ហេតុ​អ្វី​​​​មាន​​ខ្មែរ​រស់​នៅ​លើ​​ដី​ថៃ​ច្រើន​ម្ល៉េះ?

សព្វថ្ងៃ​មាន​ជនជាតិ​ខ្មែរ​រាប់​លាន​នាក់​កំពុង​រស់​នៅ​លើ​ទឹក​ដី​ថៃ ដែល​ប្រជាពលរដ្ឋ​ទាំង​នោះ​មាន​ប្រពៃណី​និង​ទំនៀម​ទម្លាប់​ភាគ​ច្រើន​ដូច​នឹង​ជន​ជាតិ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ។
ដោយ ឱម ឧត្ដម
2010.01.13
ជ័យមង្គល លោក ជ័យ មង្គល បង្រៀន​ភាសា​ខ្មែរ ដល់កុមារ​នៅ​ក្នុង​ខែត្រ​សុរិន្ទ ។
Photo Provided

លោក ជ័យ មង្គល ជា​ជនជាតិ​ខ្មែរ​នៅ​ភូមិ​គោកក្រពើ ស្រុក​ណកមឿង ខែត្រ​សុរិន្ទ ប្រទេស​ថៃ មាន​ប្រសាសន៍​ថា ៖ «ពី​បរម​បុរាណ​មក​និយាយ​ខ្មែរ។ ដូច​ខ្ញុំ ពី​តូច​មក​ខ្ញុំ​និយាយ​ខ្មែរ។ ខ្ញុំ​ចេះ​ភាសា​ថៃ​មក​ទល់​នឹង​ពេល​ខ្ញុំ​ចូល​រៀន​នៅ​សាលា​រៀន។ សុរិន្ទ​មាន​ភាសា​ច្រើន​ណាស់ មាន​គួយ មាន​ខ្មែរ»

ប្រការ​ដែល​មាន​ជនជាតិ​ខ្មែរ​រស់​នៅ​ប្រទេស​ថៃ​រាប់​លាន​នាក់​នោះ បាន​ធ្វើ​ឲ្យ​មាន​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​ប្រជាជន​ខ្មែរ​ទាំង​នោះ​នាំ​គ្នា​ទៅ​រស់​នៅ​លើ​ទឹក​ដី​ថៃ​ទៅ​វិញ?

អ្នក​ស្រាវជ្រាវ​អំពី​ការ​កកើត​និង​ការវិវត្តន៍​របស់​មនុស្ស លោក អាំង ជូលាន បណ្ឌិត​ផ្នែក​នរវិទ្យា មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ជន​ជាតិ​ខ្មែរ​ទាំង​នោះ​មិន​មែន​ជា​ជន​ចំណាក​ស្រុក​ចេញ​ពី​ទឹក​ដី​ខ្មែរ​នោះ​ទេ គឺ​ពួកគាត់​បាន​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​ត​កូន​ត​ចៅ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។

លោក អាំង ជូលាន មាន​ប្រសាសន៍​ដូច្នេះ ៖ «ទឹក​ដី​នោះ​ពី​ដើម​ជា​របស់​ខ្មែរ ខ្មែរ​អត់​មាន​ទៅ​ណា​មក​ណា​ទេ ដល់​គេ​មក​យក​ដី​ទៅ ក៏​ទៅ​ជា​ដី​ហ្នឹង​របស់​គេ​ទៅ មនុស្ស​អត់​មាន​ទៅ​ណា។ ដី​សុរិន្ទ​ដី​អី​ហ្នឹង​ជា​ដី​ខ្មែរ​ពី​ដើម ឥឡូវ​នេះ​វា​មិន​មែន​ជា​ដី​ខ្មែរ​ទេ មិន​មែន​ថា​យើង​ត្រូវ​ទៅ​ទាមទារ​អី​ទេ អត់​ទេ។ យើង​គួរ​តែ​ចាប់​អារម្មណ៍ ហេតុ​ដូច​ម្ដេច​ក៏​អ្នក​នោះ​មិន​ដែល​ស្គាល់​យ៉ាង​ម៉េច​ហៅ​ថា​មក​ជាន់​ទឹក​ដី​ខ្មែរ? អ្នក​នោះ​ជា​ពលរដ្ឋ​ថៃ ហេតុ​ម៉េច​ក៏​អ្នក​នោះ​និយាយ​ខ្មែរ​ល្អ​ម្ល៉េះ? ព្រោះ​កន្លែង​នោះ​ពី​ដើម​ជា​របស់​ខ្មែរ»

សាស្រ្តាចារ្យ​ផ្នែក​ប្រវត្តិសាស្រ្ត​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក សំបូរ ម៉ាណ្ណារ៉ា ក៏​មាន ​ប្រសាសន៍​ស្រប​ជាមួយ​លោក អំាង ជូលាន ដែរ។ លោក​មាន​ប្រសាសន៍​បន្ថែម​ឲ្យ​ដឹង​ពី​មូលហេតុ​នៃ​ការ​បាត់​បង់​ទឹក​ដី​ខ្មែរ​នៅ​ក្នុង​ដំណើរ​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​ដូច្នេះ​ថា អតីត​ទឹក​ដី​ខ្មែរ​មួយ​ចំនួន​ត្រូវ​បាន​វាយ​ដណ្តើម​កាន់​កាប់​ដោយ​ជន​បរទេស ដែល​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​ខ្លួន​នៅ​តំបន់​ទីបេ​ប្រទេស​ចិន។

លោក សំបូរ ម៉ាណ្ណារ៉ា បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ក្រុម​ថៃ កាដៃ​ហ្នឹង​បាន​បង្ហូរ​ខ្លួន​ពី​ភាគ​ខាង​ជើង​តាម​ដង​ទន្លេ​មេណាម​រហូត​មក​នោះ គឺ​គាត់​មក​ផ្ដុំ​គ្នា​​ដំបូង​គេ​បំផុត​នៅ​សុខោទៃ បន្ទាប់​មក​បង្ហូរ​មក​ដល់​អយុធ្យា​ទៀត គឺ​គាត់​ចាប់​ផ្ដើម​ទាញ​យក​ក្រុង​ទេព ឡុបបុរី រហូត​ទៅ​ដល់​លវោ សង្គៈ គោកខណ្ឌ បុរីរ៉ាំ ព្រមទាំង​សុរិន្ទ​ផង​ដែរ។ ដោយសារ​តែ​ប្រវត្តិសាស្រ្ដ​នៅ​សម័យ​នោះ ខ្មែរ​របស់​យើង​ចាញ់​ដៃ​ជាមួយ​សៀម​នៅ​ក្នុង​ប្រមាណ​ឆ្នាំ​១៣៥០»

អ្នក​ស្រាវជ្រាវ​នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា លោក សុខ ទូច បណ្ឌិត​ផ្នែក​ប្រវត្តិសាស្រ្ត​នយោបាយ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ៖ «ប្រទេស​សៀម​ដែល​ប្ដូរ​មក​ជា​ប្រទេស​ថៃ​ហ្នឹង បាន​ឈ្លាន​ពាន​រំលោភ​យក​ខេត្ត​ទាំង​១២​នេះ​មក​ចែក​ជា​ដែនដី​របស់​ខ្មែរ​យើង អ៊ីចឹង​មិន​មែន​ប្រជាជន​យើង​ទៅ​រស់​នៅ​ក្នុង​ទឹក​ដី​ថៃ​ទេ គឺ​ដោយសារ​តែ​យើង​ចាញ់​សង្រ្គាម​និង​ភាព​ទន់ខ្សោយ​នៃ​នយោបាយ​គ្រប់​គ្រង​របស់​ប្រវត្តិសាស្រ្ដ​នៃ​សម័យ​កន្លង​មក​នោះ រជ្ជកាល​មុនៗ​នោះ ដែល​មិន​មាន​សមត្ថភាព​និង​មិន​មាន​លទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​យើង​ឲ្យ​មាន​ភាព​គង់​វង្ស»

ក្រៅ​ពី​មាន​មនុស្ស​ខ្មែរ ក៏​មាន​ភស្តុតាង​ជា​ច្រើន​ទៀត​ដែល​បញ្ជាក់​ពី​ការ​រស់​នៅ​និង​ការ​កកើត​នៃ​ជន​ជាតិ​ខ្មែរ​នៅ​ទី​នោះ​រាប់​ពាន់​ឆ្នាំ​មក​ដែរ។

អគ្គ​នាយក​រង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោក ផាន់ ណាឌី ដែល​បាន​ធ្វើការ​ចុះ​បញ្ជី​ចំនួន​ប្រាសាទ​និង​ទួល​បុរាណ ព្រមទាំង​ទី​តាំង​ប្រវត្តិសាស្រ្ត​របស់​មនុស្ស​ខ្មែរ បាន​រក​ឃើញ​ថា គ្រាន់​តែ​ក្នុង​ខេត្ត​សុរិន្ទ​មួយ​នៅ​លើ​ទឹក​ដី​ថៃ​សព្វ​ថ្ងៃ មាន​ទីតាំង​បុរាណដ្ឋាន​របស់​ខ្មែរ​រហូត​ទៅ​ដល់​ជាង​៣០​កន្លែង​ឯ​ណោះ។

លោក ផាន់ ណាឌី បាន​ឲ្យ​ដឹង​ដូច្នេះ​ថា ៖ «យើង​គ្រាន់​តែ​បាន​បញ្ចូល​ទិន្នន័យ​ទាំង​អស់​ដែល​បាន​បញ្ចូល គឺ​ចំនួន​៣៥ ហើយ​ការ​ស្រាវជ្រាវ​ជា​លម្អិត​នោះ​អត់​ទាន់​បាន​ធ្វើការ​ទេ»

អគ្គ​លេខាធិការ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា បណ្ឌិត ស៊ុំ ឈុំប៊ុន ដែល​បាន​ធ្វើការ​ស្រាវជ្រាវ​អំពី​កេរ​ដំណែល​វប្បធម៌​របស់​ដូនតា​ខ្មែរ មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​ថា ៖ «តំបន់​សុរិន្ទ​មាន​ប្រាសាទ​រាប់​សិប​ដែល​ជា​ប្រាសាទ​សង់​ដោយ​អាណាចក្រ​ខ្មែរ ដែល​សូម្បី​តែ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍​សព្វថ្ងៃ​នេះ​គេ​ក៏​ទទួល​ស្គាល់​ដែរ​ថា​ជា​សិល្បៈ​ខ្មែរ។ ដូច្នេះ​យើង​ឃើញ​ថា នៅ​តំបន់​នោះ​ទាំង​មូល​វា​មិន​មែន​មាន​តែ​ប្រាសាទ​ទេ ប្រពៃណី ទំនៀម​ទម្លាប់ ជា​ពិសេស​នៅ​តាម​វត្ត​អារាម​នោះ សាស្រ្តា​ស្លឹក​រឹត​ដែល​ចារ​ដោយ​ភាសា​ខ្មែរ​នោះ គឺ​មាន​ច្រើន​អនេក​រាប់​មិន​អស់​ទេ»

ភស្តុតាង​មួយ​ចំនួន​ដែល​បញ្ជាក់​ពី​ការ​រស់​នៅ​របស់​ជន​ជាតិ​ខ្មែរ​នៅ​ទី​នោះ គឺ​ការ​រក​ឃើញ​សិលា​ចារឹក​តាំង​ពី​ក្នុង​សម័យ​នគរភ្នំ សម័យ​ចេនឡា​និង​សម័យ​អង្គរ​ជាដើម។

សាស្រ្តាចារ្យ​ផ្នែក​សិលា​ចារឹក​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក យាង វីរបុត្រ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ទី​ណា​មាន​សិលា​ចារឹក​ខ្មែរ​ទី​នោះ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​គ្រប់គ្រង​របស់​ខ្មែរ​នៅ​តំបន់​នោះ ហើយ​ទឹក​ដី​ដែល​ថៃ​កាន់​កាប់​សព្វថ្ងៃ​នេះ  ភាគ​ច្រើន​ជា​អតីត​ទឹក​ដី​ចេនឡា​គោក​របស់​ខ្មែរ។

លោក យាង វីរបុត្រ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ ៖ «នៅ​ដែន​ដី​សុរិន្ទ​ហ្នឹង គេ​រក​ឃើញ​សិលា​ចារឹក​ជាច្រើន ជា​ភាសា​ខ្មែរ​និង​សំស្រ្កឹត តាំង​ពី​សិលា​ចារឹក​មុន​អង្គរ​និង​ក្រោយ​អង្គរ ជា​ពិសេស​គឺ​ស្ដេច​ដែល​មាន​ឈ្មោះ​ល្បី​ជាង​គេ​ហ្នឹង គឺ​ព្រះបាទ​ជយវរ្ម័ន​ទី​៧​ផង​ដែរ។ កាល​ជំនាន់​ដែល​អង្គ​មហាក្សត្រ​ខ្មែរ​យើង​តាំង​ពី​សម័យ​មុន​អង្គរ​និង​អង្គរ​ហ្នឹង​ទៅ​កសាង​នៅ​លើ​ទឹក​ដី​មួយ​ចំនួន​នៅ​ឯ​ប្រទេស​ថៃ​ហ្នឹង តាម​ពិត​កាល​ជំនាន់​នោះ ទឹក​ដី​ទាំង​អស់​ហ្នឹង​មិន​មែន​ជា​ទឹក​ដី​ដែល​មាន​ន័យ​ថា ជា​ទឹក​ដី​ថៃ​ទេ គឺ​ជា​ទឹក​ដី​មួយ​ដែល​គ្រប់គ្រង​ដោយ​ព្រះមហាក្សត្រ​ខ្មែរ​ដោយ​ផ្ទាល់​តែម្ដង ជា​ទឹក​ដី​ខ្មែរ​តែម្ដង អត់​មាន​ឈ្មោះ​ថា​ថៃ​អី​ទេ»

ក្រៅ​ពី​នេះ​អ្នក​ជំនាញ​ក៏​បាន​ស្រាវជ្រាវ​រក​ឃើញ​ពី​ប្រភព​រវាង​ភាសា​ខ្មែរ​និង​ភាសា​ថៃ ដែល​បញ្ជាក់​ពី​ការ​រស់​នៅ​របស់​មនុស្ស​នៅ​តាម​តំបន់​របស់​ខ្លួន​ផង​ដែរ។

អនុ​ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា លោក ច័ន្ទ សំណព្វ បណ្ឌិត​ផ្នែក​ភាសា​វិទ្យា​មាន​ប្រសាសន៍​ថា ៖ «ខ្មែរ​សុរិន្ទ​គឺ​ខ្មែរ​ហ្នឹង​ហើយ ភាសា​ខ្មែរ​យើង​តែម្ដង អត់​មាន​ខុស​គ្នា​ទេ ខុស​ពី​ភាសា​ថៃ។ ថៃ​គឺ​ជា​ភាសា​មួយ​ដែល​ស្ថិត​នៅ​ក្នុង​អំបូរ​ពីនរទីបេតាំង ហើយ​ពីនរ​ទីបេតាំង​ហ្នឹង ពីន​ហ្នឹង​ចិន ហើយ​ទីបេតាំង គឺ​ទីបេ​ហ្នឹង បាន​ន័យ​ថា ចន្លោះ​ចិន​និង​ទីបេ ចំណែក​ខ្មែរ​យើង​ជា​ភាសា​មេ​នៅ​ក្នុង​តំបន់​អាស៊ី​ហ្នឹង ដែល​រួម​ជាមួយ​នឹង​ភាសា​មន​បង្កើត​បាន​ជា​គ្រួសារ​មួយ គេ​ហៅ​ថា គ្រួសារ​ខ្មែរ​មន ឬ​មន​ខ្មែរ»

ទឹក​ដី​ខ្មែរ​ដែល​ត្រូវ​កាន់​កាប់​ដោយ​ប្រទេស​ថៃ​បច្ចុប្បន្ន​មាន​ចំនួន​១២​ខែត្រ និង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​រស់​នៅ​ប្រហែល​៥​លាន​នាក់ នេះ​បើ​តាម​ការ​អះអាង​របស់​បណ្ឌិត មីសែល ត្រាណេ។ ការ​សិក្សា​អំពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​សុរិន្ទ ក៏​ដូច​ជា​នៅ​ក្នុង​ទឹក​ដី​ថៃ នឹង​ផ្តល់​សារប្រយោជន៍​ជាច្រើន​សម្រាប់​អ្នក​ស្រាវជ្រាវ​ជំនាន់​ក្រោយ ទាំង​ផ្នែក​ប្រវត្តិសាស្រ្ត​និង​សម្បត្តិ​វប្បធម៌។

អគ្គ​លេខាធិការ​នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា បណ្ឌិត ស៊ុំ ឈុំប៊ុន មាន​ប្រសាសន៍​ថា ការ​សិក្សា​ពី​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ប្រជាជន​ខ្មែរ​នៅ​ទឹក​ដី​ថៃ គឺ​ជា​ការ​លើក​តម្លៃ​អ្នក​ដែល​មាន​សែ ​លោហិត​ជា​មួយ​ខ្មែរ ដើម្បី​ជា​ការ​ចូល​រួម​ចំណែក​ថែ​រក្សា​អត្តសញ្ញាណ​របស់​បង​ប្អូន​ទាំង​នោះ​ឲ្យ​បាន​គង់វង្ស​ផង​ដែរ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Jan 18, 2010 02:05 PM

We are all Khmer people feel very sory for all the lost land. We don't want to loose anymore land so we need to unite and don't let neigboring countries take our land anymore.

Anonymous
Jan 17, 2010 08:56 AM

according to my grandfather we lost our homeland because of the king's family.
They never get along between Sisowat and Norodom one ask Thai to help and the other one ask Vietnam .The rest is history.

Anonymous
Jan 18, 2010 01:58 PM

Why they not mention about Khmer Krom also?