ការ​ប្រៀបធៀប​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​សហរដ្ឋ​អាមេរិក ចិន និង​កម្ពុជា

ដោយ ជី វិតា
2015.02.17
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ៨៥៥ ៣-ធ្នូ-២០១៣៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។
Photo: RFA

អំពើ​ពុក​រលួយ​តែង​កើត​មាន​នៅ​ក្នុង​បណ្ដា​ប្រទេស​ទាំង​ឡាយ​លើ​លោក​នេះ មិន​ថា​ឡើយ​ប្រទេស​អ្នក​ក្រ អ្នក​មាន ឬ​ប្រកាន់​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី សង្គម​និយម កុម្មុយនិស្ត សាធារណរដ្ឋ ឬ​របប​រាជា​និយម​នោះ​ទេ។

អ្វី​ដែល​សំខាន់ គឺ​ថា តើ​ថ្នាក់​ដឹក​នាំ​នៃ​បណ្ដា​ប្រទេស​នីមួយៗ​នោះ​មាន​ឆន្ទៈ និង​យន្តការ​ដោះស្រាយ​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​ប្រសិទ្ធភាព​យ៉ាង​ណា ដើម្បី​កាត់​បន្ថយ ឬ​លុប​បំបាត់​អំពើ​ពុក​រលួយ​ដែល​បំផ្លាញ​សេដ្ឋកិច្ច​ជាតិ​របស់​ខ្លួន​នោះ?

ក្នុង​នាទី​ច្បាប់​សប្ដាហ៍​នេះ លោក ជី វិតា មាន​សេចក្តី​រាយការណ៍​ប្រៀបធៀប​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​បី គឺ​សហរដ្ឋ​អាមេរិក ប្រទេស​ចិន និង​កម្ពុជា ដូច​ត​ទៅ៖

អំពើ​ពុក​រលួយ​ធ្វើ​ឲ្យ​បាត់​បង់​ចំណូល​រដ្ឋ ធ្វើ​ឲ្យ​ធនធាន​ជាតិ​ប្រមូល​ផ្តុំ​លើ​បុគ្គល​មាន​អំណាច ធ្វើ​ឲ្យ​គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ​កាន់​តែ​ឆ្ងាយ​ពី​គ្នា នាំ​ឲ្យ​មាន​អយុត្តិធម៌​សង្គម​ដែល​ជា​ប្រភព​មូលហេតុ​បណ្ដាល​ឲ្យ​អំពើ​ហិង្សា​ក្នុង​សង្គម​ជាតិ។

ក្នុង​ចំណោម​ប្រទេស​ទាំង​បី សហរដ្ឋ​អាមេរិក ប្រទេស​ចិន និង​កម្ពុជា សុទ្ធតែ​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ។ តើ​ប្រទេស​ណា​មួយ​យក​ចិត្ត​ទុក​ដាក់​ជាង​គេ ដើម្បី​បំបាត់​អំពើ​ពុក​រលួយ​នោះ?

ភ្លាមៗ​ក្រោយ​ពេល​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាល​ពី​ខែ​មីនា ឆ្នាំ​២០១៤ លោក ស៊ី ជីងពីង (Xi Jinping) បាន​ប្រកាស​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។ លោក ស៊ី ជីងពីង ព្រមាន​ថា អំពើ​ពុក​រលួយ​បាន​គំរាម​កំហែង​ដល់​ការ​ស្លាប់​រស់​របស់​បក្ស​កុម្មុយនិស្ត​ចិន និង​ប្រជាជាតិ​ចិន។ ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ លោក​ប្រធានាធិបតី​ចិន ស៊ី ជីងពីង នៅ​ដើម​ឆ្នាំ​២០១៥ នេះ ប្ដេជ្ញា​ជា​ឱឡារិក​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ «គ្មាន​សោះ​ឡើយ​នូវ​ការ​អត់​ឱន​ចំពោះ​អំពើ​ពុក​រលួយ (Zero Tolerance)»។ លោក​ព្រមាន​ថា «សត្វ​ខ្លា​ក៏​លោក​ចាប់ សត្វ​រុយ​ក៏​លោក​ចាប់»។ សត្វ​ខ្លា​នៅ​ទីនេះ​តំណាង​ឲ្យ​មន្ត្រី​ធំ​គ្រាក់ៗ​ដែល​មាន​អំណាច ឬ​យសស័ក្ដិ​ខ្ពស់។ សត្វ​រុយ​តំណាង​ឲ្យ​មន្ត្រី​តូច​តាច។

ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​ឆ្នាំ​២០១៤ មន្ត្រី​តូច​ធំ​មាន​យោធា ប៉ូលិស អភិបាល​ខេត្ត ក្រុង ឈ្មួញ​ទុច្ចរិត និង​មន្ត្រី​ជាន់​ខ្ពស់​បក្ស​កុម្មុយនិស្ត​ចិន សរុប​ចំនួន ៧១.៧៤៨​នាក់ ត្រូវ​បាន​តុលាការ​ប្រជាជន​ផ្ដន្ទាទោស​ពី​បទ​រំលោភ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ។ ក្នុង​ចំណោម​ទោស​ធ្ងន់​មាន​ការ​ប្រហារ​ជីវិត និង​ជាប់​គុក​អស់​មួយ​ជីវិត។ ថ្មីៗ​នេះ គឺ​នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥  មហា​សេដ្ឋី​ចិន ម្នាក់​ឈ្មោះ លាវ ហាន (Liu Han) ជា​អ្នក​ជំនួញ​ល្បី​ឈ្មោះ​មាន​លុយ​រាប់​ពាន់​លាន​ដុល្លារ និង​ប្អូន​ប្រុស​ម្នាក់ ព្រម​ទាំង​បក្ខពួក​បី​នាក់​ផ្សេង​ទៀត ត្រូវ​តុលាការ​កំពូល​នៃ​ខេត្ត​ហេប៊ី (Hebei) កាត់​ទោស​ប្រហារ​ជីវិត ពី​បទ​ឃាតកម្ម​ធ្វើ​អាជីវកម្ម​រំលោភ​ច្បាប់ និង​ដឹក​នាំ​ក្រុម​ជន​ពាល​ម៉ាហ្វាយ៉ា (Mafia)។

ការ​ប្រហារ​ជីវិត​បង​ប្អូន​ពីរ​នាក់​ដែល​ជា​មហា​សេដ្ឋី និង​ស្និត​ជាមួយ​អតីត​មន្ត្រី​ជាន់​ខ្ពស់​បក្ស​កុម្មុយនិស្ត​ចិន ផង​នោះ​បាន​ធ្វើ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​ចិន ដទៃ​ទៀត​ភ័យ​ព្រឺ​ឆ្អឹង​ខ្នង ពេល​និយាយ​ដល់​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជីងពីង។ ទោះ​ជា​យ៉ាង​ណា អ្នក​សង្កេត​ការណ៍​អន្តរជាតិ​មួយ​ចំនួន​មាន​ការ​សង្ស័យ​ថា លោក​ប្រធានាធិបតី​ចិន ស៊ី ជីងពីង ឆក់​ឱកាស​យក​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​បង្ក្រាប​សត្រូវ ឬ​អ្នក​ប្រឆាំង​នឹង​ក្រុម​របស់​ខ្លួន។

នៅ​សហរដ្ឋ​អាមេរិក វិញ អ្វី​ដែល​ខុស​គ្នា​ពី​ប្រទេស​ចិន នោះ គឺ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក មិន​ចាំបាច់​ប្រកូកប្រកាស​បើក​យុទ្ធនាការ​កណ្ដាប់​ដៃ​ដែក​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នោះ​ទេ។ ច្បាប់​ដែល​រដ្ឋសភា​ព្រឹទ្ធសភា​អាមេរិក​បង្កើត​ហើយ មន្ត្រី​អនុវត្ត និង​វិនិច្ឆ័យ​ច្បាប់ មាន​ប៉ូលិស រដ្ឋ​អាជ្ញា និង​តុលាការ​ដែល​ឯករាជ្យ ត្រូវ​អនុវត្ត​ជា​ស្វ័យប្រវត្តិ​នៅ​ពេល​មាន​ករណី​មិន​ប្រក្រតី​ទាក់ទង​នឹង​ការ​លួច​សម្បត្តិ​ជាតិ​កើត​ឡើង។ ទោះ​ជា​យ៉ាង​ណា អ្វី​ដែល​ដូច​គ្នា​នឹង​ពាក្យ​ស្លោក​របស់ លោក ស៊ី ជីងពីង ប្រធានាធិបតី​ចិន នោះ គឺ​ថា​នៅ​សហរដ្ឋ​អាមេរិក ទោះ​ជា​ខ្លា​ពុក​រលួយ​ក៏​ត្រូវ​ចាប់ រុយ​ពុក​រលួយ​ក៏​ត្រូវ​ចាប់​ដូច​គ្នា។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៥ ថ្មីៗ​នេះ​អតីត​អភិបាល​រដ្ឋ​វឺជីនៀ (Virginia) លោក រ៉ូប៊ឺត ម៉ាក់ដូណែល (Robert McDonnell) មក​ពី​គណបក្ស​សាធារណរដ្ឋ ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក​ចំនួន ២​ឆ្នាំ ពី​បទ​ពុក​រលួយ។ ការ​ផ្ទុះ​រឿង​អាស្រូវ​ជាប់​ទោស​ពុក​រលួយ​របស់ លោក រ៉ូប៊ឺត ម៉ាក់ដូណែល ដែល​ធ្លាប់​មាន​សក្ដានុពល​ជា​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ផង​នោះ បាន​ធ្វើ​ឲ្យ​សាធារណជន និង​អ្នក​សារព័ត៌មាន​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​សម្បើម។

[...សំឡេង​ទូរទស្សន៍ MSNBC ផ្សាយ​ពី​សេចក្តី​ប្រកាស​របស់​តុលាការ...]

លោក រ៉ូប៊ឺត ម៉ាក់ដូណែល និង​ភរិយា ត្រូវ​តុលាការ​រក​ឃើញ​ថា មាន​ទោស​ពី​បទ​ឃុបឃិត​ឲ្យ​ឈ្មួញ​ម្នាក់​ឈ្មោះ ចននី វីលៀម (Jonny R. William Sr.) ខ្ចី​ប្រើប្រាស់​កិត្តិនាម​នៃ​ខុទ្ទកាល័យ​អភិបាល​រដ្ឋ​វឺជីនៀ ដើម្បី​ឃោសនា​គុណភាព​ថ្នាំ​ប៉ូវ​សុខភាព ជា​ថ្នូរ​នឹង​លាភ​សក្ការៈ​ផ្សេងៗ​រួម​មាន ប្រាក់​កម្ចី សម្ភារៈ កាដូ​ថ្លៃៗ រួម​មាន​នាឡិកា​រ៉ូលិច រថយន្ត​ទំនើប អំណោយ​អាពាហ៍ពិពាហ៍​ដល់​កូន​ស្រី​ខ្លួន និង​ការ​ចំណាយ​ទៅ​លើ​វិស្សមកាល​លំហែ​កាយ​ដល់​គ្រួសារ លោក រ៉ូប៊ឺត ម៉ាក់ដូណែល សរុប​ទាំងអស់​មាន​ចំនួន ១៧៧.០០០​ដុល្លារ។ បើ​ទោះ​ជា​ប្រកាស​ថា លោក​មិន​បាន​ក្បត់​ពាក្យ​សម្បថ​ចូល​កាន់​តំណែង​បម្រើ​ប្រជាជន​នៃ​រដ្ឋ​វឺជីនៀ ក៏ដោយ ក៏ លោក រ៉ូប៊ឺត ម៉ាក់ដូណែល ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​មាន​ការ​សោកស្ដាយ៖ «ដូច​ដែល​ខ្ញុំ​បាន​ប្រកាស​ក្នុង​សវនាការ​ហើយ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​ធ្លាក់​អាប់ឱន។ ខ្ញុំ​ប្រព្រឹត្ត​កំហុស​ខ្លះ​ក្នុង​ជីវិត។ ក្នុង​នាម​ជា​អភិបាល​រដ្ឋ ខ្ញុំ​តែង​តែ​ព្យាយាម​គិត​ពី​ផល​ប្រយោជន៍​របស់​ប្រជាជន​ជា​មុន ប៉ុន្តែ​ខ្ញុំ​បាន​ជួប​ភាព​បរាជ័យ​ខ្លះ ហើយ​សេចក្តី​សម្រេច​ចិត្ត​ខ្លះ​ក្នុង​ពេល​ខ្ញុំ​ដឹក​នាំ​ជា​អភិបាល​រដ្ឋ បាន​បណ្ដាល​ឲ្យ​អន្តរាយ​ដល់​បុគ្គល​ខ្លួន​ខ្ញុំ​ផ្ទាល់ គ្រួសារ និង​ប្រជាជន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ក្នុង​រដ្ឋ​វឺជីនៀ។ ទង្វើ​នេះ​ហើយ​បណ្ដាល​ឲ្យ​ខ្ញុំ​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង»

នៅ​មុន​ពេល​តុលាការ​រក​ឃើញ​ថា​មាន​ទោស​ពី​បទ​ពុក​រលួយ​ចំនួន ១១​ករណី កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤ នោះ អតីត​អភិបាល​វឺជីនៀ លោក រ៉ូប៊ឺត ម៉ាក់ដូណែល គឺ​ជា​មេធាវី​មួយ​រូប​ធ្លាប់​ធ្វើ​ជា​រដ្ឋ​អាជ្ញា និង​មាន​គុណ​សម្បត្តិ​ខ្ពស់​ដែល​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក សម្រាប់​គណបក្ស​សាធារណរដ្ឋ​ទៀត​ផង។ នៅ​ខណៈ​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​កាត់​ទោស​ឲ្យ​លោក​ជាប់​គុក ២​ឆ្នាំ​នោះ អតីត​អភិបាល​រដ្ឋ​វឺជីនៀ រូប​នេះ ត្រូវ​តុលាការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ ដោយ​តុលាការ​សំអាង​ថា លោក​នឹង​មិន​គេច​ខ្លួន និង​មិន​មាន​គ្រោះថ្នាក់​ដល់​សាក្សី។ នេះ​ជា​លើក​ទី​១​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​រដ្ឋ​វឺជីនៀ ដែល​មាន​អភិបាល​រដ្ឋ ត្រូវ​តុលាការ​រក​ឃើញ​ថា មាន​ទោស​ពី​បទ​ប្រើ​មុខ​តំណែង​សាធារណៈ​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

ករណី​លេចធ្លោ​មួយ​ទៀត គឺ​ការ​កាត់​ទោស​អតីត​អភិបាល​រដ្ឋ​អ៊ីលីណយ (Illinois) លោក រ៉ូដ ប្លាហ្គោហេវិច (Rod R. Blagojevich) ពី​គណបក្ស​ប្រជាធិបតេយ្យ កាល​ពី​ឆ្នាំ​២០១១ ឲ្យ​ជាប់​គុក ១៤​ឆ្នាំ​ពី​បទ​ពុក​រលួយ​ចំនួន​ជិត ២០​ករណី។ អំពើ​ប្រព្រឹត្ត​ធ្ងន់ធ្ងរ​ល្បី​ជាង​គេ​នោះ គឺ​ការ​ប៉ុនប៉ង​លក់​អាសនៈ​សមាជិក​ព្រឹទ្ធសភា​របស់ លោក បារ៉ាក់ អូបាម៉ា (Barack Obama) បន្ទាប់​ពី​អតីត​សមាជិក​ព្រឹទ្ធសភា អូបាម៉ា ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​ឆ្នាំ​២០០៨។

ងាក​មក​ពិនិត្យ​មើល​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា វិញ​ម្តង។ ខណៈ​នៅ​ចិន និង​អាមេរិក បង្ក្រាប​អំពើ​ពុក​រលួយ​គ្មាន​រើស​មុខ ចាប់​ទាំង​ហ្វូង​ខ្លា និង​ហ្វូង​រុយ​នោះ តើ​ការ​បង្ក្រាប​ចាប់​អំពើ​ពុក​រលួយ​នៅ​កម្ពុជា មាន​ការ​រើស​មុខ​ដែរ​ទេ?

ស្រដៀង​គ្នា​ទៅ​នឹង​ប្រធានាធិបតី​ចិន លោក ស៊ី ជីងពីង ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា អំពើ​ពុក​រលួយ គឺ​ជា​កត្តា​ស្លាប់​រស់​របស់​ជាតិ។ ថ្លែង​ទៅ​កាន់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​នៅ​ក្នុង​សន្និសីទ​តំបន់​លើក​ទី​៨ នៅ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៤ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​អាណត្តិ​ទី​៥ នេះ នៅ​តែ​ប្ដេជ្ញា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ។ ក្នុង​ការ​សម្រេច​គោលដៅ​នេះ រដ្ឋាភិបាល​មាន​វិធានការ​បី​យ៉ាង គឺ​ទី​១ ពង្រឹង​ការ​អប់រំ​ផ្សព្វផ្សាយ។ ទី​២ ការពារ​ទប់ស្កាត់​អំពើ​ពុក​រលួយ និង​ទី​៣ បង្ក្រាប ចាប់​បញ្ជូន​ជនល្មើស​ទៅ​តុលាការ។

ទោះ​ជា​យ៉ាង​ណា វិធានការ​ទាំង​បី​នេះ​គេ​ឃើញ​មាន​វិធានការ​ទី​១ គឺ​សកម្មភាព​ផ្សព្វផ្សាយ​អប់រំ​លេចធ្លោ​ជាង​គេ តាម​រយៈ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ ប៉ុន្តែ​សម្រាប់​វិធានការ​ទី​៣ គឺ​ការ​ចាប់​ជនល្មើស​ពុក​រលួយ​បញ្ជូន​ទៅ​តុលាការ​វិញ​នោះ រហូត​មក​ដល់​ពេល​នេះ គេ​ឃើញ​ចាប់​បាន​ភាគ​ច្រើន​តែ​សត្វ​រុយ ឬ​មន្ត្រី​តូចតាច។ ចំណែក​មន្ត្រី​ជាន់​ខ្ពស់​វិញ គេ​ឃើញ​ចាប់​បាន​ពីរ​នាក់ គឺ​អតីត​ព្រះរាជ​អាជ្ញា​ខេត្ត​ពោធិ៍សាត់ តុប ច័ន្ទសេរីវុធ និង​លោក មឹក ដារា អតីត​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន ដែល​អាច​ចាត់​ជា​សត្វ​ខ្លា​នោះ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​បទ​ពុក​រលួយ។ ទោះ​ជា​យ៉ាង​ណា អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​នៅ​សង្ស័យ​ថា ករណី​ទាំង​ពីរ​នេះ​អាច​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

ខុស​ពី​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក កម្ពុជា នៅ​មិន​ទាន់​ឃើញ​ចាប់​បាន​សត្វ​ខ្លា​ដំបង​ធំៗ ដូចជា​អភិបាល​ក្រុង អភិបាល​ខេត្ត រដ្ឋមន្ត្រី មន្ត្រី​យោធា និង​មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់ ព្រម​ទាំង​ឧកញ៉ា មហា​សេដ្ឋី ដែល​ពុក​រលួយ​នៅ​ឡើយ​ទេ។ ដូច្នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្គាល់​ថា មាន​អំពើ​ពុក​រលួយ ប៉ុន្តែ​លោក​បន្ទោស​ទៅ​ក្រុមហ៊ុន​ឯកជន​ច្រើន​ជាង ថា​ជា​អ្នក​សូកប៉ាន់​មន្ត្រី​របស់​លោក។ លោក​អំពាវនាវ​សុំ​ឲ្យ​បញ្ឈប់​ការ​សូកប៉ាន់​មន្ត្រី​រាជការ។ ឆ្នាំ​២០១៤ អង្គការ​ឃ្លាំ​មើល​តម្លាភាព​អន្តរជាតិ (Transparency International) ចាត់​ចំណាត់​ថ្នាក់​កម្ពុជា ឋិត​ក្នុង​ប្រទេស​មាន​អំពើ​ពុក​រលួយ​ខ្លាំង ជាពិសេស​នៅ​ក្នុង​សេវា​សាធារណៈ និង​តុលាការ។ កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា «វប្បធម៌​ឯង​ជួយ​អញ អញ​ជួយ​ឯង» កំពុង​ចាក់​ឫស​យ៉ាង​ជ្រៅ។

ឧទាហរណ៍​ករណី​ជាក់ស្តែង​មួយ​ទាក់ទង​នឹង​អតីត​អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា ដែល​បាន​ប្រើ​អំណាច​តួនាទី​របស់​ខ្លួន​ជួយ​ជ្រោមជ្រែង​ក្រុមហ៊ុន​ឯកជន ផាន អ៊ីម៉ិច ឲ្យ​រំលោភ​កិច្ចសន្យា​សាងសង់​អគារ ១០​ខ្នង​ឲ្យ​ពលរដ្ឋ​សហគមន៍​បុរីកីឡា។ ហត្ថលេខា​លើ​លិខិត​របស់ លោក កែប ជុតិមា ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១១ ដែល​កាល​នោះ​ជា​អភិបាល​ក្រុង​ភ្នំពេញ បាន​ផ្ញើ​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំ​ការ​យល់​ព្រម​ឲ្យ​ក្រុមហ៊ុន ផាន អ៊ីម៉ិច សង់​ត្រឹម ៨​អគារ និង​ដក​ហូត​ដី​សម្រាប់​សង់​អគារ ២​ខ្នង​ទៀត ឲ្យ​ទៅ​ក្រុមហ៊ុន។ ក្នុង​លិខិត​ដដែល​នោះ ក៏​មាន​ចំណារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា «យល់​ព្រម​តាម​សំណើ» ថែម​ទៀត​ជា​ភស្តុតាង។

យោង​តាម​ក្រម​រដ្ឋប្បវេណី រដ្ឋាភិបាល ឬ​ភ្នាក់ងារ​រដ្ឋាភិបាល មិន​មាន​សិទ្ធិ​អំណាច​លូក​ដៃ​ចូល​ជ្រៀតជ្រែក​ក្នុង​ជម្លោះ​កិច្ចសន្យា​រវាង​ពលរដ្ឋ និង​ពលរដ្ឋ​ឡើយ មាន​តែ​តុលាការ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​សម្រេច​ថា ភាគី​ណា​ត្រូវ ឬ​ខុស។ វា​កាន់​តែ​ច្បាស់​ទៅ​ទៀត​នោះ ក្នុង​កិច្ចសន្យា​សាងសង់​អគារ ១០​ខ្នង ប្រការ​៦ ស្ដីពី​ករណី​វិវាទ​បាន​បញ្ជាក់​ថា «រាល់​ការ​វិវាទ​ដែល​កើត​ក្នុង​រយៈពេល​អនុវត្ត​កិច្ចសន្យា ភាគី​ទាំង​ពីរ​នឹង​សម្រុះសម្រួល ពិភាក្សា​ដោយ​សន្តិវិធី។ ករណី​មិន​មាន​ការ​ឯកភាព​គ្នា ត្រូវ​កសាង​សំណុំ​រឿង​ជូន​តុលាការ ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់»។ ប៉ុន្តែ​ប្រធាន​ក្រុមហ៊ុន ផាន អ៊ីម៉ិច លោកស្រី ស៊ុយ សុផាន ដែល​ស្និទ្ធ​នឹង​គ្រួសារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ទៅ​រក​តុលាការ​ទេ បែរ​ជា​ទៅ​រក​លោក​នាយក​រដ្ឋមន្ត្រី។ បើ​ទោះ​ជា​ជន​រងគ្រោះ​បុរីកីឡា បាន​ដាក់​ពាក្យ​បណ្ដឹង​ជាច្រើន​ក្តី លោក កែប ជុតិមា មិន​ត្រឹម​តែ​មិន​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ទៅ​សាកសួរ​ពី​បញ្ហា​មិន​ប្រក្រតី​នេះ​ប៉ុណ្ណោះ​ទេ អតីត​អភិបាល​ក្រុង​ភ្នំពេញ​រូប​នេះ ត្រូវ​បាន​ឡើង​តំណែង​ជា​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ថែម​ទៀត។

ករណី​កំពុង​ល្បីល្បាញ​មួយ​ទៀត គឺ​អំពើ​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​បំផ្លាញ​ព្រៃ​ឈើ​ខ្មែរ​ដោយ​ក្រុមហ៊ុន ទ្រី ភាព ក៏​គ្មាន​ត្រូវ​បាន​ស៊ើប​អង្កេត​ដែរ។ បើ​ទោះ​ជា​មាន​អនុក្រឹត្យ​ឆ្នាំ​២០១១ បន្ថែម​ទៅ​លើ​ច្បាប់​ការពារ​អភិរក្ស​ព្រៃ​ឈើ​ចេញ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្លួន​ឯង ហាម​មិន​ឲ្យ​កាប់ និង​នាំ​ចេញ​ឈើ​ប្រណីត​ក៏ដោយ ក៏​ការ​កាប់​ព្រៃ​ឈើ​ប្រណីត និង​នាំ​ចេញ​ដោយ​ឧកញ៉ា ទ្រី ភាព នៅ​តែ​បន្ត​មាន​រហូត​មក​ដល់​បច្ចុប្បន្ន។ បើ​ទោះ​ជា​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ពិភពលោក គ្លបល វីនេស (Global Witness) និង​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​និយាយ​ថា ក្រុមហ៊ុន ទ្រី ភាព កំពុង​បំពាន​ច្បាប់​ក៏ដោយ ក៏​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក អ៊ុក រ៉ាប៊ុន មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ព្យាយាម​ការពារ​ថា សកម្មភាព​នាំ​ឈើ​ចេញ​របស់​ក្រុមហ៊ុន ទ្រី ភាព មិន​រំលោភ​ច្បាប់​ទេ។

សម្រាប់​ឆ្នាំ​២០១៤ នេះ អង្គការ​តម្លាភាព​កម្ពុជា រក​ឃើញ​ថា បណ្ដា​ក្រសួង​មន្ទីរ​របស់​រដ្ឋ​ជាច្រើន សឹង​ពាសពេញ​ប្រទេស​ខ្វះ​ប្រព័ន្ធ​សុចរិត​ភាព រួម​ទាំង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​ខ្លួន​ឯង​ផង។

ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​ហៅ​ថា «កម្មវិធី​បាត​ដៃ​ស្អាតស្អំ» នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០០៩ អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា លោកស្រី ខារ៉ល រ៉តលី (Carol Rodley) បាន​ប្រកាស​ថា ផ្អែក​តាម​ការ​ស្រាវជ្រាវ កម្ពុជា ខាត​បង់​ទឹក​ប្រាក់ ៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​មួយ​ឆ្នាំៗ​ទៅ​ក្នុង​អំពើ​ពុក​រលួយ។

កម្ពុជា មាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដូច​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន ដែរ ប៉ុន្តែ​អ្នក​ច្បាប់​រិះគន់​ថា ជា​ច្បាប់​មិន​ទាន់​ល្អ ជា​ច្បាប់​មិន​មាន​តម្លាភាព ដោយសារ​មាន​ចំណុច​មិន​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ជាច្រើន ក្នុង​នោះ​រួម​មាន ការ​អនុញ្ញាត​ឲ្យ​មន្ត្រី​រាជការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ស្ងាត់ៗ មិន​បើក​ចំហ​ឲ្យ​សាធារណជន​ដឹង។ ក្រៅ​ពី​បញ្ហា​ច្បាប់ កម្ពុជា ក៏​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​រង​ការ​រិះគន់​ថា មាន​សមាសភាព​ថ្នាក់​ដឹក​នាំ​ជា​មនុស្ស​មិន​ឯករាជ្យ មិន​មែន​ជា​អ្នក​បច្ចេកទេស ប៉ុន្តែ​ជា​អ្នក​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។