ទីគោចររបស់ភិក្ខុសង្ឃក្នុងការនិមន្តបិណ្ឌបាត
2015.12.09
ក្នុងពុទ្ធកិច្ច ៥យ៉ាង ដែលព្រះសម្មាសម្ពុទ្ធតែងប្រព្រឹត្តជាប្រចាំក្នុងជីវិតរស់នៅរបស់ព្រះអង្គ គឺពេលទៀបភ្លឺ (បច្ឆិមយាម) ទ្រង់ប្រមើលមើលឧបនិស្ស័យសត្វ បន្ទាប់មកពេលព្រឹកទ្រង់និមន្តបិណ្ឌបាត។ ពេលរសៀល ព្រះអង្គទ្រង់សំដែងធម្មទេសនាប្រោសពុទ្ធបរិស័ទ ពេលយប់ (បឋមយាម) ទ្រង់ប្រទានឱវាទចំពោះភិក្ខុសង្ឃ និងពេលពាក់កណ្ដាលអធ្រាត្រ (មជ្ឈិមយាម) ទ្រង់ដោះប្រស្នាទេវតា។
តើទីណាខ្លះដែលគួរ និងមិនគួរចំពោះភិក្ខុសាមណេរក្នុងការនិមន្តបិណ្ឌបាត?
តាមន័យដើមជាភាសាបាលី និងសំស្ក្រឹត ពាក្យ «ភិក្ខុ» សំដៅដល់សមណបព្វជិត អ្នកបួស អ្នកសូមដែលរស់ដោយសារទានរបស់សប្បុរស មានអាហារចំណី គ្រឿងស្លៀកដណ្ដប់ ទីស្នាក់អាស្រ័យ និងថ្នាំកែរោគជាដើម។
មានវិន័យជាច្រើនប្រការទាក់ទងនឹងទីនិមន្តគោចរបិណ្ឌបាត ដែលជាកិច្ចវត្តរបស់ព្រះភិក្ខុសង្ឃក្នុងពុទ្ធសាសនា ដើម្បីស្វែងរកអាហារភោជនយកមកទ្រទ្រង់ជីវិតឱ្យប្រព្រឹត្តទៅតាមពុទ្ធានុញ្ញាត និងពុទ្ធបញ្ញត្តិ។
ដោយផ្អែកទៅតាមសេចក្ដីក្នុងគម្ពីរព្រះត្រៃបិដក និងអដ្ឋកថា ដែលជាការអធិប្បាយឱ្យងាយយល់ យល់ស្ដាប់ ភិក្ខុសក្យមុនីបុត្តោ ជា សុមាលា គង់នៅវត្ត «សារាវ័ន្តតេជោ» ក្រុងភ្នំពេញ មានថេរដីកាអំពីទីអគោចរ ៦កន្លែង ដែលភិក្ខុសាមណេរគប្បីចៀសវាងក្នុងការត្រាច់ចរនិមន្តបិណ្ឌបាតនៅតាមភូមិស្រុក និគមជនបទ៖ «កន្លែងទី១ គឺទីកន្លែងអាស្រ័យនៅរបស់ស្ត្រីពេស្យា ដែលជាស្ត្រីផ្កាមាស ចិញ្ចឹមជីវិតអាស្រ័យសម្រស់ ជាទីដែលភិក្ខុសង្ឃអ្នកបិណ្ឌបាតមិនគួរនិមន្តទៅឡើយ។ ទី២ គឺកន្លែងស្ត្រីមេម៉ាយ ហើយទី៣ គឺកន្លែង [ផ្ទះ] ស្ត្រីដែលនៅក្រមុំ។ ទី៤ គឺកន្លែងខ្ទើយ ក៏ភិក្ខុសង្ឃមិនគួរនិមន្តទៅដែរ ព្រោះមើលទៅដូចតែស្ត្រីអ៊ីចឹងដែរ។ ទី៥នោះ គឺកន្លែងភិក្ខុនី គឺភិក្ខុស្ត្រី ដែលសម័យព្រះមាន ឥឡូវមិនមានទេ ហើយទី៦ គឺកន្លែងដែលគេលក់សុរា កន្លែងលក់ស្រា គឺភិក្ខុសង្ឃអ្នកបិណ្ឌបាតមិនគួរនិមន្តទៅឡើយ។ មាន ៦យ៉ាងហ្នឹង!»។
ចំពោះសំណួរថា តើភិក្ខុសាមណេរ អាចនិមន្តឆ្លងកាត់ទីទាំង ៦កន្លែងនោះបានដែរ ឬយ៉ាងណា?
ភិក្ខុធម្មបញ្ញោ ឡាយ សារិទ្ធិ គង់នៅវត្ត «សំពៅមាស» ក្រុងភ្នំពេញ មានថេរដីកាពន្យល់ថា ក្នុងករណីដែលគ្រាន់តែនិមន្តឆ្លងកាត់ គឺមិនមែនជាការខុសឆ្គងអ្វីឡើយ។ ម្យ៉ាងទៀត ភិក្ខុធម្មបញ្ញោ ឡាយ សារិទ្ធិ មានថេរដីកាបញ្ជាក់បន្ថែមអំពីវិន័យបញ្ញត្តិចំពោះកន្លែងទី២ និងទី៣ ជាលំនៅបរិស័ទដែលមានកូនស្រី ឬទីលំនៅស្ត្រីនៅទំនេរ មិនមានស្វាមី ហើយតែងរៀបចំអាហារដាក់បាត្រប្រគេនព្រះសង្ឃតាមទម្លាប់ធម្មតាជារៀងរាល់ថ្ងៃ។
ភិក្ខុធម្មបញ្ញោ ឡាយ សារិទ្ធិ៖ «ចម្រើនពរ! ក្នុងកិច្ចនេះ ព្រះពុទ្ធព្រះអង្គទ្រង់ហាមតែក្នុងត្រកូលណាដែលយើងមិនធ្លាប់ទៅ អត់ដែលស្គាល់ចិត្ត ដូចថា ញោមញាតិគាត់អធ្យាស្រ័យ គឺថាក្មេងហ្នឹងធ្លាប់ដាក់បាត្រពីមុនមកជាមួយជីដូនជីតា តែក្រោយមកមាតាបិតាមិននៅ ប៉ុន្តែយើងធ្លាប់ទៅបិណ្ឌបាត បានន័យថា អត់អាចឡើងទៅលើផ្ទះ តែអាចនៅមុខផ្ទះបាន នៅតាមផ្លូវអីបាន។ តាមធម្មតា អាត្មាលើកឡើងចំណុចត្រង់នេះ បើមានកូនសិស្ស គឺលោកអាចនិមន្តទៅបាន ប៉ុន្តែបើមិនមានកូនសិស្ស លោកមិនអាចទៅបានទេ មិនជាលក្ខណៈសេចក្ដីជ្រះថ្លាទេក្នុងពុទ្ធសាសនា។ និយាយត្រង់ទីកន្លែងអគោចរនេះ គឺសំដៅទៅលើទីកន្លែងដែលយើងមិនគួរទៅ ប៉ុន្តែបើសិនលោកនិមន្តបិណ្ឌបាតនៅតាមផ្លូវ គឺមិនជាបញ្ហាអីទេ ព្រោះនេះវាមិនមែនជាអាការៈដែលភិក្ខុសង្ឃត្រូវមានថេរដីកា ឬក៏បរិស័ទមានពាក្យសម្ដីអីមកសារសង ព្រោះក្នុងច្បាប់ពុទ្ធសាសនា ព្រះសង្ឃមួយអង្គ ស្ត្រីម្នាក់ និយាយគ្នាលើសតែពី ៦ម៉ាត់ឡើងទៅ គឺត្រូវទោស ត្រូវអាបត្តិ ចម្រើនពរ!»។
ត្រង់ចំណុចនេះ ភិក្ខុសក្យមុនីបុត្តោ ជា សុមាលា គង់នៅវត្ត «សារាវ័ន្តតេជោ» ក្រុងភ្នំពេញ មានថេរដីកាពន្យល់បន្ថែមអំពីវិន័យមួយចំនួនដែលភិក្ខុគួរ និងមិនគួរនិមន្តបិណ្ឌបាតទៅកាន់ទីទាំង ៦កន្លែងនោះ ទោះបីជាមួយអង្គឯងក្ដី ឬនិមន្តទៅជាក្រុមជាពួកក្ដី៖ «ត្រឹមតែនិមន្តឆ្លងកាត់មិនជាបញ្ហាអីទេ ព្រោះធម្មតាក្នុងការរស់នៅ ផ្ទះគឺជាទីនៅរបស់មនុស្សសត្វដូច្នេះការនិមន្តគឺនិមន្តធម្មតាកុំឱ្យតែឈប់ឈរនៅកន្លែងនោះ ឈរនៅទាំង ៦កន្លែងនោះ កុំឈរនៅពីមុខ បើគ្រាន់តែនិមន្តកាត់បាន។ ការនិមន្តតែមួយអង្គក៏មិនគួរ និមន្តច្រើនអង្គក៏មិនគួរនឹងនិមន្តទៅដែរ លើកលែងតែទីនោះជាទីកន្លែង ជាកន្លែងផ្ទះនៅជាប់គ្នា និងផ្ទះរបស់ញោមស្ត្រីបង្កើតដែលនិមន្តទៅសំដែងធម៌ឱ្យញោមស្រីស្ដាប់ ឬក៏ទីដែលគេមានការថ្វាយទានដល់សង្ឃ ហើយគេនិមន្តទៅដើម្បីសម្ដែងធម៌ដើម្បីទទួលបិណ្ឌបាត មានកិច្ចនិមន្តដូច្នេះ គ្រាន់តែទីតាំងជាប់គ្នាមិនជាបញ្ហាអីទេ មិនជាទីរង្កៀសទេអាចនិមន្តទៅបាន»។
ក្នុងន័យនេះ បញ្ញត្តិចំពោះទីឋានទាំង ៦កន្លែងនេះ ដែលចាត់ចូលជាទីអគោចរ គឺហាមឃាត់ក្នុងករណីដែលភិក្ខុសាមណេរ និមន្តទៅបិណ្ឌបាតជាកិច្ចវត្តប្រចាំថ្ងៃនៃជីវភាពរបស់អ្នកបួសដែលត្រូវតែអាស្រ័យការចិញ្ចឹមជីវិតដោយកម្លាំងស្មងកំភួនជើងដរាបអស់មួយជីវិត។
ក្រៅពីទីអគោចរទាំង ៦នេះ ភិក្ខុធម្មបញ្ញោ ឡាយ សារិទ្ធិ គង់នៅវត្ត «សំពៅមាស» ក្រុងភ្នំពេញ មានថេរដីកាអំពីទីកន្លែងដទៃមួយចំនួនទៀត ដែលភិក្ខុសាមណេរក្នុងពុទ្ធសាសនាមិនគួរគប្បីនឹងត្រាច់ចរនិមន្តបិណ្ឌបាត ទោះបីជាមិនមានបញ្ញត្តិក្នុងវិន័យសិក្ខាក្តី៖ «តាមពិតទៅមានទីកន្លែងច្រើនទៀត ប៉ុន្តែព្រះពុទ្ធព្រះអង្គទ្រង់ប្រារព្ធប្រកាសសម្ដែងតែ ៦ចំណុច ដូចជាទីកន្លែងហ្វឹកហាត់បន្ទាយទាហាន ភិក្ខុសង្ឃមិនគួរនិមន្តទៅកាន់ទេ ព្រោះជាទីកន្លែងសស្ត្រាវុធ ដូចជាលក់សាច់ កន្លែងលក់ត្រី លក់សំលៀកបំពាក់ ទីផ្សារអីហ្នឹង ភិក្ខុសង្ឃលោកអាចដឹងហើយ ថាមិនជាច្បាប់ឱ្យសុក្រឹតទេ បានន័យថា បានសមគួរ គឺរបស់ណាដែលមិនគួរ ទោះបីជាព្រះពុទ្ធលោកមិនបញ្ញត្តិក៏ដោយ គឺថាភិក្ខុសង្ឃមិនគួរទេ ដូចជាម៉ូតូឡានអីហ្នឹង គឺភិក្ខុសង្ឃមិនគួរបើកបរដោយខ្លួនឯងទេ ថ្វីត្បិតតែព្រះពុទ្ធព្រះអង្គមិនប្រកាសសំដែងមែន តែយើងអាចដឹងថា ភិក្ខុសង្ឃអ្នកបួសក្នុងពុទ្ធសាសនា គឺមិនគួរអីក្នុងការប្រើ ចម្រើនពរ!»។
ក្នុងពុទ្ធសាសនានៅមានវិន័យក្រឹត្យក្រមជាច្រើនប្រការទៀត ដែលញ៉ាំងឱ្យការនិមន្តបិណ្ឌបាត សូមអាហារចំណីរបស់ភិក្ខុ ភិក្ខុនី សាមណេរ សាមណេរី ខុសប្លែកគ្នាពីការសូមនៃជនកម្សត់ទុរគតនានា មានស្មូមយាចកជាដើម។ ក្នុងនោះរួមមាន ការសង្រួមនូវឥន្ទ្រិយទាំង ៦ ខណៈកំពុងនិមន្តត្រាច់ចរទៅបិណ្ឌបាត មានជាអាទិ៍ដូចជា គប្បីឈប់ឈរនៅនឹងផ្ទះរបស់អ្នកស្រុក មិនឆ្ងាយពេកមិនជិតពេក ដោយឈរនឹងមួយកន្លែង ភ្នែកសម្លឹងចុះក្រោមចម្ងាយតែ ៤ហត្ថទៅមុខ មិនងាកឆ្វេង មិនងាកស្តាំ។ ម្យ៉ាងទៀត សូម្បីតែម្ចាស់ផ្ទះគេមិនឃើញក៏ដោយ គឺភិក្ខុសាមណេរ លោកមិនចេញស្រដីពាក្យសូមវត្ថុអីណាមួយនោះឡើយ។
តើបញ្ញត្តិនូវទីគោចរក្នុងការនិមន្តបិណ្ឌបាតនៃភិក្ខុសាមណេរ មានអត្ថប្រយោជន៍អ្វីខ្លះចំពោះបព្វជិតអ្នកបួសក្នុងពុទ្ធសាសនា ពុទ្ធបរិស័ទ និងសង្គម? លោកអ្នកនាងកញ្ញានឹងបានស្ដាប់ការអធិប្បាយជុំវិញប្រការនេះនៅក្នុងការផ្សាយរបស់យើងខ្ញុំនៅពេលក្រោយ៕