សារសំខាន់​នៃ​កិច្ចសន្យា​ជួល​ផ្ទះ

នៅ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ទាក់ទង​ជាមួយ​ការ​ជួល ទិញ លក់ រវាង​ភាគី​ពីរ ឬ​ច្រើន គឺ​ត្រូវ​មាន​កិច្ចសន្យា។ កិច្ចសន្យា​មាន​តម្លៃ​ខាង​ផ្លូវ​ច្បាប់ និង​សុពលភាព​ទៅ​បាន​លុះត្រា​តែ​ធ្វើ​ទៅ​តាម​ទម្រង់​ច្បាប់​កំណត់​ត្រឹមត្រូវ។ កិច្ចសន្យា​មាន​តាំង​ពី​រឿង​តូចតាច រហូត​ដល់​រឿង​ធំ​ដែល​មាន​ទឹក​ប្រាក់​ចាប់​ពី​តិចតួច រហូត​ដល់​ទឹក​ប្រាក់​ច្រើន​លាន​ដុល្លារ​ក៏​មាន។
ដោយ កែវ និមល
2013-06-25
Share

នៅ​ក្នុង​នាទី​ច្បាប់​ពេល​នេះ លោក កែវ និមល លើក​យក​មតិ​មេធាវី និង​ខ្លឹមសារ​ច្បាប់​ទាក់ទង​កិច្ចសន្យា​ជួល​ផ្ទះ​មក​ជម្រាប​លោក​អ្នក​ស្តាប់​ដូច​ខាង​ក្រោម។

នៅ​ក្នុង​វចនានុក្រម​ច្បាប់ ពាក្យ​ថា កិច្ចសន្យា គឺ​ជា​កិរិយា​ដែល​បុគ្គល ២​នាក់ ឬ​ច្រើន​នាក់ មាន​ឆន្ទៈ​ត្រូវ​គ្នា​ព្រម​បង្កើត ឬ​រំលត់​កាតព្វកិច្ច។ ក្រម​រដ្ឋប្បវេណី​នៅ​ប្រទេស​កម្ពុជា បាន​ចែង​ថា កិច្ចសន្យា​មាន​អនុភាព​ទៅ​បាន​ដោយសារ​សំណើ និង​ការ​ទទួល​យក ឬ​ស្វីការ​ត្រូវ​គ្នា។ ហើយ​កិច្ចសន្យា​នានា​ត្រូវ​តែ​មាន​លិខិត​ជា​លាយលក្ខណ៍​អក្សរ។

កិច្ចសន្យា​មាន​ច្រើន​សណ្ឋាន​ណាស់ ហើយ​នៅ​ពេល​នេះ​សុំ​លើក​យក​តែ​ចម្ងល់​របស់​ប្រជាពលរដ្ឋ​ទាក់ទង​ជាមួយ​កិច្ចសន្យា​តិចតួច ដូចជា កិច្ចសន្យា​ជួល​ផ្ទះ​ជាដើម​មក​និយាយ​តែ​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ វី រស់នៅ​ក្រុង​ភ្នំពេញ មាន​ចម្ងល់​ទាក់ទង​ជាមួយ​កិច្ចសន្យា​ជួល​ផ្ទះ។ គាត់​មាន​ចម្ងល់​ថា តើ​ការ​ជួល​ផ្ទះ​ចាំបាច់​ត្រូវ​មាន​កិច្ចសន្យា ឬ​យ៉ាង​ណា? ចុះ​បើ​គ្មាន​កិច្ចសន្យា​ជួល​ផ្ទះ​ទេ តើ​មាន​ផល​វិបាក​ដូចម្តេច​ខ្លះ? តើ​កិច្ចសន្យា​ចាំបាច់​ត្រូវ​មាន​អាជ្ញាធរ​ដឹង​ឮ​ឬ​ទេ?

អ្នកស្រី វី បាន​សួរ​ទៀត​ថា តើ​អ្នក​ជួល​ផ្ទះ​អាច​លួច ឬ​បន្លំ ដើម្បី​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​លើ​លំនៅឋាន​ដែល​ខ្លួន​ជួល​គេ ដើម្បី​ដាក់​ធ្វើ​ជា​កម្មសិទ្ធិ​ខ្លួន​ឯង​បាន​ឬ​ទេ? ហើយ​បើ​ធ្វើ តើ​មាន​ទោស​ឬ​ទេ?

ឆ្លើយ​តប​ចំពោះ​ចម្ងល់​មិត្ត​អ្នក​ស្តាប់​នេះ អ្នកស្រី នី សោភ័ណនារី ជា​មេធាវី​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) មាន​ប្រសាសន៍​ពន្យល់​ឲ្យ​ដឹង​ថា កិច្ចសន្យា​មាន​សារសំខាន់​ណាស់ ហើយ​ភាគី​ដែល​ធ្វើ​កិច្ចសន្យា​ជាមួយ​គ្នា ត្រូវ​គោរព​ទៅ​តាម​ពាក្យ​សម្ដី​ដែល​មាន​សរសេរ ឬ​ចែង​នៅ​ក្នុង​កិច្ចសន្យា។

ចំពោះ​ភាព​ចាំបាច់​ត្រូវ​មាន​របស់​កិច្ចសន្យា​នោះ អ្នកស្រី​មេធាវី នី សោភ័ណនារី បាន​ពន្យល់​ថា កាល​ណា​មាន​ជម្លោះ​មិន​យល់​ស្រប​គ្នា ឬ​មាន​ការ​ក្បត់ ឬ​បញ្ចប់​កិច្ចសន្យា​មុន​ការ​កំណត់​ជាដើម បើ​និយាយ​តែ​ពាក្យ​សម្ដី គឺ​មិន​អាច​យក​ជា​ការ​បាន​ឡើយ ដូច្នេះ​បាន​ជា​ចាំបាច់​ត្រូវ​មាន​កិច្ចសន្យា​ជា​លាយលក្ខណ៍​អក្សរ។

ចំពោះ​បញ្ហា​ថា តើ​កិច្ចសន្យា​ជួល​ផ្ទះ​នោះ ចាំបាច់​ត្រូវ​មាន​អាជ្ញាធរ​ដឹង​ឮ​ជា​សាក្សី ឬ​មិន​បាច់​នោះ អ្នកស្រី​មេធាវី​បាន​ពន្យល់​ថា វា​មិន​បាច់​មាន​អាជ្ញាធរ​ដឹង​ឮ​ជា​សាក្សី​ឡើយ បើ​យោង​តាម​ក្រម​រដ្ឋប្បវេណី ប៉ុន្តែ បើ​សិន​ជា​ម្ចាស់​ផ្ទះ​ចង់​ឲ្យ​មាន​ភាព​ច្បាស់​លាស់ គេ​អាច​ទៅ​បញ្ជាក់​ឲ្យ​អាជ្ញាធរ​ជួយ​ដឹង​ឮ​បាន​ដែរ។

ទាក់ទង​ជាមួយ​សំណួរ​ថា តើ​អ្នក​ជួល​ផ្ទះ​អាច​លួច​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ រំលោភ​លើ​ម្ចាស់​ផ្ទះ​បាន​ឬ​ទេ​នោះ អ្នកស្រី​មេធាវី នី សោភ័ណនារី បាន​មាន​ប្រសាសន៍​ថា បើ​គិត​តាម​ផ្លូវ​ច្បាប់ គឺ​រឿង​នេះ​មិន​អាច​ទៅ​រួច​ទេ។

ក្រម​រដ្ឋប្បវេណី​មាត្រា​៥៩៦ បាន​ចែង​ទាក់ទង​កិច្ចសន្យា​ជួល​ចលនវត្ថុ និង​អចលនវត្ថុ​នានា ឬ​ហៅ​ថា​ភតិសន្យា ថា​គឺ​ជា​កិច្ចសន្យា​មួយ​ដែល​ភាគី​ម្ខាង​ឲ្យ​ភាគី​ម្ខាង​ទៀត​ប្រើប្រាស់ និង​អាស្រ័យ​ផល​ពី​វត្ថុ​ណា​មួយ ដោយ​យក​ថ្លៃ។ វត្ថុ​ដែល​ជា​កម្មវត្ថុ​នៃ​ការ​ជួល​នោះ​មាន​ចលនវត្ថុ និង​អចលនវត្ថុ។ ចំពោះ​ការ​បង្កើត​កិច្ចសន្យា​ជួល ឬ​ហៅ​ថា​ភតិសន្យា​នោះ មាត្រា​៥៩៧ បាន​ចែង​ថា ភតិសន្យា​ត្រូវ​មាន​អនុភាព​ដោយ​ភាគី​ម្ខាង សន្យា​ថា ឲ្យ​ភាគី​ម្ខាង​ទៀត​ប្រើប្រាស់ និង​អាស្រ័យ​ផល​ពី​វត្ថុ​ណា​មួយ ចំណែក​ភាគី​ម្ខាង​ទៀត សន្យា​ថា បង់​ថ្លៃ​ឈ្នួល​ចំពោះ​វត្ថុ​នោះ។

កិច្ចសន្យា​ជួល ឬ​ហៅ​ថា​ភតិសន្យា​នោះ អាច​ធ្វើ​ដោយ​មាន​កាល​កំណត់ និង​គ្មាន​កាល​កំណត់​បាន។ ភាគី​ទាំង​សង​ខាង គឺ​ទាំង​ម្ចាស់​វត្ថុ ឬ​ហៅ​ថា ភតិបតី និង​អ្នក​ជួល ឬ​ហៅ​ថា ភតិកៈ អាច​ធ្វើ​កិច្ចសន្យា​ជាមួយ​គ្នា​ឡើង​វិញ​បាន ដើម្បី​បន្ថយ​ថ្លៃ ដើម្បី​ទាមទារ​ឲ្យ​ជួស​ជុល​ការ​ខូចខាត​ដែល​កើត​មាន​ដោយសារ​ការ​ជួល ឬ​អាច​រំលាយ​កិច្ចសន្យា​ជាមួយ​គ្នា​បាន។ នៅ​ក្នុង​ក្រម​រដ្ឋប្បវេណី​មាន​ចែង​អំពី​ពេល​កំណត់​ប្រមូល​ប្រាក់​ឈ្នួល អំពី​សិទ្ធិ​ក្នុង​ការ​ជួល​បន្ត​ទៅ​ឲ្យ​អ្នក​ទី៣ ឬ​ហៅ​ថា​តតិយជន​បាន​ទៀត​ផង។

បើ​លោក​អ្នក​នាង​មាន​ចម្ងល់​ផ្សេងៗ​ទាក់ទង​ជាមួយ​បញ្ហា​ច្បាប់ លោក​អ្នក​អាច​ទូរស័ព្ទ​មក​សាកសួរ​តាម​លេខ ០១៦ ២៦ ១២ ៧៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល