តើ​ការ​ដាក់​ទណ្ឌកម្ម​លោក អ៊ុំ សំអាន មិន​ឲ្យ​ប្រជុំ​សភា​និង​កាត់​ប្រាក់​ខែ​ស្រប​តាម​ច្បាប់​ឬ​ទេ?

ដោយ ជីវិតា
2015-08-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន (អាវ​ខ្មៅ) សួរ​អំពី​ផែនទី​ដែល​មន្ត្រី​រដ្ឋាភិបាល​បង្ហាញ​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន (អាវ​ខ្មៅ) សួរ​អំពី​ផែនទី​ដែល​មន្ត្រី​រដ្ឋាភិបាល​បង្ហាញ​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Rann Samnang

ថ្មីៗ​នេះ ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ចេញ​សេចក្តី​សម្រេច​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​ដល់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន ដោយ​ព្យួរ​ការងារ​មិន​ឲ្យ​ចូល​ប្រជុំ​សភា និង​កាត់​ប្រាក់​ខែ ដោយ​ចោទ​ថា តំណាង​រាស្ត្រ​រូប​នេះ​បាន​ប្រព្រឹត្ត​ខុស​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ដោយ​សម្ដែង​មតិ​ប៉ះពាល់​កិត្យានុភាព​របស់​រដ្ឋសភា និង​ការ​ប្រមាថ​ប្រធាន​រដ្ឋសភា។

លោក ជីវិតា មាន​សេចក្តី​រាយការណ៍​មួយ​ពិនិត្យ​មើល​ជុំវិញ​ភាព​ស្រប​ច្បាប់​នៃ​ការ​ដាក់​ទណ្ឌកម្ម​នេះ៖

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការងារ​របស់​តំណាង​រាស្ត្រ ឲ្យ​ដឹង​ថា ការ​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​លើ​តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន មិន​ឲ្យ​ចូល​ប្រជុំ​សភា​ពេញ​អង្គ ១៥​ដង និង​កាត់​ប្រាក់​ខែ ៥០% ចំនួន ២​ខែ គឺ​ជា​ការ​រំលោភ​លើ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា និង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា លោក​មាន​ការ​សោកស្ដាយ​ដែល​ការ​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​ទៅ​លើ​តំណាង​រាស្ត្រ លោក អ៊ុំ សំអាន មិន​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋសភា​ពេញ​អង្គ ឲ្យ​ស្រប​តាម​ប្រការ​៧៩ នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ទេ ប៉ុន្តែ​ជា​ការ​សម្រេច​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​លើ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សំឡេង​ភាគ​តិច។ លោក​ថា នេះ​ជា​អំពើ​ផ្ទុយ​ពី​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា​ខ្លួន​ឯង៖ «គេ​មិន​អាច​យក​ការ​សម្រេច​របស់​គណៈ​អចិន្ត្រៃយ៍​របស់​គណបក្ស​មួយ ទៅ​ដាក់​ពិន័យ​លើ​គណបក្ស​មួយ​ទៀត​ទេ។ ហើយ​ការ​ដាក់​ពិន័យ​ទៀត​សោត កម្រិត​នៃ​ការ​កាត់​ប្រាក់​ខែ​ហ្នឹង បើ​យើង​មើល​មាត្រា​៧៩ និង​៨០ នៃ​បទបញ្ជា​ផ្ទៃ​ក្នុង ទាល់​តែ​ឲ្យ​រដ្ឋសភា​ពេញ​អង្គ​ជា​អ្នក​អនុម័ត​ទៀត»

ប្រការ​៧៩ នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ចែង​ថា ការ​បន្ទោស ឬ​ការ​បន្ទោស​ហើយ​បណ្ដេញ​ចេញ​ផង ត្រូវ​អនុម័ត​ដោយ​អង្គ​សភា​តាម​វិធី​លើក​ដៃ ឬ​បោះ​ឆ្នោត​ចំហ តាម​សេចក្តី​ស្នើ​ពី​ប្រធាន​រដ្ឋសភា។

លោក គល់ បញ្ញា បន្ត​ថា ទណ្ឌកម្ម​ខាង​វិន័យ​ចែង​នៅ​ក្នុង​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ដែល​ប្រធាន​រដ្ឋសភា​យក​មក​ប្រើ​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​លើ​តំណាង​រាស្ត្រ អ៊ុំ សំអាន នេះ សម្រាប់​តែ​តំណាង​រាស្ត្រ​ណា​ដែល​ប្រព្រឹត្ត​កំហុស​នៅ​ក្នុង​អង្គ​ប្រជុំ​រដ្ឋសភា​តែ​ប៉ុណ្ណោះ មិន​មែន​សម្រាប់​ការ​បញ្ចេញ​មតិ​យោបល់​របស់​តំណាង​រាស្ត្រ​នៅ​ក្រៅ​រដ្ឋសភា​នោះ​ទេ៖ «វា​អត់​ទាក់ទិន​ទៅ​នឹង​ការ​គេ​ទៅ​ជជែក​គ្នា​បញ្ចេញ​មតិ​អ៊ីចឹង​ទេ ដូចជា​ទៅ​សរសេរ​ក្នុង​ហ្វេសប៊ុក (facebook) អ៊ីចឹង។ នីតិវិធី​មាត្រា​៧៣ ហ្នឹង ភាគ​ច្រើន​គេ​អនុវត្ត​នៅ​ក្នុង​អង្គ​ប្រជុំ គឺ​ប្រធាន​រដ្ឋសភា​ចេះ​តែ​ណែនាំ​ហើយ ទី​១ ទី​២ ទី​៣ ឲ្យ​ចេញ។ ប្រធាន​សម្រប​សម្រួល​អង្គ​ប្រជុំ​ហ្នឹង​ឯង អ៊ីចឹង​ដើម្បី​ឲ្យ​ការ​ប្រជុំ​ពិភាក្សា​គ្នា ជជែក​គ្នា​ហ្នឹង​បាន​ប្រសិទ្ធភាព វា​ទាល់​តែ​កុំ​ឲ្យ​មាន​អ្នក​តំណាង​រាស្ត្រ​ជជែក​រ៉ៅឆាន​គ្នា អត់​គោរព វា​ទៅ​បង្កើត​ចលាចល​ក្នុង​ការ​ជជែក​គ្នា។ អ៊ីចឹង​គេ​ធ្វើ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ក្នុង​ការ​ប្រជុំ មិន​មែន​យើង​ចុះ​ទៅ​ខេត្ត ទៅ​និយាយ​ជាមួយ​ប្រជាពលរដ្ឋ ទិតៀន​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​យក​រឿង​ហ្នឹង​មក​ដាក់​ក្នុង​នេះ វា​អត់​ត្រូវ»

ម្យ៉ាង​វិញ​ទៀត លោក គល់ បញ្ញា បញ្ជាក់​ថា ការ​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​ដល់​តំណាង​រាស្ត្រ​រូប​ណា​ដែល​ធ្វើ​ខុស ក៏​ត្រូវ​ធ្វើ​ឡើង​តាម​ដំណាក់​កាល ដូច​មាន​ចែង​ក្នុង​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា មិន​មែន​ចាប់​ផ្ដើម​ភ្លាម​ព្យួរ​ការងារ និង​កាត់​ប្រាក់​ខែ​ភ្លាម​តែ​ម្តង ដោយ​គ្មាន​ការ​ក្រើន​រំឭក​នោះ​ទេ៖ «ទោះ​បី​ជា​នៅ​ក្នុង​អង្គ​ប្រជុំ​ហ្នឹង ក៏​គេ​មិន​ចាប់​ផ្ដើម​ភ្លាម ដាក់​វិន័យ​អី​ភ្លាម​ដែរ។ អ៊ីចឹង​ហើយ​បាន​គេ​មាន​ជំហាន​គេ​ដើរ។ បើ​អ្នក​ឯង​ជេរ​ប្រមាថ ឬ​ក៏​អ្នក​ឯង​ធ្វើ​ខុស បើ​អ្នក​ឯង​និយាយ ៥​នាទី អ្នក​ឯង​ចេះ​តែ​និយាយ​ទៅ គេ​ឲ្យ​បិទ អត់​ឈប់​អ៊ីចឹង​ទៅ ប៉ុន្មាន​ដង​អ៊ីចឹង គេ​អាច​ដេញ​គាត់​ចេញ​ក្រៅ​អង្គ​ប្រជុំ។ ជួន​ណា​គាត់​ចេញ​ទៅ​ក្រៅ​ហើយ គាត់​ត្រឡប់​ចូល​រ៉ៅឆាន​អង្គ​ប្រជុំ​ទៀត។ អ៊ីចឹង​ទេ​គេ​អាច​មាន​វិន័យ​រហូត​ដល់​កាត់​ប្រាក់​ខែ។ នេះ​ជា​ការ​ដាក់​វិន័យ​តាម​ហូរហែ​អ៊ីចឹង​ទៅ ជា​វិន័យ​រដ្ឋបាល»

ប្រការ​៧៣ នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ចែង​ថា ទណ្ឌកម្ម​ខាង​វិន័យ​ដែល​យក​មក​ប្រើ​ចំពោះ​អ្នក​តំណាង​រាស្ត្រ​មាន​ដូច​ត​ទៅ៖

១. ក្រើន​រំឭក

២. ក្រើន​រំឭក​ដោយ​ចុះ​ក្នុង​កំណត់​ហេតុ

៣. បន្ទោស

៤. បន្ទោស​ហើយ​បណ្ដេញ​ចេញ​មួយ​រយៈពេល​ពី​សាល​ប្រជុំ


ហើយ​ប្រការ​៨០ ចែង​ថា ការ​បន្ទោស​នាំ​ឲ្យ​ទទួល​ទណ្ឌកម្ម​កាត់​ប្រាក់​បំណាច់​ប្រចាំ​ខែ​ចំនួន ៥០​ភាគរយ។

ខ្លឹមសារ​ក្នុង​ប្រការ​១ នៃ​សេចក្តី​សម្រេច​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​ចំពោះ​តំណាង​រាស្ត្រ អ៊ុំ សំអាន ចុះ​ហត្ថលេខា​ដោយ លោក ហេង សំរិន មាន​ខ្លឹមសារ​ថា សកម្មភាព​របស់​ឯកឧត្តម អ៊ុំ សំអាន តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប ដែល​បាន​ចេញ​ផ្សាយ​តាម​បណ្ដាញ​ព័ត៌មាន​សង្គម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៥ ចាត់​ទុក​ជា​អំពើ​ប្រព្រឹត្ត​នាំ​ឲ្យ​ប៉ះពាល់​កិត្យានុភាព​របស់​រដ្ឋសភា និង​ជា​ការ​ជេរ​ប្រមាថ​មើល​ងាយ​ប្រធាន​រដ្ឋសភា ដែល​ផ្ទុយ​នឹង​បទបញ្ញត្តិ​នៃ​មាត្រា​៧៨ នៃ​រដ្ឋធម្មនុញ្ញ មាត្រា​៥ នៃ​លក្ខន្តិកៈ​តំណាង​រាស្ត្រ ព្រម​ទាំង​ប្រការ​៧៧ ចំណុច "ឃ" និង​ប្រការ​៧៨ ចំណុច "គ" នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា។

ទោះ​ជា​យ៉ាង​ណា ប្រការ​៧៧ ចំណុច "ឃ" នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ចែង​ថា អ្នក​តំណាង​រាស្ត្រ​ណា​ដែល​ត្រូវ​បន្ទោស​នោះ គឺ​អ្នក​តំណាង​រាស្ត្រ​ណា​ដែល​ជេរ​ប្រមាថ​មើល​ងាយ ឬ​បង្ក​ជម្លោះ ឬ​គំរាម​កំហែង​អ្នក​តំណាង​រាស្ត្រ​ឯ​ទៀត។

ចំណែក​ប្រការ​៧៨ ចំណុច "គ" នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ចែង​ថា អ្នក​តំណាង​រាស្ត្រ​ណា​ដែល​ត្រូវ​បន្ទោស ហើយ​បណ្ដេញ​ចេញ​មួយ​រយៈពេល​ពី​អង្គ​ប្រជុំ គឺ​អ្នក​តំណាង​រាស្ត្រ​ណា​ដែល​ជេរ​ប្រមាថ​មើល​ងាយ​រដ្ឋសភា ឬ​ប្រធាន​រដ្ឋសភា។

លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​គំរាម​ប្ដឹង​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដោយ​សំអាង​ថា ប្រធាន​រដ្ឋសភា​រូប​នេះ​មិន​ព្រម​បញ្ជូន​លិខិត​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទៅ​រដ្ឋាភិបាល សុំ​ឲ្យ​ផ្អាក​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម បណ្ដោះអាសន្ន និង​បាន​បញ្ចេញ​មតិ​រិះគន់ លោក ហេង សំរិន ថា​មិន​ហ៊ាន​ក្អក​ជាមួយ​វៀតណាម ពី​រឿង​ភូមិ​កំណើត​របស់​ខ្លួន ដែល​បាត់​ចូល​ក្នុង​ទឹក​ដី​វៀតណាម ហើយ​បែរ​ជា​ចង់​យក​ភូមិ​ខ្មែរ​ពីរ​ទៅ​ដោះ​ដូរ ដើម្បី​បាន​ភូមិ​កំណើត​របស់​ខ្លួន​មក​វិញ។ ព័ត៌មាន​អំពី​ការ​ចង់​ដោះ​ដូរ​ភូមិ​ខ្មែរ​ជាមួយ​វៀតណាម ដើម្បី​ឲ្យ​បាន​ភូមិ​អន្លង់ជ្រៃ ជា​ភូមិ​កំណើត​របស់ លោក ហេង សំរិន មក​វិញ​នេះ ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ក៏​ធ្លាប់​បាន​លើក​ឡើង​ដែរ។

បញ្ហា​ត្រង់​ថា តើ​ការ​លើក​ឡើង​របស់​តំណាង​រាស្ត្រ អ៊ុំ សំអាន នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក គឺ​ជា​ការ​ជេរ​ប្រមាថ លោក ហេង សំរិន ប្រធាន​រដ្ឋសភា ដូច​ការ​ចោទ​ឬ​ទេ? ចំពោះ លោក គល់ បញ្ញា នោះ​គឺ​ជា​ការ​បញ្ចេញ​មតិ​របស់​អ្នក​តំណាង​រាស្ត្រ ហើយ​ឥស្សរជន​នយោបាយ​មិន​ត្រូវ​ខ្លាច​ការ​រិះគន់​នោះ​ទេ៖ «ការ​ទិតៀន​ទាំងអស់​អាច​បកស្រាយ​ជា​ការ​ជេរ​ប្រមាថ​យ៉ាង​ងាយ​បំផុត។ អ៊ីចឹង​ហើយ​បាន​ជា​គេ​មិន​ឲ្យ​បកស្រាយ​ដាក់​ទោស​វិន័យ ហើយ​ជាពិសេស​អ្នក​នយោបាយ អ្នក​តំណាង​រាស្ត្រ​តែ​ម្តង។ គេ​មិន​ដែល​ទេ មិន​ដែល​យក​រឿង​អ៊ីចឹងៗ​ទៅ​ចោទ​អី ទៅ​ផាក​ពិន័យ សង្គម​ប្រជាធិបតេយ្យ​គេ​មិន​ដែល​ធ្វើ​អ៊ីចឹង​ទេ។ បើ​យើង​ធ្វើ​អ៊ីចឹង យើង​កុំ​ទៅ​ធ្វើ​អ្នក​តំណាង​រាស្ត្រ កុំ​ទៅ​ធ្វើ​អ្នក​នយោបាយ។ សូម្បី​តែ​ប្រជាពលរដ្ឋ​សាមញ្ញ​ក៏​គេ​អត់ឱន​ឲ្យ​គ្នា​ដែរ​រឿង​អស់​ហ្នឹង ជា​រឿង​ធម្មតា ជីវិត​រស់នៅ​មាន​ការ​ទិតៀន​គ្នា​ខ្លះ។ បើ​យើង​ថា អា​ហ្នឹង​សុទ្ធតែ​បទល្មើស ងាប់​ហើយ តុលាការ និង​មេធាវី [សើច] តម្រង់​ជួរ​គ្នា​ធ្វើ​ការ​តែ​រឿង​មួលបង្កាច់ និង​ជេរ​ប្រមាថ​ហ្នឹង​ទៅ។ គេ​ខ្លាច​តែ​រឿង​ហិង្សា​រឿង​អី​ដែល​ធ្ងន់ធ្ងរ​ទៅ​ចូល​រឿង​ឯកជន​របស់​គេ​ហ្នឹង វា​ស៊ី​ជម្រៅ​ពេក ពីព្រោះ​អា​ហ្នឹង​វា​ប៉ះពាល់​លើ​គ្រួសារ ឬ​ប៉ះពាល់​ជីវិត​ឯកជន​របស់​គេ​ហ្នឹង​វា​ខ្លាំង​ពេក។ អា​នេះ​ជា​រឿង​សាធារណៈ»

លោក ហេង សំរិន ប្រធាន​រដ្ឋសភា​កម្ពុជា ត្រឡប់​ពី​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៤។ RFA/Yeang Socheametta
លោក ហេង សំរិន ប្រធាន​រដ្ឋសភា​កម្ពុជា ត្រឡប់​ពី​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៤។ RFA/Yeang Socheametta

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ ការ​គំរាម​ប្ដឹង លោក ហេង សំរិន ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​របស់​តំណាង​រាស្ត្រ អ៊ុំ សំអាន បាន​បណ្ដាល​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញ​ប្រតិកម្ម​គំរាម​បញ្ឈប់​វប្បធម៌​សន្ទនា​ជាមួយ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក គេ​ឃើញ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ក៏​បាន​ចេញ​សេចក្តី​សម្រេច​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​លើ​តំណាង​រាស្ត្រ អ៊ុំ សំអាន។ ក្រៅ​តែ​ពី​ការ​ដាក់​ទណ្ឌកម្ម​វិន័យ​កាត់​ប្រាក់​ខែ ៥០% ចំនួន ២​ខែ និង​ហាម​មិន​ឲ្យ​ចូល​ប្រជុំ​រដ្ឋសភា ១៥​ដង​នោះ តំណាង​រាស្ត្រ អ៊ុំ សំអាន ក៏​ប្រឈម​មុខ​នឹង​ការ​ប្ដឹង​ទៅ​តុលាការ​មាន​ទោស​ព្រហ្មទណ្ឌ​ពី​បទ​ប្រមាថ​មើល​ងាយ បង្កាច់​បង្ខូច​កេរ្តិ៍​ឈ្មោះ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ផង​ដែរ។

ស្រប​ពេល​គ្នា​នោះ​ដែរ អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន នៅ​ថ្ងៃ​ទី​២៤ កក្កដា ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​បន្ត​ប្ដឹង លោក អ៊ុំ សំអាន ទៅ​តុលាការ ឬ​មិន​ប្ដឹង​នោះ គឺ​អាស្រ័យ​លើ​សិទ្ធិ​របស់ លោក ហេង សំរិន ផ្ទាល់។ ដោយ​មិន​ចង់​ប្រឈម​នឹង​ការ​ប្តឹងផ្តល់​ទៅ​តុលាការ តំណាង​រាស្ត្រ អ៊ុំ សំអាន ក៏​បាន​សរសេរ​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៥ ផ្ញើ​ជូន លោក ហេង សំរិន សុំ​ការ​អធ្យាស្រ័យ និង​ការ​អត់ឱន។ ក្នុង​ថ្ងៃ​ដដែល លោក ហេង សំរិន បាន​ចារ​ត្រឡប់​មក​វិញ​នៅ​លើ​លិខិត​ដដែល​ថា បាន​ឃើញ និង​ផ្តល់​ការ​អធ្យាស្រ័យ​ចំពោះ​ឯកឧត្តម អ៊ុំ សំអាន ដោយ​បញ្ចប់​ត្រឹម​ការ​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ ដូច​មាន​ចែង​ក្នុង​សេចក្តី​សម្រេច​លេខ​២០១ រ.ស ចុះ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៥។

ចំពោះ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល ទាំង​ការ​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ កាត់​ប្រាក់​ខែ​តំណាង​រាស្ត្រ អ៊ុំ សំអាន និង​មិន​ឲ្យ​ចូល​ប្រជុំ​រដ្ឋសភា ១៥​ដង ដែល​សម្រេច​ដោយ​សមាជិក ៧​រូប​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ការ​គំរាម​ប្ដឹង លោក អ៊ុំ សំអាន ទៅ​តុលាការ​នោះ គឺ​ផ្ទុយ​ពី​ច្បាប់​ផង និង​ផ្ទុយ​ពី​ស្មារតី​ខាង​នយោបាយ​ផង។ ចំពោះ​កំហុស​ខាង​ស្មារតី​នយោបាយ លោក​ថា តំណាង​រាស្ត្រ​សំឡេង​ភាគ​ច្រើន​មក​ពី​គណបក្ស​កាន់​អំណាច ព្រួត​គ្នា​ធ្វើ​បាប​តំណាង​រាស្ត្រ​សំឡេង​ភាគ​តិច​ក្នុង​រដ្ឋសភា។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ ការ​ដាក់​សម្ពាធ​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ស្រប​ពេល​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម កំពុង​ឡើង​កម្តៅ ហើយ​អ្នក​តំណាង​រាស្ត្រ អ៊ុំ សំអាន មក​ពី​បក្ស​ប្រឆាំង គឺ​ជា​បុគ្គល​មួយ​រូប​ដែល​សកម្ម​ក្នុង​ការ​ពិនិត្យ​សើរើ​មើល​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល