គម្រោង​សុំ​ព្រះរាជទាន​លើក​លែង​ទោស​ស្ត្រី​ជាប់​ពន្ធនាគារ​ដែល​មាន​កូន​តូច​រស់នៅ​ជាមួយ

ដោយ សុ ជីវី
2015.02.20
អ្នក​ទោស​ស្ត្រី ៦២០ ៨-មីនា-២០១០: ស្រ្ដី​អ្នក​ទោស​ចូល​រួម​អបអរ​សាទរ​ទិវា​នារី​អន្តរជាតិ​លើក​ទី​៩៩ ដែល​រៀបចំ​ដោយ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ សហការ​ជាមួយ​អាជ្ញាធរ​គ្រប់គ្រង​ពន្ធនាគារ​ព្រៃស ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ​ព្រៃស ក្នុង​រាជធានី​ភ្នំពេញ។
Photo: RFA

រដ្ឋាភិបាល​កម្ពុជា កំពុង​រៀបចំ​បង្កើត​គណៈកម្មការ​មួយ ដើម្បី​វាយ​តម្លៃ​លើ​ស្ថានភាព​របស់​ស្ត្រី​ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយ​មាន​កូន​តូចៗ​នៅ​ជាមួយ ក្នុង​គោល​បំណង​ដាក់​សំណើ​សុំ​ព្រះរាជទាន​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ នៅ​ពេល​ចូល​ឆ្នាំ​ខាង​មុខ។ គណៈកម្មការ​ថ្មី​នេះ ត្រូវ​ផ្ដួចផ្ដើម​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ។

ក្នុង​នាទី​ស្ត្រី​ខ្មែរ​សប្ដាហ៍​នេះ អ្នកស្រី សុ ជីវី រាយការណ៍​ពី​គម្រោង​សុំ​ព្រះរាជទាន​លើក​លែង​ទោស​ស្ត្រី​ជាប់​ពន្ធនាគារ​ដែល​មាន​កូន​តូច​រស់​នៅ​ជាមួយ​ដូច​ត​ទៅ៖

គណៈកម្មការ​ថ្មី នឹង​ត្រូវ​បង្កើត​នៅ​ក្រោម​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​មន្ត្រី​ជំនាញ​មក​ពី​ក្រសួង​ពាក់ព័ន្ធ​ជាច្រើន ដឹក​នាំ​ដោយ​ក្រសួង​យុត្តិធម៌។

អគ្គនាយក​រង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក លីវ ម៉ូវ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ស្ថាប័ន​របស់​លោក​កំពុង​រង់ចាំ​ដំណើរ​ការ​បង្កើត​គណៈកម្មការ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ លោក លីវ ម៉ូវ បញ្ជាក់​ថា ព័ត៌មាន​ផ្សេងៗ​ពី​ការ​វាយ​តម្លៃ​ស្ថានភាព​របស់​ក្រុម​ស្ត្រី​ជាប់​ពន្ធនាគារ ហើយ​មាន​កូន​តូច​នៅ​ជាមួយ​នោះ គឺ​ជា​សមត្ថកិច្ច​របស់​គណៈកម្មការ​ថ្មី៖ «អត់​ទាន់​ដឹង​គោលការណ៍​ច្បាស់​ផង ប៉ុន្តែ​ត្រង់​ថា ចំនួន​ក្មេង​នៅ​តាម​ម្ដាយ ទារក​អី​ហ្នឹង យើង​មាន​តួលេខ​ច្បាស់​អស់​ហើយ គ្រាន់​តែ​ថា គោលការណ៍​រដ្ឋាភិបាល​មិន​ទាន់​សម្រេច ដោយសារ​តែ​ត្រូវ​រង់ចាំ​គណៈកម្មការ​បង្កើត​ឡើង។ គណៈកម្មការ​គេ​ធ្វើ​ការ​រាយការណ៍​ទៅ​សុំ​គោលការណ៍​ពី​រដ្ឋាភិបាល»

ការ​បង្កើត​គណៈកម្មការ​ថ្មី​នេះ គឺ​ជា​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ដែល​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ។

ប្រធាន​នាយកដ្ឋាន​ការពារ​ផ្លូវ​ច្បាប់​នៃ​ក្រសួង​កិច្ចការ​នារី អ្នកស្រី កេត ម៉ារឌី មាន​ប្រសាសន៍​ថា ក្នុង​កិច្ច​ប្រជុំ​នោះ លោក​នាយក​រដ្ឋមន្ត្រី​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​ពិនិត្យ​មើល​ស្ថានភាព​ទោស​របស់​អ្នក​ទោស​ជា​ស្ត្រី ដែល​មាន​កូន​តូច​រស់នៅ​ជាមួយ​ក្នុង​ពន្ធនាគារ៖ «រឿង​ចំនួន​ហ្នឹង​អត់​ទាន់​ដឹង​នៅ​ឡើយ ប៉ុន្តែ​សម្ដេច​លោក​បាន​ដាក់​ជា​គោលការណ៍ ដើម្បី​ឲ្យ​ពន្ធនាគារ​តាម​ខេត្ត​ក្រុង ក៏ដូចជា​នៅ​ភ្នំពេញ ឲ្យ​ធ្វើ​ការ​ទាក់ទង​រឿង​ស្ត្រី​ដែល​ជាប់​ពន្ធនាគារ​ដែល​មាន​កូន​ហ្នឹង គឺ​សូម​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​ទោស។ បើ​មិន​ទាន់​នីតិវិធី​ជំនុំ​ជម្រះ​ទេ សូម​ធ្វើ​ឲ្យ​បាន​ឆាប់ តែ​បើ​សិន​នៅ​មាន​កម្រិត​ជាប់​ឃុំ​នៅ​មាន​តិចតួច​អី សុំ​ឲ្យ​លើក​លែង​តែ​ម្ដង។ លោក (នាយក​រដ្ឋមន្ត្រី) មាន​គំនិត​គ្រោង​ថា នឹង​ឲ្យ​មាន​ការ​លើក​លែង​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ»

អ្នកស្រី​លើក​ឡើង​ដែរ​ថា អនុសាសន៍​នោះ​ពុំ​បាន​បញ្ជាក់​ថា គោលការណ៍​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ជា​ទូទៅ ឬ​សម្រាប់​តែ​ក្នុង​ឆ្នាំ​នេះ​ឡើយ។

យ៉ាង​នេះ​ក្ដី អ្នកស្រី​ក៏​បញ្ជាក់​ដែរ​ថា ក្រុម​ការងារ​ដែល​ដឹក​នាំ​ដោយ​ក្រសួង​យុត្តិធម៌ នឹង​ពិចារណា​ពី​លទ្ធភាព​នៃ​ការ​បន្ធូរបន្ថយ​ទោស ឬ​លើក​លែង​ទោស៖ «បើ​មាន​គោលការណ៍​ហើយ យើង​សង្ឃឹម​ថា យើង​អាច​សហការ​ជាមួយ​អនុរក្ស​ពន្ធនាគារ ឬ​ខាង​តុលាការ យ៉ាង​ណា​នោះ ដើម្បី​យើង​ពិនិត្យ​មើល​ថា តើ​មាន​លទ្ធភាព​ស្ត្រី​ដែល​ជាប់​ទោស​ដែល​មាន​កូន​នៅ​ជាមួយ​ហ្នឹង។ យើង​គិត​ថា វា​អាច​បន្ធូរបន្ថយ​ល្គឹក​ណា​ដែល​ស្ត្រី​រូប​នោះ​ទ័ល​ដៃ​ទ័ល​ជើង​ខ្លាំង ដែល​មិន​អាច​មាន​អ្នក​ណា​គ្រប់គ្រង​កូន​បាន។ លោក (នាយក​រដ្ឋមន្ត្រី) ក៏​មាន​ប្រសាសន៍​ដែរ​ថា បើ​សិន​ជា​បទល្មើស​នោះ​ធ្ងន់ធ្ងរ ឬ​យ៉ាង​ណា​ក៏​យើង​មិន​អាច​បន្ធូរបន្ថយ​ឲ្យ​វា​លើ​ហ្នឹង​ទេ។ គ្រាន់​តែ​ថា​អ្នក​ណា​មាន​កម្រិត​ស្រាល​ទេ ឲ្យ​លើក​លែង​តែ​ម្ដង»

អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី បន្ទាប់​ពី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ដែល​បាន​ឃ្លាំ​មើល​ពន្ធនាគារ បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​សម្រាប់​ខែ​កុម្ភៈ ឆ្នាំ​២០១៥ ស្ដីពី​កុមារ​ភាព​នៅ​ក្នុង​ពន្ធនាគារ។

របាយការណ៍​កម្រាស់ ១៧​ទំព័រ​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ គឺ​ជា​លទ្ធផល​នៃ​ការ​តាម​ដាន​អង្កេត​នៅ​ពន្ធនាគារ​ចំនួន ១៨​កន្លែង​ទូទាំង​ប្រទេស​កម្ពុជា។ នេះ​ជា​របាយការណ៍​លើក​ទី​២ ចុង​ក្រោយ ដែល​វាយ​តម្លៃ​ស្ថានភាព​កុមារ​រស់នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ។ ផ្ទុយ​ពី​កុមារ​ទូទៅ កុមារ​ដែល​រស់នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ ត្រូវ​បាន​អង្គការ​សិទ្ធិ​ មនុស្ស​លីកាដូ រក​ឃើញ​ថា កំពុង​ប្រឈម​បញ្ហា​សុខភាព និង​ការ​លូតលាស់​ផ្នែក​បញ្ញា​ស្មារតី។ កុមារ​អាយុ​ចន្លោះ​ពី​មួយ​ខែ ដល់ ៤​ឆ្នាំ ដែល​កំពុង​តាម​ម្ដាយ​ក្នុង​ពន្ធនាគារ​ខ្វះ​ការ​ថែទាំ ខ្វះ​ការ​អប់រំ មាន​ការ​លូតលាស់​ផ្នែក​រាងកាយ​យឺតយ៉ាវ និង​ប្រឈម​ខ្លាំង​បញ្ហា​ប្រាជ្ញា​ស្មារតី។ ក្នុង​ចំណោម​កុមារ ៣៩​នាក់ ដែល​កំពុង​រស់នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ ដែល​អង្គការ​លីកាដូ បាន​រក​ឃើញ មាន​កុមារ​ពាក់​កណ្ដាល​ប្រសូត​នៅ​ក្នុង​ពន្ធនាគារ។ លើស​ពី​នេះ របាយការណ៍​បាន​លើក​យក​ពី​ជីវិត​ពិត​របស់​កុមារ​ម្នាក់ ដែល​អង្គការ​លីកាដូ ផ្ដល់​ឈ្មោះ​ថា ដារ៉ា។ ដារ៉ា រស់នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ​តាខ្មៅ ចាប់​តាំង​ពី​ប្រសូត​ដល់​អាយុ ៣​ឆ្នាំ​កន្លះ។ រហូត​មក​ដល់​ពេល​នេះ​គេ​មាន​អាយុ​ជាង ៥​ឆ្នាំ ប៉ុន្តែ​គេ​ទើប​ចេះ​និយាយ​ពីរ​បី​ម៉ាត់​ប៉ុណ្ណោះ។ របាយការណ៍​ដដែល​សរសេរ​ថា ដារ៉ា រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​កង្វះ​អាហារូបត្ថម្ភ ការ​ថែ​ទាំង​សុខភាព​មិន​បាន​ត្រឹមត្រូវ អំពើ​ហិង្សា និង​មិន​មាន​ការ​ជំរុញ​ពី​ម្ដាយ​ឲ្យ​ទំនាក់ទំនង​ជាមួយ​កុមារ​ផ្សេង​ទៀត ជាដើម។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ក្នុង​របាយការណ៍​ថ្មី​នេះ​បាន​លើក​ឡើង​នូវ​អនុសាសន៍​មួយ​ចំនួន ដែល​និយាយ​ដល់​ការ​គិតគូរ​ពី​ផល​ប្រយោជន៍​របស់​កុមារ​នៅ​គ្រប់​ករណី​ទាំងអស់ ចាប់​តាំង​ពី​កុមារ​នៅ​ជា​ទារក​ក្នុង​ផ្ទៃ​ម្ដាយ​ដែល​កំពុង​ជាប់​ឃុំ៖ «អនុសាសន៍​ហ្នឹង គឺ​ចង់​ឲ្យ​មាន​មណ្ឌល​កុមារ​មួយ ដែល​ដាច់​ដោយ​ឡែក សម្រាប់​ឲ្យ​កុមារ​ទទួល​បរិយាកាស​ល្អ ផ្ដល់​លទ្ធភាព​ឲ្យ​ម្ដាយ​ទទួល​បាន​ការ​ចេញ​ក្រៅ អាច​ថែ​ទាំ​កុមារ​នៅ​ក្រៅ​បន្ទប់​ឃុំ​ឲ្យ​បាន​ច្រើន។ មួយ​ទៀត ត្រូវ​បន្ថែម​អាហារូបត្ថម្ភ មាន​ការ​ចាក់​វ៉ាក់សាំង​ដូច​កុមារ​ដែល​នៅ​ខាង​ក្រៅ»

នៅ​ទំព័រ​ចុង​ក្រោយ​នៃ​របាយការណ៍ បាន​បង្ហាញ​អនុសាសន៍​របស់​អង្គការ​លីកាដូ ចំនួន ៩​ចំណុច​ធំៗ​ទៅ​ដល់​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​ក្រសួង​សង្គមកិច្ច ដែល​រួម​មាន ស្នើ​ឲ្យ​ពិនិត្យ​វាយ​តម្លៃ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​លើ​ស្ថានភាព​របស់​កុមារ មុន​នឹង​សម្រេច​ថា​ឲ្យ​គេ​នៅ​ខាង​ក្រៅ ឬ​រស់នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ តាម​ដាន​ស្ថានភាព​របស់​កុមារ និង​ទំនាក់ទំនង​របស់​គេ​ជាមួយ​ម្ដាយ និង​ផ្ដល់​កិច្ច​ការពារ​នៅ​ពេល​កុមារ​រង​ការ​រំលោភ​បំពាន ឬ​បញ្ហា​សុខភាព ពិចារណា​ពី​ការ​ដោះ​លែង​នៅ​ក្រៅ​ឃុំ ឬ​ទោស​មិន​ឃុំ​ខ្លួន ដែល​អាច​កាត់​បន្ថយ​ចំនួន​កុមារ​រស់នៅ​តាម​ម្ដាយ​ក្នុង​ពន្ធនាគារ បង្កើន​ធនធាន និង​ថវិកា​សម្រាប់​ការ​ថែទាំ និង​អាហារ​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ដែល​ត្រូវ​បំបៅ​កូន​ដោយ​ទឹក​ដោះ។

លោក អំ សំអាត បញ្ជាក់​ថា អនុសាសន៍​ទាំង​នេះ គឺ​អនុវត្ត​ដូច​ដែល​មាន​ធានា​ក្នុង​ច្បាប់៖ «មួយ គឺ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន គឺ​មិន​ឃុំ​តែ​ម្ដង ព្រោះ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​គេ​ឲ្យ​មាន​ជម្រើស​សេរីភាព គឺ​នៅ​ក្រៅ​ឃុំ។ បើ​បទល្មើស​មជ្ឈិម គួរ​តែ​កុំ​មាន​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ហើយ​បើ​បទល្មើស​ដែល​ទាប​ទៀត គួរ​តែ​កុំ​ដាក់​ពន្ធនាគារ គឺ​សុំ​ឲ្យ​ព្យួរ។ បើ​សិន​ជា​អ្នក​ដែល​មាន​បទ​មជ្ឈិម គាត់​មាន​ផ្ទៃ​ពោះ ឬ​មាន​កុមារ​ទៅ​តាម គួរ​តែ​អាច​ឲ្យ​គាត់​ធ្វើ​ការ​សហគមន៍ ដែល​ក្នុង​ច្បាប់​មាន​ចែង។ នេះ​ជា​អនុសាសន៍​យូរ​អង្វែង។ យើង​អត់​ចង់​ឃើញ​ថា ឆ្នាំ​នេះ​មាន​សម្ដេច​នាយក​មាន​អនុសាសន៍ យើង​ធ្វើ​តែ​មួយ​ពេល​ចុះ​ពេល​ក្រោយ ឆ្នាំ​ក្រោយ?»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​នាយកដ្ឋាន​ការពារ​ផ្លូវ​ច្បាប់​នៃ​ក្រសួង​កិច្ចការ​នារី អ្នកស្រី កេត ម៉ារឌី មាន​ប្រសាសន៍​ថា ក្រសួង​តែង​តាម​ដាន​បញ្ហា​ទាំង​នេះ ប៉ុន្តែ​ការ​សម្រេច​ឲ្យ​កុមារ​ទៅ​តាម​ម្ដាយ​ក្នុង​ពន្ធនាគារ ដោយសារ​តែ​ពុំ​មាន​ជម្រើស៖ «មែន​ទែន​ទៅ ពន្ធនាគារ​គេ​ក៏​មិន​ចង់​ឲ្យ​មាន​កូន​ទៅ​ជាប់​ជាមួយ​ម្ដាយ​ដែរ ប៉ុន្តែ​ពិរុទ្ធជន​ខ្លះ​គាត់​មិន​អាច​មាន​អ្នក​ណា​អាច​ជួយ​មើល​បាន។ តាម​ពិត​ទៅ គេ​មិន​ចង់​ឃើញ​មាន​កូន​តូច​អី​ទៅ​នៅ​ក្នុង​ហ្នឹង​ទេ វា​លំបាក​ដែរ»

ចំណែក​អគ្គនាយករង​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក​ទទួល​ស្គាល់​ថា កុមារ​រស់​នៅ​ក្នុង​ពន្ធនាគារ​មិន​អាច​ដូច​កុមារ​ទូទៅ​បាន​ទេ។ លោក​ថា មាន​អង្គការ​តិចតួច​ណាស់​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ឲ្យ​កុមារ។ ទោះ​យ៉ាង​ណា​ក្ដី មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា ការ​កែ​ទម្រង់​នៅ​តាម​ពន្ធនាគារ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ពី​មួយ​ខែ ទៅ​មួយ​ឆ្នាំ ហើយ​កុមារ​ក្នុង​ពន្ធនាគារ​ក៏​ថយ​ចុះ​ជា​លំដាប់​ដែរ។

របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បង្ហាញ​ថា នៅ​ទូទាំង​ប្រទេស​មាន​ពន្ធនាគារ​ចំនួន​២៦ ក្នុង​នោះ​ថ្នាក់​ជាតិ​ចំនួន​៤ និង​ថ្នាក់​មូលដ្ឋាន​ចំនួន​២២។ គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៥ ជន​ជាប់​ឃុំ​សរុប​មាន​ចំនួន​ជាង ១​ម៉ឺន ៥​ពាន់​នាក់ (១៥.២៩៦​នាក់) ក្នុង​នោះ​មាន​អ្នក​ជាប់​ឃុំ​ជា​ស្ត្រី​ចំនួន​ជាង ១.២០០​នាក់ (១.២៤៣​នាក់) ប៉ុន្តែ​ពុំ​មាន​តួលេខ​នៃ​ចំនួន​ស្ត្រី​ជាប់​ឃុំ ដែល​មាន​កូន​តូច​រស់​នៅ​ជាមួយ​ក្នុង​ពន្ធនាគារ ត្រូវ​បាន​គេ​ដាក់​បង្ហាញ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។