​ការ​លំបាក​របស់​ស្រ្តី​មាន​ផ្ទៃពោះ និង​មាន​កូន​តូច​ក្នុង​ពន្ធនាគារ

ដោយ សុ ជីវី
2019-02-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ទោស​នៅ​ពន្ធនាគារ​ព្រៃស ជាយ​រាជធានី​ភ្នំពេញ។
អ្នក​ទោស​នៅ​ពន្ធនាគារ​ព្រៃស ជាយ​រាជធានី​ភ្នំពេញ។
RFA

សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ពន្លឿន​ដោះ​ស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ខណៈ​ស្ត្រី​ជាប់​ឃុំ ជា​ពិសេស​អ្នក​មាន​ផ្ទៃពោះ និង​កូន​តូច​នៅ​តែ​ជួប​ការ​លំបាក​ខ្លាំង។

មន្រ្តី​ក្រសួង​យុត្តិធម៌​បញ្ជាក់​ថា ​ក្រុមការងារ​ដោះ​ស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​​កំពុង​ស្រង់​ចំនួន​ស្រ្តី​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​ ដើម្បី​សម្រួល​​ពន្លឿន​សំណុំ​រឿង និង​លើកលែង​បន្ធូរ​បន្ថយ​ទោស។

អ្នក​សិទ្ធិ​មនុស្ស​ថា​អាជ្ញាធរ​គួរ​បង្កើន​ល្បឿន​ដោះស្រាយ​បញ្ហា​នេះ​ដ្បិត​ស្រ្តី និង​កុមារ​តូចៗ កំពុង​ជួប​ការ​លំបាក​ខ្លាំង​ដោយសារ​តែ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ លើស​ពី​នេះ​វា​ប៉ះពាល់​​ដល់​​ការ​លូត​លាស់​រាងកាយ និង​បញ្ញា​​ស្មារតី​​របស់​​កុមារ។

ក្នុង​វ័យ ​២៩​ឆ្នាំ នារី(ឈ្មោះ​ដែល​អ្នករាយការណ៍​ព័ត៌មាន​ដាក់​ឲ្យ) កំពុង​រស់​នៅ​ជាមួយ​កូនស្រី ដែល​មាន​អាយុ​ជាង​មួយ​ខួប ជាមួយ​ម្ដាយ​ក្មេក​វ័យ​ចាស់ និង​ក្រីក្រ​ ក្រោយ​ពេល​នាង​​បាន​ចេញ​ពី​ពន្ធនាគារ​បាន​២​ខែ។ នាង​បាន​ទទួល​ទោស​គ្រប់​ចំនួន ដោយ​ពុំ​បាន​ការ​សម្រាល ឬ​បន្ធូរ​បន្ថយ​ទោស​ទាល់​តែ​សោះ ទោះបីជា​នាង​មាន​កូន​តូច​ដែល​កើត​ក្នុង​ពេល​នាង​កំពុង​ជាប់ឃុំ​នោះ​ក៏​ដោយ។

នារី​និយាយ​ថា ពន្ធនាគារ​ ដ៏​ចង្អៀត​ណែន​នោះ ជា​ទី​កន្លែង​ដ៏​ពិបាក​បំផុត ដែល​​នាង​មិន​ចង់​សូម្បី​​តែ​រំលឹក និង​មិន​ចង់​ជួប​ជា​ថ្មី​ទោះបី​ក្នុង​យល់​សប្ដិ​ក្ដី៖ «ព្រោះ​ខ្ញុំ​ស្អប់​កន្លែង​ហ្នឹង ព្រោះ​ខ្ញុំ​ធ្លាប់​នៅ​កន្លែង​ហ្នឹង​ពិបាក។ ខ្ញុំ​អត់​ចង់​ជួប​ជា​លើក​ទី២ ទេ ទាំង​កន្លែង​ដេក រឿង​អាហារ​ហូប​ចុក។ ជួន​កាល​គេ​ស្ល​ទៅ​ឲ្យ​អ៊ីចឹង​ឆៅ​ក៏​មាន បាយ​ឆៅ បាយ​ខ្លោច​ក៏​មាន​សម្ល​វិញ​ឆ្អាប​ក៏​មាន​ដែរ»

ករណី​នារី មិន​មែន​ជា​ករណី​តែ​មួយ​នោះ​ទេ មាន​ករណី​ដូច​គ្នា​ច្រើន​ណាស់​ក្នុង​ពន្ធនាគារ​សព្វ​ថ្ងៃ។ របាយការណ៍​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ទណ្ឌិត​ដែល​ជាប់​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​មាន​ជាង​ ៣​ម៉ឺន​នាក់ (៣១.២២៦នាក់) ក្នុង​នោះ​ស្រី​ជាង​ជិត​៣ពាន់​នាក់ (.៦៦៣​នាក់) ក្នុង​នោះ​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​ ៥១នាក់ ម្ដាយ​ចំនួន ១៦៦​នាក់។ អង្គការ​ លីកាដូ​រក​ឃើញ​ថា ក្នុង​ចំណោម​ស្ត្រី​ដែល​កំពុង​ជាប់​ពន្ធនាគារ​ទាំងអស់​នោះ មាន​ជាង​ពាក់​កណ្ដាល​មិន​ទាន់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពី​បទល្មើស​ជាក់​លាក់​ណាមួយ​នៅឡើយ​ ។ ​អំឡុង​​ពេល​នៃ​ការ​វិវឌ្ឍ​របស់​កុមារ ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ដែល​បំបៅ​ដោះ​កូន​ ពួក​គេ​មិន​សូវ​ទទួល​បាន​អាហារូបត្ថម្ភ​បន្ថែម​​ទេ។ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នៅ​សប្ដាហ៍​នេះ កំពុង​រក​វិធី ដើម្បី​ដោះ​ស្រាយ​ករណី​ស្រ្តី​ជាប់​ពន្ធនាគារ ហើយ​មាន​កូន​រស់​នៅ​ជា​មួយ។ មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា មូលហេតុ ដែល​ស្រ្តី​ជាប់​ពន្ធនាគារ​ច្រើន​ ដោយសារ​តែ​ខ្វះ​មេធាវី។

ចំពោះ​នារី​នាង​កំពុង​​មាន​ផ្ទៃពោះ​៧​ខែ នៅ​ពេល​នាង​ត្រូវ​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​កាលពី​ពាក់​កណ្ដាល​​ឆ្នាំ​២០១៧​​​ពាក់ព័ន្ធ​​នឹង​ការ​ចែកចាយ​គ្រឿង​ញៀន នៅ​ក្នុង​សង្កាត់​​សាមគ្គី​ក្នុង​រាជធានី​​ភ្នំពេញ។ នាង​រម្លឹក​ថា​កាលនោះ​នាង​ប្រកបរបរ​លក់​លៀស​ហាល ប៉ុន្តែ​ដោយ​ជីវភាព​ទីទ័ល​ពេក​ ដោយ​សារ​ប្ដី​មាន​ស្រី​ថ្មី ទើប​នាង​​ចាញ់​បោក​​ពួក​អ្នក​ចែកចាយ​គ្រឿងញៀន​​ដែល​​ណែនាំ​អោយ​នាង​បញ្ជូន​អីវ៉ាន់​ឲ្យ​គេ ដែល​មិន​​ធ្លាប់​ដឹង​សោះ​ថា​ជា​គ្រឿងញៀន។ តុលាការ​បាន​កាត់​ទោស​នារី​ឲ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល​ ១៨ខែ។ នារី​រម្លឹក​ទៀត​ថា ​នាង​ពុំ​មាន​មេធាវី​ការពារ​ទេ​នៅ​ពេល​តុលាការ​កាត់ទោស​នាង​នៅ​គ្រប់​ដំណាក់​កាល​ទាំង​អស់៖ «កាល​ហ្នុង​អត់​មាន​លុយ​ផង។ អត់​មាន​លុយ គឺ​អត់​មាន​មេធាវី​អី​ទាំង​អស់។ វាល់​ថ្ងៃ​ហ្នុង​ខ្ញុំ​គ្មាន​លុយ​ទេ​ ព្រោះ​លក់​តែ​លៀស»

នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​នារី​ត្រូវ​រួម​បន្ទប់​ជាមួយ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ចំនួន ១៩​នាក់​ផ្សេង​ទៀត។ បន្ទប់​តូច​ចង្អៀត ពុំ​មាន​អនាម័យ ពុំ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់ ខ្វះ​ការ​ថែទាំ​សុខភាព និង​ការរើសអើង​គឺ​ជា​ការ​លំបាក ដែល​ស្រ្តី​មាន​ផ្ទៃពោះ​ ជាពិសេស​គឺ​ស្ត្រី​ក្រីក្រ​ជួបប្រទះ​គ្រប់ៗ ​គ្នា មិនមែន​មាន​តែ​នារី​ម្នាក់​ទេ៖ «យើង​ពោះ​ធំ​ពិបាក​ណាស់ ដេក​បាន​តែ​មួយ​ប្រឡង់ៗ ហើយ​ពិបាក​ខ្លាំង​មែនទែន។ នៅ​ពេល​យើង​ឈឺ​ពោះ​ហៅ​ពេទ្យ ហៅ​សែប ពេល​សែប​មក​ដល់​គេ​ស្ដី​ឲ្យ​ទៀត»

នៅ​ពេល​គ្រប់​ខែ អនុរក្ស​ពន្ធនាគារ​បាន​បញ្ជូន​នារី​ទៅ​សម្រាល​នៅ​មជ្ឈមណ្ឌល​ជាតិ​​ថែ​ទាំ​​មាតា និង​ទារក ​ហៅ​ថា​ពេទ្យ​ជប៉ុន។ នាង​បាន​សម្រាក​នៅ​ទី​នោះ២​ថ្ងៃ​មុននឹង​ត្រឡប់​ទៅ​ពន្ធនាគារ​​ព្រៃ​ស​វិញ។ នាង​បន្ត​ស្នាក់​នៅ​ក្នុង​បន្ទប់​ចង្អៀត​ណែន​ដដែល​នោះ​ទៀត ដែល​ពិបាក​ណាស់​ទៅ​ហើយ​សម្រាប់​នាង​ម្នាក់​ឯង ហើយ​ថែម​មាន​កូន​តូច​ទើប​នឹង​កើត​ម្នាក់​ទៀត គឺ​កាន់​តែ​លំបាក​ថែម​ទៀត។

នារី​បន្ត​ថា​ពន្ធនាគារ​ពិត​ជា​ឋាននរក​សម្រាប់​អ្នក​ក្រីក្រ​ដូច​នាង។ នារី​ត្រូវ​មើល​ថែទាំ​កូន​តូច ដែល​​ទើប​កើត​នោះ ដោយ​ខ្លួន​ឯង​ទាំង​ស្រុង ទាំង​សុខភាព​មិន​មាំទាំ និង​បាត​ដៃ​ទទេ។ នាង​គ្មាន​សម្ភារៈ​ចាំបាច់​​សម្រាប់​កូន​តូច​របស់​នាង​ទេ ព្រោះ​គ្មាន​សាច់​ញាតិ​យកចិត្តទុកដាក់​នាង​ទេ ក្រៅតែ​ពី​ម្ដាយ​ក្មេក​ដ៏​ក្រីក្រ​របស់​នាង ដែល​យូរៗ​ ទៅ​សួរសុខទុក្ខ​នាង​ម្ដង។ អនុរក្ស​ពន្ធនាគារ​តម្រូវ​អោយ​ទារក​ទាំងអស់​​ត្រូវ​ស្លៀក​ខោ​ទឹកនោម​ជាប់​រហូត ប៉ុន្តែ​ភ្លាមៗ ក្រោយ​សម្រាល​​កូន​របស់​នាង​គ្មាន​ខោ​ទឹក​នោម​នោះ​ទេ ដែល​នោះ​ក៏​ជា​ហេតុ​នាំ​ឲ្យ​មាន​ការរើសអើង​ដែរ គឺ​នាង​ទទួល​បាន​ការ​ស្ដី​បន្ទោស​ជានិច្ច។

រស់នៅ​ជាមួយ​កូន​តូច​ក្នុង​ពន្ធនាគារ​នារី​ជួប​បទ​ពិសោធ​ពី​ការ​លំបាក​ថ្មី​ទៀត គឺ​កូន​តូច​ងាយ​​នឹង​ឈឺថ្កាត់ ប៉ុន្តែ​នាង​គ្មាន​លុយ​ទិញ​ថ្នាំ​ទេ​ គឺ​រង់ចាំ​ថ្នាំ ដែល​ឲ្យ​ដោយ​ពេទ្យ​ប្រចាំ​ពន្ធនាគារ។ ប៉ុន្តែ​មិន​ងាយស្រួល​ទេ​គឺ​ពេលខ្លះ​គេ​ទុក​រហូត​ដល់​ជំងឺ​កូន​តូច​នោះ​កាន់​តែ​ធ្ងន់ធ្ងរ។ នារី​បន្ត​ថា​កូន​តូច​​របស់​​នាង​ធ្លាប់​ត្រូវ​អនុរក្ស​ពន្ធនាគារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយ​សារ​ក្ដៅ​ខ្លួន​ខ្លាំង៖ «ទុក​ទាល់​តែ​កូន​ក្ដៅ​ខ្លួន​ ទាល់តែ​បញ្ឈរ​ភ្នែក​អី​បាន​មន្ត្រី​គេ​បើក​ថ្នាំ​ឲ្យ ទុក​ទាល់​តែ​ក្មេង​កើត​រមាស់​ពេញ​ខ្លួន​ទាំង​អស់ គឺ​កូន​ក្មេង​ក្នុង​ហ្នឹង​ឈឺ​ច្រើន»

អង្គការ លីកាដូ បាន​រក​ឃើញ​ថា ចំនួន​កុមារ​ក្រោម​អាយុ ៣ឆ្នាំ​ដែល​ជាប់​ឃុំ​ជាមួយ​ម្ដាយ​របស់​ពួកគេ​នៅ​ក្នុង​ពន្ធនាគារ បាន​កើន​ឡើង​ពី​ចំនួន ៣០នាក់​នៅ​ចុង​ឆ្នាំ២០១៥ មក​ដល់​ចំនួន ១៣៨នាក់ គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ២០១៨។ ចំនួន​កុមារ​អាយុ​ក្រោម ៣ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ បាន​កើន​ឡើង​ខ្ពស់​បំផុត​ដល់​ចំនួន ១៧៩នាក់ កាល​ពី​ឆ្នាំ២០១៧ កន្លង​មក​នេះ។ កុមារ​ទាំង​នោះ បាន​ស្ថិត​នៅ​ក្នុង​មណ្ឌល​ឃុំឃាំង​ជាមួយ​ម្ដាយ​របស់​ពួកគេ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ទាំង​មិន​​ត្រឹម​ត្រូវ​ហើយ​ស្ត្រី​ទាំងនោះ មិន​ត្រូវ​បាន​ដោះលែង​ឲ្យ​ស្ថិត​ក្រៅ​ពន្ធនាគារ​បណ្ដោះ​អាសន្ន​នោះ​ឡើយ។ អង្គការ​ការពារ​សិទ្ធិ​មួយ​នេះ បាន​រក​ឃើញ​ថា កុមារ​ទាំង​នោះ គឺ​ស្ថិត​ក្នុង​ចំណោម​ក្រុម​ជន​ជាប់​ឃុំ​ងាយ​រងគ្រោះ​បំផុត។

ក្នុង​ពេល​ជាប់​​ពន្ធនាគារ​នោះ​​នារី និង​កូន​តូច​​រស់នៅ​ពឹង​មួយ​ផ្នែក​លើ​ការ​ឧបត្ថម្ភ​ពី​គ្រូពេទ្យ​​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល និង​កាកបាទក្រហម។ ប៉ុន្តែ​ជំនួយ​សប្បុរស​ទាំង​នោះ​ មិន​បាន​ជា​ប្រចាំ​ទេ​គឺ​៣​ខែ​ទើប​បាន​ម្ដង។

ប្រធាន​គ្រប់គ្រង​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ លីកាដូ លោក អំ សំអាត អោយ​ដឹង​​ថា​អង្គការ​របស់​លោក​រួម​ចំណែក​ផ្ដល់​សេវា​ថែទាំ​សុខភាព ដល់​ស្ត្រី​នៅ​ក្នុង​ពន្ធនាគារ​ចំនួន១៨ នៅ​ទូទាំង​ប្រទេស។ លោក​ថា​សំខាន់​​ណាស់​ ដែល​អាជ្ញាធរ​ត្រូវ​ពន្លឿន​ការ​ដោះស្រាយ​ភាព​ចង្អៀត​ណែន​​ក្នុង​​ពន្ធនាគារ​អោយ​បាន​ឆាប់ ដែល​នឹង​ជួយ​ដោះ​ស្រាយ​ការ​លំបាក​របស់​ស្ត្រី និង​កុមារ​ក្នុង​ពន្ធនាគារ​បាន​ឆាប់​ដែរ៖ «ធ្ងន់ធ្ងរ​ជាង​គេ​ទាក់ទង​នឹង​បញ្ហា​សុខភាព​ពីព្រោះ​ភាព​ចង្អៀត​ណែន​បង្ក​ជា​ជំងឺ​ជាពិសេស​ជំងឺ​ថប់អារម្មណ៍ ហើយ​បើ​កើត​ជំងឺ​ឆ្លង​ គឺ​វា​បង្ក​ឲ្យ​មាន​បញ្ហា​ឆ្លង​លឿន​ទៅ​ទៀត។ បើ​សិន​ជា​កុមារ​តូចៗ រស់​នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ​ បើ​សិន​ជា​នៅ​ក្នុង​បន្ទប់​ហ្នឹង គឺ​កុមារ​ងាយ​នឹង​រង​គ្រោះ​ធ្ងន់ធ្ងរ»

ឆ្លើយ​តប​ករណី​នេះ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន ​មាន​ប្រសាសន៍​ថា ក្រុម​ការងារ​អន្តរក្រសួង​កំពុង​ស្រង់​ស្ថិតិ​សំណុំ​រឿង​ស្ត្រី​ជាប់​ឃុំ​នៅ​ទូទាំង​ប្រទេស៖ «ស្ថិតិ​សំណុំ​រឿង​អ្នកជាប់ឃុំ​ជា​ស្ត្រី​យើង​កំពុង​ប្រមូល​មិន​ទាន់​អាច​បូក​សរុប​នៅ​ឡើយ​ទេ។​ប៉ុន្តែ​កន្លង​មក​យើង​មាន​យន្តការ​អនុគ្រោះ នឹង​ផ្ដល់​លក្ខខណ្ឌ ពិសេស​ដល់​ស្ត្រី​ច្រើន​ជាពិសេស​អ្នក​ជាប់ឃុំ​ជា​ស្ត្រី​តាម​រយៈ​ការ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ចំពោះ​ស្ត្រី​ដែល​មាន​កូន​ក្នុង​បន្ទុក យើង​មាន​លក្ខខណ្ឌ​អនុគ្រោះ​ដូច​ជា ការ​អនុវត្ត​ទោស​មិន​មែន​ពន្ធនាគារ​ជា​ទោស​ព្យួរ»

បើ​ទោះ​ជា​យ៉ាង​ណា សង្គម​ស៊ីវិល​មើល​ឃើញ​ថា ​ដំណើរ​ការ​នេះ​មាន​ភាព​យឺតយ៉ាវ​នៅ​ឡើយ ដែល​មិន​អាច​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា។

ប្រមុខរដ្ឋាភិបាល​ក្រុងភ្នំពេញ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២០ ខែ​កុម្ភៈ​បាន​ប្រកាស​​​នៅ​ចំពោះ​មុខ​កម្មករ​ក្នុង​ខេត្ត​កណ្ដាល​ថា​បាន​ត្រៀម​លុយ ៥០​ម៉ឺន​ដុល្លារ ដើម្បី​បង្កើត​ក្រុម​មេធាវី​ចំនួន ៣០​នាក់ ឋិត​ក្រោម​ការដឹកនាំ​ផ្ទាល់​សម្រាប់​ជួយ​ស្ត្រី​ក្រីក្រ ដែល​ត្រូវការ​មេធាវី​ការពារ​ក្ដី ក្នុង​ន័យ​ពន្លឿន​សំណុំ​រឿង​ដែល​កក​ស្ទះ។

ស្របគ្នា​នេះ​លោក អំ សំអាត ឲ្យ​ដឹង​ថា លោក​គាំទ្រ​ចំពោះ​ការ​បង្កើត​ក្រុម​នេះ​មេធាវី​​ផ្ទាល់​របស់​នាយក​រដ្ឋមន្ត្រី​នេះ ប៉ុន្តែ​លោក​ថា​នេះ​គ្រាន់តែ​ជា​វិធានការ​បន្ទាន់​ប៉ុណ្ណោះ ដើម្បី​ធានា​ថា​មាន​និរន្តរភាព​ គឺ​ត្រូវ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ដ៏​ត្រឹម​ត្រូវ​មួយ៖ «ប្រសិន​បើ​មាន​ការ​កែ​ទម្រង់​ផ្នែក​ប្រព័ន្ធ​ច្បាប់ ប្រព័ន្ធ​តុលាការ​នេះ​ជា​ប្រព័ន្ធ​តុលាការ​ឯករាជ្យ ជា​ប្រព័ន្ធ​យុត្តិធម៌​ដែល​សម្រាប់​ផ្ដល់​យុត្តិធម៌​ក្នុង​សង្គម និង​ប្រជាពលរដ្ឋ​ទូទៅ ហើយ​មាន​ទំនុក​ចិត្ត​ពី​ពលរដ្ឋ មាន​ន័យ​ថា ​ប្រព័ន្ធ​យុត្តិធម៌​យើង​វា​អាច​មាន​និរន្តរភាព»

របាយការណ៍​របស់​អង្គការ​ លីកាដូ (Licadho) កាលពី​ចុង​ឆ្នាំ​២០១៨ បាន​រក​ឃើញ​ថា​ប្រហែល​ពាក់​កណ្ដាល​នៃ​ស្ត្រី​ដែល​បាន​ជាប់ឃុំ​ទាំងអស់​នោះ គឺ​មិនទាន់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពី​បទ​ល្មើស​ជាក់លាក់​ណាមួយ​នៅឡើយ​ទេ។ អង្គការ​នេះ​ថា ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ច្រើន​ហួស​ហេតុ ធ្វើ​ឱ្យ​ស្ថានភាព​ពន្ធនាគារ​ដែល​ចង្អៀត​ណែន​ស្រាប់ កាន់តែ​ធ្ងន់ធ្ងរ​ឡើង ហើយ​ផ្ដល់​ផល​ប៉ះពាល់​ដល់​ជន​ងាយ​រងគ្រោះ​មួយ​ចំនួន​ដូចជា កុមារ​ដែល​រស់នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ ឬ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​សម្រាលកូន​ក្នុង​ពន្ធនាគារ។

បើ​តាម​លោក អំ សំអាត បទល្មើស​​​​មជ្ឈិម​ណា​កម្រិត​ស្រាល​គួរ​តែ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ បទ​ល្មើស​មជ្ឈិម​ណា ដែល​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ ​គួរ​តែ​អនុញ្ញាត​ឱ្យ​​នៅ​ក្រៅ​ឃុំ​ បណ្ដោះ​អាសន្ន និង​វិធានការ​ផ្សេង​ទៀត ដូច​ជា​ការ​ដាក់​ប្រាក់​តម្កល់​ដាក់​ឱ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ជាដើម។

អង្គការ​សិទ្ធិមនុស្ស​ លីកាដូ​ អះអាង​ថា ការ​ប្រើប្រាស់​នីតិវិធី​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​បាន​ត្រឹម​ត្រូវ ចំពោះ​បទល្មើស​ដែល​មិន​មាន​ហិង្សា នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ទាំង​មូល។ ការ​អនុវត្ត​បែបនេះ ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ចាត់​អាទិភាព​រឿង​ក្តី​ទៅ​តាម​ភាព​ធ្ងន់ធ្ងរ​របស់​ករណី​នីមួយៗ និង​កាត់​បន្ថយ​ការងារ​ច្រើន​ហួសហេតុ​របស់​ស្ថាប័ន​តុលាការ។ វិធី​នេះ​ក៏​អាច​ផ្ដល់​ផល​វិជ្ជមាន​ដល់​សង្គម​ដែរ គឺ​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ថែរក្សា​ចំណង​គ្រួសារ​ឱ្យ​នៅ​ល្អ និង​ការពារ​កុមារ​ពី​ការ​ទទួល​យក​ឥទ្ធិពល​អវិជ្ជមាន​ពី​ការ​រស់​នៅ​ក្នុង​ពន្ធនាគារ។

នៅ​ពេល​រម្លឹក​ដល់​ការ​តតាំង​ក្ដី ដែល​ពុំ​មាន​មេធាវី នា​ពេល​កន្លង​ទៅ នារី សុំ​មិន​និយាយ​អ្វី​តទៅ​ទៀត​ទេ នាង​ថា​សុខចិត្ត​ទទួល​យក​ការ​កាត់​ទោស​នោះ​ហើយ បើ​ទោះជា​នាង​យល់​ថា​សំណុំ​រឿង​របស់​នាង​គ្មាន​យុត្តិធម៌​សម្រាប់​នាង​ក្ដី។ នាង​ថា​អ្នកក្រ​ដូច​នាង​មិន​ចង់​មាន​រឿង​ក្ដីក្ដាំ​នៅ​តុលាការ​តទៅ​ទៀត​ទេ នាង​ប្រាថ្នា​សុំ​តែ​រស់នៅ​មាន​សេរីភាព ដើម្បី​ចិញ្ចឹម​កូន​អោយ​ធំដឹងក្ដី​ចៀស​ផុត​ពី​សុបិន​អាក្រក់ ដែល​នាង​ធ្លាប់​ជួប​ប្រទះ​ក្នុង​ពន្ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល