សង្គម​ស៊ីវិល៖ សេចក្តី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី​គឺ​រឹត​ត្បិត​សេរីភាព​បញ្ចេញ​សារ​នយោបាយ​ដ៏​អាក្រក់​បំផុត

ដោយ ជី វិតា
2015-03-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​ទីក្រុង​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​ទីក្រុង​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣។
Photo: RFA

មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ព្រមាន​ថា សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត និង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទើប​បាន​ព្រមព្រៀង​គ្នា​នោះ អាច​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​គាប​សង្កត់​ដល់​ការ​បញ្ចេញ​សារ​នយោបាយ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។

លើស​ពី​នេះ​ទៀត សេចក្តី​ព្រាង​ច្បាប់​ថ្មី​ដែល​អ្នក​ច្បាប់​យល់​ថា នឹង​ផ្តល់​ផល​ប្រយោជន៍​នយោបាយ​ច្រើន​ដល់​គណបក្ស​កាន់​អំណាច​ទាំង​ខុស​ច្បាប់​នោះ ក៏​អាច​ធ្វើ​ឲ្យ គ.ជ.ប ដែល​ត្រូវ​ប្រកាន់​ជំហរ​ឯករាជ្យ​ឋិត​ក្រោម​ឥទ្ធិពល​របស់​រដ្ឋាភិបាល។

ទាក់ទង​នឹង​ការ​ដាក់​ទណ្ឌកម្ម​រហូត​ដល់​ទោស​ព្រហ្មទណ្ឌ ចំពោះ​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​ដែល​និយាយ​ប្រមាថ​ដល់​អ្នក​នយោបាយ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​នោះ លោក ប្រ៊ែដ អាដាម (Brad Adams) នៃ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និយាយ​ថា នេះ​ជា​ការ​ដើរ​ថយ​ក្រោយ​មួយ​ទៀត ហើយ​ក្រុម​សិទ្ធិ​មនុស្ស​នឹង​ថ្កោលទោស​ចំពោះ​គណបក្ស​ទាំង​ពីរ៖ «ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ យល់​ព្រម​តាម​ការ​ទាមទារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដាក់​ទោស​ព្រហ្មទណ្ឌ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មែន​នោះ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ និង​អង្គការ​សិទ្ធិ​មនុស្ស​ដទៃ​ទៀត នឹង​ចាប់​ផ្តើម​មាន​សំណួរ​ថា តើ​គណបក្ស​ប្រឆាំង​មួយ​នេះ​ពិត​ជា​មាន​គោលការណ៍​ការពារ​សិទ្ធិ​មនុស្ស​មែន​ឬ​ទេ ហើយ​សហគមន៍​សិទ្ធិ​មនុស្ស​គួរ​តែ​ជឿជាក់​លើ​គណបក្ស​នេះ​ទៀត​ដែរ​ឬ​ទេ នៅ​ថ្ងៃ​អនាគត? ខ្ញុំ​យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​គួរ​សម្រប​សម្រួល​យល់​ព្រម​បង្កើត​បញ្ញត្តិ​ថ្មី​បែប​នេះ​ទៅ​ក្នុង​ច្បាប់​ឡើយ។ រយៈពេល​ម្ភៃ​ឆ្នាំ​មក​នេះ យើង​បាន​តស៊ូ​មតិ​យ៉ាង​ស្វិតស្វាញ​ប្រឆាំង​ទប់ស្កាត់​ការ​ប៉ុនប៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ម្តង​ហើយ​ម្តង​ទៀត មិន​ឲ្យ​ធ្វើ​ច្បាប់​ដាក់​ទោស​ព្រហ្មទណ្ឌ ឬ​ទោស​ជាប់​ពន្ធនាគារ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ធ្វើ​ការងារ​បញ្ចេញ​យោបល់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ»

លោក ប្រ៊ែដ អាដាម បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត គឺ​ជា​ពេលវេលា​ដ៏​សំខាន់​បំផុត​ជាង​ពេល​ណាៗ​ទាំងអស់ សម្រាប់​ការ​បញ្ចេញ​សារ​នយោបាយ៖ «ការ​រឹត​ត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​សារ​ក្នុង​ពេល​បោះ​ឆ្នោត គឺ​ជា​ការ​រឹត​ត្បិត​ដ៏​អាក្រក់​បំផុត។ ការ​និយាយ​ស្តី​បញ្ចេញ​សារ​នយោបាយ​ឲ្យ​បាន​ច្រើន​អតិបរិមា ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត គឺ​មាន​សារសំខាន់​បំផុត​សម្រាប់​គ្រប់​ភាគី​ទាំងអស់ នេះ​ហើយ​ជា​គោលការណ៍​មូលដ្ឋាន​ស្នូល​នៃ​ការ​បោះ​ឆ្នោត។ ការ​រឹត​ត្បិត​មិន​ឲ្យ​សម្ដែង​សារ​នយោបាយ​ក្នុង​ពេល​ដ៏​សំខាន់​នេះ ជា​ការ​ខុស​ឆ្គង​ខ្លាំង​ណាស់។ អ្វី​ដែល​ខ្ញុំ​ព្រួយ​បារម្ភ​នោះ គឺ​ថា ដោយសារ​តែ​គណបក្ស​នយោបាយ​មួយ​គ្រប់គ្រង​ប៉ូលិស និង​តុលាការ គណបក្ស​នោះ​អាច​ប្រើប្រាស់​ស្ថាប័ន​ទាំង​នេះ​តាម​អំពើ​ចិត្ត គាប​សង្កត់​គេ​ឯង​ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​នយោបាយ​ឲ្យ​ខ្លួន​ឯង។ តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល ក៏ដូចជា​មនុស្ស​ដទៃ​ទៀត​ដែរ ប្រសិន​បើ​ពួក​គេ​និយាយ​ញុះញង់​អំពើ​ហិង្សា គឺ​ត្រូវ​មាន​ទោស​ព្រហ្មទណ្ឌ។ ប៉ុន្តែ​បើ​ពួក​គេ​បញ្ចេញ​មតិ ទោះ​ជា​មតិ​នោះ​អវិជ្ជមាន​ចំពោះ​បុគ្គល​ណា​ម្នាក់​ក៏ដោយ ក៏​វា​ជា​សិទ្ធិ​របស់​ពួក​គេ​ក្នុង​ការ​បញ្ចេញ​មតិ ហើយ​ច្បាប់​ត្រូវ​តែ​ការពារ​ពួក​គេ។ សូម​យល់​ឲ្យ​ច្បាស់​ត្រង់​ចំណុច​នេះ។ មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ច្បាប់​បោះ​ឆ្នោត។ ពួក​គេ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស ហើយ​អាច​និយាយ​ខ្លាំងៗ​ត្រង់​ចំៗ​ទៅ​លើ​ការ​អនុវត្ត​ភារកិច្ច និង​អំពើ​ប្រព្រឹត្ត​របស់​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​យោធា ឬ​មន្ត្រី​ប៉ូលិស ហើយ​ការ​និយាយ​ទាំង​នោះ ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​អន្តរជាតិ។ វា​មិន​អាច​ទទួល​យក​បាន​ទេ នៅ​ពេល​គណបក្ស​មួយ​សម្រប​សម្រួល​គ្នា​ផ្នែក​នយោបាយ ដើម្បី​រឹត​ត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​សារ​របស់​ពលរដ្ឋ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​នោះ»

ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​បាន​បញ្ចូល​បញ្ញត្តិ​ថ្មី​មួយ​ដែល​នាំ​ឲ្យ​មាន​ទោស​ព្រហ្មទណ្ឌ​ជាប់​ពន្ធនាគារ​នោះ មាន​ខ្លឹមសារ​ថា អ្នក​ដែល​បញ្ចេញ​សារ​ជេរ​ប្រមាថ​ឥស្សរជន​នយោបាយ អាច​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល​ទៅ ៣០​លាន​រៀល ដោយ​មិន​ទាន់​គិត​ពី​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត។ ទោះ​ជា​យ៉ាង​ណា គណបក្ស​សង្គ្រោះ​ជាតិ ដែល​សុខ​ចិត្ត​យល់​ព្រម​ទទួល​យក​បញ្ញត្តិ​នេះ បាន​ទាមទារ​បន្ថែម​ពាក្យ​មួយ​ឃ្លា​ថា មិន​មាន​ទោស​ជេរ​ប្រមាថ​ទេ ប្រសិន​បើ​វា​ជា​ការ​បញ្ចេញ​មតិ។

លោក ប្រ៊ែដ អាដាម (Brad Adams) ដែល​ជា​អ្នក​ច្បាប់​ផង​នោះ​បញ្ជាក់​ថា បើ​ទោះ​ជា​មាន​បន្ថែម​ឃ្លា​ការពារ​បែប​នោះ​ក្តី វា​នៅ​តែ​មិន​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​ការ​បកស្រាយ​ច្បាប់​តាម​អំពើ​ចិត្ត​នោះ​ឡើយ ដោយសារ​តែ​តុលាការ​មិន​ឯករាជ្យ។ លោក​ថា វា​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​នៅ​ពេល​សរសេរ​ច្បាប់​បញ្ចូល​ពាក្យ​ពេចន៍​គ្មាន​និយម​ន័យ​ច្បាស់លាស់ ពីព្រោះ​វា​អាច​ត្រូវ​តុលាការ​ក្រោម​ឥទ្ធិពល​បក្ស​នយោបាយ​បកស្រាយ​តាម​អំពើ​ចិត្ត៖ «ពាក្យ​ថា​ជេរ​ប្រមាថ មិន​អាច​កំណត់​និយម​ន័យ​បាន​ទេ​នៅ​ក្នុង​ច្បាប់។ វា​មិន​មែន​ពាក្យ​ច្បាប់​ទេ។ ចំពោះ​មនុស្ស​ម្នាក់ គាត់​អាច​យល់​ឃើញ​ថា សម្ដី​និយាយ​ចេញ​មក​ណា​មួយ​នោះ គឺ​ជា​ការ​រិះគន់ ប៉ុន្តែ​សម្រាប់​មនុស្ស​ម្នាក់ គាត់​អាច​យល់​ឃើញ​ថា វា​ជា​ការ​ជេរ​ប្រមាថ។ ការ​និយាយ​សម្ដែង​ចេញ​ណា​មួយ ត្រូវ​អ្នក​ខ្លះ​មើល​ឃើញ​ថា គឺ​ជា​ការ​វិភាគ​នយោបាយ តែ​អ្នក​ខ្លះ​មើល​ឃើញ​ថា​ជា​ការ​ជេរ​ប្រមាថ។ នៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា ចោទ​ប្រកាន់​នរណា​ម្នាក់ ហើយ​បញ្ជូន​ទៅ​តុលាការ តុលាការ​នឹង​ធ្វើ​តាម​បញ្ជា​របស់​គណបក្ស​កាន់​អំណាច​មួយ​នេះ។ ដូច្នេះ វា​ជា​យុទ្ធសាស្ត្រ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ពេល​បោះ​ឆ្នោត។ ពេលវេលា​សម្រាប់​ការ​បញ្ចេញ​មតិ​គ្មាន​ពេល​ណា​សំខាន់​ចាំបាច់​ជាង​អំឡុង​ពេល​បោះ​ឆ្នោត​នោះ​ទេ នេះ​ហើយ​ជា​គោល​បំណង​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ។ ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត គណបក្ស និង​បេក្ខជន​ឈរ​ឈ្មោះ​ដាក់​បង្ហាញ​គំនិត​នយោបាយ​របស់​ខ្លួន។ ពេល​ខ្លះ គំនិត ឬ​សារ​នយោបាយ​របស់​ពួក​គេ អាច​ត្រូវ​បាន​រិះគន់​ខ្លាំងៗ នេះ​ហើយ​ជា​រឿង​ធម្មតា​របស់​ការ​ធ្វើ​នយោបាយ»

ក្រោយ​ការ​បោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស​ឆ្នាំ​២០១៣ គណបក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំង​ពីរ បាន​ស្រុះស្រួល​គ្នា​ធ្វើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ​ការ​បោះ​ឆ្នោត ដើម្បី​ធ្វើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ក្លាយ​ជា​ស្ថាប័ន​ឯករាជ្យ ដែល​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ។ ប៉ុន្តែ លោក គល់ បញ្ញា មន្ត្រី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត សម្ដែង​ការ​ខក​ចិត្ត ដោយសារ​ច្បាប់​ថ្មី​ទំនង​ជា​ដាក់​អគ្គលេខាធិការដ្ឋាន គ.ជ.ប ឲ្យ​ឋិត​ក្រោម​ចំណុះ​រដ្ឋាភិបាល​ទៅ​វិញ៖ «សំឡេង»។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី ប្រធាន​ក្រុម​ការងារ​ចរចា​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន មាន​ប្រសាសន៍​ថា មិន​អាច​ធ្វើ​ច្បាប់​ឲ្យ​ល្អ​ឥត​ខ្ចោះ​បាន​នោះ​ទេ៖ «សំឡេង»។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​រូប​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​មិន​ពេញ​ចិត្ត​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​បោះ​ឆ្នោត ដែល​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា ខណៈ​ការ​ចរចា​ច្បាប់​បោះ​ឆ្នោត​នេះ​កំពុង​ប្រព្រឹត្ត​ទៅ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន កំពុង​ឋិត​នៅ​ក្នុង​ពន្ធនាគារ។

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រួម​គ្នា​ដឹក​នាំ​សិក្ខា​សាលា​សាធារណៈ​មួយ​ស្ដីពី​សេចក្តី​ព្រាង​ច្បាប់​បោះ​ឆ្នោត និង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថ្មី​នេះ នៅ​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​មីនា ឆ្នាំ​២០១៥ នេះ នៅ​ឯ​វិមាន​រដ្ឋសភា ដែល​សិក្ខា​សាលា​នោះ​ត្រូវ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា សម្រាប់​បង្គ្រប់​កិច្ច​តែ​ប៉ុណ្ណោះ។

លោក គល់ បញ្ញា ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) និង​ជា​តំណាង​ឲ្យ​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ព្រម​ទាំង​ក្រុម​សង្គម​ស៊ីវិល​ផ្សេង​ទៀត ទទូច​ឲ្យ​គណបក្ស​ទាំង​ពីរ​ពិចារណា​នូវ​ចំណុច​អវិជ្ជមាន​ទាំង​ឡាយ​ដែល​សង្គម​ស៊ីវិល​បាន​លើក​ឡើង។ បើ​មិន​ដូច្នេះ​ទេ សេចក្តី​ព្រាង​ច្បាប់​បោះ​ឆ្នោត និង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​អាច​ក្លាយ​ជា​ច្បាប់​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ នឹង​មិន​អាច​ធានា​ឲ្យ​កម្ពុជា មាន​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី យុត្តិធម៌ និង​អាច​ជឿ​ទុក​ចិត្ត​បាន​នៅ​ពេល​ខាង​មុខ​នោះ​ទេ ហើយ​ជា​ផល​វិបាក​នោះ កម្ពុជា នឹង​នៅ​តែ​ជួប​ប្រទះ​ភាព​ចម្រូងចម្រាស​ក្រោយ​ការ​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

ហាន់យុទ្ធ

ពី តាកែវ

គណបក្សសង្រ្គោះជាតិ មិនខុសពីយក្សផុងខ្លួន ជាប់ជុចទេ តែហ៊ានរើរបន្តិច ជុចកាន់តែរិបបន្តិចដែរ ហេតុនេះត្រូវតែសម្របខ្លួនដើម្បីដកដង្ហើមយករស់សិន។

Mar 07, 2015 05:54 PM

ហានិភ័យ

ពី តាកែវ

លោកប្រេតអាដាំ និយាយត្រូវ ការរិះគន់អាចត្រូវគេចោទជាការជេប្រមាទ ។តុលាការខ្មែរឃើញសថាខ្មៅ ខ្មៅថាស ដូចការរិះគន់ ចោទកាឡៃថាជាការញុះញង់ បរិហាកេរ្ត៏ ជាដើម។

Mar 07, 2015 05:40 PM

គេហទំព័រ​ទាំងមូល