តើ​ឌុច ​បាន​ទទួល​ស្គាល់​អ្វីខ្លះ ​ពី​​ការរំលោភផ្លូវភេទស្រ្តី​ក្នុង​គុកទួលស្លែង?

ដោយ សុជីវី
2020.09.03
Duch-NamMon-Sexual-Abuse-S21.jpg អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦ និង​លោកស្រី ណាំ ម៉ុន អតីតអ្នកជាប់ឃុំ​នៅ​គុកទួលស្លែង​​ក្នុងអត្ថបទពីអាថ៌កំបាំង​នៃ​ហិង្សាផ្លូវភេទ​ក្រោមរបបខ្មែរ​ក្រហម ក្នុង​ឆ្នាំ​២០១១។
រូបថតពីECC និង​អត្ថបទពីអាថ៌កំបាំង​នៃ​ហិង្សាផ្លូវភេទ​ក្រោមរបបខ្មែរ​ក្រហម

អ្នកសិក្សាពី​របប​កម្ពុជាប្រជាធិបតេយ្យ ឬ​ខ្មែរក្រហម​ជាច្រើន​បាន​រកឃើញ​ថា​ក្រៅពី​ការធ្វើទារុណកម្ម ការកាប់សម្លាប់​មនុស្ស ក្នុង​របប​នេះ​ក៏កើត​មាន​អំពើរំលោភ​ផ្លូវភេទស្រ្តី​រាប់ករណី​មិនអស់។ សាក្សី​ជាច្រើនដែល​នៅរស់រានចេញ​ពីរបប​នេះ​បានលើកឡើងថាគេបានដឹងបានឮពី​ពីការរំលោភសេពសន្ទវៈ និង​ការធ្វើទារុណកម្មផ្លូវភេទ​ធ្ងន់ធ្ងរលើ​ស្រ្តី។ ស្រ្តីជាច្រើនត្រូវ​គេរំលោភផ្លូវភេទ​មុនពេលគេសម្លាប់ ឬហៅថា​កំទេច ស្រ្តីជាច្រើនទៀត​ត្រូវរំលោភបំពាន​ក្នុងពេល​ជាប់គុក ពេលសួរចម្លើយ និង​នៅទីកន្លែងផ្សេងទៀត។

ចំពោះមន្ទីរសន្តិសុខស-២១ នៅក្រោម​ការគ្រប់គ្រង​របស់ លោក កាំង ហ្គេកអ៊ាវ ហៅឌុចវិញ តើ​អំពើរំលោភផ្លូវភេទកើតមាន ដែរឬទេ? តើ ឌុច ដែល​បាន​សារភាព​ទទួលកុំហុស​របស់ខ្លួន​ក្នុង​សំណុំរឿង​០០១វគ្គ​មួយ​នោះ ទទួលស្គាល់អ្វីខ្លះពីការរំលោភផ្លូវភេទស្រ្តី​ក្នុង​គុក ដែល​ស្ថិតក្រោមការគ្រប់គ្រង​របស់គាត់?

សាក្សី​មួយចំនួន​លើកឡើង​ថា​មាន​ករណី​រំលោភផ្លូវភេទ​ជាច្រើន​បាន​កើតឡើង​ក្នុង​មន្ទីរ​​សន្តិសុខ​ស-២១ ឬ​គុកទួលស្លែង នេះ​បើតាម​ការផ្ដល់សក្ខីកម្ម​របស់​អ្នក​ធ្លាប់ជាប់ឃុំ និង​អតីតអ្នកធ្វើការនៅ​មន្ទីរនេះ នៅ​ចំពោះមុខ​ចៅក្រម​នៃសាលាក្ដី​ខ្មែរ​ក្រហម កាលពីខែ​មិថុនា​ឆ្នាំ​២០១៦​ក្នុង​សំណុំ​រឿង​០០២/២។

លោក កាំង ហ្គេចអ៊ាវ ហៅ​ឌុច ដែល​ត្រូវ​តុលាការ​ហៅ​អោយ​ទៅ​ផ្ដល់សាក្ខីកម្ម​នៅ​ពេលនោះ បដិសេធ​ចោល​ការចោទ​ប្រកាន់ ដោយអះអាង​ថា​លោកមិនដឹង​ពីរឿង​រំលោភផ្លូវភេទ​កើតឡើងច្រើនទេ គឺគាត់ដឹង​ថាមាន​តែ​មួយករណី​ប៉ុណ្ណោះ។ លោកថា​អ្នកដែលប្រព្រឹត្ត​ជាអ្នកសួរចម្លើយ តែលោកនៅតែប្រកាន់ថានេះជាកំហុសវិន័យក្នុងការសួររចម្លើយ។ ករណី​ដែល​លើកឡើង​ក្រៅពីនេះ​ត្រូវ​លោក​ចាត់ទុកថា​ប្រឌិត៖ «បទរំលោភខាងផ្លូវភេទ ព្រះរាជអាជ្ញា ជា លាង បាននិយាយ​នៅ​ក្នុង​ពេលសារុបថា​ រកឃើញតែមួយករណីគត់ គឺករណីក្មេងម្នាក់ ដែល​វាធ្វើអោយ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នកគ្រូខ្ញុំ ដោយ​យកដុំឈឺ ឬក៏ស្អីទេ​ទៅរុក។ រឿងហ្នឹងហើយ​ដែល​ខ្ញុំ​ឈឺចាប់​អស់មួយ​ជីវិត។ សូមបញ្ជាក់ថា​រឿងនេះ​អត់មាន​ភស្ដុតាង​អី​នៅសល់ទេ ដោយសារ​ខ្ញុំ​ឈឺចាប់​ពេក​ខ្ញុំ​និយាយ​រឿងនេះ​តាំង​ពីជួប នីក ដាន់ឡុប(Nic Dunlop) និងណេត ស្សេយឺ (Nate Thayer)នៅ​រវាង​ខែ៤​ឆ្នាំ១៩៩៩។ ឯកសារនៅ​ស-២១​អត់មាន​សល់រឿងនេះ​ទេ ដូច្នេះ​គឺខ្ញុំ​ឈឺចាប់​ខ្ញុំនិយាយ ឯចំណែក​រឿងផ្សេង​ទៀត​ដែល​លេច​ឡើង​សុទ្ធតែ​ជារឿង​ប្រឌិត នេះ​ខ្ញុំ​សូមបញ្ជាក់​អ៊ីញ្ចឹង ហើយ​អ្នកគ្រូ​ខ្ញុំ​ហ្នឹង​គាត់​ឈ្មោះ ឌឹម សារឿន។»

ក្នុង​ឯកសារកត់ត្រាពីចម្លើយរបស់​សាក្សីមួយចំនួន​បាន​និយាយ​ដល់​ការរំលោភផ្លូវភេទ ដែល​ខុសគ្នា​ពី​អ្វី​ដែលឌុចបាន​ទទួលស្គាល់។ សាក្សី​ឈ្មោះ ហ៊ឹម ហ៊ុយ ដែលជាអតីតអ្នកសួរចម្លើយ​នៅ​មន្ទីរ​ស-២១ អះអាង​ថា​មានករណី​រំលោភ​កើតឡើង​ដោយអ្នកយាមប្រព្រឹត្ត​ទៅ​លើអ្នកទោសជាស្រ្តី។ ចំណែក​សាក្សី លោក ប្រាក់ ខន ជាអតីតអ្នកសួរចម្លើយ​ដែរ​លើកឡើង​ពីករណី​មួយទៀតថា មាន​អ្នកយាម​ឈ្មោះ ទូច បានរំលោភ​អ្នកទោសស្រ្តី ហើយក្រោយ​មក​នៅ​មន្ទីរ​ស-២១​របស់​លោក ឌុច នេះ​បាន​ប្ដូរវិន័យ​ថ្មី ដោយតម្រូវ​អោយអ្នកសួរចម្លើយ​ត្រូវ​បើកទ្វារចំហរ​នៅពេលសួរអ្នកទោស​ជាស្រ្តី។ ចំណែក​អ្នកយាមឈ្មោះ ទូច ក៏ត្រូវចាប់ខ្លួន​ពីបទ​ខុសសីលធម៌។ ចំណែក​សាក្សី ឈ្មោះ ឡាច មៀន ដែល​ជា​អតីតអ្នកយាម ជារដ្ឋបាល និង​ជាអ្នកសួរចម្លើយផង​ក៏​បាន​លើកឡើង​ពីការរំលោភផ្លូវភេទ​នៅ​ក្នុង​ពេល​នាំអ្នកទោសស្រ្តី​ទៅ​សួរចម្លើយ​ដែរ ប្រព្រឹត្ត​ដោយអ្នកសួរចម្លើយ និង​ឆ្មាំគុក។

ជាមួយគ្នានេះដែរ នៅ​ក្នុង​ឯកសារ ដែល​ចងក្រង​ដោយ​អ្នកស្រាវជ្រាវ​ឈ្មោះ ដួង សាវន ដែល​ដាក់ចំណងជើងថា អាថ៌កំបាំង​នៃ​ហិង្សាផ្លូវភេទ​ក្រោមរបបខ្មែរ​ក្រហម ដែល​បោះពុម្ភកាលពីខែ​មិថុនា​ ឆ្នាំ២០១១ បានកត់ត្រា​ពី​ការរំលោភផ្លូវភេទ​លើស្រ្តី​ជាអ្នកទោស។ លោកស្រី ណាំ ម៉ុន ជាអតីត​អ្នកទោស​នៅ​គុក​ទួលស្លែង​រៀបរាប់ថា​អ្នកស្រីធ្លាប់ជាអ្នកចែកថ្នាំ​នៅ​ទីនោះ ហើយក្រោយ​មក​ក៏ក្លាយជាអ្នកទោសនៅទីនោះ បន្ទាប់​ពីឳពុក ម្តាយ និង​បងប្រុស​ត្រូវ​ចាប់ និង​សម្លាប់​នៅ​គុកនេះ។ លោកស្រី​ថា​អ្នកស្រី​ត្រូវ​រំលោភ​ទាំង​ជើង​ទាំងគូ​ជាប់ខ្នោះក្នុង​បន្ទប់ឃុំឃាំង ប្រព្រឹត្ត​ដោយ​អ្នកធ្វើ​ការនៅ​គុកនោះ តែ​លោកស្រី មិនចាំ​ឈ្មោះ ដឹងត្រឹមថា​គឺជាមនុស្សជំនិត​នឹង ​លោក ឌុច។

បើទោះជាយ៉ាងណា​លោកឌុច​បានបដិសេធ​ការអះអាងរបស់សាក្សី​ដោយបាន​អះអាងថា​មិនមាន​អ្នកណាម្នាក់​ហ៊ាន​ប្រព្រឹត្ត​អំពើនេះ​នៅក្នុងមន្ទីរ​ស-២១នោះទេ​លោកថា​សម័យ​ខ្មែរក្រហម​មិនជាស្រួលប៉ុន្មានទេ គឺកំបុតកឥឡូវហ្នឹង។ ជាមួយគ្នានេះ​ឌុច​បាន​បដិសេធ​សក្ខីកម្ម​របស់​សាក្សី​ឈ្មោះ ប្រាក់ ខន និង​ថា​ឈ្មោះ ឡាច មៀន​ថា​ជា ឡាច មៀន សិប្បនិមិត្ត​មិន​មែន​ជា​អ្នក​ធ្លាប់​ជា​កូន​ចៅ​លោក​ទេ។

ចំណែក​អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត និង​ជាអ្នកនិពន្ធសៀវភៅ សំឡេងចេញពីស-២១ ​គឺ លោក David Chandler ទទួលស្គាល់ថា​មាន​អំពើរំលោភ​ផ្លូវភេទ​ទៅ​លើស្រ្តី​កើតឡើង​មែន​នៅ​ក្នុង​មន្ទីរស-២១ ប៉ុន្តែ​ពុំមាន​ភស្ដុតាង​ដែល​បញ្ជាក់​ថា មានការគាំទ្រអោយ​មាន​អំពើនោះ​ជាចំហរ​ឡើយ ហើយ​លោកថា ឌុច​បាន​បញ្ឈប់​មិនអោយ​មាន​ករណី​រំលោភបំពាន​លើស្រ្តី​តទៅទៀតដែរ។ តែលោក​កត់សម្គាល់ថា​អ្នកទោសស្រ្តី​ជនជាតិវៀតណាម​ជាក្រុមងាយរងគ្រោះ​បំផុត​នៅ​មន្ទីរ​ស-២១​នេះ។

ឯកសារស្ដីពី​អំពើហិង្សា​យេនឌ័រ​ក្នុង​របប​ខ្មែរក្រហម​ផ្សព្វផ្សាយ​ដោយអង្គការចិត្ត សង្គម អន្តរវប្បធម៌​កម្ពុជា ហៅកាត់ថា (PTO) អោយ​ដឹង​ថា ការរំលោភសេពសន្ថវៈ ដោយបុគ្គលតែម្នាក់ ឬ​រួមគ្នា​មុនពេល​កាប់​សម្លាប់​គឺជាអំពើហិង្សាផ្នែកយេនឌ័រ ដែល​កើត​គ្រប់ទីកន្លែង​ក្នុង​របប​ខ្មែរក្រហម បន្ថែម​ពី​នោះក៏​មាន​ការកាត់ប្រដាប់ភេទ ការធ្វើអោយ​អាម៉ាស់ផ្នែកផ្លូវភេទ និង​ការបង្ខំអោយរៀបការ ថែមទៀត។ ប្រភពដដែល​អោយ​ដឹង​ទៀត​ថា​ប្រភេទ​នៃ​អំពើហិង្សា​ទាំង​នេះ​នៅ​តែក្នុង​អាថ៌កំបាំង​មិន​ត្រូវ​បាន​យក​មក​និយាយ លើកលែង​តែ​ការរៀបការដោយបង្ខំ ដែល​ត្រូវ​គេនិយាយចេញ​ជាទូទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។