ដើម​ចម​ដែល​ស្ត្រី​រងគ្រោះ​ដោយ​​អំពើ​ហិង្សា​ទទួល​បាន​យុត្តិធម៌​មិន​ស្មើ​គ្នា

ដោយ​ សុ ជីវី
2015.07.31
នុត សាខន ប៊ុត ចិន្តា កែវ នា ៦២០ (ពី​ស្ដាំ) កម្មការិនី នុត សាខន កម្មការិនី ប៊ុត ចិន្តា និង​កម្មការិនី កែវ នា មក​ចូលរួម​សវនាការ​លើ​សំណុំ​រឿង​អតីត​អភិបាល​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឈូក បណ្ឌិត បាញ់​កម្មករ នា​តុលាការ​កំពូល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Ouk Savborey

អំពើ​ហិង្សា​លើ​ស្ត្រី​ជា​ប្រធានបទ​នៃ​ការ​ផ្សព្វផ្សាយ និង​ពិភាក្សា​ជាប់​មិន​ដាច់​នៅ​ឡើយ ទាំង​នៅ​លើ​ទំព័រ​សារព័ត៌មាន ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្ដាញ​សង្គម តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ផង។ បញ្ហា​នេះ​មាន​ទាំង​អ្នក​លើក​សរសើរ​ចំណាត់​ការ​របស់​អាជ្ញាធរ មាន​ទាំង​អ្នក​រិះគន់​ថា មិន​បាន​ចាត់​វិធានការ​អោយ​បាន​ស្មើ​ភាព​គ្នា​នៅ​ឡើយ។

ចំពោះ​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការងារ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​បាន​មើល​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​មិន​បាន​ស្មើ​ភាព​គ្នា​នេះ​ហើយ ដែល​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ជា​ច្រើន​ទៀត ដែល​ធ្វើ​អោយ​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​តែ​បន្ត​កើត​មាន មិន​ថា ក្នុង​សង្គម​គ្រួសារ និង​សង្គម​ជាតិ​ទាំង​មូល។

ក្នុង​រយៈពេល​ជិត​មួយ​ខែ​មក​នេះ នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ជាពិសេស​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) មាន​ការ​ប្រៀបធៀប​ករណី​អំពើ​ហិង្សា​ធំៗ លើ​ស្ត្រី​មួយ​ចំនួន ដែល​រួម​មាន​ការ​បាញ់​ប្រហារ ការ​ជះ​ទឹក​អាស៊ីដ និង​ការ​វាយ​តប់​លើ​ស្ត្រី​ជា​តារា​ភាពយន្ត អ្នក​សម្ដែង​ចម្រៀង​ខារ៉ាអូខេ (Karaoke) និង​អំពើ​ហិង្សា​លើ​កម្មករ ៣​នាក់​នៅ​ក្រុង​បាវិត។

គេ​បាន​ករណី​ទាំង​នោះ​ចំៗ រួម​មាន ការ​បាញ់​សម្លាប់ អ្នកស្រី ពិសិដ្ឋ ពិលីកា កាល​ពី​ឆ្នាំ​១៩៩៩។ ការ​បាញ់​អ្នក​ចម្រៀង កញ្ញា ទូច ស៊ុននិច កាល​ពី​ឆ្នាំ​២០០៣ និង​កញ្ញា ពៅ បញ្ញាពេជ្រ កាល​ពី​ឆ្នាំ​២០០៧។ ករណី​ជះ​ទឹកអាស៊ីត​លើ​កញ្ញា តាត ម៉ារីណា កាល​ពី​ឆ្នាំ​២០០៩ និង​សំណុំ​រឿង​ស្ត្រី​ស្រឡាញ់​ភេទ​ដូចគ្នា​ប្រព្រឹត្ត​លើ​កញ្ញា អ៊ិន សូលីដា។ ករណី​ទាំង​នេះ​ជនរងគ្រោះ​ជា​ស្ត្រី​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។ ស្រប​គ្នា​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ក៏​លើក​បញ្ហា​កម្មការិនី​ជា​ស្ត្រី ៣​នាក់ ដែល​រងគ្រោះ​ដោយ​គ្រាប់​កាំភ្លើង​របស់​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត កាល​ពី​ដើម​ឆ្នាំ​២០១២។

ករណី​ទាំង​នោះ​ត្រូវ​គេ​សើរើ​មក​វិញ ដោយ​ប្រៀបធៀប​នឹង​ករណី​អំពើ​ហិង្សា​ដែល​ទើប​កើត​ឡើង​ថ្មីៗ​នេះ លើ​អតីត​ពិធី​ការិនី​ទូរទស្សន៍​ស៊ី.ធី.អិន (CTN) កញ្ញា ឯក សុជាតា ហៅ​សាសា ដែល​បាន​ការ​ជ្រោមជ្រែង​ពី​ប្រមុខ​រដ្ឋាភិបាល​ក្នុង​ការ​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​គឺ​លោក សុខ ប៊ុន មក​ផ្ដន្ទាទោស។

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី​លើក​ឡើង​ថា ករណី​ទាំង​នេះ​ជា​ឧទាហរណ៍​ឆ្លុះ​បញ្ចាំង​ពី​ករណី​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​ផ្សេង​ទៀត ទាំង​ក្នុង​គ្រួសារ និង​ក្នុង​សង្គម​ជាតិ ដែល​មិន​ទាន់​បាន​ទទួល​យុត្តិធម៌​ដោយសារ​តែ​ការ​ចាត់​វិធានការ​មិន​ដូច​គ្នា​របស់​អាជ្ញាធរ​នេះ​ឯង។

នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលកា និង​ជា​ប្រធាន​ដឹកនាំ​នៃ​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី ក្នុង​វិស័យ​នយោបាយ អ្នកស្រី ធីតា ឃិះ មាន​ប្រសាសន៍​ថា មូលហេតុ​ចម្បង​មួយ​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី គឺ​ការ​រើសអើង​ពី​សង្គម ដែល​ចាត់​ទុក​ស្ត្រី​ថា ជា​ភេទ​ដែល​ត្រូវ​ចេះ​អត់ធ្មត់​អត់ទ្រាំ​នឹង​ការ​ប្រមាថ ការ​បំពារបំពាន​សិទ្ធិ​ពី​ដៃគូ​ជា​បុរស។ នៅ​ពេល​កើត​មាន​អំពើ​ហិង្សា​លើ​ខ្លួន​ស្ត្រី​ត្រូវ​អត់ទ្រាំ លាក់មុខ មិន​តតាំង ដើម្បី​ស្វែង​រក​យុត្តិធម៌​ឡើយ ឬ​ពុំ​មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ជួយ​អោយ​ស្ត្រី អាច​ក្រោកឈរ​តវ៉ា​រក​យុត្តិធម៌​សម្រាប់​ខ្លួន ឬ​សម្រាប់​ស្ត្រី ដូច​គ្នា​ឡើយ។ ហេតុ​នេះ​យុត្តិធម៌​ក៏​មិន​ត្រូវ​គេ​ផ្ដល់​អោយ​ទៅ​តាម​នោះ​ដែរ។

អ្នកស្រី ធីតា ឃិះ៖ «បច្ចុប្បន្ន​ដែល​ស្រ្តី ៨០ ទៅ ៩០​ភាគរយ ជា​អ្នក​ចិញ្ចឹម​គ្រួសារ ប៉ុន្តែ​បុរស​នៅ​តែ​ទាមទារ​អោយ​ស្ត្រី​ធ្វើ​អាកប្បកិរិយា​ដូច​ក្នុង​ឆ្នាំ​១៦០០ គឺ​វា​អត់​ស៊ី​គ្នា​ទេ»

ទោះ​ជា​យ៉ាង​ណា ជា​ច្រើន​ឆ្នាំ​មក​នេះ កម្ពុជា​បាន​បង្កើត​អោយ​មាន​បទដ្ឋាន​ច្បាប់​មួយ​ចំនួន​ដែល​ធានា​ការពារ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារី ដើម្បី​អោយ​ស្រប​តាម​បទដ្ឋាន​ច្បាប់​អន្តរជាតិ ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​សច្ចាប័ន។ ក្នុង​នោះ​រួម​មាន​ច្បាប់​ប្រឆាំង ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជនរងគ្រោះ ច្បាប់​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវ​ភេទ ច្បាប់​គ្រប់គ្រង​ទឹក​អាស៊ីដ ផែនការ​ជាតិ​លើក​ទី​២​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី រួម​នឹង​បទដ្ឋាន​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត។

យ៉ាង​នេះ​ក្ដី​ក៏​មាន​ការរិះគន់​ថា បទដ្ឋាន​ច្បាប់​ទាំង​នោះ​ក៏​មិន​ត្រូវ​គេ​អនុវត្ត​អោយ​ស្មើៗ​ភាព​គ្នា​នៅ​ឡើយ។ ពោល​គឺ​ការ​អនុវត្ត​បទដ្ឋាន​ច្បាប់​ទាំង​នោះ​នៅ​ខ្វះខាត ឬ​ធូរ​រលុង​នៅ​ឡើយ។ ផល​ប៉ះពាល់​ពី​យុត្តិធម៌​មិន​ស្មើ​ភាព​គ្នា​នេះ​ហើយ​ដែល​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ស្ត្រី ​ភាគច្រើន​ជា​បុរស​មិន​ខ្លាច​រអា​នឹង​ប្រព្រឹត្ត​ហិង្សា​ឡើយ។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​មិន​អនុវត្ត​អភិបាលកិច្ច​ល្អ បក្សពួក​និយម និង​ការ​ប្រើ​ប្រព័ន្ធ​យុត្តិធម៌​ធ្វើ​ជា​ឈ្នាន់​របស់​អ្នក​មាន​អំណាច​ជា​បញ្ហា​ត្រូវ​ដោះស្រាយ ប្រសិន​បើ​រដ្ឋាភិបាល​ប្រាថ្នា​អោយ​ស្ត្រី​ទទួល​បាន​យុត្តិធម៌​ស្មើ​គ្នា៖ «ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​ផ្អៀង​ក្នុង​ការ​ចាត់​វិធានការ​ចំពោះ​អ្នក​ដែល​ខិលខូច​ ដែល​ជា​អ្នក​មាន​ឋានៈ​ខ្ពស់ ខ្ញុំ​គិត​ថា ស្រ្តី​នៅ​តែ​រង​គ្រោះ​អ៊ីចឹង​ទៀត»

ក្នុង​របាយការណ៍​ប៉ាន់​ប្រមាណ​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែល​ចងក្រង​ដោយ​ក្រសួង​កិច្ចការ​នារី​បង្ហាញ​ថា អំពើ​ហិង្សា​គ្រប់​រូបភាព​លើ​ស្ត្រី នៅ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ ក្នុង​នោះ​រួម​ទាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​រំលោភ​សេពសន្ថវៈ អំពើ​ហិង្សា​ផ្លូវ​ភេទ ការ​កេងប្រវ័ញ្ច។ ចំណែក​ការ​ប្រឈម​នឹង​អំពើ​ហិង្សា និង​អំពើ​រំលោភ​ផ្លូវ​ភេទ​របស់​ស្ត្រី និង​កុមារី​ក៏​កើន​ឡើង​ដែរ។

ក្នុង​របាយការណ៍​ដដែល​ក៏​បាន​លើក​ឡើង​ពី​ការ​លំបាក​ក្នុង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​នេះ​ដែរ មាន​ជា​អាទិ៍ ការ​អនុវត្ត​គោលនយោបាយ​នៅ​ខ្វះ​ចន្លោះ ទំនៀមទម្លាប់ ខ្វះ​ការ​គាំទ្រ​អោយ​ស្ត្រី​ចេញ​មុខ​ទាមទារ​យុត្តិធម៌ វប្បធម៌​និទ្ទណ្ឌភាព ការ​សម្រុះសម្រួល និង​ផ្ដល់​សំណង​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ចំណេះ​ដឹង​ផ្នែក​យេនឌ័រ​ក្នុង​ចំណោម​មន្ត្រី​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន​ជាដើម។ ប៉ុន្តែ​មិន​បាន​និយាយ​ចំៗ​ដល់​ការ​អនុវត្ត​មិន​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់​រវាង​ពលរដ្ឋ​សមញ្ញា និង​អ្នក​មាន​អំណាច ឬ​អ្នកមាន​ទ្រព្យធន​ឡើយ។

ទាក់ទង​ដល់​ករណី​នេះ​រដ្ឋមន្ត្រី ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី ធ្លាប់​មាន​ប្រសាសន៍​ថា អំពើ​ហិង្សា​ជា​អាទិភាព​មួយ​ដែល​រដ្ឋាភិបាល​តែង​យកចិត្តទុកដាក់៖ «អំពើ​ហិង្សា​យើង​ដឹង​ហើយ​ជា​បញ្ហា​ចម្បង​នៅ​ក្នុង​សង្គម​ខ្មែរ​​ ហើយ​រាជរដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​សង្គម។ យើង​ឃើញ​ហើយ​កន្លង​មក​ក្រសួង​កិច្ចការ​នារី ក្រសួង​ពាក់ព័ន្ធ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​បង្កើត​គោលនយោបាយ​ជាតិ​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្រ្តី​ និង​កុមារ យើង​អនុវត្ត​ជាមួយ​ក្រសួង​ជំនាញ ដើម្បី​ទប់ស្កាត់​អំពើ​ហិង្សា ហើយ​បង្ក​វប្បធម៌​អហិង្សា​ក្នុង​សង្គម​ខ្មែរ»

អង្គការ​សង្គម​ស៊ីវិល​ជាង​ ៥០ នាំ​គ្នា​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​លើក​កម្ពស់​ស្ថានភាព​ស្ត្រី​ក្នុង​សង្គម​ ឬ​ផែនការ​សកម្មភាព​ ប៉េកាំង+២០ និង​របៀប​វារៈ​អភិវឌ្ឍន៍​ក្រោយ​ឆ្នាំ ២០១៥។ ក្នុង​នោះ​ក៏​បាន​លើក​យក​បញ្ហា​ប្រឈម​របស់​ស្ត្រី ១៦​ចំណុច​ផ្សេង​ទៀត រួម​មាន​ភាព​ក្រីក្រ​គ្រប់​ទម្រង់ កំណើន​សេដ្ឋកិច្ច​សុខភាព។ ផែនការ​នេះ​នឹង​ត្រូវ​ដាក់​ជូន​រដ្ឋាភិបាល​ ក្នុង​នោះ​មាន​ក្រសួង​កិច្ចការ​នារី​ជា​ដើម​ ដើម្បី​សិក្សា និង​បន្ត​លើក​កម្ពស់​ស្ថាន​ស្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។