ការកាត់ទោស ប៉ុល ពត និង អៀង សារី កាលពី​ឆ្នាំ​១៩៧៩ (ភាគ​៩៦គ)

នាទី​ប្រវត្តិ​នៃ​ដំណើរ​ទៅ​កាន់​វាល​មរណៈ​ភាគ​ទី​៩៦គ​នេះ សូម​លើក​យក​អត្ថបទ​ស្ដីពី​ការកាត់ទោស ប៉ុល ពត និង អៀង សារី កាលពី​ឆ្នាំ​១៩៧៩ មក​ជម្រាប​ជូន។
ដោយ ឡេង ម៉ាលី
2008.10.01

ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ១​៩៧៩ រដ្ឋាភិបាល​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បាន​អនុម័ត​ក្រឹត្យ​ច្បាប់​លេខ​០១ ស្ដីអំពី​ការបង្កើត​តុលាការ​ប្រជាជន​បដិវត្តន៍​នៅ​ភ្នំពេញ ដើម្បី​ជំនុំជម្រះ​លើ​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​របស់ ប៉ុល ពត និង អៀង សារី ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ដើម​ឆ្នាំ​១៩៧៩។

ហើយ​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​១៩៧៩ តុលាការ​ប្រជាជន​បដិវត្តន៍​បាន​ចាប់ផ្តើម​បើក​សវនាការ​កាត់​សេចក្តី​អំពី​បទ​ឧក្រិដ្ឋកម្ម​នេះ​នៅ​ក្នុង​សាល​សន្និសីទ​ចតុមុខ នា​ក្រុង​ភ្នំពេញ។ តុលាការ​នេះ​បាន​ចំណាយ​ពេល​កាត់​សេចក្តី​តែ​៥​ថ្ងៃ​គត់​ដោយ​គ្មាន​វត្តមាន​របស់ ប៉ុល ពត និង អៀង សារី ដែល​ជា​ជន​ជាប់​ចោទ​ឡើយ។

ក្រឹត្យ​ច្បាប់​សម្រាប់​បង្កើត​តុលាការប្រជាជន​និង​ដំណើរការ​ក្តី​របស់ ប៉ុល ពត និង អៀង សារី បាន​កំណត់​ឲ្យ​ប្រធាន​តុលាការ​តែងតាំង​មេធាវី​ដើម្បី​ការពារ​និង​ដោះសា​ជួយ​ជន​ជាប់​ចោទ។

លោក កែវ ចិន្ថា ប្រធាន​តុលាការ​ប្រជាជន​បដិវត្តន៍​នៅ​ពេល​នោះ​បាន​តែងតាំង​មេធាវី​ខ្មែរ​ពីរ​រូប គឺ​លោក ឌិត មន្ទីរ បច្ចុប្បន្ន​ជា​ប្រធាន​តុលាការ​កំពូល និង​លោក យស ប៉ោ ដើម្បី​ការពារ​ចុង​ចោទ ប៉ុល ពត និង អៀង សារី។ លោក ហុប ស្តេវិន មេធាវី​ជនជាតិ​ឤមេរិកកាំង​ក៏​បាន​ចូលរួម​ការពារ​ចុង​ចោទ​ផងដែរ។

សំណុំរឿង​របស់​តុលាការ​ប្រជាជន​បដិវត្តន៍​ដែល​កាត់ទោស​បន​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត អៀង សារី នា​ខែ​សីហា ឆ្នាំ​១៩៧៩ ក្រុម​មេធាវី​របស់​ចុងចោទ​ពុំ​បាន​លើក​ទឡ្ហីករណ៍​ណា​មួយ​ដើម្បី​ការពារ​និង​ជួយ​ដោះ​បន្ទុក​ឲ្យ ប៉ុល ពត និង អៀង សារី ដែល​ជា​កូនក្តី​របស់​ខ្លួន​ឡើយ ហើយ​រាល់​ការចោទ​ប្រកាន់​ដែល​ក្រុម​អយ្យការ​បាន​លើកឡើង ក្រុម​មេធាវី​ទាំង​នោះ​ក៏​ពុំ​បាន​ជជែក​ដេញដោល​ឬ​ជំទាស់​ដើម្បី​ដោះ​បន្ទុក​ដល់​កូនក្តី​របស់​ខ្លួន​ដែរ។

លោក ឆាំង យុ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ពួក​គេ​មិន​អាច​បំពេញ​តួនាទី​ទៅ​តាម​គតិយុត្តិ​បាន​ឡើយ ដោយ​លោក​មាន​ប្រសាសន៍​ដូច្នេះ ៖ «ការកាត់ទោស​កំបាំង​មុខ​អ៊ីចឹង វា​អត់​មាន​ដំណើរការ​មួយ​ដែល​វា​ត្រឹមត្រូវ ដោយសារ​ថា​យើង​អត់​មាន​ខាង​ជន​ចុង​ចោទ​មក​ឆ្លើយ​ដោះ​បន្ទុក​អំពី​អ្វី​ដែល​បាន​ចោទ។ ហើយ​មួយ​ទៀត នៅ​ក្នុង​ពេល​នោះ​យើង​មាន​មេធាវី​ការពារ​ក៏​ដោយ ប៉ុន្តែ​នៅ​ក្នុង​គំនិត​មួយ​ថា ទាំងអស់​ហ្នឹង​ជា​អ្នក​បាន​ធ្វើ​ខុស​អ៊ីចឹង»

នៅ​ចំពោះ​មុខ​តុលាការ លោក​មេធាវី ឌិត មន្ទីរ បាន​ថ្លែង​ដូច្នេះ​ថា ៖ "ខ្ញុំ​គ្មាន​ពាក្យ​អ្វី​នឹង​ជជែក​រក​ខុស​ត្រូវ​ជាមួយ​សមមិត្ត​តំណាង​អយ្យការ​ទេ ចំពោះ​អំពើ​ឧក្រិដ្ឋ និង​បំណង​ឧក្រិដ្ឋ​របស់​ជន​ជាប់​ចោទ​ទាំង​ពីរ​រូប​នេះ"។

មូលហេតុ​នៃ​ការថ្លែង​ដូច្នេះ​គឺ​ឤច​បណ្តាល​មក​ពី​ពេលវេលា​នៃ​ការបើក​សវនាការ​នោះ​ធ្វើ​ឡើង​ក្នុង​រយៈពេល​ទើបតែ​ប្រមាណ​៧​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​ផ្តួល​រំលំ។ ប្រជាជន​ខ្មែរ​ភាគ​ច្រើន​រួម​ទាំង​មេធាវី​ដែល​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ការពារ​ជន​ជាប់​ចោទ ប៉ុល ពត និង អៀង សារី គឺ​សុទ្ធតែ​ជា​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម។ អ្នក​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​សុទ្ធតែ​បាន​បាត់បង់​ញាតិ​មិត្ត​ជិត​ឆ្ងាយ​របស់​ខ្លួន។ ក្នុង​ចិត្ត​របស់​អ្នក​ទាំង​នោះ​ពោរពេញ​ទៅ​ដោយ​កំហឹង​ឈឺ​ចាប់ ហេតុ​ដូច្នេះ​នៅ​ក្នុង​ចិត្ត​មេធាវី​របស់​ចុង​ចោទ​មាន​ភាព​អគតិ​រួច​ទៅ​ហើយ។

លោក សុខ សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា ការកាត់ក្តី​កំបាំង​មុខ ភាគី​មេធាវី​ចុង​ចោទ​មិន​ត្រឹមតែ​មិន​បាន​ការពារ ប៉ុល ពត និង អៀង សារី ដែល​ជា​កូនក្តី​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ពង្រីក​វិសាលភាព​ចោទ​ប្រកាន់​កូនក្ដី​ខ្លួន​ទៀត​ផង។

លោក សុខ សំអឿន បាន​មាន​ប្រសាសន៍​ថា ៖ «បើ​យើង​មើល​កំណត់​ហេតុ​ហ្នឹង មេធាវី​ហាក់​ដូច​ជា​លើក​ឡើង​ពី​កំហុស​របស់​កូន​ក្ដី​ខ្លួន​ទៅ​ទៀត។ តាម​កំណត់​ហេតុ​ដែល​មាន​ហ្នឹង​គឺ​ពិត​ជា​មិន​មែន​ការពារ​ដូច​ជា​មេធាវី​ដែល​មាន​អាជីព​ទេ»

ភាគី​មេធាវី​ចុងចោទ​ក៏​បាន​រិះគន់​និង​ថ្កោលទោស​ប្រទេស​ចិន​ផងដែរ​ថា​ជា​šពួក​អនុត្តរ​ភាព› ឬ​ពួក​វាតទី​និយម​ចិន​ប៉េកាំង ព្រមទាំង​បាន​ថ្កោលទោស​ចិន​ថា​ជា​អ្នក​គាំទ្រ​របប​ខ្មែរ​ក្រហម។

លោក ឆាំង យុ ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​គ្រា​នោះ​តុលាការ​ប្រជាជន​បដិវត្តន៍​ក៏​បាន​អញ្ជើញ​មេធាវី​អន្តរជាតិ​ដើម្បី​ឲ្យ​មក​បញ្ចេញ​យោបល់​ចំពោះ​ការកាត់​សេចក្តី​នោះ​ផងដែរ។

លោក ឆាំង យុ បាន​ឲ្យ​ដឹង​ថា ៖ «មេធាវី​មាន មាន​អាមេរិកាំង មាន​អាល្លឺម៉ង់ មាន​ជប៉ុន មាន​ប្រទេស​ផ្សេងៗ​ទៀត​ដែរ ប៉ុន្តែ​គ្រាន់តែ​ចំនួន​តិច​កាល​ហ្នឹង»

មេធាវី​អន្តរជាតិ​ទាំង​នោះ​សុទ្ធតែ​បាន​បញ្ចេញ​ទស្សនៈ​គាំទ្រ​ចំពោះ​តុលាការ​ប្រជាជន​បដិវត្តន៍ ហើយ​ថែមទាំង​ថ្កោលទោស ប៉ុល ពត និង អៀង សារី ថា​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​ពិត​ប្រាកដ​មែន។

នៅ​ក្នុង​គ្រា​នោះ​ដែរ គណៈកម្មាធិការ​មជ្ឈិម​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ក៏​បាន​ឧទ្ទេសនាម​ក្រុមប្រឹក្សា​ប្រជាជន​អម​តុលាការ​ចំនួន​១០​រូប រួម​មាន​តំណាង​កម្មករ គ្រូ​បង្រៀន រដ្ឋាភិបាល យោធា គ្រូពេទ្យ និង​អ្នក​មាន​បរិញ្ញាបត្រ​ច្បាប់​ម្នាក់ គឺ​លោក ឈូ លាងហួត។

សាក្សី​តំណាង​ប្រមាណ​ជាង​៥០​នាក់​ត្រូវ​បាន​កោះហៅ​ឲ្យ​ចូលរួម​បំភ្លឺ​នៅ​ក្នុង​សវនាការ​នោះ​ដែរ ក្នុង​នោះ​ក៏​មាន​ព្រះតេជ​ព្រះគុណ ទេព វង្ស ដែល​បច្ចុប្បន្ន​ជា​សម្តេច​ព្រះសង្ឃរាជ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ផង​ដែរ។

លោក ឆាំង យុ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ថ្លែង​បញ្ជាក់​ដូច្នេះ ៖ «ជា​ទូទៅ​ខ្ញុំ​រងគ្រោះ​ដោយ​ផ្ទាល់ មក​ជា​ក្រុម​តំណាង​ឲ្យ​បញ្ញវន្ត និស្សិត ព្រះសង្ឃ និង​សាសនា​អ៊ិស្លាម​អ៊ីចឹង។ ហើយ​ឯកសារ​មួយចំនួន​ប្រហែល​ជា​នៅ​សេសសល់ ឬ​ក៏​គេ​រកឃើញ​គឺ​ជា​ឯកសារ​ទាក់ទង​នឹង​កំណត់​ហេតុ​របស់​គណៈមជ្ឈិម​នៃ​បក្ស​កុម្មុយនីស្ដ​កម្ពុជា​ត្រូវ​បាន​ប្រើប្រាស់​មួយចំនួន​តូច​ដែរ។ ប៉ុន្តែ​ជាទូទៅ​ពេល​នោះ​គឺ​សាក្សី​របស់​ជន​រងគ្រោះ​ផ្ទាល់»

តុលាការ​ប្រជាជន​បដិវត្តន៍​ដែល​ជំនុំជម្រះ​លើ​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​កាលពី​ឆ្នាំ​១៩៧៩​នោះ គឺ​ជា​តុលាការ​លើក​ទី​មួយ​ហើយ​នៅ​លើ​សកលលោក បើ​ទោះបី​ជា​ធាតុ​ផ្សំ​និង​ពាក្យពេចន៍​ដែល​បាន​ប្រើ​សម្រាប់​កំណត់​និយមន័យ​ប្រល័យ​ពូជ​សាសន៍​មាន​លក្ខណៈ​ទូលំ​ទូលាយ​ជាង​ខ្លឹមសារ​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍​ដែល​មាន​ចែង​នៅ​ក្នុង​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ក៏​ដោយ។

នៅ​ថ្ងៃ​បញ្ចប់​សវនាការ​មេធាវី​ចុងចោទ​ដែល​ជា​ជនជាតិ​ឤមេរិកាំង​ម្នាក់​ឈ្មោះ ហប់ ស្ទីវិន បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​ក្នុង​នាម​តំណាង​ឲ្យ​កូនក្តី​របស់​ខ្លួន គឺ ប៉ុល ពត និង អៀង សារី។ លោក ហប់ ស្ទីវិន បាន​រិះគន់​ប្រទេស​ចិន សហរដ្ឋឤមេរិក និង​ប្រទេស​មូលធន​និយម​មួយចំនួន​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​កើត​មាន​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល​នោះ លោក ហប់ ស្ទីវិន បាន​បន្ថែម​ថា šឥឡូវ​នេះ​វា​បាន​បង្ហាញ​ដល់​មនុស្ស​គ្រប់​គ្នា​នៅ​លើ​សកល​លោក​ឲ្យ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា ប៉ុល ពត និង អៀង សារី គឺ​ជា​បន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ដ៏​ឆ្កួត​លីលា​និង​មាន​បាត​ដៃ​ប្រឡាក់​ឈាម›។

អ្នក​ច្បាប់​ខ្លះ​បាន​លើក​ឡើង​ថា បើ​ទោះ​ជា​មាន​មនុស្ស​ជា​ច្រើន​បាន​យល់​ស្រប​នឹង​សវនាការ​នោះ​ក៏​ដោយ ក៏ប៉ុន្តែ​បើ​ផ្អែក​តាម​ផ្លូវ​ច្បាប់​នៅ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ឡើយ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។