អង្គការ​សិទ្ធិមនុស្ស​រក​ឃើញ​ថា កម្មករ​ជា​ស្ត្រី​គ្មាន​សុវត្ថិភាព​ទាំង​នៅ​កន្លែង​ការងារ និង​ធ្វើដំណើរ

ដោយ សុ ជីវី
2019-05-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រោងចក្រ W&D នៅ​ខណ្ឌ​មានជ័យ ​តវ៉ា​​បន្ទាប់​ពី​ថៅកែ​រោងចក្រ​បញ្ឈប់​កម្មករ​ជាង​ ១.២០០​នាក់។
រោងចក្រ W&D នៅ​ខណ្ឌ​មានជ័យ ​តវ៉ា​​បន្ទាប់​ពី​ថៅកែ​រោងចក្រ​បញ្ឈប់​កម្មករ​ជាង​ ១.២០០​នាក់។
Provided photo

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​រក​ឃើញ​ថា កម្មករ​ជា​ស្ត្រី​មាន​បញ្ហា​ប្រឈម​ចំនួន ៥​ចំណុច ដែល​ធ្វើ​ឱ្យ​ស្ត្រី​ជួប​ការ​លំបាក​ក្នុង​ការ​បំពេញ​ការងារ ឬ​អាច​និយាយ​បាន​ថា ពួកគេ​ពុំ​មាន​សុវត្ថិភាព​ទាំង​នៅ​កន្លែង​ការងារ និង​នៅ​ពេល​ធ្វើដំណើរ។

មន្ត្រី​សិទ្ធិមនុស្ស និង​សហជីព​ជំរុញ​ដល់​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​គោរព​តាម​បទដ្ឋាន​ច្បាប់​អន្តរជាតិ ដែល​បាន​ផ្ដល់​សច្ចាប័ន និង​កែប្រែ​ច្បាប់​ស្ដីពី​សហជីព ដើម្បី​ធានា​សិទ្ធិ​សេរីភាព​ទាមទារ ដើម្បី​បាន​ដំណោះស្រាយ​រាល់​បញ្ហា​ប្រឈម​របស់​កម្មករ​នេះ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អ្នកស្រី ចក់ សុភាព មាន​ប្រសាសន៍ថា បញ្ហា​ប្រឈម​របស់​កម្មករ​ជា​ស្ត្រី​នៅ​មិន​ទទួល​បាន​ដំណោះស្រាយ​ត្រឹមត្រូវ​នៅឡើយ ដែល​ធ្វើ​ឱ្យ​ពួកគេ​នៅតែ​ជួប​ការ​លំបាក​ក្នុង​ការងារ ស្រប​ពេល​ដែល​សិទ្ធិ​សេរីភាព​ក្នុង​ការ​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​នោះ​មានការ​រឹតត្បិត។

ការ​លើកឡើង​របស់​អ្នកស្រី ចក់ សុភាព នេះ​គឺ​នៅ​ពេល​អង្គការ​សិទ្ធិមនុស្ស​មួយ​នេះ​ផ្សព្វផ្សាយ​ពី​ការ​រកឃើញ​សម្រាប់​ខែ​ឧសភា​នេះ​ថា កម្មករ​ជា​ស្ត្រី​ជាពិសេស​ក្នុង​វិស័យ​កាត់ដេរ​ជួបប្រទះ​បញ្ហា​ប្រឈម​ចំនួន​៥ ក្នុង​នោះ​រួមមាន​បញ្ហា​លក្ខខណ្ឌ​ការងារ​ក្នុង​រោងចក្រ ការ​ធ្វើ​ដំណើរ​ពុំ​មាន​សុវត្ថិភាព ការ​រឹតត្បិត​សេរីភាព​ខាង​សមាគម និង​សហជីព ការប្រើប្រាស់​កិច្ចសន្យា​ខ្លី អំពើ​ហិង្សា និង​ការ​បៀតបៀន យាយី​រាងកាយ​ពួកគេ។

អ្នកស្រី ចក់ សុភាព ឱ្យ​ដឹង​ទៀត​ថា ក្រុម​កម្មករ​ជា​ស្ត្រី​ក៏បាន​លើក​បញ្ហា​ទាំងនេះ​នៅ​ក្នុង​សំណើ​របស់​គេ​នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​កាលពី​ថ្ងៃ​ទី​១ ខែ​ឧសភា​ដែរ ដោយ​សង្ឃឹមថា នឹង​មាន​ដំណោះស្រាយ៖ «ទាំងអស់​នេះ​ជា​បញ្ហា​ប្រឈម ដែល​យើង​ឃើញ​ពេល​កន្លង​មក​មាន​ករណី​គ្រោះថ្នាក់​ច្រើន​ចំពោះ​កម្មករ ហើយ​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​ចាប់ផ្ដើម​ស្វែងរក​ដំណោះស្រាយ​ជា​បន្ទាន់​ដើម្បី​យើង​កាត់បន្ថយ​នូវ​ហានិភ័យ​ចំពោះ​ពួកគាត់​នេះ»

ការ​រកឃើញ​នោះ​បញ្ជាក់​ថា លក្ខខណ្ឌ​ការងារ និង​សុវត្ថិភាព​សម្រាប់​ស្ត្រី​ក្នុង​រោងចក្រ​មិនសូវ​បាន​ធានា​ទេ ដោយសារ​សីតុណ្ហភាព​ខ្ពស់ និង​សារ​ធាតុគីមី​ខ្លាំង រួម​ទាំង​កង្វះ​អាហារូបត្ថម្ភ ធ្វើ​ឱ្យ​កម្មករ​ភាគច្រើន​ដួល​សន្លប់ ដែល​បញ្ហា​នេះ​កើតមាន​ជា​ទៀងទាត់។ ចំណែក​ការ​ធ្វើដំណើរ​របស់​កម្មករ​វិ​ញ ឡាន​ដឹក​កម្មករ​រោងចក្រ​ជួប​គ្រោះថ្នាក់ និង​ធ្វើ​ឱ្យ​ពួកគេ​រង​របួស​ស្ទើរ​រាល់ថ្ងៃ។

អនុប្រធាន​សហព័ន្ធ​សហជីព កម្មករ​ចំណីអាហារ និង​សេវាកម្ម អ្នកស្រី អ៊ូ ទេពផល្លីន ឱ្យ​ដឹង​ថា ដោយសារ​បរិយាកាស​ក្នុង​រោងចក្រ​មិនទាន់​ល្អ រួម​នឹង​បញ្ហា​រួមផ្សំ​មួយចំនួន​ទៀត​ធ្វើ​ឱ្យ​កម្មករ​ដែល​ភាគច្រើន​ជា​ស្ត្រី​នោះ​ថមថយ​សុខភាព​ទាំង​វ័យក្មេង​។ លើស​ពី​នេះ​ពួកគេ​ប្រឈមមុខ​ខ្លាំង​នឹង​ពិការភាព​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។

កាលពី​ឆ្នាំ​២០១៨ ករណី​កម្មករ​សន្លប់​បាន​ថយ​ចុះ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៧ ប៉ុន្តែ​ចំនួន​កម្មករ​ដែល​ដួល​សន្លប់​មាន​ចំនួន​កើន​ឡើង​គឺ​មាន​ចំនួន​សរុប​២០០០​នាក់​។ ចំណែក​របាយការណ៍​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ហៅ​កាត់​ថា ប..ស ឱ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​២០១៨ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​កម្មករ​រងគ្រោះ​សរុប​ជិត​២​ពាន់​នាក់​(.៨៦៣​នាក់​)​ក្នុង​នោះ​មាន ស្លាប់ ៤២​នាក់​បាន​ស្លាប់។

សហជីព​ជាច្រើន​ធ្លាប់​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​យកចិត្តទុកដាក់​ការពារ​សុវត្ថិភាព​ដល់​ក្រុម​កម្មករ។ ពួកគេ​រក​ឃើញ​ថា រថ​យន្ត​ដឹក​ក្រុម​កម្មករ​ធ្វើឡើង​ខុស​បច្ចេកទេស មាន​ការ​ដាក់​មនុស្ស​ច្រើន​លើស​ចំណុះ ឯ​អ្នកបើកបរ​ជាច្រើន​តែង​ធ្វេសប្រហែស។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ដដែល​បង្ហាញ​ទៀត​ថា ការ​ប្រើប្រាស់​កិច្ចសន្យា​រយៈពេល​ខ្លី​បាន​បង្កើត​ឱ្យ​មាន​ការ​រើសអើង​ចំពោះ​ស្ត្រី​ជាពិសេស​នៅ​ពេល​មាន​ផ្ទៃពោះ​ដោយសារតែ​ពួកគេ​មាន​ផ្ទៃពោះ។ អង្គការ​ដដែល​បញ្ជាក់​ទៀត​ថា និយោជក​ជាច្រើន​បាន​ជួល​កម្មករ ដោយ​មិន​ស្របតាម​ច្បាប់​រយៈ​ការ​ប្រើ​កិច្ចសន្យា​រយៈពេល​៣​ខែ ឬ​៦​ខែ​ជាប់ៗ​គ្នា ជា​បន្តបន្ទាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ បញ្ហា​នេះ​ធ្វើ​ឱ្យ​កម្មករ​គិត​ថា មិន​សូវ​មាន​សុវត្ថិភាព ដែល​នាំ​ឱ្យ​ក្លាយ​ជា​ជនរងគ្រោះ​នៃ​អំពើ​ហិង្សា​ផ្អែកលើ​យេនឌ័រ។ ស្របគ្នា​នេះ​គឺ​ពួកគេ​នៅតែ​រង​អំពើ​ហិង្សា​លើ​រូបរាងកាយ​រួម​មានការ​ទះកំផ្លៀង ការ​បន្លំ ពី​ប្រុសៗ ដែល​ធ្វើការ​ជាមួយគ្នា រួម​នឹង​ការ​យាយី​ផ្សេងទៀត​។

អ្នកស្រី អ៊ូ ទេពផល្លីន បន្ត​ថា​ទាក់ទង​ដល់​កិច្ចសន្យា​ខ្លី​នេះ កន្លងទៅ​មានការ​បកស្រាយ​ផ្សេងគ្នា​រវាង​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល និង​ក្រុម​និយោជក​។ អ្នកស្រី​ថា​អ្នក​ដែល​បាត់​ប្រយោជន៍​គឺ​ក្រុម​កម្មករ នៅ​ពេល​ដែល​ក្រុម​និយោជក​មាន​ឥទ្ធិពល​លើ​ការអនុវត្ត នៅ​តាម​រោងចក្រ៖ «យើង​ធ្លាប់​ក្នុង​ពេល​កន្លងមក​នៅ​ក្នុង​ស្រុក​យើង ពេល​ដែល​រោងចក្រ​ចាប់​ទើប​ចាប់ផ្ដើម ពេល​កម្មករ​និយោជិក​ធ្វើការ​កិច្ចសន្យា​សាកល្បង ពេលនោះ​គឺ​លែង​មាន​កិច្ចសន្យា​ខ្លី​ទៀតហើយ គឺ​ចប់​កិច្ចសន្យា​៣​ខែ ក្លាយ​ជា​កិច្ចសន្យា​លែង​មាន​កំណត់។ ដូច្នេះ​លក្ខខណ្ឌ​ហ្នឹង​ត្រូវ​បាន​ការពារ​សិទ្ធិ​នៅ​ក្នុង​ការ​ការពារ​កម្មករ​និយោជិក​ទាំង​ការប្រើប្រាស់​សិទ្ធិ​ចងក្រង​សហជីព និង​ការចរចា​រួម​នៅ​កន្លែងធ្វើការ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​ទៅទៀត»

ចំណែក​បញ្ហា​ប្រាក់​ឈ្នួល​អប្បរមា ឬ​ប្រាក់​ឈ្នួល​គោល​វិញ​ក៏​នៅ​មិន​ទាន់​មាន​ការ​កម្រិត​ជាទូទៅ​នៅឡើយ គឺ​មានតែ​ក្រុម​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ទេ ដែល​ទទួល​បាន​ប្រាក់​ឈ្នួល ដែល​មាន​ការកំណត់​ពី​កម្រិត​អប្បបរមា នៅ​ពេល​ដែល​កម្មករ​នៅ​ក្នុង​ផ្នែក​ផ្សេងទៀត​រួមមាន​វិស័យ​សំណង់​ជាដើម​នោះ ស្ត្រី​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប។ ចំណុច​ចុងក្រោយ​គឺ​ការ​រឹតត្បិត​សេរីភាព​ខាង​សមាគម និង​ឧបសគ្គ​នៅ​ក្នុង​ច្បាប់​សហជីព ដែល​ករណី​នេះ​ស្ត្រី​ជា​កម្មករ​ជួប​បញ្ហា​នៅ​ពេល​ពួកគេ​មាន​បំណង​ទាមទារ ឬ​បង្ហាញ​លក្ខខណ្ឌ​ការងារ ដើម្បី​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន។

បើ​តាម​អ្នកស្រី អ៊ូ ទេពផល្លីន កិច្ចសន្យា​ខ្លីៗ​ក៏​ជា​លេស​សម្រាប់​ឱ្យ​ថៅកែ ឬ​និយោជក​បញ្ឈប់​តំណាង​កម្មករ និង​សហជីព​ពី​ការងារ​ដែរ៖ «កម្មករ​ចាប់ផ្ដើម​ចងក្រង​សហជីព គេ​ដឹង​ថា អ្នកណា​សកម្ម​នៅ​ក្នុង​សហជីព​គេ​អត់​យក​លក្ខខណ្ឌ​នៃ​ការ​បញ្ចប់​ភ្លាមៗ​ទេ ប៉ុន្តែ​គេ​យក​លក្ខខណ្ឌ​នៃ​ការ​ដល់​ការកំណត់​នៃ​កិច្ចសន្យា​នឹង​បញ្ឈប់​តែម្ដង»

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​សរសេរ​ដែរ​ថា ច្បាប់​ស្ដីពី​ការងារ​បាន​ធានា​ការ​បង្កើត​សហជីព​របស់​ក្រុម​កម្មករ សម្រាប់​តម្កើង​ផលប្រយោជន៍​របស់​ខ្លួន និង​ការពារ​សិទ្ធិ​។ ប៉ុន្តែ​នៅ​ក្នុង​ច្បាប់​ស្ដីពី​សហជីព​វិញ​បាន​ផ្ដល់​ឱ្យ​អាជ្ញាធរ​នូវ​ឆន្ទានុសិទ្ធិ​គ្រប់គ្រង​លើ​ការចុះបញ្ជី​សហជីព និង​មាន​បទប្បញ្ញត្តិ ដែល​រឹតត្បិត​ការ​ធ្វើ​កូដកម្ម លទ្ធភាព​ទទួល​បាន​យន្តការ​ដោះស្រាយ​វិវាទ និង​អនុសញ្ញា​រួម។ ច្បាប់​តម្រូវ​ឱ្យ​មាន​ការ​ចុះបញ្ជី​ជា​បន្ទុក​របស់​សហជីព ហើយ​រឹតត្បិត​សមត្ថភាព​សហជីព​ក្នុង​ការ​ធ្វើ​សកម្មភាព ដោយ​សេរី និង​ក្នុង​ការ​ការពារ​របស់​សហជីព​ក្នុង​សកម្មភាព ដោយ​សេរី និង​ការពារ​ផលប្រយោជន៍​របស់​សមាជិក។ ច្បាប់​នេះ​ក៏​ដាក់​ពិន័យ​លើ​បុគ្គល និង​សហជីព ដែល​មិន​គោរព​តាម​ច្បាប់​នេះ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អ្នកស្រី ចក់ សុភាព លើកឡើង​ដែរ​ថា ចាំបាច់​ណាស់​ត្រូវ​ធានា​ឱ្យ​ការ​កែប្រែ​ច្បាប់​សហជីព​ធ្វើ​យ៉ាងណា ឱ្យ​មាន​ភាព​ងាយស្រួល និង​កែទម្រង់​នីតិវិធី​ចុះបញ្ជី​សហជីព និង​ការពារ​មេដឹកនាំ​សហជីព និង​សមាជិក​ពី​ការ​យាយី​តាម​គ្រប់​រូបភាព៖ «សំខាន់​បំផុត​គឺ​លុបបំបាត់​ការរើសអើង អំពើ​ហិង្សា ឬក៏​ការ​គំរាមកំហែង​ផ្សេងៗ​តាមរយៈ​ប្រព័ន្ធ​តុលាការ​ទៅលើ​ប្រធាន​សហជីព ឬក៏​កម្មករ​ដែល​គាត់​ត្រៀម​ក្នុង​ការ​តស៊ូ​មតិ ដើម្បី​ទាមទារ​សិទ្ធិ​ការងារ ឬក៏​លក្ខខណ្ឌ​ការងារ​សម្រាប់​ពួកគាត់ និង​សម្រាប់​តំណាង​ពួកគាត់​ហ្នឹង»

ជាមួយ​គ្នា​នេះ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ស្នើ​ឱ្យ​កែប្រែ​មាត្រា​មួយ​ចំនួន នៃ​ច្បាប់​ស្ដីពី​ការងារ ដើម្បី​ដាក់ទណ្ឌកម្ម​និយោជក ឬ​ថៅកែ ដែល​ជួល​កម្មករ​ខុសច្បាប់ ដោយ​ប្រើ​កិច្ចសន្យា​រយៈពេល​ខ្លី នៅ​ក្រោយ​ពេល​ដែល​កម្មករ​បាន​ធ្វើការ​បាន​រយៈ​ពេល​២​ឆ្នាំ។ លើស​ពី​នេះ​រដ្ឋាភិបាល​ត្រូវ​គាំទ្រ​ចំពោះ​អនុសញ្ញា​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) ស្ដីពី​ការ​ដោះស្រាយ​អំពើ​ហិង្សា និង​ការ​យាយី​នៅ​កន្លែងធ្វើការ តាមរយៈ​ការ​ដាក់បញ្ចូល​និយមន័យ​សម្រាប់​ការ​រំខាន យាយី​ផ្លូវ​ភេទ និង​យន្តការ​ទប់ស្កាត់​បញ្ហា​នេះ​បន្ថែម​ទៀត។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ក្រសួង​ការងារ​លោក ហេង សួរ បានទេ​ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក កាំង ម៉ូនីកា ឆ្លើយតប​ថា បញ្ហា​ដែល​អង្គការ​សិទ្ធិមនុស្ស​លើកឡើង​នេះ គឺ​ពិតជា​មានការ​កើតឡើង​ខ្លះ​មែន ប៉ុន្តែ​បញ្ហា​នេះ​មាន​ការ​ប្រែ​បណ្ដើៗ​ហើយ។ លោក​ថា ការ​កែប្រែ​នេះ​បានការ​គាំទ្រ​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ៖ «ទាំង​និយោជក ទាំង​រាជរដ្ឋាភិបាល​គឺ​យើង​បាន​ខិតខំ​ធ្វើការ ឈរ​លើ​គោលការណ៍​នៃ​ការ​កែ​លម្អ​ជា​បន្តបន្ទាប់។ យើង​សង្កេត​ឃើញ​ថា វា​មានការ​វិវត្តន៍​ជា​វិជ្ជមាន​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ទាំងអស់​ហ្នឹង។ វា​មិន​ឈាន​ពី​អាក្រក់​ទៅជា​អាក្រក់​ណាស់»

ឆ្លើយតប​នឹង​ការ​ទាមទារ​ឱ្យ​កែសម្រួល​ច្បាប់​ស្ដីពី​សហជីព លោក កាំង ម៉ូនីកា លើកឡើង​ថា ភាគី​ពាក់ព័ន្ធ​គួរតែ​រួមគ្នា​អនុវត្ត​តាមច្បាប់​ដែល​មាន​រួចហើយ​នេះ ព្រោះ​លោក​យល់ថា ច្បាប់​នេះ​មានការ​ធានា​សិទ្ធិ​សហជីព​ពេញលេញ​ហើយ៖ «ច្បាប់​ថ្មី​នេះ​ទៀតសោត​ក៏​ត្រូវ​បាន​ឆ្លងកាត់​ការ​ប្រឹក្សា​ពិគ្រោះ​យោបល់​គ្នា​ជាច្រើន​ដងដោយ​មានការ​ចូលរួម​ទាំង​ពីរ​ភាគី សហជីព​ផង ហើយ​មាន​ទាំង​ការ​ផ្ដល់​យោបល់​ពី​អ្នកជំនាញការ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO)​ទៅ​ទៀត។ ខ្ញុំ​គិត​ថា ពេលខ្លះ​វា​ជា​អារម្មណ៍​មួយ ដែល​គាត់​គិត​ថា មាន​តម្រូវការ​ខ្លះ​ដែល​ពីមុន​អត់​ធ្លាប់​មាន ហើយ​គាត់​គិត​ថា តម្រូវការ​ហ្នឹង​ពិបាក​នឹង​បំពេញ»

បើទោះជា​យ៉ាងណា​ខាង​អង្គការ​សិទ្ធិមនុស្ស និង​សហជីព​នៅតែ​ទទូច​ថា ច្បាប់​ស្ដីពី​សហជីព​នេះ​បាន​រារាំង​កម្មករ​មិន​ឱ្យ​ទទួល​បាន​កិច្ចការពារ​ពិតប្រាកដ​ទេ ផ្ទុយ​ទៅវិញ បាន​រឹតត្បិត​ការ​តស៊ូ​មតិ កូដកម្ម និង​បាតុកម្ម​របស់​កម្មករ​ក្នុង​ន័យ​ការពារ​សិទ្ធិ​សមូហភាព​ថែមទៀត​។ កន្លង​ទៅ​ច្បាប់​ស្ដីពី​សហជីព​នេះ​ត្រូវ​គេ​បង្ខំ​ឱ្យ​ចេញ ទោះបីជា​មានការ​តវ៉ា​ពី​ខាង​សហជីព និង​អង្គការ​សិទ្ធិមនុស្ស​ថា​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ និង​អត្ថប្រយោជន៍​កម្មករ​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល