បទ​ពិសោធន៍​របស់​កសិករ​ក្នុង​ការ​ប្រើ​ឡ​ជីវឧស្ម័ន​ផលិត​ពី​លាមក​សត្វ (ភាគ១)

ប្រព័ន្ធ​ឡជីវឧស្ម័ន​ដែល​ជា​បច្ចេកវិទ្យា​ផលិត​ហ្គាស​ចេញ​ពី​លាមក​សត្វ​សម្រាប់​ប្រើ​ចង្ក្រាន​និង​ចង្កៀង​ម៉័ងសុង កំពុង​តែ​ជា​ទី​ពេញ​និយម​នៃ​កសិករ​រាប់​ពាន់​គ្រួសារ​នៅ​តាម​ភូមិ​ស្រុក​នានា​ក្នុង​ខេត្ត​ចំនួន​៨​នៃ​ប្រទេស​កម្ពុជា។
ដោយ កេសរណ្ណីយ្យា
2010.01.06

កសិករ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ឡ​ជីវឧស្ម័ន​នេះ ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​និង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ប្រាក់​កាស​ប្រចាំ​ថ្ងៃ​ទៅ​លើ​ឧស ធ្យូង ក្នុង​ការ​ចម្អិន​អាហារ ព្រម​ទាំង​ប្រេង​កាត​អាគុយ​សម្រាប់​បំភ្លឺ​ផ្ទះ​សម្បែង។

បុរស​និង​ស្រ្តី​កសិក​នៅ​តាម​ភូមិ​ស្រុក​នានា​ក្នុង​តំបន់​កម្មវិធី​ឡ​ជីវឧស្ម័ន​ថ្នាក់​ជាតិ បាន​ឲ្យ​ដឹង​ដូចៗ​គ្នា​អំពី​ការ​ពេញ​ចិត្ត​ចំពោះ​ឡ​ជីវស្ម័ន​នេះ ដោយ​បញ្ជាក់​ថា ឲ្យ​តែ​មាន​លាមក​សត្វ​គោ​ក្របី​និង​ជ្រូក​ដាក់​បញ្ចូល​ឡ​ទៅ ក៏​អាច​មាន​ហ្គាស​សម្រាប់​ប្រើ​ចង្ក្រាន​ដាំ​ស្ល និង​ចង្កៀង​ម៉័ងសុង​បំភ្លឺ​លំនៅ​បាន​រាល់​ថ្ងៃ​ជាប់​ជា​ប្រចាំ។

នាង​ខ្ញុំ​បាន​ជម្រាប​សួរ​កសិករ​មួយ​ចំនួន​អំពី​បទពិសោធន៍​ក្នុង​ការ​ប្រើ​ឡ​នេះ ជា​ពិសេស​ទាក់ទង​នឹង​ការងារ​ផ្គត់ផ្គង់​លាមក​សត្វ​ដើម្បី​ទាញ​យក​ឧស្ម័ន​មក​បម្រើ​សេចក្តី​ត្រូវការ​ក្នុង​គ្រួសារ។

បុរស​កសិករ​ម្នាក់​ឈ្មោះ វូ លីម នៅ​ភូមិ​ត្រពាំងខ្នារ ឃុំ​យុទ្ធសាមគ្គី ស្រុក​ឧត្តុង ខេត្ត​កំពង់ស្ពឺ ដែល​បាន​សង់​ឡ​ជីវឧស្ម័ន​ប្រភេទ​៦​ម៉ែត្រ​ត្រីគុណ ប្រើ​តាំង​ពី​ឆ្នាំ​២០០៧​មក បាន​រៀបរាប់​ចាប់​ពី​ដំណាក់កាល​ដំបូង​បន្ទាប់ពី​ការ​សាងសង់​រួច​រាល់​ហើយ​នោះ ៖ «លាមក​គោ​ដែល​ខ្ញុំ​ប្រមូល​ដាក់​ទៅ​ឡ​ហ្នឹង​គឺ​មាន​ក្បួន​មាន​ខ្នាត​ត្រឹមត្រូវ ថ្លឹង​ឲ្យ​គ្រប់​២.៣០០​គីឡូ ទឹក​ក៏​២.៣០០​លីត្រ​ដែរ។ លាមក​គោ​ដែល​មុន​យើង​ប្រមូល​មក​ដាក់​ក្នុង​ឡ​ហ្នឹង គឺ​ដំបូង​យើង​ចាប់​ផ្តើម​សាងសង់ យើង​ត្រូវ​ប្រមូល​វា​ច្រក​កាតេ​ចង​មាត់​ឲ្យ​ជិត យើង​កុំ​ឲ្យ​វា​ស្ងួត រក្សា​សំណើម​វា​ឲ្យ​សើម​ជាប់។ ក្រោយ​មក​បាន​យើង​យក​មក​ថ្លឹង បាន​យើង​ដាក់​ក្នុង​អាង​លាយ​ចំនួន​លាមក​និង​ចំនួន​ទឹក គឺ​ស្មើ​គ្នា។ លាយ​វា​ឲ្យ​ល្បាយ​ឲ្យ​សព្វ​ស្មើ​ទឹក។ ឧទាហរណ៍​ថា អាង​ខ្ញុំ​ហ្នឹង​លាយ​ម្តង​៥០​គីឡូ អ៊ីចឹង​ទៅ​ទឹក​ក៏​៥០​លីត្រ​ដែរ។  អ៊ីចឹង​យើង​លាយ​ដាក់​ទាល់​តែ​គ្រប់​២​តោន ៣០០​គីឡូ...»

រីឯ​ស្រ្តី​កសិករ​ម្នាក់​ឈ្មោះ ឈួន ខ្លូត នៅ​ភូមិ​អូរពពូល ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​បាន​ប្រើ​ឡ​ជីវឧស្ម័ន​នេះ​បាន​ជាង​មួយ​ឆ្នាំ​មក​ហើយ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​អំពី​វិធី​ម៉្យាង​ទៀត​ក្នុង​ការ​ប្រមូល​លាមក​គោ​ដើម្បី​រក្សា​ឲ្យ​នៅ​សើម​ជាប់ មុន​នឹង​យក​ទៅ​ដាក់​ក្នុង​ឡ​ក្នុង​ជំហាន​ដំបូង​នេះ និង​ចំណុច​សំខាន់​មួយ​ទៀត​គឺ​ការ​សម្អាត​លាមក​គោ។

កសិករ​ឈ្មោះ ឈួន ខ្លូត បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​ធ្វើ​រោង​មួយ​ប្រក់​ស្លឹក​ត្នោត​ដាក់​ក្នុង​ម្លប់។ ខ្ញុំ​មាន​ចាក់​ខឿន​ខាងៗ​អ៊ីចឹង​មក។ ខ្ញុំ​ក្រាល​តង់​ហើយ​ខ្ញុំ​លើក​អាចម៍​គោ​ផ្សំ​ទុក​រាល់​ថ្ងៃ ពេល​ដាក់​លាមក​ហ្នឹង​ខ្ញុំ​គ្រប​តង់​ទៀត ហើយ​យើង​ឧស្សាហ៍​ស្រោច​ទឹក​វា​តិចៗ​ទៅ ដើម្បី​ឲ្យ​វា​នៅ​ខាំ​ជាប់​គ្នា​កុំ​ឲ្យ​ស្ងួត។ នៅ​ពេល​ប្រមូល​លាមក​គោ​ហ្នឹង ខ្ញុំ​សម្អាត​កុំ​ឲ្យ​មាន​ក្រួស កុំ​ឲ្យ​មាន​ដី​ខ្សាច់ ត្រូវ​បោស​កន្លែង​ក្រោល​គោ​ឲ្យ​ស្អាត កុំ​ឲ្យ​មាន​ដី​ខ្សាច់​ដី​អី​ហ្នឹង ដល់​ពេល​យើង​ចាក់​ចូល​ក្នុង​ឡ​ទៅ វា​មាន​កក​នៅ​បាទ​ឡ។ ខ្ញុំ​ធ្វើ​តាម​អ្វី​ដែល​បាន​រៀន​ទាំង​អស់...»

បុរស​និង​ស្រ្តី​កសិករ​ទាំង​ពីរ​រូប​នេះ ក៏​បាន​បញ្ជាក់​ប្រាប់​ដូច​គ្នា​ផង​ដែរ​ថា បន្ទាប់​ពី​ដាក់​បញ្ជូល​លាមក​គោ​ដែល​កូរ​លាយ​ជាមួយ​នឹង​ទឹក​ទៅ​ក្នុង​ឡ​គ្រប់​ចំនួន​ទៅ​តាម​ការ​កំណត់​នៃ​បច្ចេកទេស​នៅ​ក្នុង​ជំហាន​ទីមួយ​នេះ​រួច​ហើយ គឺ​គេ​ត្រូវ​ទុក​យ៉ាង​តិច​ចំនួន​មួយ​សប្តាហ៍​ទើប​គេ​អាច​ទទួល​បាន​បរិមាណ​ឧស្ម័ន​គ្រប់គ្រាន់​សម្រាប់​យក​មក​ប្រើប្រាស់​បាន។

បន្ទាប់​ពី​ដំណាក់កាល​ដំបូង​នោះ​មក លោក វូ លីម ដែល​ជា​ភ្នាក់ងារ​ពេទ្យ​សត្វ​ភូមិ​មួយ​រូប​ដែរ​នោះ បាន​អធិប្បាយ​អំពី​បរិមាណ​លាមក​គោ​ដែល​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​ឡ​ប្រចាំ​ថ្ងៃ ដើម្បី​ធានា​ឲ្យ​មាន​ហ្គាស​សម្រាប់​ប្រើប្រាស់​ជាប់​រហូត ៖ «ក្រោយ​ពី​ពេល​(ចាក់)​គ្រប់​២​តោន​៣​រយ​គីឡូ​ហើយ ដល់​រយៈ​ពេល​មួយ​សប្តាហ៍​ឡ​ហ្នឹង​វា​អាច​មាន​ហ្គាស​ហើយ អ៊ីចឹង​យើង​ត្រូវ​ថែម​ប្រចាំ​ថ្ងៃ។ លាមក​គោ​ដែល​ប្រមូល​មក យើង​ត្រូវ​រើស​ឲ្យ​ស្អាត យើង​កើប​ពី​ក្រោល​មក​សម្អាត​ឲ្យ​ស្អាត។ ពេល​ដែល​យើង​ដាក់​កូរ​ត្រូវ​យក​សំរាម​ចេញ​ឲ្យ​អស់។ ថែម​ប្រចាំ​ថ្ងៃ​ឡ​ខ្នាត​៦​គូប​ហ្នឹង កម្រិត​ទាប​គឺ​ចាប់​ពី​៤០​ទៅ​៦០​គីឡូ​ក្នុង​មួយ​ថ្ងៃ ហើយ​ទឹក​ក៏​៦០​លីត្រ​ដែរ គឺ​ស្មើ​គ្នា​ដែរ»

ចំណែក​អ្នកស្រី ឈួន ខ្លូត ដែល​ក៏​ជា​គ្រូ​បង្គោល​ក្នុង​ភូមិ​មួយ​រូប​ផង​ដែរ ខាង​ផ្នែក​អប់រំ​ផ្សព្វផ្សាយ​និង​បង្រៀន​អំពី​បច្ចេកទេស​ធ្វើ​ស្រែ​តាម​បែប​ប្រព័ន្ធ​ប្រពលវប្បកម្ម ដែល​ជា​ការ​ដាំ​ឬ​ស្ទូង​ស្រូវ​តែ​មួយ​ដើម ប៉ុន្តែ​ផ្តល់​ទិន្នផល​ខ្ពស់​និង​ការ​ប្រើ​ជី​ធម្មជាតិ​ក្នុង​ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម បាន​ឲ្យ​ដឹង​បន្ថែម​អំពី​ប្រការ​នេះ ហើយ​និង​ការ​ពិនិត្យ​កម្រិត​សម្ពាធ​ឧស្ម័ន​ដើម្បី​ឲ្យ​ដឹង​ថា នៅ​ពេល​ណា​ដែល​ល្មម​អាច​ប្រើ​បាន​និង​ពេល​ណា​ដែល​ត្រូវ​ផ្អាក​ប្រើ​មួយ​រយៈ​សិន។

អ្នកស្រី ឈួន ខ្លូត មាន​ប្រសាសន៍​ដូច្នេះ ៖ «កូរ​មុន​ដំបូង​ច្របាច់ បើ​ចាក់​រាល់​ថ្ងៃ​អត់​ច្របាច់​ទេ។ យើង​ចាក់​លាមក​គោ​ហើយ​យើង​ចាក់​ទឹក​ទៅ ត្រាំ​ឲ្យ​វា​រលាយ​ដូច​ថា ចាក់​ពី​ព្រលឹម​ត្រាំ​ចោល​ឲ្យ​លាមក​វា​រលាយ​ទៅ ស្រួល​កូរ​ណាស់ គ្រវី​តែ​ពីរ​បី​ឆាច់​ទៅ​វា​រលាយ​ហើយ ដល់​ពេល​មួយ​កំណាត់​ថ្ងៃ​អី​ចាំ​យើង​បញ្ចូល​ទៅ។ មើល​កុងទ័រ​នាឡិកា​ដែល​ដាក់​នៅ​លើ​ចង្ក្រាន បើ​វា​ឡើង​ដល់​១២​គីឡូ គឺ​ដឹង​ថា មាន​ហ្គាស​អាច​ប្រើ​បាន។ បើ​ប្រើ​ទៅ​ថា ចុះ​ដល់​ត្រឹម​លេខ​៤​អី​ហ្នឹង យើង​ឈប់​ប្រើ​សិន​ទៅ ហើយ​លាយ​លាមក​គោ​បញ្ចូល​ទុក​ឲ្យ​វា​ឡើង​ដល់​១០​ឬ​១១​គីឡូ សឹម​ចាប់​ផ្តើម​ប្រើ​ទៀត»

បុរស​កសិករ​និង​ស្រ្តី​មេផ្ទះ​ជា​ច្រើន​នៅ​ខេត្ត​ផ្សេងៗ​ទៀត​ដែល​បាន​ប្រើ​ឡ​ជីវឧស្ម័ន​នេះ ក៏​បាន​បញ្ជាក់​ប្រាប់​ដូចៗ​គ្នា​ថា ជា​ទូទៅ​ចំពោះ​ឡ​ប្រភេទ​៦​ម៉ែត្រ​ត្រី​គុណ បើ​គ្រួសារ​ដែល​មាន​សមាជិក​៥​នាក់ គឺ​គេ​អាច​ប្រើ​ចង្ក្រាន​២​ចម្អិន​អាហារ​ទាំង​បី​ពេល និង​អាច​ប្រើ​ចង្កៀង​ម៉័ងសុង​២ ដុត​បំភ្លឺ​បាន​រហូត​ដល់​ជិត​ពាក់​កណ្តាល​អធ្រាត្រ​យ៉ាង​បរិបូ ហើយ​ក៏​មិន​ដែល​ជួប​បញ្ហា​អ្វី​ឡើយ​ក្នុង​រយៈពេល​ប្រើប្រាស់​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។