ច្បាប់ជាតិនិងអន្តរជាតិហាមឃាត់ការធ្វើទារុណកម្មមនុស្សក្នុងប៉ុស្តិ៍នគរបាលនិងពន្ធនាគារ
2015.11.17

ការធ្វើទារុណកម្មមនុស្ស ទោះផ្លូវកាយក្តី ផ្លូវចិត្តក្តី ត្រូវបានហាមឃាត់ដោយច្បាប់។ រដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូលនៃប្រទេស និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ការពារពលរដ្ឋកម្ពុជា គ្រប់រូបពីការធ្វើទុក្ខបុកម្នេញ និងទារុណកម្ម នៅពេលកំពុងជាប់ឃុំក្នុងប៉ុស្តិ៍នគរបាល ឬក្នុងពន្ធនាគារ។ មន្ត្រីរាជការដែលធ្វើទារុណកម្មមនុស្សដើម្បីសួរចម្លើយ ឬបង្ខំទារប្រាក់ នឹងទទួលទោសធ្ងន់ជាងជនសាមញ្ញ។
កម្ពុជា បានឆ្លងកាត់សោកនាដកម្មជាច្រើនក្នុងរយៈពេលជាង ៤ទសវត្សរ៍កន្លងមកនេះ។ មហាវិនាសកម្ម និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាងគេ គឺកើតមាននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ពីចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ប្រទេសកម្ពុជា ស្ថិតក្នុងយុគសម័យដើរថយក្រោយនោះ មិនមានប្រព័ន្ធយុត្តិធម៌ទេ ពោលគឺនៅក្នុងការអនុវត្តជាក់ស្តែង មិនមានតុលាការដែលជាស្ថាប័នសំខាន់មួយសម្រាប់ដោះស្រាយជម្លោះ និងរកយុត្តិធម៌ជូនពលរដ្ឋក្នុងសង្គមជាតិឡើយ។
មនុស្សមួយក្តាប់តូចនៃបក្សកុម្មុយនិស្តជាអ្នកសម្រេចគោលនយោបាយជាតិទាំងមូល។ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងរស់នៅក្នុងការភ័យខ្លាច ដោយសារការចាប់ខ្លួនធ្វើទារុណកម្ម និងការប្រហារជីវិតតាមអំពើចិត្តកើតឡើងជារៀងរាល់ថ្ងៃ ដោយគ្មានការឆ្លងកាត់នីតិវិធីច្បាប់អ្វីទាំងអស់។ ជាលទ្ធផល ពលរដ្ឋកម្ពុជា ប្រមាណ ២លាននាក់បានស្លាប់។
ដោយហេតុថា ប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់បទពិសោធន៍ដ៏ជូរចត់ និងអំពើរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនេះហើយ ទើបកម្ពុជា មានការបោះឆ្នោតសកលមួយជាប្រវត្តិសាស្ត្រនៅឆ្នាំ១៩៩៣ រៀបចំដោយអង្គការសហប្រជាជាតិ ហើយប្រសូតបានរដ្ឋធម្មនុញ្ញថ្មីមួយ។ គ្រប់ភាគីនយោបាយខ្មែរទាំងអស់ មិនត្រឹមតែបានមូលមាត់គ្នាធ្វើច្បាប់កំពូលនេះឲ្យស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់បញ្ចូលនូវច្បាប់សិទ្ធិមនុស្សអន្តរជាតិទៅក្នុងឯកសារកំពូលនេះទៀតផង ដើម្បីការពារ និងធានាមិនឲ្យមានការរំលោភសិទ្ធិមនុស្សដូចកន្លងមកកើតមានជាថ្មីទៀត។
មាត្រា៣៨ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ការបង្ខិតបង្ខំ កាធ្វើបាបលើរូបរាងកាយ ឬប្រព្រឹត្តកម្មណាមួយដែលបន្ថែមទម្ងន់ទណ្ឌកម្ម អនុវត្តចំពោះជនជាប់ឃុំឃាំង ឬជាប់ពន្ធនាគារ ត្រូវហាមឃាត់មិនឲ្យធ្វើឡើយ។
លោកមេធាវី សុក សំអឿន បញ្ជាក់ថា ដាច់ខាត នគរបាលអត់មានសិទ្ធិធ្វើទារុណកម្មអ្នកណាម្នាក់ទេ៖ «ពីព្រោះក្នុងក្រមព្រហ្មទណ្ឌមានបទល្មើសមួយហៅថា បទល្មើសធ្វើទារុណកម្ម និងអំពើឃោរឃៅលើអ្នកដទៃ។ ដូច្នេះ បើនគរបាលវាយដំជនជាប់ចោទ គាត់អាចមានទោសពីការធ្វើទារុណកម្មគេ»។
មាត្រា២១០ នៃក្រមព្រហ្មទណ្ឌដែលនិយាយអំពីបទទារុណកម្ម និងអំពើឃោរឃៅ ចែងថា ទារុណកម្ម ឬអំពើឃោរឃៅដែលប្រព្រឹត្តទៅលើបុគ្គលណាមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ។
ច្បាប់មិនត្រឹមតែហាមឃាត់ការធ្វើទារុណកម្មលើរាងកាយប៉ុណ្ណោះទេ ទារុណកម្មផ្លូវចិត្ត ក៏ជាអំពើល្មើសច្បាប់ផងដែរ។
ទោះជាយ៉ាងណា លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា វាមានការពិបាកបន្តិចក្នុងការបញ្ជាក់ថា ជនរងគ្រោះត្រូវបានរងការធ្វើបាបផ្លូវចិត្ត ដោយសារមិនឃើញស្នាមរបួសនៅលើរាងកាយ៖ «ក្នុងការធ្វើទារុណកម្មហ្នឹង ច្បាប់គេហាមទាំងទារុណកម្មផ្លូវកាយ និងផ្លូវចិត្ត ប៉ុន្តែផ្លូវចិត្តអត់ឃើញរបួសស្នាមអី ហើយពលរដ្ឋយើងអត់យល់អំពីទារុណកម្មផ្លូវចិត្តអីទេ។ អ៊ីចឹងទៅធ្វើឲ្យមានការពិបាក»។
ការគំរាមកំហែងធ្វើទារុណកម្ម ឬការគំរាមសម្លាប់ គឺជាអំពើទារុណកម្មលើផ្លូវចិត្ត។ របាយការណ៍នានារបស់អង្គការសិទ្ធិមនុស្ស ឲ្យដឹងថា ជនជាប់ឃុំ ឬគ្រួសាររបស់ពួកគាត់ ត្រូវបានមន្ត្រីនគរបាល ឬអាជ្ញាធរពន្ធនាគារ គំរាមតាមរូបភាពផ្សេងៗដើម្បីទារប្រាក់ ឬឲ្យឆ្លើយសារភាព។
កម្ពុជា ក៏បានផ្តល់សច្ចាប័នទទួលយកច្បាប់អន្តរជាតិ ប្រឆាំងនឹងការធ្វើទារុណកម្មផងដែរ។ លោកមេធាវី គង់ សំអុន បញ្ជាក់ថា ហេតុដូច្នេះ រដ្ឋជាសមាជិកនៃអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម ត្រូវតែគោរពតាមច្បាប់សកលនេះ៖ «ប្រទេសកម្ពុជា យើងក៏ជាហត្ថលេខីមួយនៃអនុសញ្ញាប្រឆាំងអំពើទារុណកម្មដែរ។ ដូច្នេះ នីតិវិធីរបស់យើងមិនអនុញ្ញាតឲ្យនគរបាលយុត្តិធម៌ធ្វើទារុណកម្ម ឬបង្ខំជនសង្ស័យ ជនជាប់ចោទឲ្យឆ្លើយសារភាព ឬដាក់ទោសខ្លួនឯងនៅលើចំណុចណាមួយទេ»។
យោងតាមរបាយការណ៍ឆ្នាំ២០១៤ របស់អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) អំពើទារុណកម្ម និងការធ្វើបាបក្នុងពន្ធនាគារ និងក្នុងប៉ុស្តិ៍នគរបាលនៅក្នុងប្រទេសកម្ពុជា នៅតែកើតមានជាប្រចាំ។ ជនជាប់ឃុំតែងរៀបរាប់ថា ពួកគេត្រូវបានវាយដំ ទាត់ទះ ឬដាល់ជារឿយៗរហូតដល់អ្នកទាំងនោះហូរឈាម និងសន្លប់។ ឧបករណ៍ដែលត្រូវបានប្រើប្រាស់ក្នុងការវាយដំនោះមាន កាំភ្លើង ដំបងឈើ ដំបងដែក និងដំបងឆក់។ គោលបំណងមួយនៃការរំលោភបំពាន គឺនៅតែជាការបង្ខំឲ្យអ្នកទាំងនោះផ្តល់ចម្លើយសារភាព ឬទាររកថវិកា។
ច្បាប់កម្ពុជា កំណត់ថា ប្រសិនបើអ្នកធ្វើទារុណកម្មគេជាមន្ត្រីរាជការ ដូចជា នគរបាល កងរាជអាវុធហត្ថ ឬជាទាហាន ជាដើម កម្រិតទោសទណ្ឌដែលពួកគេត្រូវទទួល មានស្ថានទម្ងន់ធ្ងន់ជាងមនុស្សធម្មតា។
មាត្រា២១៣ នៃក្រមព្រហ្មទណ្ឌ ដែលនិយាយអំពីស្ថានទម្ងន់ទោសនៃបទល្មើសធ្វើទារុណកម្មចែងថា បទទារុណកម្ម និងអំពើឃោរឃៅនៃក្រមនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ កាលបើបទឧក្រិដ្ឋនេះត្រូវបានប្រព្រឹត្តដោយអ្នករាជការសាធារណៈនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន៕