ភាព​ខុស​​គ្នា​នៃ​ការ​ប្រារព្ធ​បុណ្យ​វិសាខ​បូជា​នៅ​ប្រទេស​កាន់​ពុទ្ធ​សាសនា​មួយ​ចំនួន

ដោយ កេសរណ្ណីយ្យា
2015.05.06
បំបួស​សង្ឃ សៀមរាប ៦២០ ព្រះសង្ឃ​និង​អាណាព្យាបាល​របស់​យុវជន​ជា​ច្រើន​នាំ​គ្នា​កោរ​សក់​កូនៗ​ដើម្បី​ត្រៀម​ខ្លួន​ចូល​សាង​ផ្នួស​ជា​សាមណេរ​នៃ​ព្រះពុទ្ធ​សាសនា នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Hang Savyouth

វិសាខបូជា ឬ​ពិសាខបូជា គឺ​ជា​ពិធីបុណ្យ​ដែល​ពុទ្ធសាសនិក​ចាត់​ទុក​ថា មាន​សារសំខាន់​បំផុត​មួយ​ក្នុង​ចំណោម​បុណ្យ​ដទៃ​ទៀត​នៃ​ព្រះពុទ្ធសាសនា ពីព្រោះ​ជា​ការ​គោរព​រំឭក​នឹក​ដល់​គឺ​ថ្ងៃ​ប្រសូត​ត្រាស់​ដឹង និង​បរិនិព្វាន​នៃ​ព្រះសម្មាសម្ពុទ្ធ​សមណគោតម។

​ព្រឹត្តិការណ៍​ទាំង​បី​នេះ គឺ​កើត​ឡើង​នៅ​ចំ​ថ្ងៃ​១៥ កើត​ពេញ​បូណ៌មី ដែល​មាន​ព្រះចន្ទពេញវង់ ក្នុង​ខែ​ពិសាខ​ដូច​គ្នា ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ។

​នៅ​កម្ពុជា​ពលរដ្ឋ​ពុទ្ធបរិស័ទ​តែង​រួបរួម​សាមគ្គី​គ្នា​ប្រារព្ធ​ពិធីបុណ្យ​ពុទ្ធសាសនា​ដ៏​សំខាន់​មួយ​នេះ ជា​រៀងរាល់​ឆ្នាំ​មិន​ដែល​ខកខាន លើកលែងតែ​ក្នុង​សម័យ​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម។

នា​សម័យ​បុរាណ ទំនៀម​បុណ្យ​វិសាខបូជា​នេះ ទោះជា​នៅ​ស្រុក​ណាៗ ក៏​រមែង​ធ្វើ​តែ​ក្នុង​វេលា​យប់​ដោយ​តម្រូវ​តាម​ពាក្យ​ថា «បុណ្ណមី» ដែល​មាន​ន័យ​ថា ខែ​ពេញបូណ៌មី ឬ​រាត្រី​ដែល​មាន​ព្រះចន្ទពេញវង់។  ទំនៀម​ដ៏​សំខាន់​មួយ​ទៀត គឺ​ការ​បូជា​គ្រឿង​ប្រទីបជ្វាលា មាន​ចង្កៀង​គោម និង​ទៀន​ជាដើម។

​នៅ​កម្ពុជា ទំនៀម​នេះ ពលរដ្ឋ​ពុទ្ធបរិស័ទ​ខ្មែរ​ក៏​នាំ​គ្នា​រក្សា​រហូត​មក​ដល់​សព្វថ្ងៃ ដោយ​ជួបជុំ​គ្នា​ប្រារព្ធ​ធ្វើ​នៅ​តាម​ទី​វត្ត​អារាម​ពុទ្ធសាសនា តាម​ទី​សាធារណៈ និង​តាម​ប្រាសាទ​បុរាណ មាន​ប្រាសាទ​អង្គរ​ជាដើម។  នា​ឱកាស​នៃ​ទិវា «បុណ្យ​វិសាខបូជា» ក្នុង​ឆ្នាំ​នេះ កន្លែង​ខ្លះ​មាន​បូជា​ទៀន គ្រឿង​ប្រទីបជ្វាលា​ចំនួន ២.៥៥៩​ដើម ជា​តំណាង​ដល់​អាយុកាល​ព្រះពុទ្ធ​សាសនា ឬ​ពុទ្ធសករាជ ដែល​បាន​ឈាន​ចូល​ដល់ ២៥៥៩​ឆ្នាំ ដោយ​បរិបូណ៌ គិត​ចាប់​ពី​ក្រោយ​ពេល​ព្រះសម្មាសម្ពុទ្ធ​សមណគោតម​ទ្រង់​រំលត់​ខន្ធ​ចូល​កាន់​ព្រះ​បរិនិព្វាន នា​ថ្ងៃ ១៥​កើត ខែ​វិសាខ កាល​ពី​ជាង ២​សហស្សវត្ស​មុន​នោះ។

​ទន្ទឹម​គ្នា​នេះ ក៏​មាន​ពិធី​បំបួស​បុរស​ស្ត្រី យុវជន-​យុវនារី និង​កុមារ​ដែល​ស្ម័គ្រចិត្ត​បួស​ជា​សាមណេរ​និង​សីលវតី ដើម្បី​ជា​ការ​ឧទ្ទិស​ដល់​ថ្ងៃ​វិសាខបូជា​ផង និង​ជា​ការ​តបស្នង​សងគុណ​ចំពោះ​មាតាបិតា​ជា​ព្រះ​រស់​ដែល​បាន​ផ្ដល់​កំណើត និង​ចិញ្ចឹម​បីបាច់​ថែរក្សា​រហូត​ធំ​ដឹង​ក្តី ប្រកប​ដោយ​ទឹក​ចិត្ត​មេត្តា​ករុណា និង​ក្តី​ស្រឡាញ់​ដ៏​ធំធេង។

​ការ​អប់រំ​កាយ​វាចា​ចិត្ត​ឱ្យ​ស្ថិត​នៅ​ក្នុង​សភាវៈ​ជា​អ្នក​ទ្រទ្រង់​នូវ​សីល សមាធិ និង​ការ​ចម្រើន​ភាវនា​ជា​ប្រចាំ ទោះ​បី​ជា​ក្នុង​ភាព​ជា​គ្រហស្ថ​អ្នកគ្រប់គ្រង​ផ្ទះ​ក្តី ជា​បព្វជិត​អ្នក​បួស​ក្នុង​ពុទ្ធសាសនា​ក្តី គឺ​ការ​បូជា​ដ៏​ឧត្ដម​ចំពោះ​ព្រះរតនត្រ័យ និង​បាន​ជា​ផលប្រយោជន៍​ដល់​បុគ្គល​អ្នក​ប្រតិបត្តិ និង​សង្គម។

ទីប្រឹក្សា​ក្រសួង​ធម្មការ និង​សាសនា លោក វ៉ាយ វិបុល បញ្ជាក់​អំពី​សារសំខាន់​ក្នុង​ការ​ប្រារព្ធ​វិសាខបូជា​ប្រកប​ដោយ​លក្ខណៈ​ត្រឹមត្រង់​នៃ​ការ​ប្រតិបត្តិ​តាម​ពុទ្ធោវាទ ឬ​ពាក្យ​ប្រៀន​ប្រដៅ​នៃ​ព្រះពុទ្ធ​គ្រប់​ព្រះអង្គ រួម​មាន​ការ​បំពេញ​នូវ​បុញ្ញកិរិយាវត្ថុ​ទាំង ១០​ជាដើម៖ «ទី​១ ទានមយៈ បុណ្យ​សម្រេច​ដោយ​ការ​ឱ្យ​ទាន ទី​២ សីលមយៈ បុណ្យ​សម្រេច​ដោយ​ការ​រក្សា​សីល ទី​៣ ភាវនាមយៈ បុណ្យ​សម្រេច​ដោយ​ការ​ចម្រើន​មេត្តាភាវនា ទី​៤ អប្បច្ចាយនមយៈ បុណ្យ​សម្រេច​ដោយ​ការ​គោរព​កោតក្រែង​ដល់​ត្រកូល​រៀមច្បង ទី​៥ វេយ្យាវេច្ចមយៈ បុណ្យ​សម្រេច​ដោយ​ការ​ខ្វល់ខ្វាយ​ជួយ​ខ្នះខ្នែង​រៀបចំ​បុណ្យ ទី​៦ ធម្មទេសនាមយៈ បុណ្យ​សម្រេច​ដោយ​ការ​សំដែង​ធម្មទេសនា ទី​៧ ធម្មសវនមយៈ បុណ្យ​សម្រេច​ដោយ​ការ​ស្ដាប់​ធម៌​ទេសនា ទី​៨ បត្តិទានមយៈ បុណ្យ​សម្រេច​ដោយ​ការ​ចែក​បុណ្យ​ដល់​គ្នា គឺ​ការ​លើក​ដៃ​សំពះ​ជូន​បុណ្យ​គ្នា ទី​៩ បត្តានុមោទនាមយៈ បុណ្យ​សម្រេច​ដោយ​ការ​អនុមោទនា​ត្រេកអរ​ចំពោះ​បុណ្យ​ដែល​អ្នក​ដទៃ​ជូន​ដល់​យើង ទី​១០ ទិដ្ឋុជុកម្មៈ បុណ្យ​សម្រេច​ដោយ​ការ​យល់​ឱ្យ​ច្បាស់ ដោយ​ត្រឹមត្រូវ​តាម​ផ្លូវ​ពុទ្ធ​សាសនា...»

​អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​នៅ​រៀងរាល់​ពិធី​បុណ្យ​វិសាខ​បូជា​ម្តងៗ ពលរដ្ឋ​ពុទ្ធបរិស័ទ​ដែល​មាន​សទ្ធា​ជ្រះថ្លា​ក្នុង​ពុទ្ធ​សាសនា តែង​រួប​រួម​គ្នា​ទាំង​កម្លាំង​កាយ​កម្លាំង​ចិត្ត បរិច្ចាគ​ទ្រព្យ​ធនធាន និង​ពេល​វេលា ខ្នះខ្នែង​ឧបត្ថម្ភ​ឱ្យ​កើត​ជា​បុណ្យ​កង​ការ​កុសល​ឡើង រួម​មាន​ពិធី​រាប់​បាត្រ ចម្រើនព្រះបរិត្ត សមាទាន​សីល និង​និមន្ត​ព្រះសង្ឃ​សំដែង​ធម្មទេសនា​ជាដើម។  លុះ​ចប់​ពិធី​បុណ្យ​ក៏​ចែក​រំលែក​នូវ​ផល​នៃ​អំពើ​ល្អ​ទាំង​នេះ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ដល់​សព្វ​សត្វ​ទាំង​ឡាយ​ទាំងពួង​ឱ្យ​បាន​នូវ​សេចក្ដី​សុខ​ដោយ​អំណាច​នៃ​ការ​ផ្សាយ​នូវ​មេត្តាធម៌​នេះ។  ម្យ៉ាង​ទៀត បរិស័ទ​ក៏​និយម​ដោះលែង​សត្វ ជាពិសេស​សត្វ​ស្លាប និង​សត្វ​អណ្ដើក​ជាដើម ក្នុង​ន័យ​ជួយ​ដោះ​ទុក្ខ​សត្វ​ឲ្យ​ចាក​ផុត​ពី​ភ័យ​ក្នុង​ជីវិត។

ត្រង់​ប្រការ​នេះ ភិក្ខុ​ព្រះ​មហា​ធម្មាលង្ការោ ចាន់ សុជន គង់​នៅ​វត្ត «ប្រាសាទ​ស្រះ​កណ្ដាល​ខ្ចាស់» ក្នុង​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ មាន​ថេរដីកា​អំពី​ទំនៀម​អ្នក​ស្រុក​នៅ​ប្រទេស​សិរីលង្កា ក្នុង​ការ​ផ្ដល់​នូវ​អភ័យ​ទាន​ដល់​សត្វ​មាន​ជីវិត​នា​ឱកាស​បុណ្យ​វិសាខ​បូជា៖ «ក្នុង​បណ្ដា​ទាន​ផ្សេងៗ ដូចជា​អមិសទាន ការ​ចែក​បាយ​ចែក​ទឹក​តាម​ដង​វិថី គឺ​ឃើញ​មាន​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស។  រីឯ​ធម្មទាន​ក៏​មាន​ព្រះសង្ឃ​លោក​សំដែង​ធម្មទេសនា​គ្រប់​កន្លែង។ តែ​ប្លែក​ចំណុច​មួយ គឺ​អភ័យ​ទាន គឺ​ការ​លែង​សត្វ។ នៅ​ស្រុក​យើង ឃើញ​លែង​សត្វ​ចាប សត្វ​តូចៗ ប៉ុន្តែ​នៅ​សិរីលង្កា គឺ​លែង​សត្វ​គោ។ អ្នក​ណា​ដែល​គេ​ជ្រះថ្លា​ខ្លាំង គឺ​គេ​ទិញ​គោ​លែង ហើយ​គោ​ដែល​គេ​លែង​នៅ​ថ្ងៃ​វិសាខបូជា​ហ្នឹង គឺ​មាន​ចំណុច​ពិសេស​មួយ ដែល​លែង​ទៅ​ហើយ អត់​មាន​នរណា​ហ៊ាន​ធ្វើ​បាន​បៀតបៀន​អី​ទេ...»

​ទាក់ទង​នឹង​ប្រវត្តិ​ដើម​កំណើត​នៃ​ពិធីបុណ្យ​វិសាខ​បូជា​នេះ សៀវភៅ «ព្រះ​រាជពិធី​ទ្វាទសមាស» ដែល​ជា​ការ​ផ្សាយ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ក្នុង​គ្រិស្តសករាជ ១៩៥១ សរសេរ​កត់ត្រា​ថា នៅ​ប្រទេស​សិរីលង្កា មាន​ទំនៀម​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​នៅ​តាម​ទី​វត្ត​អារាម​ទូទាំង​ប្រទេស​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ ១៤​កើត រហូត​ដល់​ថ្ងៃ ១​រោច ខែ​ពិសាខ យ៉ាង​អ៊ឹកធឹក​ណាស់។

ក្នុង​ឱកាស​ពិធី​បុណ្យ​នេះ អ្នក​ស្រុក​សិរីលង្កា នាំ​គ្នា​បូជា​គ្រឿង​សក្ការៈ​ផ្សេងៗ មាន​ផ្កា និង​ទៀន​ប្រទីប​ជាដើម អុជ​បូជា​ភ្លឺ​ព្រោងព្រាត​គ្រប់​វត្ត​អារាម និង​តាម​ផ្ទះ​អ្នក​ស្រុក​អ្នក​ភូមិ តាម​ទ្រព្យ​ធនធាន។

ចំណែក​នៅ​ប្រទេស​មន-ភូមា​វិញ ក៏​ធ្វើ ៣​ថ្ងៃ​ដូច​នៅ​សិរីលង្កា​ដែរ  ប៉ុន្តែ​ខុស​ប្លែក​គ្នា​ត្រង់​អ្នក​ស្រុក​ភូមា គេ​ទៅ​ប្រជុំ​គ្នា​នៅ​ឯ​វត្ត​នា​ពេល​យប់ រង់ចាំ​រហូត​ដល់​ពេល​ផ្កាយ​វិសាខ​នក្ខត្តឫក្ស ឬ​ផ្កាយ​ប្រចាំ​ខែ​ពិសាខ រះ​ឡើង គេ​ក៏​វាយ​ជួង​វាយ​ស្គរ​លាន់​កងរំពង រួច​ទើប​អុជ​ទៀន​បូជា។  រីឯ​ទំនៀម​ប្រារព្ធ​បុណ្យ​វិសាខបូជា នា​សម័យ​នេះ​វិញ ភាគ​ច្រើន​អ្នក​ស្រុក​ភូមា គេ​ធ្វើ​នៅ​តាម​ចេតិយ ដោយ​មិន​មាន​ហែ​ក្បួន​ឬ​បូជា​ផ្កា​អ្វី​ទេ គឺ​គេ​ផ្ដោត​ជា​សំខាន់​តែ​ការ​បូជា​ប្រទីប​មាន​ទៀន​ជាដើម​ប៉ុណ្ណោះ។

សាស្ត្រាចារ្យ​ពុទ្ធិក​សកល​វិទ្យាល័យ​ព្រះសីហនុរាជ ក្រុង​ភ្នំពេញ លោក នួន ថោង ដែល​ធ្លាប់​បាន​ទៅ​បួស​រៀន​នៅ​ប្រទេស​ភូមា បញ្ជាក់​អំពី​ដើមទង​នៃ​ទំនៀម​នេះ៖ «...​តាម​ពុទ្ធប្រវត្តិ គឺ តបុសៈ និង ថលិកៈ ដែល​ជា​ពាណិជ្ជ​បាន​ថ្វាយ​ទៀន​ដល់​ព្រះ​មាន​ព្រះ​ភាគ ហើយ​បាន​ជា​ឧបាសក​ដំបូង ហើយ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ប្រទាន​នូវ​ព្រះ​កេសា [សក់] យក​មក​តម្កល់​ទុក​ក្នុង​ចេតិយ "ស្វីដាហ្គោន" ក្នុង​ទីក្រុង "រ៉ង់ហ្គោន"។  អាស្រ័យ​ដោយ​ជំនឿ​មុតមាំ​នេះ​ហើយ នៅ​ពេល​ខែ​វិសាខ​បូជា ទើប​គេ​នាំ​គ្នា​ទៅ​បូជា​នៅ​តាម​ចេតិយ​ទៅ​វិញ។ ដល់​ម៉ោង​គេ​ត្រូវ​គោរព​បូជា​ហ្នឹង គឺ​ភាគ​ច្រើន​ចាប់​ពី​ម៉ោង​៥ ម៉ោង ៦ [យប់] គឺ​គេ​ប្រារព្ធ​ហើយ ព្រោះ​គេ​ដុត​ទៀន​គេ​ចង់​ឱ្យ​មាន​ពន្លឺ​ភ្លើង»

​តាម​ពុទ្ធប្រវត្តិ ទី​ដែល​ព្រះសម្មាសម្ពុទ្ធ​សមណគោតម​ទ្រង់​ប្រសូត គឺ​នៅ​ឧទ្យាន លុម្ពិនី ក្នុង​នគរ​កបិលវត្ថុ ដែល​សព្វ​ថ្ងៃ​នេះ​ជា​ទឹកដី​ប្រទេស​នេប៉ាល់ ជាប់​ព្រំប្រទល់​ប្រទេស​ឥណ្ឌា។  អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​មាន​បរិស័ទ​ខ្មែរ សិរីលង្កា ភូមា និង​ថៃ ជាដើម បាន​ទៅ​កសាង​វត្ត​អារាម​ពុទ្ធសាសនា​នៅ​ទី​នោះ និង​តែង​នាំ​គ្នា​ធ្វើ​ធម្ម​យាត្រា​ទៅ​គោរព​បូជា​នាទី​បូជនីយដ្ឋាន សួនលុម្ពិនី ជា​រៀងរាល់​ឆ្នាំ។

​ប្រធាន​សមាគម​សមណ​និស្សិត​កម្ពុជា និង​ជា​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ទាំង ៨ នៅ​ប្រទេស​ឥណ្ឌា និង​នេប៉ាល់ ភិក្ខុ​ទេវសត្ថា ពើយ មេត្តា មាន​ថេរដីកា​ថា ពិធីបុណ្យ​វិសាខបូជា គឺ​ជា​បុណ្យ​ផ្នែក​ព្រះពុទ្ធ​សាសនា​តែ​មួយ​គត់ ដែល​រដ្ឋាភិបាល​ប្រទេស​នេប៉ាល់ តែង​រៀបចំ​ធ្វើជា​ផ្លូវ​ការ​នៅ​ឧទ្យាន «លុម្ពិនី» ជា​រៀងរាល់​ឆ្នាំ ដែល​មាន​មនុស្ស​ចូលរួម​រាប់​ពាន់​រាប់​ម៉ឺន​នាក់៖  «...បុណ្យ​ហ្នឹង​តែ​មួយ​ថ្ងៃ​ទេ ហើយ​មក​ពី​ប្រទេស​ផ្សេងៗ​ពី​គ្នា។ ផ្នែក​ខាង​រដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី អាជ្ញាធរ​ដែនដី មក​ច្រើន​កុះករ ហើយ​ចាប់​ដង្ហែ​ពី​ម៉ោង ៧​កន្លះ ឬ​ម៉ោង ៨ រហូត​ដល់​ហ្នឹង បាន​នាំ​គ្នា​ប្រទក្សិណ​ថ្វាយ​គ្រឿង​សក្ការៈ ហើយ​ដល់​ម៉ោង ១០​កន្លះ​បាន​និមន្ត​ព្រះសង្ឃ​ឆាន់។  ចាប់ពី​ម៉ោង ២ [រសៀល] បាន​ចាប់​ផ្ដើម​និមន្ត​ព្រះសង្ឃ​រៀប​រាប់​ពី​ទំនៀមទម្លាប់​តាម​ប្រទេស​នីមួយៗ នៅ​ឯ​កម្ពុជា ប្រារព្ធ​ពិសាខ​បូជា​យ៉ាងម៉េច នៅ​ថៃ យ៉ាង​ម៉េច គឺ​គេ​អនុញ្ញាត​ឱ្យ​ប្រទេស​នីមួយៗ​ឡើង​ថ្លែង​ដោយ​សង្ខេប​ប្រហែល ៣​នាទី ដូច្នេះ​ពេល​នោះ​ឆ្លៀត​ឱកាស​ដូចជា​សំដែង​ធម្មទេសនា​អ៊ីចឹង​ដែរ។ បន្ទាប់​មក​ទើប​គណៈ​សង្ឃ​ទាំង​អស់​នាំ​គ្នា​សូត្រ​ធម៌ ទាំង​ព្រះសង្ឃ​ខ្មែរ ទាំង​ព្រះសង្ឃ​ថៃ ព្រះសង្ឃ​នេប៉ាល់ សូត្រ​ជា​របៀប​អន្តរជាតិ តាម​ភាសា​ដើម គឺ​ភាសា​មគធៈ»

​តាម​វចនានុក្រម​ខ្មែរ សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ភាសា «មគធៈ» នេះ មាន​ជាប់​ទាក់ទង​នឹង​ភាសា «ប្រាក្រឹត» ដែល​មាន​ដើម​កំណើត​ពី​ភាសា​សំស្ក្រឹត និង​ភាសា​បាលី ជា​គ្រាមភាសា​របស់​អ្នក​ស្រុក​ដែន​មគធៈ នៃ​នគររាជ​គ្រឹះ​ក្នុង​ប្រទេស​ឥណ្ឌា និង​អ្នក​ស្រុក​នេប៉ាល់ នា​សម័យ​ពុទ្ធកាល​រហូត​មក​ដល់​សព្វថ្ងៃ។

​ក្រៅ​ពី​តំបន់​ពុទ្ធគយា​ដែល​ជា​ទី​ត្រាស់​ដឹង និង​ឧទ្យាន «លុម្ពិនី» ជា​ទី​ប្រសូត​ពុទ្ធបរិស័ទ​ពី​ប្រទេស​នានា​លើ​សកលលោក​តែង​នាំគ្នា​ធ្វើ​ធម្មយាត្រា​ទៅ​គោរព​បូជា ទី​ដែល​ព្រះសម្មាសម្ពុទ្ធ​សមណគោតម​ទ្រង់​បរិនិព្វាន នា​ក្រុង «កុសិនារា» ក្នុង​ប្រទេស​ឥណ្ឌា ផង​ដែរ។

ចំណែក​ការ​ប្រារព្ធ​វិសាខបូជា​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​នេះ រដ្ឋាភិបាល​នេប៉ាល់ បាន​ផ្អាក​ដោយសារ​មាន​គ្រោះធម្មជាតិ​រញ្ជួយ​ផែនដី​នៅ​ក្នុង​ប្រទេស។ ប៉ុន្តែ​នៅ​តាម​វត្ត​ពុទ្ធសាសនា​ចំនួន​ជាង ៣០​កន្លែង​នៅ​តំបន់​សួន «លុម្ពិនី» មាន​ការ​ប្រារព្ធ​បូជា​វិសាខបូជា​តាម​ប្រពៃណី​នៃ​ប្រទេស​ជាតិ​រៀងៗ​ខ្លួន និង​ឧទ្ទិស​បុណ្យ​កុសល​មួយ​ផ្នែក​ដល់​ជនរងគ្រោះ​ដោយសារ​ការ​រញ្ជួយ​ដី​នេះ។

​ទាក់ទង​នឹង​ប្រវត្តិ​ដើម​នៃ​ពិធីបុណ្យ «វិសាខបូជា» នេះ តាម​សៀវភៅ «ព្រះ​រាជពិធី​ទ្វាទសមាស» ក្រោយ​ព្រះពុទ្ធ​ទ្រង់​បរិនិព្វាន​កន្លង​ទៅ​ជា​ច្រើន​រយ​ឆ្នាំ ទើប​គេ​ឃើញ​មាន​ប្រារព្ធ​ពិធី​បុណ្យ​នេះ នៅ​ប្រទេស​ឥណ្ឌា ដែល​ជា​ទឹកដី​ដើម​កំណើត​នៃ​ព្រះពុទ្ធ​សាសនា។  ក្នុង​ពិធី​នេះ គេ​ធ្វើ​រាជរថ​ជា​ច្រើន​គ្រឿង រៀប​ជា​ក្បួន​ដង្ហែ​ព្រះពុទ្ធ​រូប​ប្រកប​ដោយ​បុស្បុក និង​មាន​អម​ទេវរូប​ផ្សេងៗ ដែល​រចនា​លម្អ​ពី​មាស ប្រាក់ និង​កែវ​ពណ៌​ផ្សេងៗ។  វេលា​យប់​គេ​អុជ​ប្រទីប គោម​បូជា​ដេរដាស។  ប៉ុន្តែ​ត្រង់​ថា តើ​ប្រទេស​ទាំង​អស់​មាន​ខ្មែរ​ជាដើម ចាប់​ធ្វើ​បុណ្យ​វិសាខ​បូជា​ពី​ត្រឹម​ពេល​ណា​ឱ្យ​ប្រាកដ​នោះ អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ពុទ្ធសាសនា​ខ្លះ បញ្ជាក់​ថា ពុំ​មាន​ឯកសារ​ណា​មួយ​កត់ត្រា​អំពី​កាលបរិច្ឆេទ ឬ​ថ្ងៃ ខែ ឆ្នាំ ឲ្យ​បាន​ច្បាស់លាស់​ឡើយ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។