អាជ្ញាធរ​ខេត្ត​កណ្ដាល​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​ដង្ហែ​កឋិន​ទៅ​កាន់​វត្ត​ក្បែរ​ព្រំដែន​វៀតណាម

ដោយ យាង សុជាមេត្តា
2015.11.05
ថាច់ សេដ្ឋា ៨៥៥ ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​ក្នុង​ពិធី​ខួប ៦៤​ឆ្នាំ ថ្ងៃ​អាណានិគម​និយម​បារាំង កាត់​ទឹកដី​ខ្មែរ​ឲ្យ​វៀតណាម នា​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Tin Zakariya

អាជ្ញាធរ និង​ការិយាល័យ​ធម្មការ និង​សាសនា​ស្រុក​កោះធំ ខេត្ត​កណ្ដាល មិន​អនុញ្ញាត​ឲ្យ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ពលរដ្ឋ ដង្ហែ​អង្គ​កឋិន​ទាន​ទៅ​កាន់​វត្ត​ប៉ាក់ណាម ក្បែរ​ព្រំដែន​កម្ពុជា-វៀតណាម នោះ​ទេ។

ការ​ហាម​ប្រាម​នេះ គឺ​បន្ទាប់​ពី​អាជ្ញាធរ​ចោទ​ប្រកាន់​ថា អង្គ​កឋិន​ទាន​នេះ​មាន​គណបក្ស​ប្រឆាំង​នៅ​ពី​ក្រោយ។ ប៉ុន្តែ​អ្នក​រៀបចំ​ពិធី​បុណ្យ​លើក​ឡើង​ថា អាជ្ញាធរ​មិន​គួរ​យក​បញ្ហា​នយោបាយ​មក​លាប​ពណ៌ លូក​លាន់​ក្នុង​រឿង​ធ្វើ​បុណ្យ​ទាន​តាម​ប្រពៃណី​ពុទ្ធសាសនា​នោះ​ទេ។

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ពលរដ្ឋ សម្ដែង​ការ​ហួស​ចិត្ត នៅ​ពេល​ទទួល​ដំណឹង​ថា អាជ្ញាធរ​នៅ​ភូមិ​ប៉ាក់ណាម ឃុំ​ព្រែកជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្ដាល មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​ដង្ហែ​អង្គ​កឋិន​ទាន ដើម្បី​នាំ​យក​បច្ច័យ​ចូលរួម​កសាង​វត្ត​ប៉ាក់ណាម ដែល​នៅ​ក្បែរ​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

សមាជិក​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ យុវជន សុង សារិទ្ធ ឬ​ហៅ​ក្រៅ​ថា វែរី ឃូល (Very Cool)។ លោក​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ថា ក្រុម​យុវជន សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​ពលរដ្ឋ​ក្នុង និង​ក្រៅ​ប្រទេស រួម​ទាំង​ពលរដ្ឋ​ចំណុះ​ជើង​វត្ត​ប៉ាក់ណាម ផង​ដែរ បាន​ត្រៀម​ជា​ស្រេច​ដើម្បី​ធ្វើ​អង្គ​កឋិន​ទាន​មួយ ដង្ហែ​ទៅ​កាន់​វត្ត​ប៉ាក់ណាម ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ខាង​មុខ​នេះ។

យុវជន សុង សារិទ្ធ ដែល​អះអាង​ថា បាន​ធ្វើ​ដំណើរ​ចុះ​ឡើង​ទៅ​កាន់​វត្ត​ប៉ាក់ណាម ចំនួន ៤​ដង គ្រាន់​តែ​ដើម្បី​ជជែក​ពី​រឿង​ធ្វើ​បុណ្យ​នេះ ថ្លែង​បន្ត​ថា ព្រះសង្ឃ គណៈកម្មការ​វត្ត និង​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ប៉ាក់ណាម បាន​យល់ព្រម​រួច​ហើយ ថា​នឹង​ទទួល​អង្គ​កឋិន​ទាន​ពី​ក្រុម​លោក។ លោក​ថា ក្រុម​ការងារ​លោក​បាន​អំពាវនាវ​ពុទ្ធ​បរិស័ទ​ក្នុង និង​ក្រៅ​ប្រទេស ហើយ​ក៏​បាន​កក់​រថយន្ត កក់​រោង ដើម្បី​ត្រៀម​លក្ខណៈ​ធ្វើ​ពិធី​បុណ្យ​នេះ។ តែ​លោក​ថា នៅ​ពេល​ដែល​ពិធី​នេះ​ជិត​ចូល​មក​ដល់​ទៅ​ហើយ​នោះ ស្រាប់​តែ​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ប៉ាក់ណាម ប្រាប់​ថា អាជ្ញាធរ និង​ការិយាល័យ​ធម្មការ និង​សាសនា​ស្រុក​កោះធំ មិន​អនុញ្ញាត​ឲ្យ​មាន​អង្គ​កឋិន​ទាន ដង្ហែ​ទៅ​កាន់​វត្ត​ប៉ាក់ណាម ឡើយ ដោយ​លើក​មូលហេតុ​ថា ព្រះវិហារ​វត្ត​នេះ​បាក់​បែក វា​ជា​កឋិន​របស់​បក្ស​ប្រឆាំង និង​ថា​ព្រះសង្ឃ​ចំនួន ២​អង្គ ដែល​គង់​នៅ​វត្ត​នោះ​ដាច់​ព្រះ​វស្សា មិន​អាច​ទទួល​គ្រង​កឋិន​បាន។

យុវជន​ដដែល​ឲ្យ​ដឹង​បន្ត​ថា ដោយសារ​តែ​ខ្លាច​មាន​អង្គ​កឋិន​ទាន​ដង្ហែ​ទៅ​ទីនោះ ពេល​នេះ​អាជ្ញាធរ និង​ការិយាល័យ​ធម្មការ និង​សាសនា​ស្រុក​កោះធំ បាន​នាំ​ព្រះ​កាយ​ព្រះសង្ឃ​ទាំង ២​អង្គ​នៅ​ក្នុង​វត្ត គឺ​ព្រះ​ចៅ​អធិការ​ជា​ខ្មែរ​ក្រោម​មួយ​អង្គ ទៅ​គង់​នៅ​វត្ត​ផ្សេង​ទៀត រួច​ទុក​ឲ្យ​វត្ត​នៅ​ទំនេរ​គ្មាន​ព្រះសង្ឃ​គង់​នៅ។ ដូច​នេះ រហូត​មក​ទល់​ពេល​នេះ វត្ត​ប៉ាក់ណាម មិន​មាន​ព្រះសង្ឃ​គង់​នៅ​ដើម្បី​ទទួល​គ្រង​កឋិន​ទាន​ពី​ពុទ្ធ​បរិស័ទ​នោះ​ទេ។

យ៉ាង​ណា យុវជន​រូប​នេះ​ថ្លែង​ថា ក្រុម​អ្នក​ផ្ដើម​បុណ្យ នឹង​នៅ​តែ​បន្ត​ធ្វើ​ពិធី​សូត្រ​មន្ត​នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា នៅ​ក្នុង​វត្ត​ចាស់​ត្រើយ​ខាង​កើត​ទន្លេ ទល់​មុខ​ព្រះបរមរាជវាំង និង​ដង្ហែ​អង្គ​កឋិន​ទាន​ដូច​ការ​គ្រោង​ទុក ទៅ​កាន់​វត្ត​ប៉ាក់ណាម នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា៖ «គោល​ជំហរ​ពួក​ខ្ញុំ​នៅ​តែ​ទៅ​តាម​ការ​កំណត់ ទោះ​គេ​បិទ​ទ្វារ ឬ​ដាក់​ប៉ូលិស​បិទ​ផ្លូវ ខ្ញុំ​ត្រូវ​ដង្ហែ​អង្គ​កឋិន​ទៅ​ឲ្យ​ដល់ ធ្វើ​ឲ្យ​គេ​អ្នក​ផ្ដើម​បុណ្យ និង​ពុទ្ធ​បរិស័ទ​ដែល​ចូលរួម​អស់​ចិត្ត បើ​គ្មាន​លោក​ទទួល​ខ្ញុំ​យក​មក​វិញ ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​ផ្កា​សាមគ្គី​ខ្ញុំ​បវារណា​ជា​បច្ច័យ​៤ ប្រគេន​លោក​វិញ​ក៏​បាន​ដែរ ទិសដៅ​ថវិកា​ដែល​យើង​ប្រមូល​បាន គឺ​យក​ទៅ​កសាង​វត្ត​នៅ​ព្រំដែន»

នៅ​កម្ពុជា ព្រះពុទ្ធ​សាសនា គឺ​ជា​សាសនា​របស់​រដ្ឋ។ យុវជន សុង សារិទ្ធ យល់​ឃើញ​ថា អាជ្ញាធរ​មិន​គួរ​យក​រឿង​នយោបាយ​មក​លាប​ពណ៌​ដាក់​គ្នា​ក្នុង​រឿង​ធ្វើ​បុណ្យ​ទាន​នោះ​ទេ ហើយ​ថា ពលរដ្ឋ​គ្រប់​រូប ទោះ​មក​ពី​គណបក្ស​នយោបាយ​ណា​ក៏ដោយ សុទ្ធតែ​មាន​សិទ្ធិ​ស្មើ​គ្នា​ទាំងអស់ ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​របស់​ខ្លួន៖ «គេ​ថា​អត់​ឲ្យ​ធ្វើ​កឋិន​ទៅ​ទេ គេ​ចោទ​ពួក​ខ្ញុំ​ថា​កឋិន​ហ្នឹង​ជា​កឋិន​របស់​ឯកឧត្តម រៀល ខេមរិន្ទ្រ របស់​បក្ស​ប្រឆាំង ហើយ​ថា​ទៅ​វាយ​យួន គាត់​បែរ​ជា​លាប​ពណ៌​ពួក​ខ្ញុំ​ដែល​ជា​យុវជន មិន​បាន​លើក​ទឹក​ចិត្ត​ពួក​ខ្ញុំ​ធ្វើ​បុណ្យ​ខាង​ព្រះពុទ្ធសាសនា ហើយ​គាត់​បែរ​ជា​មក​លាប​ពណ៌​ខ្មែរ​គ្នា​ឯង​ទៀត បើ​ថា​ខ្ញុំ​ធ្វើ​បុណ្យ​ហើយ​មក​ចាប់​ខ្ញុំ​ដាក់​គុក​ទៀត វា​ក៏​ល្អ​មើល​ដែរ»

កម្ពុជា មាន​វត្ត​ព្រះពុទ្ធ​សាសនា​ទាំងអស់​ជិត ៤.៧០០​វត្ត និង​មាន​ព្រះសង្ឃ​ប្រមាណ ៦​ម៉ឺន​អង្គ។ អង្គ​កឋិន​ទាន​បាន​ដើរ​តួនាទី​សំខាន់​មួយ​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​វត្ត​អារាម​នៅ​កម្ពុជា តាម​រយៈ​ការ​ប្រមូល​បច្ច័យ​ពី​ពុទ្ធ​បរិស័ទ ដើម្បី​វេរ​ប្រគេន​ព្រះសង្ឃ និង​កសាង​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត។

ពលរដ្ឋ​រស់នៅ​ក្បែរ​វត្ត​ប៉ាក់ណាម ម្នាក់​ដែល​ស្នើ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង មាន​ប្រសាសន៍​ថា អាជ្ញាធរ និង​មន្ត្រី​ធម្មការ និង​សាសនា​ស្រុក​កោះធំ ពិត​ជា​ហាម​មិន​ឲ្យ​ខ្មែរ​ក្រោម និង​យុវជន​ធ្វើ​បុណ្យ​ដង្ហែ​អង្គ​កឋិន​ទាន​ទៅ​កាន់​វត្ត​ប៉ាក់ណាម ប្រាកដ​មែន។ លោក​ថា ក្នុង​នាម​លោក​ជា​ពលរដ្ឋ​ម្នាក់ និង​ជា​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ផង​នោះ លោក​ពិត​ជា​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ ចំពោះ​ទង្វើ​របស់​អាជ្ញាធរ។ លោក​បញ្ជាក់​បន្ថែម​ថា រហូត​មក​ទល់​ពេល​នេះ លោក​មិន​ទាន់​ដឹង​ថា តើ​ព្រះសង្ឃ​ទាំង ២​អង្គ​ដែល​ត្រូវ​បាន​គេ​នាំ​ព្រះ​កាយ​ចេញ​ពី​វត្ត​នោះ នឹង​វិល​ត្រឡប់​មក​គង់​ក្នុង​វត្ត​នៅ​ពេល​ណា​នោះ​ទេ។

ចំណែក​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា កន្លង​មក គេ​ធ្លាប់​តែ​ឮ​ថា​អាជ្ញាធរ​វៀតណាម ហាម​ឃាត់ និង​រឹត​បន្តឹង​ខ្មែរ​ក្រោម​មិន​ឲ្យ​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​របស់​ខ្មែរ​នៅ​ដែន​ដី​កម្ពុជា​ក្រោម។ តែ​លោក​ថា ការ​ប្រើ​មធ្យោបាយ​ជម្លៀស​ព្រះសង្ឃ​ចេញ​ពី​វត្ត​កុំ​ឲ្យ​ទទួល​គ្រង​កឋិន គឺ​ជា​រឿង​ដែល​លោក​កម្រ​ឃើញ​កើត​មាន៖ «សកម្មភាព​នេះ​ខ្ញុំ​មើល​ឃើញ​ដូច​អាក្រក់​មើល ពីព្រោះ​នាំ​គ្នា​មក​ជម្លៀស​លោក​យក​ចេញ​ទៅ​គង់​នៅ​វត្ត​ផ្សេងៗ បញ្ចេះ​ឲ្យ​គេ​ថា​លោក​ដាច់​វស្សា មិន​អាច​ធ្វើ​កឋិន​បាន។ ហេតុ​ផល​ខ្លះ​ទៀត ខ្លាច​យើង​ទៅ​រក​រឿង​មាន​បញ្ហា​ជាមួយ​យួន វា​ជា​ហេតុ​ផល​មិន​ត្រឹមត្រូវ​នៅ​លើ​ទឹក​ដី​ខ្មែរ ហើយ​ដោយ​តំបន់​នោះ យួន នៅ​ច្រើន មិន​ហ៊ាន​ឲ្យ​យើង​ទៅ​ក៏​ជា​រឿង​មួយ​អស់​សំណើច»

កន្លង​មក វត្ត​ប៉ាក់ណាម ក៏​ធ្លាប់​ត្រូវ​បាន លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដង្ហែ​អង្គ​កឋិន​ទាន​ទៅ​កាន់​ទីនោះ​ផង​ដែរ។ លើស​ពី​នេះ លោក ម៉ម សូណង់ដូ ក៏​ធ្លាប់​បួស​ជា​សង្ឃ​គង់​នៅ​វត្ត​ប៉ាក់ណាម មួយ​រយៈ ដោយសារ​លោក​មើល​ឃើញ​ថា វត្ត​នេះ​ពុំ​សូវ​មាន​ព្រះសង្ឃ​គង់​នៅ និង​មាន​ជនជាតិ​វៀតណាម ចូល​រស់នៅ​ក្បែរ​ទីនោះ​ច្រើន។

ចំពោះ​ការ​ហាម​ឃាត់​ដង្ហែ​អង្គ​កឋិន​ទាន​នៅ​ពេល​នេះ​វិញ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ស្រុក​កោះធំ លោក ចាន់ សុខុម ដើម្បី​ស្នើសុំ​ការ​ឆ្លើយ​តប​បាន​ឡើយ ដោយ​អ្នក​លើក​ទូរស័ព្ទ​ថា​លោក​ចេញ​ទៅ​ក្រៅ។

វិទ្យុ​អាស៊ីសេរី ក៏​មិន​អាច​ស្នើសុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី បាន​នៅ​ឡើយ​ដែរ ដោយ​លោក​មាន​ប្រសាសន៍​ថា លោក​ជាប់​រវល់។

យ៉ាង​ណា លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា អាជ្ញាធរ​រដ្ឋាភិបាល​គួរ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ព្រំដែន​កាន់​តែ​ច្រើន ដើម្បី​អាច​ឲ្យ​ពួក​គេ​បាន​ស្វែង​យល់​ពី​ស្ថានភាព​នៅ​តាម​ព្រំដែន។ មួយ​វិញ​ទៀត លោក​ថា រដ្ឋាភិបាល​ក៏​គួរ​ខិតខំ​អភិវឌ្ឍ​នៅ​តាម​តំបន់​ព្រំដែន ក្នុង​នោះ​មាន​ដូចជា​ស្ពាន ថ្នល់ និង​វត្ត​អារាម ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។