ប្រជា​ពលរដ្ឋ​ត្រៀម​ខ្លួន​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ខែ្មរ និង​អំពាវនាវ​កុំ​ឱ្យ​មាន​ការ​ឡើង​ថ្លៃ​ម្ហូប​អាហារ និង​សេ​វា​ផ្សេង​ៗ ហួសហេតុ​ពេក​

ដោយ ថន ថារ៉ូ
2019-04-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ពលរដ្ឋ​លេង​ទឹក​តាម​ដង​ផ្លូវ​នៅ​សង្កាត់​ក្ដុលដូនទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ថ្ងៃទី១៦ មេសា ឆ្នាំ​២០១៨។
សកម្មភាព​ពលរដ្ឋ​លេង​ទឹក​តាម​ដង​ផ្លូវ​នៅ​សង្កាត់​ក្ដុលដូនទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ថ្ងៃទី១៦ មេសា ឆ្នាំ​២០១៨។
Photo Provided

ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​បាន​ត្រៀម​រៀបចំ​ខ្លួន​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដែល​នឹង​ត្រូវ​ចូល​មក​បន្ត​វេន​ពី​ទេវតា​ឆ្នាំ​ចាស់​នៅ​វេលា​ម៉ោង៣ និង ១២នាទី​រសៀល​នា​ថ្ងៃ​អាទិត្យ​ ទី១៤ ខែ​មេសា​ខាង​មុខ​នេះ។ ប្រជាពលរដ្ឋ​ក៏​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ និង​អ្នក​លក់​ដូរ​នៅ​តាម​កន្លែង​កម្សាន្ត​នានា ជួយ​ទប់​ស្កាត់​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​តម្លៃ​ម្ហូប​អាហារ​ផ្ទះ​សំណាក់ និង​សេវា​ផ្សេងៗ ឡើង​ថ្លៃ​ខ្លាំង​ហួសហេតុ​ពេក។

តាម​ទំនៀម​ទម្លាប់​ប្រពៃណី ប្រជាពលរដ្ឋ​ខ្មែរ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី នៅ​ខែ​ចេត្រ ដែល​ជា​ទូទៅ​ត្រូវ​ចំ​ថ្ងៃ​ទី១៣ ឬ​ថ្ងៃ​ទី១៤ ខែ​មេសា។ សម្រាប់​ឆ្នាំ២០១៩ នេះ ឆ្នាំ​ថ្មី​ដែល​ជា​ឆ្នាំកុរ នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ ១០កើត​ ខែ​ចេត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី១៤ ខែ​មេសា វេលា​ម៉ោង ៣ និង ១២នាទី​រសៀល។ ទេវតា​ឆ្នាំ​ថ្មី​មាន​ព្រះនាម​ថា ទុង្សៈទេវី​ ជា​បុត្រី​ទី​មួយ​របស់​កបិល​មហាព្រហ្ម។

ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​មាន​រយៈពេល​បី​ថ្ងៃ​ដែល​ថ្ងៃ​ទី​មួយ​មាន​ឈ្មោះ​ថា មហាសង្រ្កាន ថ្ងៃ​ទី​ពីរ​មាន​ឈ្មោះ​ថា​ វារៈ​វ័នបត​ និង​ថ្ងៃ​ទី​បី ដែល​ជា​ថ្ងៃ​ចុង​ក្រោយ មាន​ឈ្មោះ​ថា វារៈ​ឡើងស័ក។ ដោយសារ​ពិធី​បុណ្យ​ចូល​ឆ្នាំ ជា​ពិធី​បុណ្យ​មួយ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ការ​ត្រៀម​រៀបចំ​ពិធី​បុណ្យ​តាម​បែប​សាសនា​ព្រះពុទ្ធ និង​សកម្មភាព​កម្សាន្ត​ផេ្សងៗ ត្រូវ​បាន​ធ្វើ​ឡើង​ទាំង​នៅ​តាម​ទីវត្ត​អារាម ក្នុង​ក្រុម​គ្រួសារ​ ទី​សាធារណៈ និង​កន្លែង​កម្សាន្ត​ផ្សេងៗ ដទៃ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្រៅ​ប្រទេស ដែល​មាន​ពលរដ្ឋ​ខ្មែរ​កំពុង​រស់​នៅ។

ព្រះតេជព្រះគុណ ឃោស​កោ​វិសិទិ្ធ​ យៀង សុចិត្រា ព្រះចៅ​អធិការ​វត្ត​មណ្ឌល​ពុទ្ធសាសនា​ក្នុង​ទីក្រុង​ប្រូវីឌែន (Providence) រដ្ឋ​រូដអាយលែន (Rhode Island) សហរដ្ឋ​អាមេរិក​មាន​ថេរ​ដីកា​ឱ្យ​អាស៊ី​សេរី​ដឹង​ថា មុន​សម័យ​អង្គរ ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​នៅ​ខែ​មិគសិរ​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ចាប់​ពី​សម័យ​អង្គរ និង​ក្រោយៗ មក​ទៀត​ពិធី​បុណ្យ​ចូល​ឆ្នាំ ត្រូវ​បាន​ប្រព្រឹត្ត​ធ្វើ​ទៅ​នៅ​ក្នុង​ខែចេត្រ​ជា​រៀងរាល់​ឆ្នាំ​វិញ ព្រោះ​ជា​រដូវ​កាល ដែល​ពលរដ្ឋ​ទំនេរ​ពី​ការងារ​ស្រែ​ចម្ការ​ផ្សេងៗ ក្រោយ​ពី​ការ​ប្រមូល​ផល​រួចរាល់។ ម្យ៉ាង​ទៀត អាកាសធាតុ​ក៏​អំណោយ​ផល​ល្អ​ផង​ដែរ៖«គឺ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរយើង​មាន​រយៈពេល​បី​ថ្ងៃ​ គឺ​ថ្ងៃ​ទី​មួយ​ឱ្យ​ឈ្មោះថា​ថ្ងៃ​ចូល​មហា​សង្ក្រាន្ត​ បានន័យ​ថា​ស្វា​គម​ន៏​ទេវតា​ឆ្នាំ​ថ្មី។ ថ្ងៃ​ទី​ពីរ​គឺ​ថ្ងៃ​វារៈ​វ័នបត​ពុទ្ធបរិស័ទ​អី​មានឱកាស​ទៅ​បំពេញ​បុណ្យ​បំពេញ​កុសល​នៅ​ក្នុង​ទី​អា​រាម​ផ្សេងៗ ឬក៏​ធ្វើបុណ្យ​ចំពោះ​បុព្វការី​ជន​របស់​ផង​ខ្លួន​មាន​មាតាបិតា​ គ្រូ​ឧបជ្ឈាយាចារ្យ​ជា​ដើម។ ចំណែក​ថ្ងៃ​ទី​បី​វិញ​ គេ​ឱ្យ​ឈ្មោះ​ថា​ ថ្ងៃ​វារៈ​ឡើង​ស័ក។ អ៊ីចឹង​ប្រជាពលរដ្ឋ​ខ្លះ​ទៅ​ ក៏​មិន​បាន​ទៅ​វត្ត​ថ្ងៃ​ទី​ពីរ​ទេ ​ក៏​ទៅ​វត្ត​ថ្ងៃ​ទី​បី​ហ្នឹង​ទៅ​ ហើយ​ជា​ថ្ងៃ​ពិសេស​ទៀត​ផង​ ជា​ថ្ងៃ​ស្រង់​ទឹក​ព្រះ​ផង។ មិន​ត្រឹម​ស្រង់​ទឹក​ព្រះ​ទេ ស្រង់​ទឹក​ព្រះសង្ឃ​ផង ម្ដាយ​ឪពុក​ចាស់​ព្រឹទ្ធាចារ្យ​នោះ​ផង»

ដោយសារតែ​ពិធីបុណ្យ​ចូលឆ្នាំ​ជាពិធី​បុណ្យ​ដ៏​ធំ​បំផុត​មួយ​ក្នុង​ប្រទេស​កម្ពុជា​គេ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទិសទី មិន​ថា​ក្នុង​ប្រទេស ឬ​ក្រៅ​ប្រទេស​ទេ តែងតែ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​មិន​ដែល​ខក​ខាន​ម្ដង​ឡើយ។

ដូច​រាល់​ឆ្នាំ​ដែរ​ ទីក្រុង​ភ្នំពេញ​ត្រូវ​គេ​រំពឹង​ថា ​នឹង​មាន​ភាព​ស្ងប់ស្ងាត់​ ដោយសារ​តែ​ប្រជា​ពលរដ្ឋ​ មន្ត្រី​រាជការ​ និង​អ្នក​លក់​ដូរ សម្រុក​ចេញ​ទៅ​ស្រុក​កំណើត ដើម្បី​ជួប​ជុំ​គ្រួសារ បង​ប្អូន​មិត្តភ័ក្ដិ ហើយ​រមណីយដ្ឋាន​ទេសចរណ៍​តាម​ខេត្ត​នានា ដូច​ជា ខេត្ត​សៀមរាប កំពត ខេត្ត​ព្រះសីហនុ រតនគិរី មណ្ឌលគិរី នឹង​ទទួល​បាន​អ្នក​មក​កម្សាន្ត​លេង​យ៉ាង​ច្រើន​កុះករ ដែល​បណ្ដាល​ឱ្យ​ការ​ស្នាក់នៅ និង​ម្ហូប​អាហារ​ជា​ដើម ឡើង​ថ្លៃ​ខ្លាំង​ជា​មិន​ខាន។ទូរទស្សន៍ និង​វិទ្យុ​ក្នុង​ស្រុក​បាន​ត្រៀម​ចាក់​ផ្សាយ​នូវ​កម្មវិធី​កម្សាន្ត​ និង​ចម្រៀង​ផ្សេងៗ ទាក់ទង​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ ដែល​គេ​បាន​ត្រៀម​ថត​ទុក​ជា​ច្រើន​ថ្ងៃ​មុន​ថ្ងៃ​ចូល​ឆ្នាំ។

លោក វ៉ាន់​ កុសល​ជា​អាជីវក​ក្នុង​ក្រុង​ភ្នំពេញ​មួយ​រូប​បាន​ប្រាប់​អាស៊ី​សេរី​ថា ដូច​រាល់​ឆ្នាំ​ដែរ​លោក​នឹង​នាំ​ក្រុម​គ្រួសារ​កូន​ចៅ​ទៅលេង​ស្រុក​កំណើត​របស់​លោក​នៅ​ឯ​ខេត្ត​កំពង់ស្ពឺ តែ​លោក​ប្រាប់​ថា ក្រៅ​ពី​ការ​ទៅ​លេង​ស្រុក និង​ត្រៀម​ខ្លួន​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី និង​ទៅ​វត្ត​ជាមួយ​ក្រុម​គ្រួសារ លោក​មិន​ទាន់​មាន​គម្រោង​ថា​តើ​ត្រូវ​ទៅ​កម្សាន្ត​នៅ​ទី​រមណីយដ្ឋាន​ណា​មួយ​នៅ​ឡើយ​ទេ ដោយ​លោក​ប្រាប់​ថា ចាំ​មើល​សិន ព្រោះ​អាកាសធាតុ​ឆ្នាំ​នេះ​អាច​ក្ដៅ​ខ្លាំង ដែល​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​លោក និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត អាច​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។ លោក​ក៏​បាន​អំពាវនាវ​ផង​ដែរ ​ឱ្យ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ ក៏​ដូច​ជា​អ្នក​លក់​ដូរ​ ម្ចាស់​រថយន្ត​ឈ្នួល ​និង​ម្ចាស់​ផ្ទះ​សំណាក់​សណ្ឋាគារ​ កុំ​ដំឡើង​ថ្លៃ​ម្ហូប​អាហារ ​ថ្លៃ​សេវា​ដឹក​ជញ្ជូន ​និង​ថ្លៃ​ផ្ទះ​សំណាក់​ហួសហេតុ ​ដូច​ពេល​កន្លង​មក ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ទៅ​កម្សាន្ត​ខ្លះ​មាន​អន់​ចិត្ត និង​អល់អែក​ក្នុង​ការ​ទៅ​លេង​ជា​ថ្មី។ លោក​ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ឱ្យ​បើកបរ​ដោយ​ប្រុងប្រយ័ត្ន​ផង​ដែរ​ ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ ដើម្បី​ចៀស​វាង​កុំ​ឱ្យ​ការ​សប្បាយ​ក្លាយ​ជា​ទុក្ខ​ដោយសារ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើត​ឡើង​ដោយ​ការ​មិន​គោរព​ច្បាប់​ និង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង៖ «ខ្ញុំ​មាន​គម្រោង​ទៅ​ស្រុក​មួយ​ថ្ងៃ​ពីរ​ថ្ងៃ ហើយ​ក្រៅ​ពី​ហ្នឹង ខ្ញុំ​ចង់​ដើរ​លេង​នៅ​កំពង់សោម​ តែ​ដោយសារ​កំពង់សោម​កន្លង​មក​ហ្នឹង ឮ​ថា​ថ្លៃ​ផ្ទះ​សំណាក់​អី​វា​ឡើង​ថ្លៃ។ តែ​រៀងរាល់​រដូវ​បុណ្យ​ភ្ជុំ​ចូល​ឆ្នាំ​ហ្នឹង នៅ​ស្រុក​ខ្មែរ​យើង​ហ្នឹង តែងតែ​មាន​បញ្ហា​រថយន្ត​ឡើង​ថ្លៃ​ ទំនិញ​ឡើង​ថ្លៃ ផ្ទះ​សំណាក់​នៅ​តា​រមណីយដ្ឋាន​ល្បីៗ ដូច​ជា សៀមរាប កំពង់សោម ជា​ដើម​ តែង​តែ​ឡើង​ថ្លៃ​ជា​និច្ច។ អ៊ីចឹង​ខ្ញុំ​គិត​ថា វា​ជា​បញ្ហា​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរ ដែល​គាត់​ចង់​ទៅ​ដើរ​លេង​ចង់​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​អីចឹង។ឧបមា​ថា ទៅ​ខេត្ត​ខ្លះ​តែ ២ម៉ឺន​ទេ ដល់​ពេល​បុណ្យ​ភ្ជុំ​ចូល​ឆ្នាំ​អីចឹង គាត់​ឡើង​ដល់ ៤ម៉ឺន គឺ​មួយ​គុណ​នឹង​ពីរ ឬ​ឡើង​ដល់ ៥ម៉ឺន​ជា​ដើម។ មួយ​វិញ​ទៀត គឺ​បញ្ហា​ចរាចរណ៍​ជា​ដើម ឱ្យ​តែ​មាន​រដូវ​បុណ្យ​ទាន​ម្ដងៗ ហ្នឹង កន្លង​មក​តែង​តែ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ជា​ញឹក​ញាប់ ហើយ​ធ្វើ​ឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន»

មិន​ខុស​ពី​ឆ្នាំ​មុនៗ ដែរ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​រៀបចំ​កន្លែង​កម្សាន្ត និង​ពិធី​សប្បាយ​ផ្សេងៗ នៅ​តាម​ ខេត្ត​ក្រុង​ជា​ច្រើន​កន្លែង​ទូទាំង​ប្រទេស ហើយ​កម្មវិធី​សង្ក្រាន្ត​ត្រូវ​បាន​បាន​គេ​ដឹង​ថា និង​រៀបចំ​ធ្វើ​នៅ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា។ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ក៏​ជា​ឱកាស​មួយ​ឱ្យ​បុគ្គលិក​មន្ត្រី​រាជការ កម្មករ​រោងចក្រ និង​និស្សិត​ឈប់​សម្រាក​ពី​ការងារ និង​ការ​រៀន​សូត្រ ដើម្បី​បាន​ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ​មិត្តភ័ក្ដិ និង​សាច់ញាតិ​បន្ទាប់ពី​រវល់ និង​ការងារ​ក្នុង​ពេល​កន្លង​មក។ កញ្ញា យឺន វល័ក្ខណ៍ ជា​មន្ត្រី​រាជការ​មួយ​រូប នៅ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​នា​ក្រុង​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា កញ្ញា និង​ក្រុម​គ្រួសារ​បាន​ត្រៀមខ្លួន​រួច​ហើយ ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​រៀបចំ​ពិធី​សូត្រ​មន្ត​លើក​រាសី​នៅ​ក្នុង​ក្រុម​គ្រួសារ ដើម្បី​សុំ​សេចក្ដី​សុខ​និង​ភាព​ចម្រុង​ចម្រើន​នៅ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ៖ «ខ្ញុំ និង​ក្រុម​គ្រួសារ​កំពុង​តែ​មាន​គម្រោង​ថា មុន​ចូល​ឆ្នាំ​ហ្នឹង​មាន​គម្រោង​សូត្រ​មន្ត​លើក​រាសី​នៅ​ក្នុង​ផ្ទះ​ឱ្យ​មាន​សិរី​សួស្ដី​ក្នុង​ផ្ទះ ហើយ​ចូល​ឆ្នាំ​ប្រហែល​ជា​ជូន​ម៉ាក់ប៉ា​មួយ​ម៉ាក់​យាយ​ទៅ​វត្ត​មក​ពី​វត្ត​ប្រហែល​ជា​អាច​ធ្វើ​អី​ញាំ​មួយ​បង​ប្អូន​នៅ​ផ្ទះ​ជួប​ជុំ​គ្នា ហើយ​ថ្ងៃ​បន្ទាប់​ចាំ​ពិភាក្សា​គ្នា​សិន​ថា តើ​អាច​ទៅ​លេង​នៅ​រមណីយដ្ឋាន​ជិតៗ ប្រហែល​ជា​អាច​ទៅ​កែប ឬ​កំពត អ៊ីចឹង​តែ​ចាំ​ជាក់​ស្ដែង​ដែរ​ឆ្នាំ​ហ្នឹង​អាកាសធាតុ​រាង​ក្ដៅ។ ប្រហែល​ជា​អាច​ទៅ​ខេត្ត​ព្រៃវែង​ឆ្នាំ​ហ្នឹង​គេ​ធ្វើ​សង្ក្រាន្ត​ធំ ហើយ​ព្រៃវែង​ជា​ស្រុក​កំណើត​របស់​ប៉ា​ខ្ញុំ​ផង ហើយ​ប្រហែល​នាំ​ម៉ាក់​ប៉ា​ទៅ​លេង​បង​ប្អូន​ជួប​ជុំ​គ្នា​រាំ​លេង ខេត្ត​មួយៗ មាន​សង្ក្រាន្ត​ពេល​ចូល​ឆ្នាំ​ញាំ​អី​ជួបជុំ ហើយ​រាំ​អត់​ចោល គឺ​ដាក់​ធុង​បាស់​រាំ​ជួបជុំ​បងប្អូន​ឬ​ទៅ​លេង​វត្ត»

មិន​ខុស​ពី​កញ្ញា យឺន វល័ក្ខ ប៉ុន្មាន​ទេ យុវជន​ សូវ​ ពុទ្ធា ខេម៉ូលី អាយុ ២១ឆ្នាំ​ ជា​និស្សិត​ឆ្នាំ​ទី៣ នៅ​វិទ្យាស្ថាន​ភាសា​បរទេស​ក្នុង​ក្រុង​ភ្នំពេញ ប្រាប់​អាស៊ី​សេរី​ថា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ​នេះ ប្អូន​ប្រុស​មាន​គម្រោង​ទៅ​វត្ត​ជា​មួយ​ក្រុម​គ្រួសារ និង​បង​ប្អូន។ ប្អូន​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​យើង​កំពុង​ត្រៀម​ខ្លួន ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​រៀបចំ​តុបតែង​ផ្ទះ​សម្បែង និង​រៀបចំ​ពី​គម្រោង​ថា តើ​គួរ​ទៅ​លេង​នៅ​ទី​ណា​ខ្លះ ក្នុង​ថ្ងៃ​ឈប់​សម្រាក​នា​ពេល​ខាង​មុខ៖ «ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ជិត​មក​ដល់​ពេល​ខាង​មុខ​នេះ​យើង​ខ្ញុំ​សង្កេត​ឃើញ​ថា ប្រជាជន​យើង​កំពុង​សស្រាក់សស្រាំ​ក្នុង​ការ​រៀបចំ​ក្រុម​គ្រួសារ និង​ទិញ​សំណែន​សម្រាប់​សែន​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ។ ភាគ​ច្រើន​ប្រជាជន​យើង​ច្រើន​តែ​ទៅ​វត្ត​ប្រគេន​ចង្ហាន់​ដល់​ព្រះ​សង្ឃ និង​ជួប​ជុំ​ជាមួយ​ក្រុម​គ្រួសារ​ជា​ដើម នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ ខ្ញុំ​ទៅ​វត្ត​ជាមួយ​ក្រុម​គ្រួសារ ហើយ​ចេញ​ពី​វត្ត​វិញ ខ្ញុំ​អាច​ទៅ​លេង​នៅ​រមណីយដ្ឋាន​ជិតៗ ហ្នឹង​ជាមួយ​ក្រុម​គ្រួសារ​ខ្ញុំ​ផង​ដែរ។ ជា​ទូទៅ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ សិស្សានុសិស្ស ក៏​ដូច​អ្នក​ធ្វើ​ការ​មាន​ឱកាស​ឈប់​ទៅ​លេង​ជួបជុំ​គ្រួសារ។ សម្រាប់​សិស្ស​សាលា​ភាគ​ច្រើន គឺ​ជា​ពេល​វេលា​នៃ​វិស្សមកាល​តូច។ ដូច​រូប​ខ្ញុំ​បាទ មាន​ឱកាស​ឈប់​សម្រាក​រយៈ​ពេល​ពីរ​សប្ដាហ៍។ ខ្ញុំ​ប្រហែល​ទៅ​ចូល​រួម​នៅ​ក្នុង​កម្មវិធី​សង្ក្រាន្ត​នៅ​សាលា ព្រោះ​សាលា​ខ្ញុំ​គេ​ធ្វើ​កម្មវិធី​ជប់​លៀង​ឱ្យ​សិស្ស​សាលា​ទាំង​អស់»

ពលរដ្ឋ​ខ្មែរ​រស់​នៅ ដូច​ជា សហរដ្ឋ​អាមេរិក​ អូស្ត្រាលី​ បារាំង​ ប្រទេស​កាណាដា និង​ប្រទេស​ផ្សេង​ទៀត​ ក៏​ត្រៀម​ខ្លួន​ចូលឆ្នាំ​ដែរ។ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ក្នុង​ទីក្រុង​ប្រូវីដែន (Providence) រដ្ឋ​រូដ​អាយលែន (Rhode Island) ឯ​ណេះ​វិញ ក៏​កំពុង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ទទួល​ទេវតា​ឆ្នាំ​ថ្មី។

ព្រះតេជព្រះគុណ យៀង សុចិត្រា ព្រះចៅ​អធិការ​វត្ត​មណ្ឌល​ពុទ្ធសាសនា​ក្នុង​ទីក្រុង​ប្រូវីឌែន​(Providence) រដ្ឋ​រូដ អាយលែន (Rhode Island) សហរដ្ឋ​អាមេរិក​មាន​ថេរ​ដីកា​ឱ្យ​អាស៊ី​សេរី​ដឹង​ថា វត្ត​មណ្ឌល​ពុទ្ធសាសនា​នឹង​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ឱ្យ​ចំ​នឹង​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារ​របស់​បង​ប្អូន​ខ្មែរ​នៅ​ទី​នោះ គឺ​កម្មវិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​ឆ្នាំ​នេះ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​ចាប់​ពី​ថ្ងៃ​សុក្រ ទី១២ រហូត​ដល់​ថ្ងៃ​អាទិត្យ ទី១៤ ខែ​មេសា​ ដែល​ជា​ថ្ងៃ​កម្មវិធី​ធំ។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ថា ក្នុង​រយៈ​ពេល​នេះ​វត្ត​មណ្ឌល​ពុទ្ធសាសនា នឹង​មាន​រៀបចំ​កម្មវិធី​ជា​ច្រើន ដូច​ជា ពិធី​សាសនា​ពិធី​បួងសួង ពិធី​ពូន​ភ្នំ​ខ្សាច់​ពិធី​ស្រង់​ព្រះ និង​ពិធី​ផ្ទេរ​វេន​ទេវតា​ឆ្នាំ​ចាស់ និង​ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី​ផង៖ «រយៈ​ពេល​បី​ថ្ងៃ​ហ្នឹង​យើង​មានកម្ម​វិធី​សំ​ខាន់ៗ ពីរ​ធំៗ។ ទី​មួយ គឺ​ផ្នែក​ព្រះ​ពុធ​សាសនា គឺ​មាន​កម្មវិធី​នមស្សការ​ព្រះ​រតន​ត្រៃ​សមាទាន​និច្ចសីល​ ព្រះសង្ឃ​ចម្រើន​ព្រះបរិត្ត ហើយ​មាន​ព្រះ​ធម្មកថិក​ទេសនា​ហ្នឹង ​មាន​សំដែង​ទាក់ទង​អំពី​ព្រះ​សូត្រ​ទាក់ទង​អំពី​ព្រះ​វិន័យ​ទាក់ទង​អំពី​ប្រាក់​អភិធម្ម។ ក្រៅពី​ព្រះធម៌ទេសនា​ហ្នឹង​ក៏​មានកម្ម​វិធី​បង្សុកូល​ដើម្បី​ឧទ្ទិស​បុញ្ញ​កុសល​ហ្នឹង​ទៅ​ដល់​សព្វ​សត្វ​ក្នុង​សង្សារវដ្ដ​នេះ​ផង មាន​កម្មវិធី​ស្រង់​ទឹក​ព្រះ​ ស្រង់​ទឹក​ព្រះសង្ឃ​ និង​ស្រង់​ទឹក​ចាស់​ព្រឹទ្ធាចារ្យ​ហ្នឹង​ផង»

ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ ព្រះតេជព្រះគុណ យៀង សុចិត្រា ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​លះបង់​ចិត្ត​លោភៈ ទោសៈ មោហៈ ចិត្ត​អាក្រក់​បៀតបៀន​គ្នា ឈ្នានីស គំនុំ​គុំកួន ចង់​សម្លាប់​គ្នា ឬ​ការ​កេង​ប្រវ័ញ្ច​ទ្រព្យ​អ្នក​ដទៃ សូម​ឱ្យ​ទៅ​តាម​ឆ្នាំ​ចាស់ ដែល​ព្រះពុទ្ធ​ទ្រង់​ត្រាស់​ថា ជា​ចិត្ត​អកុសល និង​ធ្វើ​បុណ្យ​ដាក់​ទាន ព្រម​ទាំង​ការ​សន្ដោស​ប្រណី​ឱ្យ​បាន​ច្រើន​សម្រាប់​ឆ្នាំ​ថ្មី។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ថា អំពើ​ល្អ​ដែល​បាន​ធ្វើ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី នឹង​ជួយ​ឱ្យ​ក្រុម​គ្រួសារ និង​ប្រទេស​ជាតិ​ទាំង​មូល បាន​សេចក្ដី​សុខ​ចម្រើន​រុងរឿង​ត​ទៅ​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល