ភារកិច្ច​របស់​ប៉ូលិស​ក្នុង​ការ​ទទួល​ពាក្យ​បណ្ដឹង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍

អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​សំឡេង និង​បញ្ចេញ​ឈ្មោះ បាន​លើក​យក​ចម្ងល់​មួយ​ចំនួន​មក​នាទី​យើង ទាក់ទង​ទៅ​នឹង​តួនាទី និង​ភារកិច្ច​របស់​នគរបាល​​នៅ​ក្នុង​រឿង​គ្រោះថ្នាក់​ចរាចណ៍​មួយ​ដែល​លោក​មិន​បាន​ទទួល​ជំនួយ​ពី​នគរបាល​ដោយសារ​តែ​លោក​ខ្វះ​ភស្តុតាង។
ដោយ ឡេង ម៉ាលី
2010.04.13

ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ស្ដាប់​តាម​ដាន​សេចក្ដី​អត្ថាធិប្បាយ​នេះ យើង​សុំ​ដាក់​ឈ្មោះ​ក្លែង​ដល់​ម្ចាស់​ចម្ងល់​ថា លោក គ.ស។ លោក គ.ស បាន​លើក​យក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​របស់​លោក​មួយ​ដែល​បាន​កើត​ឡើង​កាល​ពី​ដើម​ខែ​មេសា ឆ្នាំ​២០១០ នេះ។

លោក គ.ស បាន​រ៉ាយរ៉ាប់​ថា កាល​ពី​ដើម​ខែ​មេសា លោក ប្រពន្ធ​លោក និង​ចៅ បាន​រង​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​មាន​ឡាន​មួយ​មក​កៀរ​ម៉ូតូ​លោក​នៅ​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នៃ​ខេត្ត​មួយ។ ឡាន​ដែល​កៀរ​លោក​មិន​បាន​ឈប់​ទេ គឺ​បើក​រត់​តាម​ផ្លូវ​ដដែល​នោះ។ ក្រោយ​ដួល​ម៉ូតូ​ប្រមាណ ៥​នាទី អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ជា​ច្រើន​ទៀត​ដែល​មក​ជួយ​លោក បាន​ហៅ​ទូរស័ព្ទ​ទៅ​នគរបាល​មូលដ្ឋាន ដើម្បី​ឱ្យ​ជួយ​ចាប់​ឡាន​បង្ក​គ្រោះថ្នាក់​នោះ។ ក៏ប៉ុន្តែ​លោក គ.ស មិន​បាន​ដឹង​ថា អ្នក​ភូមិ​គាត់​ទាក់ទង​នគរបាល​បាន ឬ​មិន​បាន​ទេ។ ប្រហែល​មួយ​ម៉ោង​ក្រោយ​មក កូន​របស់​លោក គ.ស បាន​ទៅ​សុំ​ជំនួយ​ពី​នគរបាល​ប៉ុស្តិ៍ ដើម្បី​សរសេរ​ពាក្យ​ប្ដឹង​ដាក់​ទៅ​ផ្នែក​ចរាចរណ៍​ស្រុក។

នគរបាល​ប៉ុស្តិ៍​មិន​ផ្ដល់​ជំនួយ​ទេ ដោយ​ប្រាប់​ឱ្យ​កូន​របស់​លោក គ.ស រង់ចាំ​ដល់​ថ្ងៃ​ស្អែក ពីព្រោះ​គាត់​កំពុង​លេង​អុក។ បន្ទាប់​មក​កូន​របស់​លោក គ.ស បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​នឹង​នគរបាល​ប៉ុស្តិ៍​នៅ​ផ្នែក​ចរាចរណ៍​ស្រុក។ នៅ​ទី​នោះ នគរបាល​ប៉ុស្តិ៍​នៅ​ផ្នែក​ចរាចរណ៍​ស្រុក​បាន​និយាយ​ថា គាត់​មិន​អាច​ធ្វើ​អ្វី​កើត​ទេ ហើយ​ក៏​មិន​ដឹង​ទៅ​រក​ឡាន​កៀរ​នោះ​ឯ​ណា​ដែរ លុះ​ត្រាតែ​លោក គ.ស ចាប់​ឡាន​នោះ​មក​បាន។

លោក គ.ស បាន​បញ្ជាក់​ថា ឡាន​នោះ​ជា​ឡាន​ក្រុម​សិល្បៈ​ដែល​គេ​ទើប​នឹង​ជួល​មក​លេង​នៅ​ភូមិ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​កើត​ហេតុ និង​ថែម​ទាំង​បាន​ផ្ដល់​នាមប័ណ្ណ​នៅ​នឹង​អ្នក​ភូមិ​នោះ​ផង។

បន្ទាប់​ពី​បាន​រៀបរាប់​ភិនភាគ​ឡាន និង​បង្ហាញ​នាមប័ណ្ណ​របស់​ក្រុម​សិល្បៈ​នោះ​មក មាន​នគរបាល​ម្នាក់​ប្រាប់​ថា គាត់​ស្គាល់​ឡាន ព្រម​ទាំង​ម្ចាស់​ឡាន​នោះ​ហើយ ក៏​ប៉ុន្តែ​ម្ចាស់​ឡាន​នោះ​ជា​មនុស្ស​មាន​លុយ​ច្រើន​មិន​អាច​ប៉ះពាល់​បាន​ទេ។

ប្រហែល​មួយ​ម៉ោង​បន្ទាប់​មក​ទៀត លោក​បាន​ទទួល​ទូរស័ព្ទ​ពី​នគរបាល​ស្រុក​ម្នាក់​ប្រាប់​ឱ្យ​ជួប​គាត់​នៅ​កន្លែង​មួយ​ក្រៅ​ការិយាល័យ​ធ្វើការ និង​មាន​ចម្ងាយ​ប្រមាណ​ជាង​បួន​គីឡូម៉ែត្រ​ពី​ផ្ទះ។ កូន​ប្រពន្ធ​របស់​លោក គ.ស និង​សាក្សី​ពីរ​រូប​ផង បាន​ទៅ​ជួប​នគរបាល​រូប​នោះ។ បន្ទាប់​ពី​សាក្សី​រៀបរាប់​ពី​ភិនភាគ​ឡាន​នោះ​ហើយ នគរបាល​រូប​នោះ​ប្រាប់​ថា ជង​រង​គ្រោះ​មិន​មាន​ភស្តុតាង​ទេ ដូច​ជា​បំណែក​កញ្ចក់​ជាដើម។ ដូច្នេះ​គេ​មិន​អាច​ធ្វើ​ការ​ចោទ​ប្រកាន់​នរណា​បាន​ទេ។ ទី​បំផុត ករណី​របស់​លោក គ.ស នគរបាល​មិន​បាន​អើពើ​ធ្វើ​កំណត់​ហេតុ​ណា​មួយ​ទេ ហើយ​លោក គ.ស ក៏​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ទី​ណា​ទៀត​ដែរ។

ក៏​ប៉ុន្តែ​ក្នុង​បញ្ហា​នេះ លោក គ.ស មាន​ចម្ងល់​មួយ​ចំនួន ហើយ​លើក​សំណួរ​មក​នាទី​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​ថា តើ​នគរបាល​ចរាចរណ៍​មាន​តួនាទី និង​ភារកិច្ច​ដូច​ម្ដេច​ខ្លះ​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដូច​គ្រួសារ​លោក​នេះ?

ទាក់ទង​នឹង​បញ្ហា​នេះ ខ្ញុំ​បាទ​បាន​ជម្រាប​សួរ​ទៅ​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​នាយកដ្ឋាន​កណ្ដាល​សណ្ដាប់​ធ្នាប់​សាធារណៈ អគ្គ​ស្នងការ​នគរបាល​ជាតិ លោក​បាន​ពន្យល់​ដោយ​សុំ​មិន​បាច់​បញ្ចេញ​ឈ្មោះ​ថា ៖ «ធម្មតា​ក្រោយ​ទទួល​ព័ត៌មាន​ភ្លាម ប៉ូលិស​ត្រូវ​ទៅ​កន្លែង​កើត​ហេតុ មិន​នៅ​លេង​អុក​អ៊ីចឹង​បាន​ទៀត​ទេ។ ត្រូវ​ទៅ​ទទួល​របាយការណ៍​ព័ត៌មាន ហើយ​ទៅ​ស៊ើប​បញ្ជាក់​នៅ​កន្លែង​កើត​ហេតុ កើត​អី​ត្រង់​ណាៗ ឱ្យ​ជន​រងគ្រោះ​ចង្អុល​បង្ហាញ​ឡើង ដើម្បី​បញ្ជាក់​ថា បណ្ដឹង​ហ្នឹង​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ ក្រែងលោ​បណ្ដឹង​ហ្នឹង​ចង់​ឆ្លើយ​ដាក់ ឬ​ចោទ​ប្រកាន់​នរណា​មួយ។ រួច​ហើយ​ត្រូវ​ដំណើរការ​អង្កេត ហើយ​បើ​សិន​មាន​ព័ត៌មាន​ពី​ជន​រងគ្រោះ​បន្ត​ទៀត​ថា ឥឡូវ​គេ​សង្ស័យ​ថា ឈ្មោះ​នេះ ឈ្មោះ​នោះ ក៏​ប៉ូលិស​ហ្នឹង​ត្រូវ​អង្កេត​បន្ត​ទៅ​ទៀត។ មិន​មែន​ទុក​រឿង​ហ្នឹង​ចោល​អ៊ីចឹង​ទេ»

លោក គ.ស បាន​សួរ​បន្ត​ថា ក្នុង​ពេល​ដែល​ជន​រងគ្រោះ​ទៅ​សុំ​ជំនួយ​ខាង​ផ្លូវ​ច្បាប់​ពី​នគរបាល​ដើម្បី​ដាក់​ពាក្យ​បណ្ដឹង ហើយ​នគរបាល​មិន​យក​ចិត្ត​ទុក​ដាក់ ឬ​អើពើ ព្រោះ​តែ​ខ្លួន​ជាប់​លេង​អុក តើ​នគរបាល​នោះ​មាន​បញ្ហា​អ្វី​ខុស​នឹង​ច្បាប់ ឬ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ឬ​ទេ?

មន្ត្រី​នាយកដ្ឋាន​កណ្ដាល​សណ្ដាប់​ធ្នាប់​សាធារណៈ អគ្គ​ស្នងការ​នគរបាល​ជាតិ មាន​ប្រសាសន៍​ថា ៖ «រឿង​ហ្នឹង​គេ​ហៅ​ថា រំលោភ​មុខងារ។ រឿង​ហ្នឹង​គេ​ត្រូវ​តែ​ដាក់​វិន័យ​តាម​រដ្ឋបាល តាម​បទ​កំណត់​នគរបាល​ជាតិ។ តួនាទី និង​ភារកិច្ច​ត្រូវ​កំណត់​ឡើង​វិញ ហើយ​ត្រូវ​ដោះ​ដូរ ឬ​មួយ​យ៉ាង​ម៉េច​ទៀត»

ទាក់ទង​ភស្តុតាង​នគរបាល​បាន​ប្រាប់​ជន​រងគ្រោះ​ខាង​លោក គ.ស ឱ្យ​ភស្តុតាង​ជា​រថយន្ត ឬ​បំណែក​កញ្ចក់​រថយន្ត​ដែល​កៀរ​នោះ​បាន​ទើប​នគរបាល​ធ្វើការ​កើត។

លោក គ.ស សួរ​ថា តើ​ការ​ទាមទារ​បែប​នេះ ជា​តម្រូវការ​យ៉ាងណា​ដែរ​ខាង​ផ្លូវ​ច្បាប់?

មន្ត្រី​ដដែល​មាន​ប្រសាសន៍​បញ្ជាក់​ថា ៖ «គេ​រក​ហ្នឹង គេ​រក​ត្រឹម​របស់​គេ​ហើយ គឺ​គេ​រក​ភស្តុតាង ឬ​គេ​ហៅ​ថា អំណាង ដើម្បី​ដាក់​បន្ទុក​ទៅ​លើ​ជន​ណា​ម្នាក់ ហើយ​ប៉ូលិស​ក៏​ត្រូវ​ទៅ​ធ្វើ​កន្លែង​កើត​ហេតុ​ដែរ។ ចុះ​ផ្ទាល់ គឺ​ថា ដឹក​ដៃ​អ្នក​រង​គ្រោះ បើ​អាច​ធ្វើ​ទៅ​បាន គឺ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ភ្លាម​តែម្ដង ឱ្យ​និយាយ​ឡើង​វិញ​ថា មើល​តើ​ការ​និយាយ និង​រឿង​ហេតុ​ហ្នឹង​វា​ស្រប​នឹង​សភាពការណ៍​ពិត​ឬ​អត់? គេ​មាន​វិធី​សាស្ត្រ​ដើម្បី​វាយ​តម្លៃ​ចេញ​ពី​ណា​ទៅ​ណា? ហើយ​មាន​នរណា​ដឹង​ឮ​ខ្លះ? បន្សល់​ទុក​អី​ខ្លះ? ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ ប៉ូលិស​ត្រូវ​តែ​ធ្វើ​ត្រូវ​តែ​ចាត់ការ​ភ្លាម។ គេ​ប្ដឹង​ហ្នឹង​ខុស ឬ​មិន​ខុស​ក៏ដោយ អា​ហ្នឹង​រឿង​គេ យើង​អាច​ចោទ​ប្រកាន់​គេ​ពី​ព័ត៌មាន​មិន​ពិត​អី​វិញ។ ប៉ូលិស​ត្រូវ​តែ​ទៅ»

លោក​បាន​ពន្យល់​បន្ថែម​អំពី​ភស្តុតាង​ដូច្នេះ ៖ «ជួន​បើ​រឿង​កើត​ឡើង​ហើយ វា​បាត់​កន្លែង​កើត​អី ក្រែងលោ​គាត់​រើស​បាន។ បើ​ប៉ូលិស​ទៅ​រក ជួន​ក៏​រក​មិន​ឃើញ។ អ៊ីចឹង​បើ​យើង​ប្រមូល​បាន​ក៏​គេ​យក​ហ្នឹង​ទី​មួយ។ ទី​ពីរ ស្លាកស្នាម​រង​គ្រោះ​របស់​យើង បើ​ខូច​តែ​ម៉ូតូ ម៉ូតូ​ហ្នឹង​វា​ខូច​យ៉ាង​ម៉េច? បាក់​កាំ​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច? ត្រូវ​ទុក​អា​ហ្នឹង​ឱ្យ​បាន ហើយ​បើ​យើង​យក​ទៅ​ធ្វើ​ហើយ យើង​ទើប​មក​ប្ដឹង​តាម​ក្រោយ បាត់​ភស្តុតាង​ហ្នឹង​យ៉ាង​ម៉េច​កើត​ទៀត? អ៊ីចឹង​បាន​រឿង​មួយ​ចំនួន​សុខ​ចិត្ត​បាក់បែក​យ៉ាង​ម៉េច​ទុក​នៅ​ប៉ូលិស​រហូត​ពេល​ក្ដីក្ដាំ​គ្នា​អត់​ទាន់​ដាច់។ ឡាន​បុក​សើយ​ពី​មុខ​ទៅ​ក្រោយ​អី​យ៉ាង​ម៉េច​ហ្នឹង អា​ហ្នឹង​ហើយ​ជា​ភស្តុតាង ហើយ​បញ្ហា​ទី មាន​របួស​ស្នាម មាន​សំបុត្រ​ពេទ្យ​សំបុត្រ​អី​បញ្ជាក់​ថត​យក​មក​ឱ្យ​ច្បាស់លាស់»

ហើយ​វិធី​ស្រាវជ្រាវ​រក​ភស្តុតាង​ខ្លះ​មាន​ដូច​ជា ៖ «ករណី​ថា រឿង​ហ្នឹង​យូរ​បន្តិច មិន​មែន​ជា​ករណី​ជាក់​ស្ដែង អា​ហ្នឹង​គេ​ត្រូវ​រក​ភស្តុតាង​ហើយ។ បើ​សិន​ជា​យូរ​ពីរ​បី​ម៉ោង​មិន​មែន​ដេញ​ប្រផាប់​ចាប់​ប្រភីង​ទេ រឿង​ហ្នឹង​ប៉ូលិស​ត្រូវ​អង្គុយ​អង្កេត​អង្គុយ​គិត​ហើយ។ ត្រូវ​យក​ពាក្យ​បណ្ដឹង​ពាក្យ​អី​ហ្នឹង​ទៅ​ពិចារណា។ មិន​មែន​ចាប់​បាន​ភ្លាម​តាម​ចម្លើយ​ជន​រង​គ្រោះ​ទេ គេ​ត្រូវ​ទៅ​អង្កេត​ជា​សម្ងាត់​សិន។ សម្ងាត់​រួច បាន​ជា​ចំហ របៀប​កោះ​ហៅ​មនុស្ស​ហ្នឹង​មក ឬ​ក៏​ចូល​ឆែកឆេរ​ដក​ហូត​វត្ថុ​តាង​អី​ដែល​ពាក់ព័ន្ធ​សិន។ អា​ហ្នឹង​វា​ប្រើ​ពេល មិន​មែន​ចាប់​តាម​ចិត្ត​យើង​អី​បាន​ទេ។ ករណី​តាម​ការ​ស្រាវ​ជ្រាវ​នេះ ត្រូវ​ទៅ​ឆ្លង​កាត់​ព្រះ​រាជ​អាជ្ញា ព្រោះ​ការ​ឆែកឆេរ​ទាំង​ឡាយ ព្រះរាជ​អាជ្ញា​គេ​ចេញ​ដីកា។ បើ​សិន​ជា​ដេញ​ប្រផាប់​ចាប់​ប្រភីង​ប្រហែល​មួយ​ម៉ោង​មិន​អី​ទេ ប៉ុន្តែ​បើ​លើស​ពី​ហ្នឹង បាត់​ដាន​ហើយ​បាន​យើង​រក​ឃើញ​ក្រោយ យើង​ត្រូវ​ឆ្លង​កាត់​អា​ហ្នឹង ហើយ​ចង់​ចូល​ទៅ​ឆែកឆេរ​ករណី​មិន​ជាក់​ស្ដែង​ហ្នឹង ប៉ូលិស​ត្រូវ​តែ​សុំ​ទៅ​ព្រះរាជ​អាជ្ញា»

លោក គ.ស មាន​ចម្ងល់​ទៀត​ថា តើ​ហេតុអ្វី​បាន​ជា​នគរបាល​ហៅ​ភាគី​លោក​ទៅ​ជួប​សួរ​នាំ​នៅ​ក្រៅ​កន្លែង​ធ្វើការ ហើយ​មិន​មែន​ជា​កន្លែង​គ្រោះថ្នាក់​ទៅ​វិញ?

ចំពោះ​ចម្ងល់​នេះ មន្ត្រី​នៃ​នាយកដ្ឋាន​កណ្ដាល​សណ្ដាប់​ធ្នាប់​សាធារណៈ អគ្គ​ស្នងការ​នគរបាល​ជាតិ មាន​ប្រសាសន៍​បញ្ជាក់​ថា «គេ​អាច​សួរ​នៅ​ត្រង់​ណា​ក៏​បាន​ដែរ អត់​ប្រកាន់​ទេ។ គេ​អាច​មក​សួរ​ជន​រង​គ្រោះ​នៅ​ផ្ទះ។ ជួន​អី​បើ​ករណី​រក្សា​ការ​សម្ងាត់ គេ​យក​ជន​រងគ្រោះ​សួរ​នៅ​កន្លែង​កាហ្វេ កន្លែង​អី​ស្ងាត់​ក៏​បាន ដើម្បី​លាក់​ការណ៍​ខ្ពស់។ គេ​ធ្វើ​កន្លែង​ណា​ក៏​បាន លើក​លែង​តែ​ករណី​ត​ទល់​គ្នា​អី គឺ​ថា ត្រូវ​ការ​មក​ស្នាក់​ការ ឬ​ករណី​ចង់​ឃាត់​ចង់​ឃុំ​អី ត្រូវ​យក​ស្នាក់​ការ​ដាក់។ មិន​ឃាត់​មនុស្ស​នៅ​ក្នុង​ផ្ទះ​ណា​ផ្សេង​បាន​ទេ»

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់​នានា ទាក់ទង​នឹង​បញ្ហា​ច្បាប់ ហើយ​ចង់​សួរ​មក​នាទី​យើង សូម​លោក​អ្នក​ទាក់ទង​មក​ទូរស័ព្ទ​លេខ ០១២ ៧៧៦ ៥០៧៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។