គ្រោះថ្នាក់​នៃ​ថ្មពិល​និង​អាគុយ (ភាគ​៣)

ថ្ម​ប្រើ​សម្រាប់​ដាក់​ឧបករណ៍​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ ដែល​ភាសា​អង់គ្លេស​ហៅ​ថា Battery សុទ្ធ​តែ​ផលិត​ឡើង​ដោយ​សារធាតុ​គីមី​ច្រើន​ប្រភេទ ដែល​ជា​ជាតិ​ពុល ក្នុង​នោះ​រួម​មាន​ស័ង្កសី សំណ បារត ប្រាក់ នីកែល កាបោន ឬ ធ្យូង អាល់កាឡាំង ឬ​ជាតិ​ក្បុង និង​អាស៊ីត​ជាដើម។
ដោយ កេសរណ្ណីយ្យា
2010.11.18

សារធាតុ​គីមី​ទាំង​នេះ​នៅ​ពេល​ប៉ះពាល់​ត្រូវ ឬ​ស្រូប​ចូល​ក្នុង​ខ្លួន វា​ធ្វើ​ឱ្យ​រមាស់ ឬ​រលាក​ស្បែក ភ្នែក ច្រមុះ បំពង់​ក ធ្មេញ និង​សួត ព្រមទាំង​បង្ក​ឱ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត។

ក្នុង​ចំណោម​សារធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​ថ្មពិល និង​អាគុយ សំណ​គឺ​ជា​ប្រភេទ​លោហៈ​ធ្ងន់​មួយ ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព មនុស្ស សត្វ និង​បរិស្ថាន ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង។

អ្នកគ្រូ ចេក សុថា អនុ​ប្រធាន​ផ្នែក​គីមី និង​ចំណី​អាហារ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកទេស​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា នៅ​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា សំណ​គឺ​ជា​សារធាតុ​មួយ​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​គីមី​បង្កើត​បាន​ជា​ថាមពល​នៅ​ក្នុង​ថ្មពិល ឬ​អាគុយ ដើម្បី​ប្រើ​ប្រាស់។

អ្នកគ្រូ ចេក សុថា បញ្ជាក់​បន្ថែម​អំពី​រោគ​មួយ​ចំនួន​ដែល​បណ្ដាល​មក​ពី​ជាតិ​ពុល​នៃ​ចំហាយ ឬ​ក្លិន​សំណ ភាយ​ចេញ​ពី​ថ្មពិល ឬ​អាគុយ​ដែល​បែក​ធ្លាយ ៖ «ពេល​ដែល​វា​ហូរ​ចេញ​មក វា​អាច​ប៉ះពាល់​ដល់​តម្រង​នោម វា​ធ្វើ​ឱ្យ​ចំហាយ​ហ្នឹង​វា​ចូល​មក​ក្នុង​ផ្លូវ​ដង្ហើម​យើង។ នៅ​ពេល​វា​ចូល​មក​ក្នុង​ខ្លួន​យើង​បង្កើត​បាន​ជា​ជាតិ​ពុល ធ្វើ​ឱ្យ​ឈឺ​ក្បាល​ក៏​មាន នៅ​ពេល​វា​ធំ​ក្លិន​ឈួល​មក»

ឯកសារ​នានា​ស្ដី​អំពី​ថ្មពិល និង​អាគុយ បាន​បង្ហាញ​ថា ក្រៅ​ពី​បណ្ដាល​ឱ្យ​ឈឺ​ក្បាល​វិល​មុខ ក្អួត​ចង្អោរ​ហើយ​នោះ ការ​ស្រូប​ក្លិន ផ្សែង ឬ​កម្ទេចកំទី​ផង់​សំណ ក៏​អាច​ធ្វើ​ឱ្យ​អស់​កម្លាំង​រសេះរសោះ​ដៃ​ជើង ទទួល​ទាន​ដំណេក​មិន​លក់ ចុះ​ទម្ងន់ ខ្វះ​ឈាម និង​ឈឺ​សាច់​ដុំ សរសៃ និង​សន្លាក់​ដៃ​ជើង​ផង​ដែរ។

ចំពោះ​អ្នក​ដែល​ធ្វើការ​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ស្រូប​ក្លិន និង​ផង់​សំណ​ញឹកញាប់​ក្នុង​រយៈពេល​យូរ​អង្វែង នឹង​អាច​ធ្វើ​ឱ្យ​មាន​ជំងឺ​លើស​ឈាម ខូច​តម្រង​ទឹកម៉ូត្រ ឬ​ក្រលៀន ថ្លើម និង​ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ​ខួរក្បាល។

លោក ប៉ុក ល័ក្សរាសី គ្រូ​បង្រៀន​ផ្នែក​មន្ទីរ​ពិសោធន៍​នៅ​មហា​វិទ្យាល័យ​គីមី​នៃ​វិទ្យាស្ថាន​បច្ចេកវិជ្ជា​កម្ពុជា អធិប្បាយ​អំពី​ដំណើរ​ការ​ដែល​សារធាតុ​ពុល​របស់​សំណ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខួរ​ក្បាល និង​បញ្ញា​ស្មារតី ការ​គិតគូរ​របស់​មនុស្ស ៖ «សំណ គឺ​ជា​សារធាតុ​គីមី​មួយ​ដែល​គេ​ចាត់​ទុក​ជា​អំបូរ​លោហៈ​ធ្ងន់។ កាល​ណា​វា​ជ្រាប​ចូល​ទៅ​ដល់​ក្នុង​ខ្លួន​យើង​ហើយ វា​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ហើយ​វា​ចូល​ទៅ​ក្នុង​កោសិកា​បន្ទប់​ខួរ​ក្បាល។ នៅ​ក្នុង​ខួរ​ក្បាល នៅ​ពេល​ដែល​ម៉ូលេគុល​សំណ វា​ចូល​ទៅ​ដល់​ក្នុង​ហ្នឹង វា​ធ្ងន់​វា​ដក់​ក្នុង​បន្ទប់​ខួរក្បាល ធ្វើ​ឱ្យ​ចរន្ត​នៃ​ការ​គិត​របស់​មនុស្ស​ហ្នឹង​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​សំណ​ហ្នឹង ធ្វើ​ឱ្យ​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​គិត​ខុស​ពី​ធម្មតា មិន​ឈ្លាសវៃ ខុស​ពី​មនុស្ស​ដែល​មិន​ប៉ះ​ពាល់ និយាយ​ឱ្យ​ចំ​ទៅ វា​ធ្វើ​ឱ្យ​ខូច​ខួរក្បាល»

លោក ប៉ុក ល័ក្សរាសី មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា មាតា​បិតា​គប្បី​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ទុក​ដាក់​ថ្មពិល​គ្រប់​ប្រភេទ រួម​ទាំង​អាគុយ​ផង​នោះ ព្រោះ​ថា ផលវិបាក​ដែល​បណ្ដាល​ពី​សារធាតុ​ពុល​នៃ​សំណ​ទៅ​លើ​កុមារ​តូចៗ គឺ​មាន​ឥទ្ធិពល​ជាង​មនុស្ស​ចាស់ ៖ «ក្មេង​ខួរ​ក្បាល​របស់​គាត់ ដែល​គេ​ហៅ​ថា ផ្នែក​ទំនេរ​របស់​ក្មេង​ដែល​មិន​ទាន់​ទទួល​ផ្ទុក​នូវ​ព័ត៌មាន​ផ្សេងៗ​នោះ វា​នៅ​ច្រើន។ នៅ​ក្នុង​ខួរក្បាល​ដែល​ទទេ​ស្អាត​របស់​ក្មេង ពេល​ដែល​ជាតិ​សំណ​ចូល​ទៅ ពេល​ហ្នឹង​វា​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ខួរក្បាល​ហ្នឹង cells របស់​ខួរក្បាល​ហ្នឹង។ បើ​សារធាតុ​សំណ​ហ្នឹង​ចូល​កាន់​តែ​ច្រើន​ទៅ បន្ទប់​ខួរក្បាល​ដែល​ទំនេរ​ហ្នឹង​វា​ពេញ ក្មេង​ដែល​ទទួល​ព័ត៌មាន​រៀន​សូត្រ ព័ត៌មាន​ដែល​ត្រូវ​ចូល​ទៅ​ក្នុង​បន្ទប់​ហ្នឹង វា​ចូល​អត់​កើត ព្រោះ​អី​ក្នុង​បន្ទប់​ហ្នឹង​វា​មាន​ម៉ូលេគុល​សំណ​វា​នៅ​ពាសពេញ​អស់​ហើយ។ អ៊ីចឹង​ក្មេង​ហ្នឹង​គាត់​អត់​ទទួល​យក​បាន​ទេ​ព័ត៌មាន​ទាំង​អស់​ហ្នឹង វា​អត់​មាន​កន្លែង​ផ្ទុក​បាន​ទេ»

ការ​សិក្សា​ស្រាវជ្រាវ​អំពី​គ្រោះថ្នាក់​នៃ​ថ្មពិល និង​អាគុយ ក៏​បាន​បង្ហាញ​ឱ្យ​ដឹង​ផង​ដែរ​ថា ជា​ទូទៅ​ទារក​នៅ​ក្នុង​ផ្ទៃ​ហើយ និង​កុមារ​តូចៗ អាយុ​ក្រោម ៦​ឆ្នាំ ងាយ​រង​គ្រោះ​បំផុត ដោយសារ​តែ​ការវិវត្តន៍​នៃ​រាងកាយ និង​ខួរក្បាល​របស់​កុមារ និង​ទារក វា​ងាយ​ស្រូប​យក​នូវ​សារធាតុ​សំណ និង​ងាយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សរីរាង្គ​ទាំង​នោះ។

ឯកសារ​នៃ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​គីមី និង​សុខភាព បាន​ផ្ដល់​ការ​ណែនាំ​ជា​ពិសេស​ចំពោះ​ស្រី្ត​មាន​គភ៌​ថា គប្បី​ប្រុង​ប្រយ័ត្ន​ចៀស​វាង​ការ​ប៉ះពាល់​ថ្មពិល ឬ​អាគុយ​ញឹកញាប់ ដើម្បី​រក្សា​ការពារ​សុខភាព​ទារក​ក្នុង​ផ្ទៃ។

អ្នកគ្រូ ចេក សុថា អនុ​ប្រធាន​ផ្នែក​គីមី និង​ចំណី​អាហារ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកទេស​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា នៅ​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​បន្ថែម​អំពី​គ្រោះថ្នាក់​២​ទៀត បង្ក​ឡើង​ដោយ​សារធាតុ​សំណ​នៅ​ក្នុង​ថ្មពិល ឬ​អាគុយ ទៅ​លើ​បុរស​ស្ត្រី ដែល​អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​បន្ត​ពូជ ៖ «សំណ​នេះ​ជា​សារធាតុ​មួយ ជា​លោហៈ​ធ្ងន់ វា​អាច​បង្ក​ជា​ជំងឺ​មហារីក បើ​បរិមាណ​វា​កាន់​តែ​ច្រើន វា​បង្ក​គ្រោះថ្នាក់​កាន់​តែ​ធ្ងន់​ដែរ។ រហូត​ពេល​ខ្លះ​ធ្វើ​ឱ្យ​យើង​អាច​អត់​មាន​កូន​អត់​មាន​អី​ត​ទៅ​ទៀត»

លោក ប៉ុក ល័ក្សរាសី គ្រូ​បង្រៀន​ផ្នែក​មន្ទីរ​ពិសោធន៍​នៅ​មហាវិទ្យាល័យ​គីមី​នៃ​វិទ្យាស្ថាន​បច្ចេកវិជ្ជា​កម្ពុជា មាន​ប្រសាសន៍​បញ្ជាក់​ថា ថ្ម​គ្រប់​ប្រភេទ​ទាំង​អស់ ទោះ​ជា​នៅ​ថ្មី​មិន​ទាន់​ប្រើ ឬ​ក៏​ថ្ម​ចាស់​ប្រើ​រួច​ហើយ នៅ​ពេល​វា​មាន​ការ​បែក​ធ្លាយ និង​បោះ​ចោល​ទៅ​ក្នុង​បរិស្ថាន គឺ​សុទ្ធ​តែ​បង្ក​ឱ្យ​មាន​ផលវិបាក​អាក្រក់​ដូច​គ្នា​ទាំង​អស់ ៖ «កុំ​យល់​ថា ទាល់​តែ​ប្រើ​អស់​បាន​វា​ពុល ឬ​នៅ​ថ្មី​វា​មិន​ពុល មិន​ប៉ះពាល់​ដល់​សុខភាព​នោះ​គឺ​ជា​ការ​យល់​ច្រឡំ។ ទាំង​ថ្មី​ទាំង​ចាស់ ទាំង​មិន​ទាន់​ប្រើ ទាំង​ប្រើ​ហើយ គឺ​សុទ្ធ​តែ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​បរិស្ថាន​ទាំង​អស់»

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​គីមី និង​សុខភាព បាន​សិក្សា​ស្រាវជ្រាវ​ឃើញ​ថា សារធាតុ​សំណ​អាច​ផ្លាស់ប្ដូរ​ពី​ទី​មួយ​ទៅ​ទី​មួយ​ទៀត នៅ​ក្នុង​បរិយាកាស​ក្នុង​ធម្មជាតិ ប៉ើង​រសាត់​ក្នុង​ខ្យល់ រលាយ​ចូល​ក្នុង​ទឹក និង​ជ្រាប​ចូល​ទៅ​ក្នុង​ដី ដែល​វា​អាច​ដក់​នៅ​ជាប់​បាន​យូរ​ឆ្នាំ។

រី​ឯ​សារធាតុ​សំណ និង​សារធាតុ​គីមី​ដទៃ​ទៀត ដែល​មាន​នៅ​ក្នុង​ថ្មពិល និង​អាគុយ ប្រសិន​បើ​បោះ​ចោល​ទៅ​ក្នុង​បរិស្ថាន ក្រៅ​ពី​ធ្វើ​ឱ្យ​មាន​មនុស្ស​កើត​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​មុខ​ហើយ​នោះ ក៏​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ប្រភព​ទឹក​ធម្មជាតិ គុណភាព​ដី ព្រម​ទាំង​សត្វ​មាន​ជីវិត និង​រុក្ខជាតិ​ផង​ដែរ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។