបជារៀងរាល់ឆ្នាំ គឺជាអ្វីមួយដែលគេឯងមិនសូវយល់ដឹងច្បាស់នៅឡើយទេ សូម្បីតែអ្នកវិទ្យាសាស្ត្រក៏ដោយនោះ។ ខ្ញុំគិតថា យើងកំពុងតែចាប់ផ្ដើមធ្វើដំណើរទៅកាន់ទិសដៅមួយ ដែលក្រុមអ្នកវិទ្យាសាស្ត្រ ចាប់ផ្ដើម ស្វែងយល់បានច្រើនពីប្រព័ន្ធទន្លេមេគង្គនេះ។ ថាតើ វាមានទំនាក់ទំនងយ៉ាងម៉េចខ្លះ រវាងធនធានទឹក ត្រី និងប្រព័ន្ធជីវៈដទៃទៀត ដែលទ្រទ្រង់ដល់ជីវចម្រុះនៃប្រព័ន្ធទន្លេនេះ លំហូរទឹក និងការពង្រីកវិសាលភាពទឹកទន្លេ បង្កើតបានជាប្រព័ន្ធអេកូឡូស៊ី (Ecology) មួយនេះ។
នេះជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមដទៃទៀត ដើម្បីស្វែងយល់ថា តើអ្វីទាំងអស់នេះ វាដំណើរការទៅដោយរបៀបណា។ លោកដឹងទេ ប្រព័ន្ធទន្លេមេគង្គ ផលិតបានបរិមាណត្រីជាង ២,៦ លានតោនត្រីក្នុងមួយឆ្នាំៗ។ នេះជាបរិមាណត្រីដែលនេសាទបាន ដែល មិនមែនជាត្រីសរុបនោះទេ។ ជាបរិមាណត្រីដែលពលរដ្ឋនៅតាមប្រព័ន្ធទន្លេមេគង្គ នេសាទយកមកបរិភោគ។ គ្មានប្រព័ន្ធទន្លេណាដទៃនៅលើពិភពលោក អាចផ្គត់ផ្គង់ត្រីបានច្រើនយ៉ាងដូច្នេះឡើយ។ នៅសហរដ្ឋអាមេរិកឯណេះ បូករួមទាំង កាណាដា ម៉ិចស៊ិច និងទ្វីបអាមេរិកខាងជើងទាំងមូល ទន្លេ និងបឹងបួទាំងអស់ អាចផ្គត់ផ្គង់បានបរិមាណត្រីត្រឹមតែ ១៦ ម៉ឺនតោនត្រីប៉ុណ្ណោះក្នុងមួយឆ្នាំៗ។ ដូច្នេះ ទន្លេមេគង្គ ផលិតបានច្រើនលើសលប់ ជាងតំបន់ដទៃទៀត។
ទន្លេសាប គឺជាជីពចរ នៃប្រព័ន្ធទន្លេមេគង្គ ដែលជាប្រភពដើមនៃជីវចម្រុះ។ សូមកុំច្រឡំ ធនធានដែលមានប្រភពចេញពីខ្សែទឹកខាងលើពីប្រទេសចិនមក។ ជីវចម្រុះមានប្រភពចាប់ផ្ដើមពីប្រទេសកម្ពុជា។ ធនធានត្រី ដែលមានប្រភពចេញពីបឹងទន្លេសាបនេះ ហែលឆ្លងទៅកាន់ទីកន្លែងដទៃទៀតនៃប្រព័ន្ធទន្លេនេះ។ ទន្លេសាបនេះ គឺជាចំណុចចម្បងមួយ ដើម្បីស្វែងយល់ទំនាក់ទំនងនៃប្រព័ន្ធអេកូឡូស៊ី ដ៏មានសារសំខាន់នេះ សម្រាប់សហគមន៍ សម្រាប់អ្នកសិក្សា សម្រាប់អ្នកវិទ្យាសាស្ត្រ និងជាពិសេស សម្រាប់ក្រុមអ្នកធ្វើគោលនយោបាយ។ ខ្ញុំគិតថា ជាការគួរឱ្យសោកស្ដាយ សម្រាប់ក្រុមអ្នកធ្វើសេចក្តីសម្រេចចិត្ត ដែលពួកគេនៅតែមិនទាន់មានការយល់ដឹងច្បាស់លាស់អំពីទំនាក់ទំនងនេះ។ ប្រសិនបើពួកគេមានការស្វែងយល់ច្បាស់លាស់ជាងនេះ នោះនឹងមានការធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវជាងនេះ ពាក់ព័ន្ធនឹងប្រព័ន្ធទន្លេមេគង្គ។
មាន ឫទ្ធិ៖ ខ្ញុំកត់សម្គាល់ឃើញថា មានគម្រោងផែនការជាច្រើនដើម្បីពង្រីកថាមពល ជាពិសេសសម្រាប់កម្ពុជា។ ផ្អែកតាមទស្សនវិស័យរបស់រដ្ឋាភិបាលកម្ពុជា ពួកគេចង់បំពេញតម្រូវការថាមពល ហើយនឹងកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាទាំងមូល ដោយសាររដ្ឋាភិបាលកម្ពុជាមានគម្រោងផ្សារភ្ជាប់គ្រប់ភូមិទាំងអស់ឱ្យមានអគ្គិសនីប្រើប្រាស់ត្រឹមឆ្នាំ២០២០។ ក្នុងចំណោមយុទ្ធសាស្ត្រមួយដែលរដ្ឋាភិបាលកម្ពុជា ព្យាយាមដោះស្រាយបញ្ហានេះ គឺសាងសង់វារីអគ្គិសនីឱ្យបានកាន់តែច្រើន តាមដងទន្លេមេគង្គ និងតំបន់ដទៃទៀត។ ដូច្នេះ នេះក៏គឺជាបញ្ហាប្រឈមមួយ ដែលពលរដ្ឋកម្ពុជាកំពុងជួបប្រទះ ហើយវាអាចប៉ះពាល់ដល់បរិស្ថាន ឬកត្តាដទៃទៀត។ តើលោកគិតយ៉ាងណាដែរចំពោះបញ្ហានេះ?
ប្រាយអ៊ិន៖ ប្រាកដណាស់! មានសម្ពាធជាច្រើន ដើម្បីបំពេញតម្រូវការកំពុងកើនឡើងនៃថាមពល និងតម្រូវការកើនឡើងនៃអគ្គិសនីនៅកម្ពុជា។ ដូច្នេះ យើងនិយាយពីរឿងវិស័យរោងចក្រនៅកម្ពុជា មានអគ្គិសនីផ្គត់ផ្គង់ វិនិយោគទុនផ្ទាល់របស់បរទេសចូលមកដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាដើរ បង្កើតឱកាសការងារសម្រាប់មនុស្សវ័យក្មេងដែលមកក្រុងភ្នំពេញ និងតំបន់ជាយក្រុងដទៃទៀត...។ ទន្ទឹមនឹងនេះដែរ ក៏មានតំបន់ឆ្ងាយដាច់ស្រយាលដទៃទៀត ដែលគ្មានភ្លើងអគ្គិសនីប្រើប្រាស់ ដែលពលរដ្ឋនៅទីនោះ អាចនឹងត្រូវគេផាត់ចោល។ វាជារឿងងាយស្រួលណាស់ក្នុងការជ្រើសរើសយកជម្រើសមួយ ហើយទុកចោលសហគមន៍ ដោយមិនថែរក្សាវប្បធម៌ក្នុងមូលដ្ឋានរបស់ពួកគេ។ យើងចាំបាច់ត្រូវមានភ្លើងអគ្គិសនី ដែលជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
អ្នកដឹងទេ ទន្លេមេគង្គ ត្រូវគេមើលឃើញថាជា កន្លែងផលិតអគ្គិសនី។ នៅពេលដែលគេមើលទៅទឹកទន្លេនោះ គេអាចគិតអំពីអានុភាពទឹកទន្លេជាប្រព័ន្ធនេះ ហើយថាតើយើងធ្វើម៉េច អាចទាញយកប្រយោជន៍បានពីទឹកនោះ ដើម្បីបង្កើតទៅជាអគ្គិសនី។
ប៉ុន្តែ ប្រសិនបើមានការផ្ដោតខ្លាំងហួសហេតុពេកទៅលើបញ្ហានេះ នៃគោលគំនិតបែបនេះ ពេលនោះ យើងអាចនឹងបាត់បង់នូវអ្វីៗទាំងអស់ដែលទន្លេមេគង្គទាំងមូល ផលិតបាន។ នៅកម្ពុជា ភាគច្រើនគឺជាធនធានត្រី និងតំបន់ទឹកលិច ជាព្រៃរនាម ដែលអាចធ្វើកសិកម្មសម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋកម្ពុជា។ ខ្ញុំថា សំណាងដែរ ដែលឥឡូវនេះទើបមានវារីអគ្គិសនីធំតែមួយ ត្រូវបានគេសាងសង់ឡើងនៅលើប្រព័ន្ធទន្លេមេគង្គនៅកម្ពុជា។ ឥឡូវនេះ មានវារីអគ្គិសនីជាង ៦០ ដែលស្ទើរតែសង់រួចរាល់ហើយ នៅតាមខ្សែទឹកខាងលើ ដែលប៉ះពាល់ដល់ការផ្សាភ្ជាប់ខ្សែទឹកនៃទន្លេសាប។ នៅកម្ពុជាខ្លួនឯង គ្រាន់តែមានវារីអគ្គិសនីធំមួយប៉ុណ្ណោះ។ នោះគឺវារីអគ្គិសនីសេសានក្រោមពីរ ដែលនៅទីប្រសព្វរវាងទន្លេស្រែពក និងទន្លេសេសាន។ តាមទស្សនៈរបស់ខ្ញុំ នេះគឺជាកន្លែងអាក្រក់បំផុតសម្រាប់យកមកសាងសង់ទំនប់វារីអគ្គិសនី នៅលើទន្លេមេគង្គ... ដោយសារតែហេតុថា ដៃទន្លេមេគង្គវាមានសារសំខាន់ណាស់ សម្រាប់រក្សាទំនាក់ទំនងនៃទន្លេសាប។ ប៉ុន្តែ យើងមិនអាចសើរើរឿងនេះបានទេ។ យើងត្រូវទទួលស្គាល់ការពិតពីរឿងមួយនេះ។ ក៏ប៉ុន្តែ ក៏មានវារីអគ្គិសនីខ្នាតតូចមួយ ត្រូវបានគេសាងសង់ឡើងនៅខេត្តបាត់ដំបង ដែលអាចផលិតវារីអគ្គិសនី បាន ១៣ មេហ្គាវ៉ាត់ សម្រាប់បម្រើពហុវិស័យ។ វារីអគ្គិសនីដទៃទៀត ត្រូវបានគេសាងសង់ឡើងនៅតាមតំបន់ឆ្នេរ។
ដល់ពេលហើយនាពេលឥឡូវនេះ ដែលក្រុមអ្នកធ្វើផែនការថាមពលនៅកម្ពុជា អ្នកធ្វើផែនការទឹក អ្នកបរិស្ថាន និងក្រុមអ្នកធ្វើគោលនយោបាយ ជាពិសេស ក្រុមអង្គការសង្គមស៊ីវិល ព្រមទាំងក្រុមអ្នកប្រើប្រាស់ ដែលរងការប៉ះពាល់ ដូចជាអ្នកនេសាទ អ្នកប្រើប្រាស់អគ្គិសនី ចាំបាច់ត្រូវងាកមកគិតគូររួមគ្នា អំពីអនាគតថាមពលនៅកម្ពុជា។ ... ពីព្រោះថា នៅមានពេលនៅឡើយទេ ក្នុងការធ្វើផែនការជុំវិញការផលិតអគ្គិសនីនៅកម្ពុជានេះ។
មាន ឫទ្ធិ៖ ដូច្នេះ តើលោកគិតថា ផែនការមេនៃថាមពល ឬយុទ្ធសាស្ត្រថាមពលទាំងមូលនៅកម្ពុជា អាចទទួលយកបានដោយគ្រប់ភាគីពាក់ព័ន្ធដែរឬទេ? ហេតុអ្វីបានជារដ្ឋាភិបាល ហាក់បីដូចជាផ្ដោតខ្លាំងម្ល៉េះ តែទៅលើថាមពលបានមកពីវារីអគ្គិសនី ចៀសជាង ថាមពលអាចបម្លែងបាន ដែលបានមកពីប្រភពមិនមែនជា វារីអគ្គិសនីនោះ ហើយដែលអាចមាននិរន្តរភាពជាងនេះ បាទ?
ប្រាយអ៊ិន៖ បាទ! ខ្ញុំគិតថា គិតមកទល់ពេលនេះ វារីអគ្គិសនីគឺជាជម្រើសផលិតថាមពលដ៏ថោកមួយសម្រាប់កម្ពុជា។ អគ្គិសនី មានតម្លៃថ្លៃមែនទែននៅកម្ពុជា។ ពលរដ្ឋនៅជនបទ ត្រូវចំណាយបង់ថ្លៃភ្លើង រាប់ពាន់រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ដើម្បីប្រើអគ្គិសនីផលិតដោយសាំង។ វាបំពុលបរិយាកាស វាមានតម្លៃថ្លៃ ហើយមិនអាចទុកចិត្តបាន។ រីឯអ្នកនៅតំបន់ទីក្រុងវិញ ពួកគេអាចបង់ថ្លៃ ៨០០ រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។ តម្លៃនេះអាចមានការប្រែប្រួល។
កាលពីពេលអតីតកាល ទីផ្សារនៃថាមពលមិនមែនវារីអគ្គិសនីដែលអាចបម្លែងបាន រួមមានថាមពលព្រះអាទិត្យ ខ្យល់ និងជីវម៉ាស នៅមិនទាន់មានការប្រកួតប្រជែងនៅឡើយទេ។ តែឥឡូវនេះ វាមានការប្រកួតប្រជែងហើយ ហើយកើតឡើងលឿនណាស់។ កិច្ចពិភាក្សារបស់យើងជាមួយក្រុមអ្នកធ្វើគោលនយោបាយ សន្និដ្ឋានថា បដិវត្តថាមពលបម្លែងបាន កំពុងកើតមានឡើងយ៉ាងឆាប់រហ័ស ជាងអ្វីដែលគេរំពឹងទុក ទាំងនៅអាស៊ីអាគ្នេយ៍ និងនៅកម្ពុជា។ នេះគឺជាសារ ដែលយើងប្រាប់ទៅកាន់បណ្ដាញរបស់យើងនៅកម្ពុជា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ ដំបូងឡើយ នៅពេលដែលយើងនិយាយពីរឿងថាមពលអាចបម្លែងបាននេះ អ្នកដឹងទេ មនុស្សទូទៅគេសើចចំអក ថានឹងមិនអាចមានទីតាំងផ្ទាំងស្រូបថាមពលព្រះអាទិត្យ ទ្រង់ទ្រាយធំនៅកម្ពុជា ក្នុងរយៈពេល ១០ឆ្នាំទៅមុខទៀតនោះទេ។ ប៉ុន្តែ ឃើញទេ ឥឡូវនេះ ចាប់ផ្ដើមមានមួយហើយនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។