ការ​ផលិត​វត្ថុ​អនុស្សាវរីយ៍​របស់​ក្រុម​ស្ត្រី​ជន​ពិការ

ដោយ​ សុ ជីវី
2015.12.26
1

សកម្មភាព​ស្ត្រី​ពិការ​ធ្វើ​ការ​នៅ​ក្នុង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយ​នា​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

2

សកម្មភាព​ស្ត្រី​ពិការ​ធ្វើ​ការ​នៅ​ក្នុង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយ​នា​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

3

សកម្មភាព​ស្ត្រី​ពិការ​ធ្វើ​ការ​នៅ​ក្នុង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយ​នា​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

4

សកម្មភាព​ស្ត្រី​ពិការ​ធ្វើ​ការ​នៅ​ក្នុង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយ​នា​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

5

សកម្មភាព​ស្ត្រី​ពិការ​ធ្វើ​ការ​នៅ​ក្នុង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយ​នា​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

7

វត្ថុ​អនុស្សាវរីយ៍​ដែល​ផលិត​ដោយ​ក្រុម​ស្ត្រី​ពិការ ត្រូវ​បាន​គេ​ដាក់​តាំង​លក់​ក្នុង​ហាង​មួយ នា​រាជធានី​ភ្នំពេញ។

8

វត្ថុ​អនុស្សាវរីយ៍​ដែល​ផលិត​ដោយ​ក្រុម​ស្ត្រី​ពិការ ត្រូវ​បាន​គេ​ដាក់​តាំង​លក់​ក្នុង​ហាង​មួយ នា​រាជធានី​ភ្នំពេញ។

6

អ្នកស្រី ហេង ថៃលី អនុ​ប្រធាន​សមាគម​ទទួល​បន្ទុក​បណ្ដុះបណ្ដាល​ស្ត្រី​ពិការ ផ្ដល់​បទសម្ភាសន៍​អំពី​ការងារ​របស់​ស្ត្រី​ពិការ។

ស្ត្រី​ពិការ​ជា​ច្រើន​នាក់​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ផ្នែក​កាត់ដេរ និង​តម្បាញ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ធ្វើ​អោយ​ជីវភាព​របស់​ពួកគេ​បាន​គ្រាន់​បើ​ជាង​មុន។

មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​លើក​ឡើង​ថា ការងារ​បន្តិច​បន្តួច​របស់​ជន​ពិការ​មិន​ត្រឹម​តែ​អាច​ជួយ​ជីវភាព​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​អោយ​ពួកគេ​គេច​ផុត​ពី​ការ​រើសអើង ឬ​មាក់ងាយ​ពី​សង្គម​បាន​ខ្លះ។

សំឡេង​ម៉ាស៊ីនដេរ​បន្ត​គ្នា​បាន​លាន់​ឮ​ម្ដង​តិច ម្ដង​ខ្លាំង​ទៅ​តាម​កម្លាំង​ជើង​របស់​អ្នក​ធាក់​បាន​បន្លឺ​ចេញ​ពី​ជ្រុង​ម្ខាង​នៃ​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយ​កន្លែង​នៅ​ច្រក​ផ្លូវ​ខាង​មុខ​សារមន្ទីរ​ទួល​ស្លែង ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

នោះ​ជា​សំឡេង​ដេរ​វត្ថុ​អនុស្សាវរីយ៍​ដែល​ផលិត​ដោយ​ក្រុម​ស្ត្រី​ពិការ​មួយ​ក្រុម​នៅ​ក្នុង​ហាង​ដែល​បើក​អោយ​ដំណើរ​ការ​ដោយ​សមាគម​សិប្បកម្ម​កម្ពុជា ហៅ​កាត់​ថា ស៊ី.អេច្ឆ.អេ (CHA)។

ក្រៅ​ពី​ម៉ាស៊ីន​ដេរ​នៅ​ក្បែរ​នោះ ក៏​មាន​កី​តម្បាញ​ចំនួន ២​ទៀត សម្រាប់​ត្បាញ​សំពត់​ហូល និង​ក្រមា​សូត្រ។

ក្នុង​វ័យ​ជាង ៣០​ឆ្នាំ លោកស្រី បុន បូរិន កំពុង​លើក​ដាក់​គោះ​កី និង​បោះត្រល់​ចុះ​ឡើង​មាន​ប្រសាសន៍​ថា ប្រាក់​ចំណូល​ពី​ការងារ​នេះ​បាន​ជួយ​អោយ​គាត់​ចិញ្ចឹម​កូន​តូចៗ​ចំនួន ២​នាក់ ក្នុង​បន្ទុក។ ខុស​ប្លែក​ពី​ពេល​មុន​ដែល​អ្នកស្រី​ពិបាក​ក្នុង​ការ​រក​ប្រាក់​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង ពេល​នេះ​លោកស្រី​មាន​ទាំង​ជម្រក​គ្រួសារ និង​ការងារ៖ «អនាគត​ទៅ​ចង់​បាន​ផ្ទះ​នៅ ចង់​អោយ​កូន​បាន​រៀន​សូត្រ​អោយ​បាន​ខ្ពស់​​ដើម្បី​អោយ​បាន​ជួយ​ម៉ែ​ឪ​ក្រ។ ឪពុក​ចាស់​ហើយ​ប្រពន្ធ​ពិការ​បែប​នេះ​ទៀត»

លោកស្រី បូរិន ដែល​មាន​ស្រុក​កំណើត​ក្នុង​ស្រុក​អង្គរធំ ខេត្ត​សៀមរាប រៀប​រាប់​ថា គាត់​ពិការ​ជើង​ខាង​ស្ដាំ​តាំង​ពី​អាយុ ១០​ឆ្នាំ នៅ​ពេល​ឃ្វាល​គោ​ឆ្ងាយ​ពី​ភូមិ​ហើយ​បាន​ជាន់​មីន ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម៖ «ស្ដាយ​ដែរ! ស្ដាយ​ខ្លួន​ឯង​ពិការ អត់​ចង់​អោយ​ពិការ។ អ្នក​ពិការ​វេទនា យ៉ាប់ យើង​ធ្វើ​អី​អត់​កើត​ដូច​គេ​ជើង​ជា»

ជា​ក្មេង​ពិការ​រស់​ក្នុង​គ្រួសារ​ក្រីក្រ លោកស្រី​មិន​បាន​ទៅ​សាលារៀន​ឡើយ។ លោកស្រី​រស់​នៅ​ពឹង​ផ្អែក​តែ​ទៅ​លើ​ការ​ប្រើ​កម្លាំង​កាយ ដើម្បី​រក​ចំណូល​ចិញ្ចឹម​ជីវិត។ លោកស្រី​បញ្ជាក់​ជា​ថ្មី​ថា ប្រសិន​បើ​ពុំ​មាន​ការងារ​នៅ​ក្នុង​សមាគម ស៊ី.អេច្ឆ.អេ នេះ​ទេ លោកស្រី​នឹង​បន្ត​ជួប​ការ​លំបាក​ត​ទៅ​ទៀត៖ «ជីវភាព​ខ្ញុំ​ក្រ ម៉ែ​ឪ​ខ្ញុំ​ស្លាប់​ចោល​តាំង​ពី​​តូច ខ្ញុំ​នៅ​ជាមួយ​បង​ប្អូន។ នៅ​ផ្ទះ​ខ្ញុំ​ចាក់​ជាល​រពាក់​លក់។ នៅ​កាល​ណោះ​វា​នឿយ ធ្វើ​ការ​ហាល​ក្ដៅ នៅ​នេះ​យើង​នៅ​មួយ​កន្លែង​ក្នុង​ម្លប់»

ក្នុង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​របស់​សមាគម​នេះ​មាន​ដាក់​តាំង​លក់​វត្ថុ​ដែល​ផលិត​ដោយ​ដៃ​ជា​ផលិត​ផល​តម្បាញ ដេរ និង​ប៉ាក់​ឌិន ក្នុង​នោះ​រួម​មាន​សំលៀក​បំពាក់ សំពត់​សូត្រ ក្រមា​សូត្រ កាបូប​តូច​ធំ​គ្រប់​ប្រភេទ តុក្កតា និង​វត្ថុ​ផ្សេងៗ​ទៀត។ វត្ថុ​ទាំង​នោះ​មាន​តម្លៃ​ចាប់​ពី ២​ដុល្លារ ឬ​ប្រហែល ៨​ពាន់​រៀល រហូត​ដល់​តម្លៃ​ជាង ១០០​ដុល្លារ ឬ​ប្រហែល​ជាង ៤០​ម៉ឺន​រៀល។

កំពុង​ដោត​អង្កាំ​ដោយ​កម្លាំង​ដៃ​ស្រាលៗ កញ្ញា ឆើយ សារិត និយាយ​ថា នាង​បាន​ចូល​មក​ស្នាក់​នៅ​ក្នុង​សមាគម​នេះ​រយៈពេល ៥​ឆ្នាំ​មក​ហើយ។ នាង​ពិការ​ជើង​ខាង​ស្ដាំ​ដោយ​ជំងឺ​ស្វិត​ដៃ​ជើង​តាំង​ពី​នាង​មាន​អាយុ ២​ឆ្នាំ។

កញ្ញា សារិត បន្ត​ថា នាង​ចេះ​អាន និង​ចេះ​សរសេរ ដ្បិត​នាង​បាន​ទៅ​រៀន​រហូត​ដល់​ថ្នាក់​ទី​៥ ពេល​នេះ​នាង​កំពុង​រៀន​ភាសា​អង់គ្លេស​ក្នុង​សមាគម។ នាង​រំពឹង​ថា នឹង​អាច​មាន​ឱកាស​បើក​ហាង​ធ្វើ​ពាណិជ្ជកម្ម​​ដោយ​ខ្លួន​ឯង៖ «បើសិន​ជា​ខ្ញុំ​មាន​លទ្ធភាព​អាច​បើក​បាន​ ខ្ញុំ​នឹង​បើក ប៉ុន្តែ​មិន​ដឹង​យ៉ាង​ម៉េច​ប្រហែល​អត់​លទ្ធភាព​ទេ​បង!»

ចំណែក​កញ្ញា​វ័យ ៣២​ឆ្នាំ សុផា វិញ​លើក​ឡើង​ថា បើ​ទោះ​ជា​នាង​អាច​ផ្គត់​ផ្គង់​ជីវភាព​ខ្លួន​ឯង​បាន​ក៏​នាង​មិន​ហ៊ាន​គិត​ពី​អនាគត​របស់​នាង​ថា ថ្ងៃ​មុខ​ត្រូវ​រៀបចំ​គ្រួសារ ឬ​យ៉ាង​ណា​ឡើយ។ នាង​លើក​ឡើង​ថា ប្រហែល​ជា​គ្មាន​នរណា​មក​ស្រឡាញ់ ឬ​រៀបការ​នឹង​នាង​ដែល​ជា​ស្ត្រី​ពិការ​ដូច​នេះ​ឡើយ។

បើ​ទោះ​ជា​យ៉ាង​ណា​នាង​បញ្ជាក់​ដែរ​ថា ការ​រើសអើង​នានា​ចំពោះ​រូប​នាង​ពី​សំណាក់​សាច់ញាតិ និង​អ្នក​រស់​នៅ​ឯ​ស្រុក​កំណើត​របស់​នាង​ក្នុង​ស្រុក​ដងទង់ ខេត្ត​កំពត បាន​កាត់​បន្ថយ​ច្រើន​នៅ​ក្រោយ​ពេល​ដែល​នាង​បាន​ចូល​មក​ធ្វើ​ការ​នោះ​ក្នុង​សមាគម ស៊ី.អេច្ឆ.អេ។

នៅ​ក្នុង​សមាគម ស៊ី.អេច្ឆ.អេ មាន​ស្ត្រី​ពិការ​ជាង ២០​នាក់ កំពុង​រៀន​កាត់ដេរ ប៉ាក់ និង​ឌិន។ ពួកគេ​មាន​កន្លែង​ស្នាក់​នៅ និង​ទទួល​បាន​អាហារ​ប្រចាំ​ថ្ងៃ​បន្ថែម​ពី​លើ​នេះ​ពួកគេ​អាច​ទទួល​បាន​ប្រាក់​ខែ​ចន្លោះ​ពី​៣០ ទៅ ៤៥​ដុល្លារ។

អនុ​ប្រធាន​សមាគម អ្នកស្រី ហេង ថៃលី មាន​ប្រសាសន៍​ថា មាន​ការ​លំបាក​មួយ​ចំនួន​ដែរ​ចំពោះ​ការ​បង្ហាត់​បង្រៀន​ក្រុម​ស្ត្រី​ពិការ ដោយសារ​ពួកគេ​មិន​សូវ​មាន​ចំណេះដឹង​មូលដ្ឋាន ជា​ពិសេស​នៅ​ពេល​ពួក​គេ​ជា​អ្នក​ពិការ​ផ្នែក​បញ្ញា​ស្មារតី។

អ្នកស្រី​បន្ត​ថា បើ​ទោះ​ជា​យ៉ាង​ណា​ការ​ផ្ដល់​ជំនាញ​ដល់​ស្ត្រី​ពិការ​ពិត​ជា​បាន​ជួយ​សម្រួល​ដល់​ការ​រស់​នៅ​របស់​ពួកគេ៖ «ទៅ​ថ្ងៃ​អនាគត​សំខាន់​ជាង​គេ​គឺ​ខ្ញុំ​ចង់​តែ​អោយ​​បង​ប្អូន​ពិការ​មាន​ចំណេះ​ជំនាញ មាន​ចំណូល​គ្រប់​គ្រាន់»

នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន លើក​ឡើង​ថា ពិត​មែន​ថា កម្ពុជា​មាន​ច្បាប់​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ តែ​ការ​អនុវត្ត​នៅ​មាន​បញ្ហា​មួយ​ចំនួន​ដែល​ធ្វើ​អោយ​ពួកគេ​មិន​បាន​ទទួល​សិទ្ធិ​នោះ​ពេញ​លេញ​នៅ​ឡើយ។

លោក ងិន សៅរ័ត្ន បន្ត​ថា ក្នុង​គោលនយោបាយ​ជន​ពិការ​បាន​ធានា​ផ្ដល់​ការងារ​ដល់​ជន​ពិការ​នៅ​តាម​ស្ថាប័ន​រដ្ឋ និង​ឯកជន ប៉ុន្តែ​ការ​ផ្ដល់​ចំណេះ​ជំនាញ​ដល់​ជន​ពិការ​នៅ​មិន​ទាន់​ឆ្លើយ​តប​តម្រូវការ​ទាំង​នោះ​នៅ​ឡើយ។ លើស​ពី​នេះ​លើ​ក៏​បាន​ផ្ដល់​គំនិត​មួយ​ចំនួន​ក្នុង​ការ​បណ្ដុះបណ្ដាល​ផ្ដល់​ជំនាញ​ដល់​ជន​ពិការ​សម្រាប់​សមាហរណកម្ម​អាស៊ាន (ASEAN) នៅ​ពេល​ខាង​មុខ៖ «មុខ​វិជ្ជាជីវៈ​នឹង​បើ​​រក​ការងារ​ប្រកួត​ប្រជែង​ក្នុង​តំបន់​អាស៊ាន​ ឬ​ពេល​បច្ចេកវិទ្យា​កាន់តែ​ជឿនលឿន គឺ​យើង​មិន​អាច​ប្រកួត​ប្រជែង​ទាន់​សម័យ​បាន​ទេ។ អ៊ីចឹង​ទាមទារ​អោយ​ក្រសួង​គួរ​គិត​ធ្វើ​យ៉ាង​ម៉េច​អោយ​មាន​ការ​ស្រាវជ្រាវ​អោយ​បាន​ច្បាស់លាស់​ទៅ ដើម្បី​អោយ​ដឹង​ថា អ្វី​ជា​តម្រូវការ​ពិត​ប្រាកដ​របស់​ស្រ្តី​ពិការ​ក្នុង​ប្រទេស​យើង»

ធនាគារ​ពិភពលោក (World Bank) និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បង្ហាញ​ថា ទិន្នន័យ​ជន​ពិការ​នៅ​កម្ពុជា បច្ចុប្បន្ន​មាន ១០ ទៅ ១៥​ភាគរយ នៃ​ប្រជាជន​សរុប ប៉ុន្តែ​រដ្ឋាភិបាល​អះអាង​ថា តួលេខ​ជន​ពិការ​បច្ចុប្បន្ន​មាន ២,១​ភាគរយ ស្មើ​ប្រមាណ​ជាង ៣៣​ម៉ឺន​នាក់​នៃ​ប្រជាជន​សរុប។

ចំពោះ​អនុ​ប្រធាន​សមាគម ស៊ី.អេច្ឆ.អេ អ្នកស្រី ហេង ថៃលី ក៏​បាន​អំពាវនាវ​អោយ​អាណាព្យាបាល​បើក​ឱកាស និង​ជន​ពិការ​ត្រូវ​ពុះពារ​រក​រៀនចំណេះ​ជំនាញ​ដែល​អាច​អោយ​ពួកគេ​មាន​ជីវភាព​សមរម្យ និង​កាត់​បន្ថយ​ការ​រើសអើង​ចំពោះ​ពួកគេ៖ «ខ្ញុំ​ចង់​អោយ​បង​ប្អូន​ពិការ​យើង​មាន​ចំណេះ​ជំនាញ​ក្នុង​ខ្លួន ធ្វើ​អ្វី​ក៏​ដោយ​អោយ​បាន កុំ​អោយ​មា​ន​ការ​រើសអើង​ជាមួយ​ប្អូន​ពិការ។ បង​ប្អូន​ពិការ​ខ្លួន​ឯង​ត្រូវ​តែ​ទទួល​ការ​បណ្ដុះបណ្ដាល​យក​ចំណេះ​ជំនាញ​ដាក់​ក្នុង​ខ្លួន កុំ​អោយ​មាន​ការ​រើស​អើង​ដូច​មុន​ទៀត»

រហូត​មក​ដល់​ពេល​នេះ​សមាគម ស៊ី.អេច្ឆ.អេ បាន​បណ្ដុះបណ្ដាល​ស្ត្រី​ពិការ​បាន​ចំនួន​ជាង ៣០០​នាក់​ហើយ។ ភាគ​ច្រើន​នៃ​អ្នក​ដែល​បាន​រៀន​ចប់​បាន​ចាកចេញ​ទៅ​បង្កើត​មុខ​របរ​ដោយ​ខ្លួន​ឯង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។