សង្គមស៊ីវិលជំរុញរដ្ឋាភិបាលអនុវត្តអនុសាសន៍របស់អ.ស.ប.លើកស្ទួយសិទ្ធិស្ត្រី
2013.12.06
អង្គការសហប្រជាជាតិ បានពិភាក្សាលើរបាយការណ៍ទី៤ និងទី៥ របស់កម្ពុជា កាលពីខែតុលា កន្លងទៅ និងបានផ្តល់អនុសាសន៍ជាង ៥០ចំណុច។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ធ្វើការងារលើកស្ទួយសិទ្ធិស្ត្រី អ្នកសហគមន៍មានជម្លោះដីធ្លី ក្រុមកម្មករ និងនិស្សិតសរុបប្រមាណ ១៣០នាក់ បានជួបប្រជុំគ្នាកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ក្នុងសន្និសីទស្ដីពីការស្វែងរកយុត្តិធម៌សម្រាប់ស្ត្រី នៅក្នុងប្រទេសកម្ពុជា ដើម្បីពិភាក្សាពីវិធានការសំខាន់ៗពាក់ព័ន្ធនឹងការអនុវត្តអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើនារីភេទ។ ការពិភាក្សានេះ បន្ទាប់ពីបានទទួលអនុសាសន៍របស់អង្គការសហប្រជាជាតិ នៅក្នុងការប្រជុំមួយនៅក្រុងហ្សឺណែវ កាលពីខែតុលា កន្លងទៅ ដែលបានរកឃើញថា កម្ពុជា នៅមានចំណុចខ្វះចន្លោះច្រើនក្នុងការលើកស្ទួយសិទ្ធិស្ត្រី។
ប្រធានគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ហៅកាត់ថា អិន.ជី.អូ ស៊ីដ (NGO-CEDAW) និងជាប្រធានអង្គការលីកាដូ (Licadho) អ្នកស្រី ពង់ ឈីវកេក មានប្រសាសន៍ថា អង្គការសហប្រជាជាតិ បានផ្តល់អនុសាសន៍ចំនួន ៥២ចំណុច។ អនុសាសន៍ទាំងនោះបានសរសេរលម្អិតពីចំណុចខ្វះខាត ដែលជាក្តីបារម្ភពាក់ព័ន្ធនឹងការរំលោភសិទ្ធិស្ត្រីនៅកម្ពុជា។
«សំឡេង»
កាលពីខែតុលា កន្លងទៅ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងតំណាងអង្គការមិនមែនរដ្ឋាភិបាល បានជួបប្រជុំជាមួយមន្ត្រីជំនាញនៃគណៈកម្មាធិការអង្គការសហប្រជាជាតិ ពិភាក្សាពីលទ្ធផលនៃការងារលើកស្ទួយសមភាពយេនឌ័រនៅកម្ពុជា។ នោះ គឺជាកិច្ចប្រជុំនៅក្រោយពេលដែលកម្ពុជា បានដាក់របាយការណ៍សំយោគលើកទី៤ និងទី៥ របស់ខ្លួន។ តាមការពិនិត្យរបាយការណ៍ជាតិនោះហើយ ដែលអង្គការសហប្រជាជាតិ បានផ្តល់អនុសាសន៍ត្រឡប់មកវិញ។
កម្រងអនុសាសន៍ទាំងនោះ ត្រូវបែងចែកជា ១៥ចំណុចធំៗ រួមមានចំណុចខ្វះខាតក្នុងច្បាប់ យន្តការជាតិលើកកម្ពស់ស្ត្រី ទស្សនៈក្នុងសង្គមស្ដីពីស្ត្រី អំពើហិង្សាលើស្ត្រី អំពើជួញដូរ និងពេស្យាកម្ម ការអប់រំសុខាភិបាល វិស័យការងារ ការរំលោភសិទ្ធិដីធ្លីផ្ទះសម្បែង និងការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយជាដើម។
ប្រធាន អិន.ជី.អូ ស៊ីដ អ្នកស្រី ពង់ ឈីវកេក មានប្រសាសន៍បន្តថា ស្ត្រីនៅពុំបានទទួលយុត្តិធម៌ ដ្បិតបញ្ហាក្នុងប្រព័ន្ធយុត្តិធម៌បន្តរារាំងដល់ការដាក់ទោសករណីអំពើហិង្សាលើស្ត្រី ខ្វះខាតសេវាជំនួយផ្នែកច្បាប់ ខ្វះសេវាថែទាំសុខភាពសម្រាប់ស្ត្រីក្រីក្រ ពិការចាស់ជរា ស្ត្រីបន្តរងគ្រោះដោយការបណ្ដេញ ការជួញដូរ និងការរំលោភសិទ្ធិការងារ និងការធ្វើចំណាកស្រុក។
«សំឡេង»
បើតាម អ្នកស្រី ពង់ ឈីវកេក កម្ពុជា អាចដោះស្រាយចំណុចខ្វះខាតទាំងនោះបាន ដោយចាប់ផ្ដើមបញ្ចូលអត្ថន័យនៃការរើសអើងលើនារីភេទទាំងផ្ទាល់ និងប្រយោល ទៅក្នុងច្បាប់ជាតិគ្រប់ប្រភេទ រួមនឹងការផ្សព្វផ្សាយពីអត្ថន័យទាំងនោះទៅអ្នកពាក់ព័ន្ធ ជាពិសេសមន្ត្រីរដ្ឋាភិបាល តុលាការ និងមន្ត្រីក្នុងវិស័យយុត្តិធម៌។ លើសពីនេះ បញ្ហាធំពីរដែលត្រូវដោះស្រាយបន្ទាន់ គឺការផ្តល់សេវាអប់រំ និងសុខាភិបាលសម្រាប់ស្ត្រី។
«សំឡេង»
យ៉ាងណា ប្រធាន អិន.ជី.អូ ស៊ីដ រូបនេះ បានស្នើអោយរដ្ឋាភិបាលយកចិត្តទុកដាក់អនុវត្តអនុសាសន៍របស់អង្គការសហប្រជាជាតិ អោយបានច្រើនបំផុត ទើបអាចធានាបានថា ស្ត្រីខ្មែរបានចូលរួម និងទទួលបានអត្ថប្រយោជន៍ពេញលេញពីការអភិវឌ្ឍ។
«សំឡេង»
គណៈកម្មាធិការអង្គការសហប្រជាជាតិ ធ្លាប់បានផ្ដល់អនុសាសន៍ម្ដងដល់កម្ពុជា កាលពីឆ្នាំ២០០៦ ហើយរហូតមកដល់ពេលនេះ សកម្មភាពដែលសម្រេចបាន គឺមានតិចតួចនៅឡើយ។ ពិតមែនថាបានផ្តល់អនុសាសន៍ពីចំណុចខ្វះខាត អង្គការសហប្រជាជាតិ ក៏មិនភ្លេចលើកឡើងពីចំណុចល្អដែលកម្ពុជា បានធ្វើដែរ។ ចំណុចល្អទាំងនោះមានការបង្កើត និងវិសោធនកម្មច្បាប់ការពារសិទ្ធិស្ត្រីមួយចំនួន មានច្បាប់បង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ច្បាប់ឯកពន្ធនភាព ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ និងច្បាប់ស្តីពីអំពើហិង្សា និងកិច្ចការពារជនរងគ្រោះ។ ជាមួយគ្នានេះ ក៏បានស្វាគមន៍ចំពោះភាគីកម្ពុជា ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាមួយចំនួន រួមមាន អនុសញ្ញាស្ដីពីការការពារបុគ្គលគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ពិធីសារជម្រើសនៃសន្ធិសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ និងពិធីសារជម្រើសនៃអនុសញ្ញាប្រឆាំងអំពើទារុណកម្ម និងអំពើឃោរឃៅ អមនុស្សធម៌បន្ថោកបន្ទាប ឬទណ្ឌកម្មដទៃទៀត។
តំណាងអង្គការសហប្រជាជាតិស្ត្រី (UNWOMAN) លោក វន វ៉ិត មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា ពិតជាបានបំពេញការងារជាវិជ្ជមានជាច្រើនក្នុងការលើកកម្ពស់សិទ្ធិស្ត្រី។ យ៉ាងនេះក្តី ដើម្បីសម្រេចបានតាមគោលដៅនៃអនុសញ្ញាអង្គការសហប្រជាជាតិ ចាំបាច់ណាស់ដែលត្រូវគ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការងាររួមគ្នា។
«សំឡេង»
ក្នុងអនុសាសន៍របស់អង្គការសហប្រជាជាតិ ក៏បានបញ្ជាក់ដែរថា ក្នុងរយៈពេល ២ឆ្នាំទៅមុខទៀត រដ្ឋាភិបាលកម្ពុជា ត្រូវអនុវត្តចំណុចសំខាន់២ អោយបានសម្រេច គឺការផ្តល់សំណង ការជួសជុលផ្លូវចិត្តទៅអោយជនរងគ្រោះនៃអំពើហិង្សាក្នុងរបបខ្មែរក្រហម និងការបណ្ដុះបណ្ដាលផ្សព្វផ្សាយមន្ត្រីពាក់ព័ន្ធតាំងពីតុលាការ រហូតដល់មន្ត្រីយុត្តិធម៌នៅមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការយល់ដឹងពីអំពើហិង្សាលើស្ត្រីលើគ្រប់រូបភាព ជាពិសេសអំពើហិង្សាក្នុងគ្រួសារ។
បន្ទាប់ពីទទួលបានអនុសាសន៍ថ្មីនេះ រដ្ឋាភិបាលត្រូវបន្តការអនុវត្ត ហើយដាក់របាយការណ៍សំយោគលើកទី៦ នៅក្នុងខែតុលា ឆ្នាំ២០១៧៕