យុទ្ធនា​ការ​របស់​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​មុន​ថ្ងៃ​១៤ កុម្ភៈ

ដោយ សុ ជីវី
2015.02.13
យុទ្ធនាការ​ចែក​ស្រោម​អនាម័យ ៦២០ យុទ្ធនាការ​ចែក​ស្រោម​អនាម័យ​មុន​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់ របស់​អង្គការ​មូលនិធិ​ថែទាំ​អ្នក​ជំងឺ​អេដស៍(AHF) នៅ​ថ្ងៃ​ទី ១៣ កុម្ភៈ ២០១៥។
RFA/Rann Samnang

ថ្ងៃ​ទី​១៤ ខែ កុម្ភៈ ជា​ទិវា​នៃ​ក្ដី​ស្រឡាញ់ ដែល​សង្គម​ខ្មែរ​ធ្លាប់​ស្គាល់​ជា​ទូទៅ​ថា​ថ្ងៃ​បុណ្យ​សង្សារ។ ភាគី​ពាក់ព័ន្ធ​ចាត់​ទុក​វេលា​នេះ​ថា មាន​ហានិភ័យ​ខ្ពស់​សម្រាប់​យុវជន ជា​ពិសេស​យុវតី ប្រសិន​បើ​ពួកគេ​មិន​បាន​ពិចារណា អោយ​បាន​គ្រប់ជ្រុងជ្រោយ​ជា​មុន ឬ​មិន​បាន​យល់​អត្ថន័យ​ពិត​នៃ​ពិធី​បុណ្យ​នេះ។

ក្នុង​នាទី​ស្ត្រី ខ្មែរ​សប្ដាហ៍​នេះ​អ្នកស្រី សុ ជីវី រាយការណ៍​ពី​វិធានការ​ចំពោះ​ថ្ងៃ​១៤កុម្ភៈ​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ដូច​តទៅ៖

មន្ត្រី​នៃ​ក្រសួង​កិច្ចការ​នារី​បាន​ចាប់​ផ្ដើម​ចុះ​អប់រំ​ផ្សព្វផ្សាយ​តាម​សាលារៀន និង​មហាវិទ្យាល័យ​នានា​អោយ​យុវជន​យល់​ដឹង​ពី​អត្ថន័យ​នៃ​ទិវា​១៤​កុម្ភៈ ហើយ​សកម្មភាព​មិន​ខុស​គ្នា​ពី​ឆ្នាំ​មុនៗ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​កិច្ចការពារ អ្នកស្រី អ៊ឹង កន្ថាផាវី មាន​ប្រសាសន៍​ថា ទិវា​ក្ដី​ស្រឡាញ់​ពុំ​មែន​ជា​ពិធី​តាម​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​ឡើយ ហើយ​អត្ថន័យ​នៃ​ពិធី​នេះ​មិនមែន​សំដៅ​តែ​ទៅ​លើ​ក្ដី​ស្រឡាញ់​បែប​គូសង្សារ​ដែរ គឺ​សំដៅ​ទៅ​លើ​ក្ដី​ស្រឡាញ់​ជា​ទូទៅ៖ «យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ឪពុកម្ដាយ ចំពោះ​លោកគ្រូ អ្នកគ្រូ ដែល​ជា​អាណាព្យាបាល ដែល​អប់រំ​អោយ​ក្លាយ​ជា​ពលរដ្ឋ​ល្អ។ យើង​ក៏​អាច​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​ការ​រាប់អាន​មិត្តភ័ក្ដិ ឬ​ចំពោះ​សង្សារ​យើង»

ទាក់ទង​នឹង​ការអប់រំ​នេះ​ក្រសួង​អប់រំ​យុវជន និង​កីឡា ក៏​បាន​ផ្សព្វផ្សាយ​សេចក្ដី​ណែនាំ​មួយ ក្នុង​ន័យ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់។ ក្នុង​នោះ​បាន​លើក​ឡើង​ថា សិស្សានុសិស្ស​មួយ​ចំនួន បាន​យល់​ច្រឡំ​ថា បុណ្យ​នេះ​ជា​ថ្ងៃ​បុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់​ជួប​គ្នា​រវាង​គូរ​ស្នេហ៍។ លើស​ពី​នេះ​ថ្ងៃ​នេះ​បាន​ធ្វើ​អោយ​យុវវ័យ​មួយ​ចំនួន​ភ្លើតភ្លើន ភ្លេច​ការ​សិក្សា បាត់បង់​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ ប្រាសចាក​វប្បធម៌ និង​ប្រពៃណី​ជាតិ។ ក្នុង​លិខិត​ដែល​ចុះ​ថ្ងៃ​ទី​៩ ខែ កុម្ភៈ ក្រសួង​ណែនាំ​អោយ​បណ្ដា​គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ និង​ឯកជន​ផ្សព្វផ្សាយ​ពន្យល់​សិស្សានុសិស្ស​កុំ​អោយ​យល់​ខុស​ពី​អត្ថន័យ​នៃ​ទិវា​ក្ដី​ស្រឡាញ់ ពង្រឹង​បទបញ្ជា​ផ្ទៃក្នុង ការគ្រប់គ្រង​សីលធម៌ និង​វិន័យ តាម​ដាន​អវត្តមាន​សិស្ស ជំរុញ​សកម្មភាព មិត្ត​អប់រំ​មិត្ត ទាក់ទង​ជិត​ស្និទ្ធ​ជា​មួយ​មាតា​បិតា​អាណាព្យាបាល ផ្ដល់​ព័ត៌មាន​ពី​សកម្មភាព​មិន​ប្រក្រតី​របស់​សិស្ស ដើម្បី​សហការ​ណែនាំ​កែលំអ​អោយ​ទាន់​ពេល​វេលា។

របាយការណ៍​មួយ​ចំនួន​ទាក់ទង​នឹង​ឥរិយាបថ​យុវជន ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​បង្ហាញ​ថា យុវជន​ភាគច្រើន​មាន​ទំនោរ​រួម​ស្នេហា ឬ​ឈាន​ដល់​រួម​ភេទ ពេលខ្លះ​ទៀត​រៀបចំ​អោយ​បាន​រួមភេទ ដោយ​ចាប់​បង្ខំ​យុវតី​ជា​ដៃគូ​ក៏​មាន។ ភាគច្រើន​នៃ​យុវជន​ទាំង​នោះ​ហើយ​មិន​ចង់​ប្រើ​ស្រោម​អនាម័យ ដែល​ក្នុង​នោះ​ក្មេង​ស្រី ប្រឈម​នឹង​មាន​ផ្ទៃពោះ​ទាំង​វ័យ​ក្មេង និង​ឆ្លង​ជំងឺ​ផ្សេងៗ​ទៀត។

អ្នកស្រី​រំលឹក​ដល់​យុវតី ថា គួរ​ពិចារណា​អោយ​បាន​គ្រប់​ជ្រុងជ្រោយ ដ្បិត​យុវតី​តែង​មាន​ការ​ប្រឈម​ខ្ពស់​ក្នុង​បញ្ហា​នេះ និង​នាំ​អោយ​ស្ដាយ​ក្រោយ៖ «យើង​អាច​បង្ហាញ​ក្ដី​ស្រឡាញ់​យើង ដោយ​ស្រប​តាម​របៀប​ខ្មែរ មិនមែន​ហួស​កម្រិត ដែល​អាច​អោយ​សោកស្ដាយ​មួយ​ជីវិត​ គឺ​ត្រូវ​តែ​ខិត​ខំ​វិភាគ​​អោយ​ច្បាស់​មុន​នឹង​ធ្វើអ្វី​មួយ​ចំពោះ​ស្ត្រី​ក៏​ដូច​ជា​ចំពោះ​បុរស»

ស្របគ្នា​នេះ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក៏​បាន​ចេញ​សេចក្ដី​អំពាវ​នាវ​អោយ​មាតាបិតា អាជ្ញាធរ សមត្ថកិច្ច​គ្រប់ជាន់ថ្នាក់ ចូលរួម​ពន្យល់ និង​ទប់ស្កាត់ កូនចៅ មិត្តភ័ក្ដិ កុំ​អោយ​ប្រើប្រាស់​ទិវា​នេះ ខុស​ប្រពៃណី និង​លើកកម្ពស់​ការ​ថែរក្សា ទំនៀម​ទម្លាប់​ល្អ​របស់​ខ្មែរ។ ក្រសួង​បាន​បង្ហាញ​ថា ​ថ្ងៃ​បុណ្យ​ក្ដី​ស្រឡាញ់ ទី​១៤ ខែ​កុម្ភៈ ជា​ការ​កំណត់​របស់​មនុស្ស​មួយ​ចំនួន​ ជាពិសេស​គ្រិស្ត​សាសនិកជន។ ក្រសួង​ពន្យល់​ដែរ​ថា សេចក្ដី​ស្រឡាញ់​ពុំ​មាន​ព្រំដែន ដែល​មនុស្ស​ម្នាក់ៗ មាន​ចំពោះ​អ្នក​​នៅ​ជុំវិញ​ខ្លួន​មាន​គូសង្សារ ប្ដី​ប្រពន្ធ កូនចៅ មាតាបិតា ជីដូនជីតា និង​មិត្តភ័ក្ដិ​ជាដើម។ នៅ​កម្ពុជា​​ថ្ងៃ​បុណ្យ​គួរតែ​ជា​ការចែក​រំលែក​ក្ដី​ស្រឡាញ់ ដល់​អ្នក​នៅ​ជុំវិញ​ខ្លួន ដោយ​មិន​គួរ​គិត​គូរ​តែ​ពី​ស្នេហា​រវាង​ស្រី និង​ប្រុស​ឡើយ។

បើ​ទោះ​ជា​យ៉ាងណា​គិត​មក​ដល់​ពេល​នេះ ទស្សន​របស់​យុវជន​ចំពោះ​ថ្ងៃ ទី​១៤ ខែ កុម្ភៈ បាន​ផ្លាស់​ប្ដូរ​ច្រើន។ ប៉ុន្តែ​បញ្ហា​ប្រឈម​នៅ​តែ​មាន​បើ​ការ​អប់រំ ផ្សព្វផ្សាយ​អោយ​យល់​ដឹង​ពី​បញ្ហា​នេះ​មិន​បាន​ដិតដល់។

ការស្រាវជ្រាវ​ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ​២០១៤​ រក​ឃើញ​ថា សិស្ស​សាលា​នៅ​ទីក្រុង ដែល​មាន​អាយុ​ពី ១៣ ទៅ១៧ឆ្នាំគឺ​មាន ១១,២ ភាគរយ ធ្លាប់​រួមភេទ។

បើ​តាម​អ្នកស្រី អ៊ឹង កន្ថាផាវី ក្រសួង​កិច្ចការ​នារី បាន​សហការ​ជា​មួយ​ភាគី​ពាក់ព័ន្ធ ដាក់​បទបញ្ជា​ទៅ​តាម​សណ្ឋាគារ​ផ្ទះ​សំណាក់​ទប់ស្កាត់​យុវតី​ក្រោម​អាយុ​កំណត់៖ «ខាង​ក្រសួង​ទេសចរណ៍​ក៏​ដូច​ខាង​អាជ្ញាធរ​ដែនដី បាន​ចេញ​ជា​គោលការណ៍​ណែនាំ​ទៅ​តាម​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ថា​អ្នកណា​ដែល​មាន​វ័យ​ក្រោម​១៨​ឆ្នាំ មិន​អាច​ជួល​បន្ទាប់​ដោយ​មិន​មាន​អាណាព្យាបាល​មក​ជាមួយ​ឡើយ។ បើ​អ្នក​ដែល​គាត់​នៅ​តែ​បន្ត​ធ្វើ គឺ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។ ក្នុង​ការ​អប់រំ​សង្គម​គឺ​តម្រូវ​អោយ​ចំណាយ​ពេល​វេលា​ច្រើន មិន​អាច​ធ្វើ​ភ្លាម​បាន​ភ្លាម​ទេ»

ដោយឡែក​អង្គការ​មូលនិធិ​ថែទាំ​អ្នក​ជំងឺ​អេដស៍ ហៅ​កាត់​ថា អេអេចអេហ្វ(AHF) នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​ចែក​ស្រោម​អនាម័យ​នៅ​ថ្ងៃ ទី១៣ ខែ កុម្ភៈ ឆ្នាំ ២០១៥ មួយ​ថ្ងៃ​មុន​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​នេះ។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ AHF លោក ឈឹម សារ៉ាត់ មាន​ប្រសាសន៍​ថា កម្មវិធី​នេះ​មាន​គោល​បំណង​លើក​កម្ពស់ ការ​យល់ដឹង​ពី​ការ​បង្ការ​ការ​ចម្លង​មេរោគ​អេដស៍ ជំងឺ​អេដស៍ ក្នុង​ទិវា ស្រោម​អនាម័យ​ពិភពលោក៖ «យើង​តែង​តែ​យក​ឱកាស​នៃ​ទិវា​ផ្សេងៗ ​ដើម្បី​​ផ្សព្វផ្សាយ​ការ​យល់ដឹង​ពី​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ ក្នុង​គោល​បំណង​រីក​រាលដាល​នៃ​ជំងឺ​នេះ។ ទិវា​នេះ​យើង​មិន​មែន​ធ្វើ​តែ​នៅ​ក្នុង​ស្រុក​ខ្មែរ​ទេ គឺ​បណ្ដា​ប្រទេស​ផ្សេងទៀត​ក្នុង​ពិភពលោក»

សេចក្ដី​ប្រ​កាស​ព័ត៌មាន​របស់​អង្គារ AHF ឲ្យ​ដឹង​ថា​កម្មវិធី​ចែក​ស្រោម​អនាម័យ​នេះ​គឺ​ធ្វើ​ដូចគ្នា​ក្នុង​ប្រទេស​ចំនួន​៣១ទៀត។ នៅ​កម្ពុជា​អ្នក​ស្ម័គ្រចិត្ត​ចំនួន​១០០នាក់ នឹង​​ចូល​រួម​ក្នុង​ការ​រៀប​ចំ​ទិវា​នេះ​ ដោយ​​មាន​ការ​គំាទ្រ និង​កិច្ច​ស​ហ​ប្រតិបត្តិការ ជា​មួយ​មន្ទីរ​សុខាភិបាល និង​អង្គការ​ដៃគូ​ក្នុង​ស្រុក​ចំ​នួន​៩ ដោយ​រំពឹង​ទុក​ថា ស្រោម​អនាម័យ​ចំនួន​១០ម៉ឺន​ស្រោម​នេះ​នឹង​ផ្ដល់​ការអប់រំ​ដល់​ក្រុម​គោល​ដៅ​ចំនួន​២៥០០០​នាក់។

លោក ឈឹម សារ៉ាត់ បញ្ជាក់​ថា យុវជន​មិន​មែន​ជា​ក្រុម​ដែល​ងាយ​រងគ្រោះ នៃ​ការ​ឆ្លង​រីករាយ​ដាល​នៃ​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​ទេ ប៉ុន្តែ​ពួកគេ​គឺ​ជា​ក្រុម​ប្រឈម៖ «ហ្នឹង​ហើយ​ដែល​យើង​អប់រំ​ក្រុម​គាត់ បើ​សិន​ជា​មិន​បាន​យកចិត្តទុកដាក់​គាត់ ពួកគាត់​ពិត​ជា​ឆ្លង។ ការ​រួមភេទ​ដោយ​មិន​មាន​សុវត្ថិភាព ដោយ​ពុំ​មាន​ដៃ​គូ​ជាក់លាក់ ដោយ​ពុំ​មាន​ការ​ការពារ ឬ​មួយ​ក៏​ឆាប់​ប្រឡូក​នឹង​ការ​រួមភេទ កាត់​ពិត​ជា​ប្រឈម។ ប៉ុន្តែ​បើ​ប្រៀប​ធៀប​ពី​ក្រុម​មួយ​ទៅ​ក្រុម​មួយ​ទៀត គឺ​មាន​ក្រុម​ផ្សេង​ដែល​មាន​ការ​ប្រឈម​ជាង​ពួកគាត់»

ក្រៅ​ពី​ផ្សព្វផ្សាយ​ការពារ​ការ​ឆ្លង​រីក​រាលដាល នៃ​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​AHF ក៏​មាន​សារ​អប់រំ​យុវជន​មិន​អោយ​ប្រឡូក​ក្នុង​ស្នេហា និង​ការ​រួមភេទ​នៅ​វ័យ​សិក្សា និង​មិន​លើកទឹកចិត្ត​អោយ​យុវជន​ធ្វើ​អ្វី​ខុស​នឹង​ប្រពៃណី​ទំនៀមទម្លាប់​ឡើយ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។