ទោស​ទាក់ទង​ការ​ឆបោក​និង​ការ​រំលោភ​លើ​ទំនុក​ចិត្ត

ការ​លក់​ដូរ​កសិផល ឬ​ផលិត​ផល​នានា ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ដើម្បី​ចៀសវាង​ការ​បាត់បង់​ផល​ប្រយោជន៍ ដូចជា មិន​បាន​ទទួល​ប្រាក់​គ្រប់​ចំនួន​ជាដើម។ ប៉ុន្តែ បើ​សិន​ជា​មិន​បាន​ទទួល​ប្រាក់​គ្រប់​ចំនួន​ពី​ការ​លក់​ដូរ​នោះ តើ​អ្នក​លក់​អាច​ប្ដឹង​បាន​ឬ​ទេ? តើ​ប្ដឹង​ពី​បទ​អ្វី? ហើយ​អ្នក​ជំពាក់​គេ​នោះ តើ​អាច​មាន​ទោស​ឬ​ទេ?
ដោយ កែវ និមល
2013-06-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​កសិផល​លក់ តែង​តែ​លក់​ជឿ ឬ​ឲ្យ​អ្នក​ទិញ​ជំពាក់​សិន ហើយ​មិន​មាន​សំបុត្រ​ស្នាម​ជា​លិខិត​លាយលក្ខណ៍​អក្សរ​អ្វី​ឡើយ​ចំពោះ​ការ​លក់​ដូរ​កសិផល​នោះ។ ប៉ុន្តែ នៅ​ពេល​ទារ​ប្រាក់​ជំពាក់​មិន​បាន ទើប​បាន​គិត​ថា តើ​មាន​មធ្យោបាយ​យ៉ាង​ណា ដើម្បី​ទារ​ប្រាក់​ជំពាក់​នោះ​ឲ្យ​បាន​មក​គ្រប់​ចំនួន?

កសិករ​មួយ​រូប​នៅ​ខេត្ត​បាត់ដំបង ឈ្មោះ ស៊ីណន បាន​រៀបរាប់​រឿង​ក្នុង​គ្រួសារ​របស់​គាត់​ឲ្យ​ដឹង​ថា គាត់​បាន​លក់​ពោត​ជាច្រើន​តោន​ទៅ​ឲ្យ​ឈ្មួញ​ជា​អ្នក​ដើរ​ប្រមូល​ទិញ។ ក្រោយ​ពី​ទិញ​បាន​ហើយ ឈ្មួញ​នោះ​មិន​បាន​ប្រគល់​ប្រាក់​ថ្លៃ​ពោត​ឲ្យ​គ្រប់​ចំនួន​ឡើយ។ ឈ្មួញ​ទិញ​ពោត​នោះ​បាន​កក់​ប្រាក់​ចំនួន ១​ពាន់​ដុល្លារ ហើយ​ចំនួន​ប្រាក់​នៅ​សល់​ប្រមាណ​ជិត ២​ពាន់​ដុល្លារ​ទៀត គាត់​មិន​ទាន់​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​ពោត​ឡើយ។

កសិករ​ឈ្មោះ ស៊ីណន បាន​ឲ្យ​ដឹង​ថា គាត់​បាន​ទៅ​ទារ​ប្រាក់​ជាច្រើន​លើក​ពី​ឈ្មួញ​ទិញ​ពោត​នោះ ប៉ុន្តែ​ឈ្មួញ​ទិញ​ពោត​នោះ​ចេះ​តែ​ឆ្លើយ​ថា ថ្ងៃ​នេះ ឬ​ថ្ងៃ​នោះ ដោយ​មិន​ព្រម​ប្រគល់​ប្រាក់​ដែល​នៅ​ជំពាក់​នោះ​មក​ឲ្យ​ឡើយ។

លោក ស៊ីណន បាន​ឲ្យ​ដឹង​ថា ជា​ទម្លាប់ កសិករ​នៅ​ប្រទេស​កម្ពុជា មួយ​ភាគ​ធំ ច្រើន​លក់​ដូរ​កសិផល​ទៅ​ឲ្យ​ឈ្មួញ​ដែល​ធ្លាប់​ចូល​មក​ភូមិ ដោយ​មិន​មាន​ក្រដាស​ស្នាម​ជា​លាយលក្ខណ៍​អក្សរ ថា​ឲ្យ​ប្រាក់​មុន​ប៉ុន្មាន នៅ​សល់​ប៉ុន្មាន ហើយ​សន្យា​សង​វិញ​ថ្ងៃ​ណា​នោះ​ឡើយ។ មួយ​វិញ​ទៀត កសិករ​ខ្លះ​មិន​គ្រាន់​តែ​លក់​ដូរ ហើយ​ឲ្យ​ឈ្មួញ​ជំពាក់​ប្រាក់​ដោយ​មិន​មាន​ក្រដាស​ស្នាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជួន​កាល​មិន​មាន​សាក្សី​ដឹង​ឮ​ថា​លក់​ចំនួន​ប៉ុន្មាន ឲ្យ​លុយ​មុន​ប៉ុន្មាន នៅ​ជំពាក់​ប៉ុន្មាន​ទៅ​ទៀត ពីព្រោះ​ការ​លក់​ដូរ​បាន​ប្រាក់​ច្រើន​នេះ បើ​គេ​ដឹង​ឮ​ច្រើន​ពេក អាច​មាន​គ្រោះថ្នាក់​ត្រូវ​ចោរ​មក​ប្លន់​យក​ប្រាក់​ទៀត​ផង។

លោក ស៊ីណន បាន​ឲ្យ​ដឹង​ថា គ្រួសារ​គាត់​ក៏​ដូច​កសិករ​ភាគ​ច្រើន​ដែរ គឺ​លក់​ពោត​នោះ​ឲ្យ​ឈ្មួញ​ជំពាក់​ប្រាក់​មួយ​ចំនួន ហើយ​ថែម​ទាំង​មិន​មាន​សាក្សី​ដឹង​ឮ​ទៀត​ផង។ គាត់​បាន​សាកសួរ​ថា តើ​គាត់​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ឲ្យ​ឈ្មួញ​នោះ​សង​ប្រាក់​មក​ឲ្យ​បាន​មក​គ្រប់​ចំនួន? ក្នុង​ករណី​ដែល​ឈ្មួញ​ទិញ​ពោត​នោះ​មិន​សង តើ​គាត់​អាច​ប្ដឹង​បាន​ឬ​ទេ?

ឆ្លើយ​តប​ចំពោះ​ចម្ងល់​កសិករ ស៊ីណន នេះ លោក​មេធាវី ហុង គឹមសួន ដែល​មាន​មុខ​ងារ​ជា​ប្រធាន​ក្រុម​មេធាវី​នៅ​ក្នុង​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​ទារ​បំណុល​របៀប​នេះ ជា​ដំបូង​គេ​ត្រូវ​ទារ​តាម​មធ្យោបាយ​ត្រជាក់ ដើម្បី​ឲ្យ​ឈ្មួញ​សង​ប្រាក់​មក​វិញ ពីព្រោះ​ឈ្មួញ​នោះ គឺ​មាន​ទំនាក់ទំនង​ចេញ​ចូល​ស្រុក​ភូមិ​ជាច្រើន​លើក​មក​ហើយ។

ក្នុង​ករណី​មិន​អាច​ទារ​ប្រាក់​តាម​របៀប​ត្រជាក់​បាន​ទេ លោក​មេធាវី ហុង គឹមសួន បាន​ពន្យល់​ថា មាន​តែ​ការ​ប្ដឹង​ទៅ​តុលាការ​នៅ​តំបន់​កើត​ហេតុ​ប៉ុណ្ណោះ។ ប៉ុន្តែ​មុន​ពេល​ប្ដឹង កសិករ​ជា​ម្ចាស់​កសិផល​ត្រូវ​តែ​រក​លិខិត​ជំពាក់ ឬ​សាក្សី​ដែល​បាន​ដឹង​ឮ​ការ​លក់​ដូរ​ជំពាក់​នោះ ដើម្បី​ឡើង​ទៅ​ឆ្លើយ​បំភ្លឺ​ចៅក្រម​អំពី​ការ​ជំពាក់​ប្រាក់​នោះ ដើម្បី​ឲ្យ​ចៅក្រម​កាត់​សេចក្តី​ឲ្យ​ឈ្នះ ដើម្បី​បាន​ទទួល​ប្រាក់​ដែល​ឈ្មួញ​ជំពាក់។

ប៉ុន្តែ បើ​សិន​ជា​មិន​មាន​លិខិត​ជំពាក់ និង​សាក្សី​ដើម្បី​សម្អាង​ចោទ​ប្រកាន់​ទេ លោក​មេធាវី ហុង គឹមសួន បាន​ពន្យល់​ថា រឿង​ក្តី​បែប​នេះ​ប្រហែល​ជា​មិន​បាន​ទទួល​ជោគជ័យ​ឡើយ។ ប៉ុន្តែ​ក្នុង​ករណី​ដែល​មាន​លិខិត​ជំពាក់ មាន​សាក្សី ហើយ​ចៅក្រម​រក​ទៅ​ឃើញ​ថា ឈ្មួញ​ទិញ​ពោត​នោះ​មាន​គំនិត​បោក​ប្រាស់​មិន​សង​បំណុល​មែន​នោះ លោក ហុង គឹមសួន បាន​ឲ្យ​ដឹង​ថា ឈ្មួញ​ទិញ​ពោត​នោះ​មុខ​ជា​មាន​ទោស​ជា​មិន​ខាន។

ការ​ឆបោក និង​ការ​រំលោភ​លើ​ទំនុក​ចិត្ត គឺ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ដែល​ត្រូវ​ផ្ដន្ទាទោស​តាម​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​២០០៩។

មាត្រា​៣៧៧ នៃ​ក្រម​ព្រហ្មទណ្ឌ ចែង​អំពី​និយមន័យ​នៃ​ការ​ឆបោក​ថា អំពើ​ឆបោក គឺ​ជា​អំពើ​បន្លំ​ចំពោះ​រូបវន្ត​បុគ្គល ឬ​នីតិបុគ្គល​ណា​មួយ ដោយ​អះអាង​ទៅ​លើ​ឋានៈ​ក្លែង ដោយ​រំលោភ​លើ​ឋានៈ​ពិត​ប្រាកដ ឬ​ដោយ​ប្រើ​ឧបាយកល​ទុច្ចរិត ហើយ​ដូច្នេះ​បាន​ទទួល​ពី​បុគ្គល​នេះ​ដែល​នាំ​ឲ្យ​ខូច​ប្រយោជន៍​របស់​បុគ្គល​នេះ ឬ​របស់​តតិយជន​នូវ ទី១ ការ​ប្រគល់​មូលនិធិ តម្លៃ ឬ​ទ្រព្យ​សម្បត្តិ​អ្វី​មួយ។ ទី២ ការ​ផ្គត់ផ្គង់​សេវា។ ទី៣ ការ​ធ្វើ​លិខិត​ដែល​មាន​តម្លៃ​ជា​កាតព្វកិច្ច ឬ​ជា​ការ​ឲ្យ​រួច​ពី​កាតព្វកិច្ច។

មាត្រា​៣៧៨ បាន​ចែង​ថា អំពើ​ឆបោក​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៦​លាន​រៀល។

ចំពោះ​ការ​រំលោភ​លើ​ទំនុក​ចិត្ត​វិញ មាត្រា​៣៩១ បាន​ចែង​និយមន័យ​ថា គឺ​ជា​អំពើ​បំបាត់​មូលនិធិ ឬ​ទ្រព្យ​សម្បត្តិ​អ្វី​មួយ នាំ​ឲ្យ​ខូច​ប្រយោជន៍​អ្នក​ដទៃ ប្រព្រឹត្ត​ដោយ​បុគ្គល​ណា​ម្នាក់​ដែល​គេ​បាន​ប្រគល់​ឲ្យ​បុគ្គល​នោះ បាន​យល់​ព្រម​ដោយ​មាន​ភារកិច្ច​ប្រគល់​សង​វិញ បង្ហាញ ឬ​យក​មូលនិធិ តម្លៃ ឬ​ទ្រព្យ​សម្បត្តិ​នោះ​ទៅ​ធ្វើ​ការ​ប្រើប្រាស់​ជា​កំណត់។ ចំណែក​ទោស​វិញ មាត្រា​៣៩២ ចែង​ថា អំពើ​រំលោភ​លើ​ទំនុក​ចិត្ត ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៦​លាន​រៀល។

បើ​លោក​អ្នក​មាន​ចម្ងល់​ផ្សេងៗ​ទាក់ទង​ច្បាប់ លោក​អ្នក​អាច​ទូរស័ព្ទ​មក​សាកសួរ​តាម​លេខ ០១៦ ២៦១ ២៧៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ចុះបើកិច្ចសន្យាគ្មាន សាក្សី អាចយកមកធ្វើជាផុសតាងបានដែលទេ?

Aug 24, 2018 02:29 AM

គេហទំព័រ​ទាំងមូល