តើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីរបបលោក ហ៊ុន សែន ឬ H.R 526 ប្រព្រឹត្តទៅយ៉ាងដូចម្ដេច?
2019.05.15
គណៈកម្មការកិច្ចការបរទេស របស់រដ្ឋសភាអាមេរិក កាលពីដើមខែមេសា បានបោះឆ្នោតអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីប្រជាធិបតេយ្យកម្ពុជា ដើម្បីបញ្ជូនទៅរដ្ឋសភាអនុម័ត។ ច្បាប់នេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនៅកម្ពុជា ដែលសមាជិករដ្ឋសភាទាំងពីរគណបក្ស បានដាក់ស្នើច្បាប់ស្ដីពីប្រជាធិបតេយ្យកម្ពុជា ជាថ្មីម្ដងទៀត កាលពីដើមឆ្នាំនេះ។ គិតមកត្រឹមថ្ងៃទី៩ ខែសភា ចំនួនសមាជិកសភា ដែលចូលរួមចុះហត្ថលេខា គាំទ្រសំណើនេះ កាន់តែកើនជាលំដាប់។
ច្បាប់ស្ដីពីប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៩ (Cambodia Democracy Act of 2019) ឬ H.R. 526 គឺជាសេចក្ដីស្នើច្បាប់ ដែលរដ្ឋសភាសហរដ្ឋអាមេរិក អនុម័តជាឯកច្ឆន្ទម្ដងរួចទៅហើយ នៅចុងអាណត្តិទី១១៥ កាលពីខែកក្កដា ឆ្នាំ២០១៨។ កាលណោះ ច្បាប់នោះមានឈ្មោះថា “ច្បាប់ស្ដីពីប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៨ ឬ H.R 5754។ ច្បាប់នោះ បានទៅដល់ដៃព្រឹទ្ធសភានៅថ្ងៃបន្ទាប់។ ប៉ុន្តែ ព្រឹទ្ធសភាមិនទាន់បានអនុម័តនៅឡើយ ហើយអាណត្តិចាស់នោះ ក៏បានផុតនៅត្រឹមចុងឆ្នាំ២០១៨។
តាមនីតិវិធីរដ្ឋសភាអាមេរិក កាលណាសេចក្ដីស្នើច្បាប់ណាមួយ មិនបានឆ្លងការអនុម័តជាស្ថាពរ នៅក្នុងអាណត្តិដដែលនោះ សមាជិកសភាត្រូវស្នើច្បាប់នោះជាថ្មី នៅក្នុងសភាអាណត្តិថ្មី។
សភាអាណត្តិថ្មី នីតិកាលទី ១១៦ ចាប់ផ្តើមកាលពីដើមខែមករា។ មួយសប្ដាហ៍ក្រោយមក តំណាងរាស្ត្រ ពីខាងគណបក្សសាធារណរដ្ឋលោក ថិត យ៉ូហូ (Ted YOHO) បានដាក់សេចក្ដីស្នើច្បាប់ដដែលនេះ ដោយគ្រាន់តែប្ដូរឆ្នាំ និងរក្សាខ្លឹមសារទាំងស្រុងឲ្យនៅដដែល។
ច្បាប់ស្ដីពីប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៩ នេះមានគោលដៅ “ជំរុញឲ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ លើកស្ទួយសិទ្ធិសេរីភាពផ្នែកនយោបាយ និងស្ដារការគោរពសិទ្ធិមនុស្ស នៅកម្ពុជា”។
លោក ថិត យ៉ូហូ (Ted YOHO) ថា ច្បាប់នេះ គឺដើម្បីដាក់ទណ្ឌកម្មលោក ហ៊ុន សែន និង មន្ត្រីនៃរបបនេះ រួមទាំងអ្នកពាក់ព័ន្ធដទៃទៀត ដែលបានចូលដៃ បំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា និង ធ្វើឡើង ដើម្បីឆ្លើយតបទៅតាមសំណូមពររបស់អ្នកនិយមប្រជាធិបតេយ្យ ជាពិសេស ពលរដ្ឋខ្មែរ ដែលរងភាពអយុត្តិធម៌ ក្រោមរបបដឹកនាំផ្ដាច់ការរបស់លោក ហ៊ុន សែន៖ «សហគមន៍ខ្មែរយ៉ាងច្រើនលើសលប់ នៅសហរដ្ឋអាមេរិក ចង់ឲ្យមានប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។ ពួកគាត់ជាច្រើន បានមកជួបខ្ញុំនៅកន្លែងធ្វើការ។ ពួកគាត់គាំទ្រច្បាប់នេះ ព្រោះគាត់ជឿជាក់ថា ច្បាប់ដាក់ទណ្ឌកម្មនេះ ពិតជាអាចជួយកម្ពុជា ស្ដារមុខមាត់ឡើងវិញបាន។ ដូចលោកដឹងស្រាប់ហើយ ការបោះឆ្នោតកន្លងទៅ គឺជាបោះឆ្នោតក្លែងក្លាយ និងគួរឲ្យអាម៉ាស់ ដែលមេដឹកនាំផ្ដាច់ការលោក ហ៊ុន សែន រម្លាយសំឡេងប្រឆាំង រួចហើយរៀបចំបោះឆ្នោត ដោយគ្មានបក្សប្រឆាំង។ ក្រោយបោះឆ្នោតរួច លោក ហ៊ុន សែន បែរជាបន្ទន់ឥរិយាបថ ចង់បើកចំហសេរីភាពវិញខ្លះ។ ប៉ុន្តែ ជិតដល់បោះឆ្នោតទៀត គាត់ធ្វើដដែលទៀត។ លោក ហ៊ុន សែន កាន់អំណាចតាំងពីឆ្នាំ ១៩៨៥ ប៉ុន្តែ បើមើលកម្រិតជីវភាពប្រជាពលរដ្ឋខ្មែរវិញ នៅតែរកប្រាក់ចំណូលបានទាបជាងគេ ក្នុងចំណោមពលរដ្ឋប្រាក់ចំណូលទាបនៅលើពិភពលោក។ នេះគឺដោយសារតែលោក ហ៊ុន សែន គាត់ខ្វល់តែបុគ្គល ហ៊ុន សែន មិនខ្វល់ពីប្រជាពលរដ្ឋខ្មែរទូទៅទេ។ ឥឡូវគាត់ក្លាយជាកូនជឹងរបស់ចិនទៀត។ ឲ្យតែចិនឲ្យធ្វើអ្វី គាត់ធ្វើតាមហ្នឹង។ គួរឲ្យអនិច្ចាណាស់!»។
ទណ្ឌកម្មទាំងនោះរួមមានពីរធំៗ គឺទីមួយ បិទទិដ្ឋាការ ដោយមិនឲ្យមន្ត្រី និងអ្នកពាក់ព័ន្ធទាំងនោះ ចូលទឹកដីអាមេរិក និងទីពីរ គឺបង្កកទ្រព្យសម្បត្តិទាំងអស់របស់មន្ត្រី និងអ្នកពាក់ព័ន្ធទាំងនោះ។
គិតត្រឹមថ្ងៃទី៩ ខែឧសភា មានតំណាងរាស្ត្រអាមេរិកទាំងពីរគណបក្ស គឺគណបក្សសាធារណរដ្ឋ ដែលជាបក្សកាន់អំណាច និងគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំង ចំនួន ៧នាក់ហើយ បានចូលរួមចុះហត្ថលេខាគាំទ្រ។ សមាជិកសភាទាំងនោះ រួមមានបួនរូបពីខាងគណបក្សសាធារណរដ្ឋ គឺលោក ស្ទីវ ឆាបុត (Steve Chabot) លោក ម៉ៃឃើល ម៉ាកខល (Michael T. McCaul) លោក ប្រ៊ៃអិន ហ្វ៊ិតផែទ្រិក (Brian K. Fitzpatrick) និងលោក ខែនី ម៉ាឈិនធ៍ (Kenny Marchant) និងបីរូបពីខាងគណបក្សប្រជាធិបតេយ្យ គឺលោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) លោក អ៊ីលៀត អិនង៉ិល (Eliot Engel) និងលោក ប្រ៊ែដ ស្ស៊ើម៉ែន (Brad Sherman)។ តាមពិតសេចក្ដីស្នើច្បាប់នីមួយៗ ត្រូវការតែសមាជិកសភាមួយរូបក៏បាន ដើម្បីដាក់ស្នើ និងមិនចាំបាច់ឲ្យមានអ្នកចូលរួមចុះហត្ថលេខាគាំទ្រនោះទេ។ ប៉ុន្តែ សេចក្ដីស្នើច្បាប់ H.R 526 នេះ មានសមាជិកសភាចុះហត្ថលេខាគាំទ្រយ៉ាងច្រើន។
តើទម្រាំច្បាប់នេះចូលជាធរមាន ត្រូវឆ្លងកាត់ដំណាក់កាលអ្វីខ្លះ?
ច្បាប់ដែលសមាជិកសភា ជាអ្នកស្នើឡើងនេះ គឺផ្ដើមដោយអក្សរ H.R. (House of Representatives) ត្រូវឆ្លងកាត់បួនដំណាក់កាល។ ដំណាក់កាលដំបូង គឺដាក់ស្នើច្បាប់។ ដំណាក់កាលទីពីរ សភាអនុម័ត។ ដំណាក់កាលទីបី ព្រឹទ្ធសភាអនុម័ត។ ដំណាក់កាលចុងក្រោយ គឺប្រធានាធិបតីចុះហត្ថលេខា ដើម្បីប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។
ឥឡូវនេះ ច្បាប់នេះឆ្លងផុតដំណាក់កាលទីមួយហើយ។ ដំណាក់កាលទីពីរ និង ទីបី អាចប្រព្រឹត្តទៅឆាប់ ឬយូរអាស្រ័យទៅលើការជំរុញពីតំណាងរាស្ត្រ ដែលស្នើច្បាប់ និង តំណាងរាស្រ្ត ដែលគាំទ្រសេចក្ដីស្នើច្បាប់នេះ។ ក្នុងពេលជាមួយគ្នានេះ ពលរដ្ឋខ្មែរ-អាមេរិកទូទៅ អាចជួយជំរុញឲ្យច្បាប់នេះចេញឆាប់ ដោយសរសេរញត្តិទៅកាន់តំណាងរាស្ត្រប្រចាំរដ្ឋ ឬតំបន់របស់ខ្លួន ឬណាត់ជួបតំណាងរាស្ត្រទាំងនោះ ដោយបញ្ជាក់អំពីគោលបំណង ដែលចង់ឲ្យប្រញាប់អនុម័តច្បាប់នេះ។
ក្រោយពីស្ថាប័នសភា និងព្រឹទ្ធសភាអនុម័តរួច ច្បាប់នេះនឹងត្រូវបញ្ជូនទៅប្រធានាធិបតីសហរដ្ឋអាមេរិក។ ប្រធានាធិបតី មានជម្រើសបី។ ទីមួយ ចុះហត្ថលេខាលើច្បាប់នោះ ដើម្បីប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។ ទីពីរជំទាស់ច្បាប់នោះ ដោយប្រើសិទ្ធិវេតូ (veto) រួចបញ្ជូនវាត្រឡប់ទៅសភា និងព្រឹទ្ធសភាវិញ។ បើមតិពីរភាគបីនៃរដ្ឋសភា និងព្រឹទ្ធសភា នៅតែគាំទ្រច្បាប់នេះ ការជំទាស់របស់ប្រធានាធិបតី គ្មានប្រសិទ្ធភាព។ ច្បាប់នោះនឹងចូលជាធរមាន។ ទីបី ប្រធានាធិបតី មិនចាំបាច់ធ្វើអ្វីសោះ។ ក្នុងករណីដែលប្រធានាធិបតីមិនធ្វើអ្វីសោះនេះ ក្រោយពីច្បាប់នេះបានដល់ដៃប្រធានាធិបតី ១០ថ្ងៃ វានេះនឹងចូលជាធរមានដោយស្វ័យប្រវត្តិ។
លោក ថិត យ៉ូហូ (Ted YOHO) មានសុទិដ្ឋិនិយមខ្ពស់ថា ច្បាប់នេះនឹងត្រូវសភា និងព្រឹទ្ធសភាអនុម័ត ដោយគ្មានជំទាស់ ឬអល់អែកអ្វីនោះឡើយ៖ «ខ្ញុំសង្ឃឹម 100% ថា ច្បាប់នេះ នឹងត្រូវរដ្ឋសភាយល់ព្រមជាឯកច្ឆន្ទ។ ខ្ញុំសង្ឃឹម ៩៨% ថា ព្រឹទ្ធសភានឹងយល់ស្របតាមសំណើនេះដែរ។ ក្រោយមកច្បាប់នេះ នឹងចុះហត្ថលេខាប្រកាសឲ្យចូលជាធរមាន។ ដូច្នេះ ខ្ញុំរំពឹងថា នៅ ៦ខែ ឬ មួយឆ្នាំ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ច្បាប់នេះនឹងចូលជាធរមាន»។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ធ្វើឡើងនៅឆ្នាំ ២០២០។
សហរដ្ឋអាមេរិក គឺជាប្រទេសហត្ថលេខីមួយ ក្នុងចំណោមប្រទេស ១៩ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១។ កិច្ចព្រមព្រៀងនោះ គឺដើម្បីរកដំណោះស្រាយរួម បិទបញ្ចប់ជម្លោះរ៉ាំរ៉ៃ នៃសង្គ្រាមស៊ីវិលនៅកម្ពុជា ដោយកម្ពុជាសន្យាស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យជាមូលដ្ឋាន ដោយរៀបចំឲ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ប៉ុន្តែ រយៈពេលជាងមួយឆ្នាំ ចុងក្រោយនេះ ពោលគឺ ២៥ឆ្នាំក្រោយមានកិច្ចព្រមព្រៀងនេះ របបលោក ហ៊ុន សែន រងការរិះគន់ និង ថ្កោលទោសជុំទិស ដោយសារការរំលោភសិទ្ធិមនុស្ស និង បំផ្លាញប្រជាធិបតេយ្យ មានសភាពធ្ងន់ធ្ងរ ដែលផ្ទុយទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងនេះ។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក លោក អារិន ឆ្វាតចេស (Arend Zwartjes) ឱ្យអាស៊ីសេរីដឹងកាលពីខែកុម្ភៈថា សហរដ្ឋអាមេរិកមានភារកិច្ចទទួលខុសត្រូវលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងចង់ឃើញការគោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅកម្ពុជា។ លោកបន្ថែមថា ជាអកុសល រដ្ឋាភិបាលកម្ពុជា មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ដើម្បីការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះទេ។
សហរដ្ឋអាមេរិកមានយន្តការច្បាប់ជាច្រើន ដើម្បីដាក់សម្ពាធលើរបបលោក ហ៊ុន សែន ឲ្យងាកមករកគន្លងនៃការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ រួមទាំងការរៀបចំឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ផង។ យន្តការច្បាប់ទាំងនោះ រួមមានទាំងច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៩ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។