អូស្ត្រាលី​សន្យា​ផ្ដល់​ជំនួយ​ថវិកា​ដល់​សាលាក្ដី​ខ្មែរ​ក្រហម

សាលាក្តីខ្មែរក្រហម បានទទួលការប្រកាស សន្យាផ្តល់ ជំនួយថវិកា ពីប្រទេសអូស្ត្រាលី នូវចំនួនទឹកប្រាក់ កន្លះលាន ដុល្លារអូស្ត្រាលី ដើម្បីបន្តការងារ ជំហានទីពីររបស់ខ្លួន ។
ដោយ ឡេង ម៉ាលី
2008.04.04

ការប្រកាសឱ្យដឹងនេះ បានធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មាន រួមគ្នាមួយ របស់លោក សុខ ឤន ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រី នៃប្រទេសកម្ពុជា និងលោក បប់ ម៉័កម៉័លលែន (Bob McMullan) រដ្ឋមន្ត្រី ទទួលបន្ទុក ជំនួយកិច្ចការ អភិវឌ្ឍន៍អន្តរជាតិ នៃប្រទេស អូស្ត្រាលី ។ សន្និសីទសារព័ត៌មាន រួមគ្នានេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី ៣ មេសា ឆ្នាំ ២០០៨ នៅឯ ទីស្តីការគណៈរដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ។

តាមប្រសាសន៍របស់លោក បប់ ម៉័កម៉័លលែន រដ្ឋមន្ត្រី ទទួលបន្ទុក ជំនួយកិច្ចការ អភិវឌ្ឍន៍អន្តរជាតិ នៃប្រទេស អូស្ត្រាលី បានប្រកាសឱ្យដឹង ដូច្នេះថា ៖ «យើងនៅតែផ្តោត លើការផ្តល់យុត្តិធម៌ ឱ្យបានពេញលេញ និង មានប្រសិទ្ធភាព អំពីបញ្ហានេះ»

លោកឧបនាយករដ្ឋមន្ត្រី សុខ ឤន មានប្រសាសន៍ថា ប្រទេសអូស្ត្រាលី ជាប្រទេស មុនគេហើយ ដែលបានប្រកាស សន្យា ផ្តល់វិភាគទាន ៥០ម៉ឺន ដុល្លារអូស្ត្រាលី ដល់ សាលាក្តីខ្មែរក្រហម សម្រាប់ដំណាក់ទីពីរ បន្ទាប់ពីសាលាក្តីនេះ បានអំពាវនាវ រកថវិកាបន្ថែម នាពេលថ្មីៗនេះ ដោយលោក មានប្រសាសន៍ បន្ថែមដូច្នេះ ៖ «ឯកឧត្តម បប់ ម៉័កម៉័លលែន កំពុងប្រកាសមុនគេ អំពី ការផ្តល់ថវិកាវិភាគទាន ហើយ យើងស្វាគមន៍ ការប្រកាសដទៃទៀត»

លោកឧបនាយករដ្ឋមន្ត្រី សុខ ឤន ក៏បានបញ្ជាក់ជាថ្មីថា ថវិកា របស់ សាលាក្តីខ្មែរក្រហម សម្រាប់ ដំណាក់កាលទីមួយ នឹងត្រូវអស់ នៅចុងឆ្នាំ ២០០៨ នេះហើយ ហើយសាលាក្តី កំពុងត្រូវការ ថវិកាបន្ថែម ដើម្បីឱ្យដំណើររបស់ខ្លួន ប្រព្រឹត្តទៅ ចប់ចុងចប់ដើម ។

លោកឧបនាយករដ្ឋមន្ត្រី សុខ ឤន រំពឹងថា នឹងមិនមានបញ្ហា ជាមួយថវិកាទេ ព្រោះសាលាក្តីនេះ បានចំណាយថវិកា តិចជាងគេ បើប្រៀបធៀបទៅនឹង សាលាក្តីអន្តរជាតិ ដទៃៗទៀត ។ ហើយលោកថា នេះជាចំណុចខ្លាំង របស់សាលាក្តីខ្មែរក្រហម ។

លោកស្រី ហេលែន ចាវីស មន្ត្រីនាំពាក្យ សម្រាប់ សាលាក្តីខ្មែរក្រហម មានប្រសាសន៍ថា ការសន្យា ផ្តល់ជំនួយ របស់ប្រទេសអូស្ត្រាលីនេះ ជាការលើកទឹកចិត្តមួយ សម្រាប់ ប្រទេសដទៃ ធ្វើតាម ។

សូមជម្រាបជូនថា បច្ចុប្បន្ននេះ សាលាក្តីខ្មែរក្រហម កំពុងស្វែងរក ថវិកា ចំនួន ១១៤ ដុល្លារឤមេរិក បន្ថែមទៀត ដើម្បីបង្គ្រប់ ថវិកាសរុប ចំនួន ១៧០លានដុល្លារ សម្រាប់ ដំណើរការ កាត់ក្តី រឿងរ៉ាវ របស់ មេដឹកនាំខ្មែរក្រហម រហូតដល់នៅឆ្នាំ ២០១១ ៕

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។