តើ​អ្វី​ទៅ​ជា​ការ​ព្យួរ​ទោស​សាកល្បង?

ដោយ ជី វិតា
2014.07.08
តុលាការ​កំពូល ៣០៥ តុលាការ​កំពូល
Photo: RFA

ក្នុង​នាទី​ច្បាប់​សប្ដាហ៍​នេះ យើង​មាន​សេចក្តី​រាយការណ៍​អំពី​ការ​ព្យួរ​ទោស​មួយ​ប្រភេទ​ទៀត ដែល​កំពុង​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែរ​នោះ គឺ ការ​ព្យួរ​ទោស​សាកល្បង។ តើ​អ្វី​ទៅ​ជា​ការ​ព្យួរ​ទោស​សាកល្បង?

ចៅក្រម​អាច​ប្រកាស​ដាក់​ទោស​ព្យួរ​ទៅ​លើ​បុគ្គល​ណា​ម្នាក់​បាន ក្រោយ​ពី​បាន​រក​ឃើញ និង​ប្រកាស​ថា បុគ្គល​នោះ​មាន​ទោស​ល្មើស​ច្បាប់​ព្រហ្មទណ្ឌ ហើយ​ទោស​ល្មើស​នោះ​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់ ឬ​ជា​ទោស​ជាប់​ពន្ធនាគារ ឬ​ទាំង​ទោស​ពិន័យ​ជា​ប្រាក់​ផង និង​ទោស​ជាប់​ពន្ធនាគារ​ផង។

ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា អនុញ្ញាត​អោយ​ចៅក្រម​អាច​សម្រេច​ព្យួរ​សាកល្បង នូវ​ទោស​ដែល​បាន​សម្រេច​ដាក់​ពន្ធនាគារ​ដែល​មាន​រយៈពេល​ពី ៦​ខែ​ដល់ ៥​ឆ្នាំ។ ខុស​ពី​ការ​ព្យួរ​ទោស​ធម្មតា ការ​ព្យួរ​ទោស​សាកល្បង តែង​មាន​ភ្ជាប់​នូវ​វិធានការ​ត្រួត​ពិនិត្យ។

ការ​ព្យួរ​ទោស​សាកល្បង គឺ​ជា​ការ​ដាក់​កំណត់​អោយ​ទណ្ឌិត ឬ​ជន​ជាប់​ចោទ​ដែល​ត្រូវ​តុលាការ​រក​ឃើញ​ថា​មាន​ទោស អាច​អនុវត្ត​ទោស​នៅ​ក្រៅ​ពន្ធនាគារ ប៉ុន្តែ​ត្រូវ​ស្ថិត​នៅ​ក្រោម​វិធានការ​ត្រួត​ពិនិត្យ និង​គោរព​នូវ​កាតព្វកិច្ច​ដោយ​ឡែក​មួយ ឬ​ច្រើន​ក្នុង​រយៈពេល​សាកល្បង។

លោក ហ៊ីង ធីឬទ្ធិ ព្រះរាជា​អាជ្ញា​នៃ​តុលាការ​កំពូល លើក​ឧទាហរណ៍​អំពី​ការ​ព្យួរ និង​សាកល្បង​ទោស​យ៉ាង​ដូច្នេះ៖ «ដាក់​ទោស ១​ឆ្នាំ ព្យួរ​ទោស ៥​ឆ្នាំ ឧទាហរណ៍។ អា​១​ឆ្នាំ​ហ្នឹង​មិន​នៅ​ក្នុង​ពន្ធនាគារ​ទេ។ មាន​ន័យ​ថា មនុស្ស​នៅ​ក្រៅ​គុក។ ប៉ុន្តែ​ក្នុង​រយៈពេល ៥​ឆ្នាំ បើ​អ្នក​ឯង​ប្រព្រឹត្ត​អី​ទៀត គេ​យក​អា​១​ឆ្នាំ​ហ្នឹង​ទៅ​បូក​នឹង​អា​ទោស​លើក​ក្រោយ​នោះ។ ហ្នឹង​ហើយ​ហៅ​ថា រយៈពេល​សាកល្បង។  មាន​ន័យ​ថា ១​ឆ្នាំ​ព្យួរ ៥​ឆ្នាំ​សាកល្បង​ហ្នឹង គេ​ទុក​ឃ្លាំ​មើល​យើង។ កុំ​អោយ​យើង​ប្រព្រឹត្ត​អី​ផ្សេងៗ​ទៀត។ បើ​យើង​ប្រព្រឹត្ត​អី​ផ្សេងៗ​ទៀត​ក្នុង​រយៈពេល ៥​ឆ្នាំ​ហ្នឹង គេ​អាច​បូក​ជាមួយ​នឹង​អា​ទោស​មិន​ទាន់​អនុវត្ត​នោះ។ នោះ​ហើយ​គេ​ហៅ​ថា​រយៈពេល​សាកល្បង»

ក្រម​ព្រហ្មទណ្ឌ​ថ្មី​ចែង​ថា រយៈពេល​ដែល​តុលាការ​កំណត់​ការ​សាកល្បង​មិន​អាច​អោយ​តិច​ជាង ១​ឆ្នាំ និង​មិន​លើស​ពី ៣​ឆ្នាំ​ឡើយ។

ទាក់ទង​នឹង​វិធានការ​ត្រួត​ពិនិត្យ ដែល​តម្រូវ​អោយ​ទណ្ឌិត​គោរព​ក្នុង​អំឡុង​ពេល​ព្យួរ​ទោស និង​សាកល្បង​នោះ តុលាការ​អាច​បង្គាប់​អោយ​ទណ្ឌិត​គោរព​តាម​ចំណុច​១ ឬ​ច្រើន​ជាង​១ ដែល​មាន​កំណត់​ក្នុង​មាត្រា​១១៩ ដូច​ត​ទៅ៖

១. ទណ្ឌិត​ត្រូវ​តែ​គោរព​តាម​ដីកា​កោះ​របស់​ព្រះរាជ​អាជ្ញា ឬ​របស់​បុគ្គល​ដែល​ព្រះរាជ​អាជ្ញា​បាន​ប្រគល់​អំណាច​អោយ
២. ទណ្ឌិត​ត្រូវ​មក​ទទួល​នូវ​ការ​មក​ពិនិត្យ​មើល​របស់​បុគ្គល​ដែល​ព្រះរាជ​អាជ្ញា​ប្រគល់​អំណាច​អោយ
៣. ទណ្ឌិត​ត្រូវ​ប្រគល់​ដល់​ព្រះរាជ​អាជ្ញា ឬ​ដល់​បុគ្គល​ដែល​ព្រះរាជ​អាជ្ញា​ប្រគល់​អំណាច​អោយ នូវ​គ្រប់​ឯកសារ​សម្រាប់​ធ្វើ​ការ​ផ្ទៀងផ្ទាត់​លើ​ការ​បញ្ចូល​អោយ​រស់នៅ​ក្នុង​សង្គម​វិញ
៤. ទណ្ឌិត​ត្រូវ​ជូន​ដំណឹង​ដល់​ព្រះរាជ​អាជ្ញា អំពី​ការ​ផ្លាស់​ប្ដូរ​អាសយដ្ឋាន​របស់​ខ្លួន
៥. ទណ្ឌិត​ត្រូវ​ជូន​ដំណឹង​ដល់​ព្រះរាជ​អាជ្ញា អំពី​ការ​ផ្លាស់​ប្ដូរ​មុខ​របរ​របស់​ខ្លួន និង
៦. ទណ្ឌិត​ត្រូវ​តែ​មាន​ការ​អនុញ្ញាត​ពី​ព្រះរាជ​អាជ្ញា មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។

ចំណែក​មាត្រា​១២០ ចែង​អំពី​កាតព្វកិច្ច​ដោយ​ឡែក ដែល​អាច​ដាក់​ទៅ​លើ​ទណ្ឌិត​រួម​មាន៖

១. បំពេញ​សកម្មភាព​ខាង​វិជ្ជាជីវៈ
២. ទទួល​ការ​បង្ហាត់​បង្រៀន ឬ​ទទួល​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ
៣. រស់នៅ​ក្នុង​ទីកន្លែង​ណា​មួយ​ជា​កំណត់
៤. ទទួល​អោយ​ពេទ្យ​ធ្វើ​ការ​ពិនិត្យ ឬ​ព្យាបាល
៥. បញ្ជាក់​ថា​ខ្លួន​រួម​ចំណែក​ក្នុង​ការ​ចិញ្ចឹម​បី​បាច់​គ្រួសារ
៦. ធ្វើ​ការ​ជួសជុល​ការ​ខូចខាត​ដែល​បណ្ដាល​មក​ពី​បទល្មើស តាម​លទ្ធភាព​នៃ​ធនធាន​របស់​ខ្លួន និង
៧. មិន​ត្រូវ​មាន​មុខ​នៅ​ទីកន្លែង​ខ្លះ ហើយ​ក្នុង​ករណី​នេះ តុលាការ​បញ្ជាក់​អំពី​ទីកន្លែង​ដែល​ហាម​ឃាត់​នោះ។

ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​រយៈពេល​សាកល្បង​ទោស ប្រសិន​បើ​ទណ្ឌិត​មិន​គោរព​តាម​វិធានការ​ត្រួត​ពិនិត្យ ឬ​កាតព្វកិច្ច​ដោយ​ឡែក ដែល​តម្រូវ​ដោយ​តុលាការ​ទេ​នោះ តុលាការ​អាច​ដក​ហូត​ការ​ព្យួរ​ទោស​សាកល្បង​នេះ​ទាំង​មូល ឬ​មួយ​ផ្នែក​ណា​មួយ​វិញ​បាន។ តុលាការ​ក៏​អាច​ដក​ហូត​ការ​ព្យួរ​ទោស​សាកល្បង​ដែរ ប្រសិន​បើ​ក្នុង​អំឡុង​ពេល​សាកល្បង ទណ្ឌិត​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈិម​ថ្មី​ទៀត។

កន្លង​មក មាន​ករណី​មួយ​ចំនួន​ដែល​តុលាការ​បាន​ចេញ​សាលក្រម​ព្យួរ​ទោស​សាកល្បង។ ឧទាហរណ៍ អ្នកស្រី ឃួន សុផល ភរិយា​របស់ លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ​នៃ​គណៈរដ្ឋមន្ត្រី កាល​ពី​ឆ្នាំ​២០០០ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ រក​ឃើញ​ថា មាន​ទោស​ពី​បទ​បង្ក​របួស​ស្នាម​ស្រោច​ទឹក​អាស៊ីដ​លើ​មុខ​មាត់ កញ្ញា តាត ម៉ារីណា តារា​ចម្រៀង​ខារ៉ាអូខេ។ បើ​ទោះ​បី​រក​ឃើញ​ថា អ្នកស្រី ឃួន សុផល មាន​ទោស​ក៏ដោយ ក៏​តុលាការ​មិន​បាន​ផ្ដន្ទាទោស​អោយ​ទណ្ឌិត​រូប​នេះ​ជាប់​ពន្ធនាគារ​ទេ។ ផ្ទុយ​ទៅ​វិញ តុលាការ​ក្រុង​ភ្នំពេញ បាន​ប្រកាស​សាលក្រម​កំបាំង​មុខ​ស្ងាត់ៗ ដោយ​ទាំង​មិន​អោយ​ជន​រងគ្រោះ​ដឹង​ផង​នោះ សម្រេច​ព្យួរ​ទោស អ្នកស្រី ឃួន សុផល រយៈពេល ១​ឆ្នាំ និង​សាកល្បង​ទោស​ចំនួន ៥​ឆ្នាំ។

កាល​ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១១ លោក ជីវ កេង ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ បាន​ប្រកាស​តាម​ទូរទស្សន៍​អប្សរា​ថា ដំណើរ​ការ​រក​យុត្តិធម៌​សម្រាប់ កញ្ញា តាត ម៉ារីណា បាន​បញ្ចប់​សព្វ​គ្រប់​រួច​ទៅ​ហើយ៖ «ករណី​ជះ​ទឹក​អាស៊ីដ​លើ កញ្ញា តាត ម៉ារីណា នេះ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ ធ្វើ​ការ​ជំនុំ​ជម្រះ​ចប់​សព្វ​គ្រប់​អស់​ហើយ តាម​សាលក្រម​លេខ ៧៨.ជ ចុះ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០០០ ហើយ​សាលក្រម​នេះ​បាន​ចូល​ជា​ស្ថាពរ​ទៅ​ហើយ ហើយ​សម្រេច​ផ្ដន្ទាទោស​ឈ្មោះ ឃួន សុផល ដែល​ជា​ជនល្មើស​ក្នុង​រឿង​ក្តី​នេះ គឺ​ដាក់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ ហើយ​ព្យួរ​ទោស​ដោយ​សាកល្បង​រយៈពេល ៥​ឆ្នាំ។ សាលក្រម​នេះ បាន​ចូល​ជា​ស្ថាពរ​រួច​ហើយ។ អ៊ីចឹង​មាន​ការ​អនុវត្ត​ចប់​សព្វ​គ្រប់​អស់​ហើយ»

បើ​តាម​អ្នក​ច្បាប់ ទោស​ដែល អ្នកស្រី ឃួន សុផល ព្រួត​គ្នា​វាយ និង​ស្រោច​ទឹក​អាស៊ីដ​លើ កញ្ញា តាត ម៉ារីណា មិន​មែន​ជា​ទោស "បង្ក​របួស​ស្នាម" ដូច​ដែល​ចៅក្រម​សាលា​ដំបូង​ប្រកាស​ស្ងាត់ៗ​នោះ​ទេ។ ទោស​ដែល​ត្រឹមត្រូវ​សម​ទៅ​តាម​ទម្ងន់​បទល្មើស​នោះ គឺ​ការ​ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា ឬ​ប៉ុនប៉ង​ឃាតកម្ម ដែល​មិន​ត្រូវ​ទទួល​បាន​ការ​ព្យួរ​ទោស​សាកល្បង​នោះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា សាលក្រម​ព្យួរ​ទោស​រយៈពេល​១​ឆ្នាំ និង​សាកល្បង​រយៈពេល​៥​ឆ្នាំ ដែល​ចៅក្រម​សម្រេច​លើ​ករណី អ្នកស្រី ឃួន សុផល គិត​មក​ត្រឹម​ឆ្នាំ​២០០៥ បាន​អនុញ្ញាត​អោយ​ទណ្ឌិត​រូប​នេះ​រួច​ខ្លួន​ទាំង​ស្រុង។ មាន​ន័យ​ថា អ្នកស្រី ឃួន សុផល មិន​ដែល​ត្រូវ​បាន​ជាប់​ក្នុង​ពន្ធនាគារ​មួយ​ថ្ងៃ​សោះ​ឡើយ ដោយសារ​តែ​អ្នកស្រី​អនុវត្ត​ទោស​នៅ​ក្រៅ​ពន្ធនាគារ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ រឿង​មួយ​ដែល​មិន​អាច​កែប្រែ​បាន​នោះ គឺ​អ្នក​ដែល​អនុវត្ត​ទោស​រួច​ហើយ មិន​អាច​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ថ្កោលទោស​បាន​ទេ។ អ្នកស្រី ឃួន សុផល ក៏​ដូច​ជា​បុគ្គល​មាន​ទោស​ព្យួរ​ដទៃ​ទៀត​ដែរ ឈ្មោះ​របស់​គាត់​នឹង​មាន​នៅ​ក្នុង​បញ្ជី​ង​ថ្កោលទោស​នៃ​បទល្មើស​ព្រហ្មទណ្ឌ​ជា​រៀង​រហូត។

យោង​តាម​ក្រម​ព្រហ្មទណ្ឌ ចៅក្រម​អាច​សម្រេច​ដាក់​ទោស​ព្យួរ​សាកល្បង​បាន ទៅ​លើ​ទណ្ឌិត​ទាំង​ឡាយ​ណា​ដែល​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​ពី ៦​ខែ​ដល់ ៥​ឆ្នាំ។ ទោះ​ជា​យ៉ាង​ណា លោក​សាស្ត្រាចារ្យ​ច្បាប់ កុយ នាម មាន​ប្រសាសន៍​ថា ចៅក្រម​អាច​ធ្វើ​ការ​ថ្លឹងថ្លែង​ក្នុង​ការ​ដាក់​ទោស​ព្យួរ ឬ​អត់ ចំពោះ​ទណ្ឌិត​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​ខណៈ​នៅ​ក្រៅ​ឃុំ៖ «ឧទាហរណ៍ មនុស្ស​ហ្នឹង​មាន​សក្ដានុពល​អាច​នឹង​សងសឹក​អ្នក​ណា​មួយ​ជា​សាក្សី ឬ​ភាគី​ម្ខាង​ទៀត។ អ៊ីចឹង​បើ​មាន​កាលៈទេសៈ​ទំនង​បែប​អ៊ីចឹង ចៅក្រម​ប្រហែល​ជា​គាត់​មិន​ពិចារណា​រឿង​ព្យួរ​ទេ ព្រោះ​ខ្លាច​មាន​បញ្ហា»

សរុប​សេចក្តី​មក ការ​ព្យួរ​ទោស​មាន​ពីរ​ប្រភេទ គឺ​ការ​ព្យួរ​ទោស​ធម្មតា និង​ការ​ព្យួរ​ទោស​សាកល្បង។ ការ​ព្យួរ​ទោស​ទាំង​ពីរ​ប្រភេទ​នេះ ច្បាប់​មិន​តម្រូវ​អោយ​ទណ្ឌិត​រស់នៅ​ក្នុង​ពន្ធនាគារ​ទេ។ ខុស​គ្នា​ពី​ការ​ព្យួរ​ទោស​ធម្មតា ការ​ព្យួរ​ទោស​សាកល្បង ទណ្ឌិត​ត្រូវ​ដាក់​អោយ​ស្ថិត​នៅ​ក្រោម​វិធានការ​ត្រួត​ពិនិត្យ និង​គោរព​នូវ​កាតព្វកិច្ច​ក្នុង​រយៈពេល​សាកល្បង។ ហើយ​ប្រសិន​បើ​ក្នុង​រយៈពេល​នៃ​ការ​ព្យួរ​ទោស​សាកល្បង​នេះ ទណ្ឌិត​មិន​បាន​បំពាន​លើ​វិធានការ​ត្រួត​ពិនិត្យ​ទេ​នោះ ទណ្ឌិត​នឹង​មាន​សេរី​ភាព​ពេញលេញ​ធម្មតា​ឡើង​វិញ។ ប៉ុន្តែ​បើ​មាន​បទល្មើស​ថ្មី ឬ​ល្មើស​នឹង​វិធានការ​ត្រួត​ពិនិត្យ​ក្នុង​អំឡុង​ពេល​ព្យួរ​ទោស​នោះ ទណ្ឌិត​អាច​នឹង​ត្រូវ​ទៅ​អនុវត្ត​ទោស​ដែល​ព្យួរ​នោះ​នៅ​ក្នុង​ពន្ធនាគារ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។