អ្នក​ប្រវត្តិសាស្ត្រ​ជំរុញ​ឲ្យ​សហព័ន្ធ​ខ្មែរ​ក្រោម​ពង្រឹង​ការងារ​របស់​ខ្លួន​ថែម​ទៀត

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ដែល​មិន​បាន​ជាប់​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​របស់​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា កន្លង​ទៅ ដោយសារ​តែ​ប្រទេស​មួយ​ចំនួន ពិសេស​ប្រទេស​វៀតណាម បាន​បោះ​ឆ្នោត​ទម្លាក់។
ដោយ ទីន ហ្សាការីយ៉ា
2012.07.26

អ្នក​សិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ​បាន​ពន្យល់​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក​មិន​ជាប់​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​នៃ​អង្គការ​សហ​ប្រជាជាតិ​នោះ ដោយសារ​តែ​បញ្ហា​ប្រទេស​វៀតណាម មិន​ទាន់​មាន​ទំនុក​ចិត្ត​លើ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ឡើយ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នក​ប្រវត្តិសាស្ត្រ​បាន​ជំរុញ​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ខិតខំ​តស៊ូ​បន្ថែម​ទៀត ពិសេស​ធ្វើ​យ៉ាង​ណា​បង្ហាញ​អំពី​សកម្មភាព​របស់​ខ្លួន​ដល់​ពិភពលោក​ថា រាល់​ទង្វើ​របស់​សហព័ន្ធ​កំពុង​ធ្វើ​នោះ គ្រាន់​តែ​ចង់​ការពារ​សិទ្ធិ​សេរីភាព​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​វៀតណាម បច្ចុប្បន្ន​ទេ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចង់​ទាមទារ​រដ្ឋ​ឯករាជ្យ​នោះ​ទេ។

សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា មាន​ប្រសាសន៍​ថា ការ​បោះ​ឆ្នោត​ជ្រើស​រើស​យក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច​នៃ​អង្គការ​សហ​ប្រជាជាតិ​នេះ វា​អាស្រ័យ​លើ​ភាគី​អន្តរជាតិ​ដែល​ជា​ប្រទេស​ជា​សមាជិក​ជា​អ្នក​សម្រេច។

ប៉ុន្តែ​យ៉ាង​នេះ​ក្ដី លោក សំបូរ មាណ្ណារ៉ា បាន​ពន្យល់​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ត្រូវ​ប្រឹងប្រែង​ត​ទៅ​ទៀត នៅ​ក្នុង​ក្របខ័ណ្ឌ​ឲ្យ​អន្តរជាតិ​មើល​ឃើញ​នូវ​សកម្មភាព​របស់​ខ្លួន ពិសេស​ឲ្យ​រដ្ឋ​វៀតណាម យល់​ដឹង​អំពី​ទិស​ដៅ​របស់​ខ្លួន​ដែល​ថា ខ្លួន​គ្រាន់​តែ​ធ្វើ​ការងារ​ដើម្បី​ទាមទារ​សិទ្ធិ សេរីភាព​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នោះ។

ការ​លើក​ឡើង​ដូច្នេះ​នៅ​បន្ទាប់​ពី​តំណាង​ប្រទេស​ចំនួន ២៧ ក្នុង​នោះ​មាន​វៀតណាម ចិន និង​ប្រទេស​កុម្មុយនិស្ត​ផ្សេងៗ​ទៀត ក្នុង​ចំណោម​ប្រទេស​ចំនួន ៥៤ បាន​បោះ​ឆ្នោត​មិន​គាំទ្រ​បេក្ខភាព​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច​នៃ​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា។

ដោយ​ឡែក​ប្រទេស​ដែល​បោះ​ឆ្នោត​គាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច នៃ​អង្គការ​សហប្រជាជាតិ​នោះ​មាន​ចំនួន ១៤​ប្រទេស ក្នុង​នោះ​មាន​ប្រទេស​អំណាច​ធំៗ ដូច​ជា​សហរដ្ឋ​អាមេរិក អង់គ្លេស និង​ប្រទេស​បារាំង និង​ប្រទេស​មួយ​ចំនួន​ទៀត។ រី​ឯ តំណាង​ប្រទេស​ចំនួន ១០​ផ្សេង​ទៀត បាន​បោះ​ឆ្នោត​អនុប្បវាទ និង​ប្រទេស​មិន​ចូល​រួម​បោះ​ឆ្នោត​មាន ៣​ប្រទេស​ក្នុង​ចំណោម​តំណាង​ប្រទេស​ចំនួន ៥៤។

នៅ​មុន​ពេល​តំណាង​ប្រទេស​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​នេះ បាន​បោះ​ឆ្នោត​សម្រេច​កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា នោះ តំណាង​រដ្ឋាភិបាល​វៀតណាម បាន​ជំទាស់​យ៉ាង​ខ្លាំង​ចំពោះ​បេក្ខភាព​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​បាន​ចោទ​ប្រកាន់​សហព័ន្ធ​នេះ​ថា ចង់​បង្កើត​រដ្ឋ​ឯករាជ្យ​របស់​ខ្លួន​ពី​ប្រទេស​វៀតណាម។ យុវជន​ខ្មែរ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រជុំ និង​បាន​ប្រឌិត​ផែន​ទី​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ថា​មាន​ចំនួន ១៦ ខែត្រ​ក្រុង​នៅ​វៀតណាម ភាគ​ខាង​ត្បូង ដែល​មាន​ប្រជាជន​រស់​នៅ​ប្រមាណ ៣០​លាន​នាក់​ជាដើម។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ លោក ថាច់ ង៉ុកថាច់ ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។ លោក​បាន​បំភ្លឺ​ថា វា​មិន​មែន​ជា​រឿង​ខ្មែរ​កម្ពុជា​ក្រោម​ចង់​ទាមទារ​ទឹក​ដី​អ្វី​ទេ ករណី​ផែន​ទី​គឺ​វៀតណាម ត្រូវ​តែ​ទទួល​ស្គាល់​ការ​ពិត​នូវ​រឿង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។ លោក​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​នេះ​គ្រាន់​តែ​ជា​ការ​លើក​ឡើង​ដែល​វៀតណាម ចង់​បំភ្លេច​នូវ​ប្រវត្តិសាស្ត្រ​តែប៉ុណ្ណោះ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បាន​ពន្យល់​ថា នៅ​ក្នុង​បរិបថ​បច្ចុប្បន្ន​នេះ គ្មាន​ចលនា​រដ្ឋ​ណា​មួយ ឬ​ប្រទេស​ណា​មួយ​ធ្វើ​ការ​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​មួយ​ទទួល​បាន​ជោគជ័យ​នោះ​ទេ។ នៅ​ក្នុង​សម័យ​កាល​នេះ គ្រប់​ប្រទេស​ទាំង​អស់​ចង់​បាន​តែ​សិទ្ធិ​សេរី​សេរីភាព និង​សន្តិភាព​តែប៉ុណ្ណោះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​សង្កេតការណ៍​អន្តរជាតិ​ដើម្បី​ការ​ការពារ​នៃ​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​គណៈកម្មាធិការ​វៀតណាម ដើម្បី​សិទ្ធិ​មនុស្ស (FIDH and OMCT) កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា បាន​ថ្កោល​ទោស​ចំពោះ​ដំណោះស្រាយ​ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​នៃ​អង្គការ​សហប្រជាជាតិ​នូវ​ការ​បដិសេធ​ទៅ​នឹង​សេចក្ដី​សម្រេច ដើម្បី​ផ្ដល់​ស្ថានភាព​ពិគ្រោះ​យោបល់​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល គឺ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក​នេះ។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​វៀតណាម នៅ​ប្រទេស​បារាំង លោក វ័រ វុំាងអៃ មាន​ប្រសាសន៍​ថា នេះ​ជា​រឿង​អាក្រក់​មួយ​ដែល​រដ្ឋាភិបាល​វៀតណាម មិន​ចង់​ឲ្យ​មាន​ការ​កែប្រែ​នូវ​គោល​នយោបាយ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​វៀតណាម នោះ តែ​បែរ​ជា​ធ្វើ​ការ​ចោទ​ប្រកាន់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា ចង់​ទាមទារ​បង្កើត​រដ្ឋ​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​វៀតណាម វិញ​នោះ។

លោក វ័រ វុំាងអៃ៖ «វា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់ ដែល​ប្រទេស​ជា​សមាជិក​នៃ UN មិន​បាន​ធ្វើ​អ្វី​ទៅ​តាម​ឆន្ទៈ​របស់​ខ្លួន ដោយសារ​តែ​មាន​សម្ពាធ​ពី​ប្រទេស​វៀតណាម ហើយ​សម​គំនិត​ជាមួយ​ប្រទេស​វៀតណាម ដើម្បី​បន្ទច់​បង្អាក់​សំឡេង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ហើយ​ក៏​ជា​ការ​បង្ហាញ​នៃ​សញ្ញា​អវិជ្ជមាន​ទៅ​ប្រជាជន​ក្នុង​ប្រទេស​វៀតណាម ដែល​សហគមន៍​អន្តរជាតិ​មិន​ឈរ​ភាគី​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​វៀតណាម ដែល​ស្រេកឃ្លាន​សេរីភាព»

អង្គការ​សហប្រជាជាតិ​មាន​ស្ថាប័ន​បី​សំខាន់ៗ ដែល​អង្គការ​សហប្រជាជាតិ​បាន​បង្កើត​ឡើង ក្នុង​​នោះ​មាន​ក្រុម​ប្រឹក្សា​សន្តិសុខ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស និង​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច។ ស្ថាប័ន​ទាំង ៣​នេះ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ធានា​នូវ​ចលនា​ប្រជាធិបតេយ្យ និង​សន្តិភាព​នៅ​ក្នុង​តំបន់ និង​ពិភពលោក។

ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ប្រសិន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ជាប់​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋ​កិច្ច សង្គមកិច្ច នៃអង្គការសហប្រជាជាតិនោះ បញ្ហា​ដែល​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ប្រ​ឈម​ក្រោម​របប​នយោបាយ​របស់​រដ្ឋាភិបាល​វៀតណាម សព្វថ្ងៃ អាច​នឹង​ត្រូវ​កាត់​បន្ថយ ហើយ​គេ​នឹង​ទាមទារ​បាន​មក​វិញ​នូវ​ជំនឿ​សាសនា​វប្បធម៌ និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដែល​ធ្លាប់​មាន​ពី​អតីតកាល ពិសេស​គឺ​អាច​មាន​សិទ្ធិ​លើក​ពី​បញ្ហា​ប្រឈម​នានា​របស់​ខ្លួន​នូវ​រាល់​សម័យ​ប្រជុំ​ជា​ផ្លូវការ​របស់​អង្គការ​​សហប្រជាជាតិ ដូច​ជា​អាច​ធ្វើ​សេចក្ដី​ថ្លែងការណ៍​នៅ​កិច្ច​ប្រជុំ​មាន​សិទ្ធិ​ជួប​សន្ទនា​ជាមួយ​រដ្ឋាភិបាល ឬ​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត មាន​សិទ្ធិ​រៀបចំ​កិច្ច​ប្រជុំ​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​អង្គការ​សហ​ប្រជាជាតិ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។