សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បង្កើត​សារព័ត៌មាន​តាម​​​អ៊ិនធឹណិត និង​បណ្ដាញ​សង្គម​ចំនួន​ពីរ សម្រាប់​​​​ខ្មែរ​​​​នៅ​លើ​ទឹក​ដី​កំណើត​​ឯ​កម្ពុជា​ក្រោម

ដោយ យន់ សាមៀន
2019.03.28
​សារព័ត៌មាន សំឡេង​ខ្មែរ​កម្ពុជា​ក្រោម អ្នក​សារព័ត៌មាន សំឡេង​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​សម្ភាស​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរីវុឌ្ឍ ក្នុង​បន្ទប់​នៃ​ការ​ផ្សាយ​របស់​សារព័ត៌មាន សំឡេង​ខ្មែរ​កម្ពុជា​ក្រោម។
រូបភាព៖ ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក បាន​បង្កើត​សារព័ត៌មាន​តាម​បណ្ដាញ​អ៊ិនធឹណិត និង​បណ្ដាញ​សង្គម​ចំនួន​ពីរ ដើម្បី​ផ្ដល់​ព័ត៌មាន​សំខាន់ៗ មួយ​ចំនួន រួម​មាន ចំណោះ​ដឹង​ផ្នែក​សិទ្ធិ​មនុស្ស វប្បធម៌ សាសនា ទំនៀមទម្លាប់ និង​ប្រវត្តិសាស្ត្រ​ទៅ​ដល់​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត ដែល​វៀតណាម​គ្រប់គ្រង។ បច្ចុប្បន្ន​មាន​តែ​សារព័ត៌មាន តាម​អ៊ិនធឹណិត និង​បណ្ដាញ​សង្គម​នេះ​ទេ ​ដែល​អាច​ជ្រៀត​ចូល​ទៅ​ដល់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ពី​ព្រោះ​អាជ្ញាធរ​វៀតណាម ហាម​ឃាត់​មិន​ឲ្យ​ខ្មែរ​ក្រោម​មាន​សិទ្ធិ​បង្កើត​សារព័ត៌មាន​ឯករាជ្យ ដូច​ជា កាសែត វិទ្យុ និង​ទូរទស្សន៍ នៅ​វៀតណាម​នោះ​ទេ និង​ហាម​ឃាត់​ពួក​គេ​មិន​ឲ្យ​ស្ដាប់ និង​អាន​ព័ត៌មាន​ឯករាជ្យ​ទៀត​ផង។

តើ​ពលរដ្ឋ​ខ្មែរ​ក្រោម​អាច​ទទួល​ព័ត៌មាន​ឯករាជ្យ​តាម​វិធី​អ្វី​ខ្លះ?

វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) និង​សារព័ត៌មាន​ព្រៃ​នគរ កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ ដើម្បី​ពាំនាំ​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ិនធឹណិត​ទៅ​ឲ្យ​ដល់​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​របប​កុម្មុយនិស្ត​វៀតណាម ហើយ​ដែល​កំពុង​រឹតត្បិត​សេរីភាព​ផ្នែក​សារព័ត៌មាន​យ៉ាង​ខ្លាំង​នោះ។ គណ:កម្មការ​នាយក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ព្រះចៅ​អធិការ​វត្ត ខេមររង្សី នៅ​ទីក្រុង សាន់ហូស្សេ (San Jose) រដ្ឋកាលីហ្វ័រញ៉ា (California): ព្រះអង្គ សឺង យ៉ឹង រតនា ជា​មាន​ថេរ​ដីកា​ប្រាប់​អាស៊ី​សេរី កាល​ពី​ពេល​ថ្មីៗ នេះ​ថា សារព័ត៌មាន​អនឡាញ (Online) ទាំង​ពីរ​នេះ​ហើយ ដែល​បាន​ជួយ​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​យល់​ដឹង​ពី​ព័ត៌មាន​ពិត ដើម្បី​កែប្រែ​ស្ថានភាព​រស់នៅ​រស់​របស់​ពួក​គេ៖ «វិស័យ​ព័ត៌មាន​ហ្នឹង យើង​នៅ​ខាង​ក្រៅ​ប្រទេស ដែល​ជា​អង្គការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បង្កើត​ឡើង​មាន​សំឡេង​កម្ពុជា​ក្រោម និង​សារព័ត៌មាន​ព្រៃ​នគរ​នៅ​ខាង​ក្រៅ​ប្រទេស​នេះ គឺ​បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​យ៉ាង​ច្រើន​កន្លង​មក​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​តែ​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​ក្រោម​មាន​ដែរ ប៉ុន្តែ​នៅ​ក្រោម​រដ្ឋាភិបាល បក្ស​របស់​គេ​ពិនិត្យ។ ដូច្នេះ សារព័ត៌មាន​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង​ព្រៃនគរ បាន​ផ្សព្វផ្សាយ​សកម្មភាព​ការ​តស៊ូ​នៅ​លើ​ឆាក​អន្តរជាតិ។ យើង​ផ្សព្វផ្សាយ​អំពី​សិទ្ធិ​មនុស្ស និង​ជន​ជាតិ​ដើម»

វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០០២ ចំណែក​ឯ​សារ​ព័ត៌មាន​ព្រៃ​នគរ​ត្រូវ​បាន​បង្កើត ឡើង​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ឆ្នាំ ២០០៨។ សារ​ព័ត៌មាន​ទាំង​ពីរ​នេះ មាន​មូលដ្ឋាន​នៅ​ទីក្រុង សានហូសេ (San Jose) រដ្ឋ California និង​មាន​បុគ្គលិក ៦នាក់ ក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភព​លោក។ បុគ្គលិក​ទាំង​នោះ ធ្វើ​ការងារ​ដោយ​មិន​យក​ប្រាក់​កម្រៃ​ឡើយ៖ «រហូត​មក​ទល់​សព្វថ្ងៃ​នេះ សារព័ត៌មាន​យើង​ដែល​ផ្សាយ​កន្លង​មក​ហ្នឹង​បាន​ធ្វើ​ឲ្យ​បង​ប្អូន​យើង​ហ្នឹង​ស្គាល់​ថា ខ្លួន​ជា​ខ្មែរ​កម្ពុជា​ក្រោម។ ដូច​បង​ឃើញ​ថា តាម​ហ្វេកប៊ុក យើង​បង​ប្អូន​យើង​មាន​ស្លៀក​ពាក់​ជា​របៀប​ប្រពៃណី​ខ្មែរ ហើយ​សរសេរ​តាម ហ្វេសប៊ុក​ជា​ភាសា​ខ្មែរ។ បង​ប្អូន​យើង​យល់​ពី​សិទ្ធិ​របស់​ខ្លួន​ថា ខ្លួន​ឯង​នៅ​ក្រោម​អាណានិគម​យួន»

ព្រះអង្គ​មាន​សង្ឃ​ដីកា​បន្ត​ថា កន្លង​មក​សហព័ន្ធ ធ្លាប់​បោះ​ពុម្ព​ផ្សាយ​ព័ត៌មាន​សារព័ត៌មាន​ព្រៃ​នគរ ហើយ​ផ្ញើ​ទៅ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ផ្សព្វផ្សាយ​បន្ត។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ដោយសារ​តែ​បច្ចេកវិទ្យា​ទំនើប មាន​បណ្ដាញ​សង្គម ដូចជា Facebook, Youtube and Twitter ទើប​សហព័ន្ធ​ជ្រើសរើស​បច្ចេកវិទ្យា​ថ្មី ដើម្បី​ផ្សាយ​ព័ត៌មាន​ឲ្យ​ទៅ​ដល់​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​រស់នៅ​ទឹក​ដី​កំណើត​តែ​ម្តង។

ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ខ្មែរ​ក្រោម​នេះ ជា​ចំណែក​មួយ​ក្នុង​យុទ្ធសាស្ត្រ ដើម្បី​ទាមទារ​ឲ្យ​វៀតណាម​ទទួល​ស្គាល់​ថា ជនជាតិ​ខ្មែរ​កម្ពុជា​ជា​ជនជាតិ ដើម​កំណើត​នៅ​លើក​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ហើយ​ប្រសិន​បើ​វៀតណាម​ទទួល​ស្គាល់​សិទ្ធិ​ជា​ជន​ជាតិ​​ដើម​ហើយ​នេះ ខ្មែរ​កម្ពុជា​ក្រោម​នឹង​មាន​សិទ្ធិ​ស្វ័យ​សម្រេច​លើ​វាសនា​ដោយ​ខ្លួន​ឯង​ទៅ​ថ្ងៃ​អនាគត។ កាល​ពី​ដើម​ខែ​មីនា​នេះ ប្រតិភូ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ដឹក​នាំ​ដោយ ភិក្ខុ សឺង យ៉ឹង រតនា និង​មន្ត្រី​សហព័ន្ធ​ខ្មែរ​ក្រោម​មួយ​ចំនួន​ទៀត បាន​ស្នើសុំ​ឲ្យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស អន្តរាគមន៍​ទៅ​វៀតណាម​ដើម្បី​ឲ្យ​រដ្ឋាភិបាល​វៀតណាម ផ្ដល់​សិទ្ធិ​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម អាច​បង្កើត​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ដោយ​ខ្លួន​ឯង​បាន។ ប៉ុន្តែ តំណាង​រដ្ឋាភិបាល​វៀតណាម ដែល​ចូលរួម​ក្នុង​កិច្ច ប្រជុំ​គណៈកម្មាធិការ​សិទ្ធិមនុស្ស អង្គការ​សហ​ប្រជាជាតិ ដើម្បី​ពិនិត្យ​មើល​របាយការណ៍​របស់​វៀតណាម ជុំវិញ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សិទ្ធិ​ស៊ីវិល និង​នយោបាយ​បាន​បដិសេធ​ថា វៀតណាម​គ្មាន​ជនជាតិ​ដើម​ភាគ​តិច ហើយ​ក៏​គ្មាន​វិបត្តិ​ជន​ជាតិ​ដើម​ដែរ។ ការ​អះអាង​របស់​វៀតណាម​នេះ ផ្ទុយ​នឹង​ប្រវត្តិសាស្ត្រ​ជាក់​ស្ដែង។ កម្ពុជា​បាន​បាត់បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ១៩៤៩ ដោយសារ​តែ​បារាំង​កាត់​ទឹក​ដី​ខ្មែរ​កម្ពុជា ទៅ​ឱ្យ​វៀតណាម​ទាំង​ខុស​ច្បាប់ និង​គ្មាន​ការ​យល់​ព្រម​ពី​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម។ នៅ​ខែ​មិថុនា ឆ្នាំ២០១៩ ខាង​មុខ ជា​ខួប ៧០ឆ្នាំ នៃ​ការ​បាត់​បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។ មន្ត្រី​សហព័ន្ធ​ខ្មែរ​ក្រោម​អះអាង​ថា ខ្មែរ​ក្រោម​រស់​នៅ​វៀតណាម​អាច​មាន​ចំនួន​ច្រើន​ជាង ៧លាន​នាក់ ហើយ​មួយ​លាន​នាក់​ផ្សេង​ទៀត កំពុង​រស់នៅ​តាម​ប្រទេស​មួយ​ចំនួន​ជុំវិញ​ពិភពលោក។ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម មួយ​ចំនួន​ប្រាប់​អាស៊ី​សេរី​កាល​ពី​ពេល​ថ្មីៗ នេះ​ថា សារព័ត៌មាន​តាម​បណ្ដាញ​អ៊ិនធឹណែត​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិត​ជា​ធ្វើ​ឲ្យ​ខ្មែរ​ក្រោម​យល់​ដឹង​ច្បាស់​ពី​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន ហើយ​ពួក​គេ​អាច​បន្ត​រក្សា​ប្រពៃណី និង​ទំនៀមទម្លាប់​បាន​គង់វង្ស​មិន​ឲ្យ​បាត់​បង់។

អតីត​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ដែល​ធ្លាប់​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ ដោយសារ​តែ​ការពារ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​មាន​ប្រសាសន៍​ថា ព័ត៌មាន​ដែល​ខ្មែរ​ក្រោម​ទទួល​បាន​នឹង​អាច​ជួយ​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម​បន្ត​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​អនាគត​របស់​ខ្លួន​ឯង​ដោយ​ជោគជ័យ​ជា​មិន​ខាន៖ «វិទ្យុ​សំឡេង​ខ្មែរ​កម្ពុជា​ក្រោម និង​សារព័ត៌មាន​ព្រៃ​នគរ​ជួយ​ដល់​ខ្មែរ​ក្រោម ដែល​រស់​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​ដឹង​ឮ​បាន​ច្រើន​រឿង​ណាស់។ ទី​មួយ អ្នក​ដែល​រស់នៅ​ទី​នេះ មិន​បាន​សិក្សា​ប្រវត្តិសាស្ត្រ​អំពី​ខ្មែរ​កម្ពុជា​ក្រោម​ហ្នឹង​ទេ ពី​ព្រោះ​នៅ​ទី​នេះ​វា​បិទ។ ទាំង​សាលា​រៀន និង​វត្ត​គេ​មិន​ឲ្យ​បង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម​ទេ។ យើង​មាន​ទូរស័ព្ទ​ម្នាក់ៗ គឺ​យើង​ស្ដាប់​ដោយ​លួច​លាក់​ទេ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ស្នើ​ឲ្យ​សម្ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បង្កើន​ការ​ផ្សព្វផ្សាយ​បន្ថែម ជា​ពិសេស ត្រូវ​ផ្សាយ​ករណី​រំលោភ​សិទ្ធិ​មនុស្ស ដែល​ខ្មែរ​ក្រោម​កំពុង​ជួប​ប្រទះ នៅ​លើ​ទឹក​ដី​កំណើត​ពួក​គេ៖ «ជួយ​យក​ចិត្ត​ទុក​ដាក់​អំពី​វប្បធម៌​អក្សរសាស្ត្រ​តាម​វត្ត ព្រោះ​ខ្មែរ​ក្រោម​យើង មាន​តែ​នៅ​តាម​វត្ត​ទេ ជា​ឫស​គល់ ហើយ​ទី​ពីរ​ទៀត ជួយ​ផ្សព្វផ្សាយ​ពី​ជីវភាព​រស់នៅ​របស់​ខ្មែរ​ក្រោម​ផង ពី​ព្រោះ​ជីវភាព​របស់​គាត់​ត្រូវ​គេ​គាប​សង្កត់ ត្រូវ​គេ​បំបិទ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ»

ការ​ទាមទារ​ចង់​ទទួល​បាន​ព័ត៌មាន​ឯករាជ្យ​របស់​ខ្មែរ​ក្រោម​កន្លង​មក ត្រូវ​បាន​វៀតណាម​ធ្វើ​ទុក្ខ​បុក​ម្នេញ ហើយ​អាជ្ញាធរ​វៀតណាម​បាន​ចាប់​ព្រះសង្ឃ​ខ្មែរ​ក្រោម​ជា​ច្រើន​អង្គ​ដាក់​ពន្ធនាគារ ដោយសារ​តែ​ព្រះសង្ឃ​បាន​ផ្ដល់​ព័ត៌មាន​មួយ​ចំនួន​ទៅ​ក្រៅ​ប្រទេស។ បច្ចុប្បន្ន ព្រះសង្ឃ ថាច់ ធឿង ដែល​ត្រូវ​បាន​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​រយៈ​ពេល ៦ឆ្នាំ កំពុង​នៅ​ជាប់​ពន្ធនាគារ​នៅ​ឡើយ។ ព្រះអង្គ​ត្រូវ​បាន​វៀតណាម​ដាក់​គុក​ដោយសារ​តែ​ព្រះអង្គ ប្រាប់​ព័ត៌មាន​ដល់​អាស៊ីសេរី និង​វិទ្យុ​សំឡេង​ខ្មែរ​ក្រោម កាល​ពី​ពេល​កន្លង​ទៅ។ វៀតណាម​គ្រោង​នឹង​ដោះ​លែង​ព្រះ​អង្គ​នៅ​ខែ​ឧសភា​ខាង​មុខ​នេះ។ មិន​មែន​តែ ខ្មែរ​ក្រោម​ទេ​ដែល​ចោទ​ថា វៀតណាម​ថា កំពុង​រំលោភ​សិទ្ធិ​មនុស្ស និង​សេរីភាព​សារ​ព័ត៌មាន។

របាយការណ៍សិទ្ធិមនុស្សក្រសួងការបរទេសអាមេរិកផ្សាយកាលពីថ្ងៃទី១៣ មីនា រក​ឃើញ​ថា ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​វៀតណាម​នៅ​តែ​បន្ត​កើត​មាន​ឡើង។ របាយការណ៍​នោះ​បន្ត​ថា ការ​រំលោភ​សិទ្ធិមនុស្ស​ទាំង​នោះ រួម​មាន ការ​ឃុំឃាំង​ទាំង​ខុស​ច្បាប់ និង​សម្លាប់​ដោយ​អនាធិបតេយ្យ ការ​ធ្វើ​ទារុណកម្ម ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​សារព័ត៌មាន សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​តាម​បណ្ដាញ​សង្គម និង​អ៊ីនធឹណិត​ជា​ដើម។ រដ្ឋាភិបាល​ក៏​នៅ​តែ​បន្ត​រឹតត្បិត​លើ​សិទ្ធិ​ធ្វើ​ដំណើរ ការ​ប្រមូល​ផ្ដុំ និង​ការ​ចូលរួម​ផ្នែក​នយោបាយ។ ព្រះអង្គ សឺង យ៉ឹង រតនា មាន​សង្ឃ​ដីកា សហព័ន្ធ​ខ្មែរ​ក្រោម​កំពុង​មាន​គម្រោង​បង្កើន​ការ​ផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ អ៊ិនធឹណិត ដើម្បី​ធានា​ថា ខ្មែរ​ក្រោម​ទទួល​បាន​ព័ត៌មាន​ពិត និង​គ្រប់​ជ្រុងជ្រោយ។ គម្រោង​សំខាន់​បន្ទាប់ គឺ​បង្កើត​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ឯករាជ្យ​នៅ​លើ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​តែ​ម្ដង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។