អំពើហិង្សាក្នុងគ្រួសាររបស់ស្ត្រីមានបញ្ហាដីធ្លី
2016.11.18
របាយការណ៍ស្ដីពីបញ្ហារបស់ស្ត្រីដែលមានជម្លោះដីធ្លីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរកឃើញថា ក្រុមគ្រួសារមានជម្លោះដីធ្លីភាគច្រើនមានសញ្ញានៃការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ។ របាយការណ៍រកឃើញថា មានស្ត្រីជាងពាក់កណ្ដាលដែលបានសាកសួរអះអាងថា វិវាទដីធ្លីបានប៉ះពាល់ដល់ទំនាក់ទំនងគ្រួសារ ក្នុងនោះក៏បានរុញច្រានឲ្យមានអំពើហិង្សាក្នុងគ្រួសារ។
ឆ្លើយតបនឹងការរកឃើញនេះ មន្ត្រីនៃក្រសួងកិច្ចការនារី នឹងរិះរកមធ្យោបាយដោះស្រាយតាមរយៈការចុះអប់រំផ្សាយពីវិធីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។
អ្នកស្រី យ៉ោម បុប្ផា ដែលជាសកម្មជនការពារសិទ្ធិដីធ្លីនៅតំបន់បឹងកក់ រៀបរាប់ថា ជម្លោះដីធ្លីបានប្រែក្លាយស្ត្រីមេផ្ទះធម្មតាដូចរូបអ្នកស្រី ឲ្យទៅជាអ្នកដែលហ៊ានចេញតវ៉ាដើម្បីការពារដី ដែលជាអាយុជីវិតរបស់ពួកគេ។ អ្នកស្រីបន្តថា កិច្ចការមេផ្ទះដែលធ្លាប់បំពេញ ក៏ត្រូវអាក់ខានលែងបានជាប់លាប់៖ «មួយថ្ងៃៗអត់មានគិតរឿងអីទេ ប្រមូលគ្នាទៅតែតវ៉ា ទាមទារខ្លាចបាត់បង់ដី បាត់បង់ផ្ទះ ត្រឡប់មកវិញកូនអត់បានទៅសាលាអត់បានទៅរៀន។ ក្នុងគ្រួសារយើងធ្លាប់ជាមេគ្រួសារម្នាក់តែងរស់នៅមើលកូនមើលចៅ មានមុខរបរនៅក្នុងសហគមន៍របស់យើងហ្នឹង ប្រកបការងារសហគមន៍របស់យើង ប៉ុន្តែយើងអត់បានធ្វើអីទាំងអស់ យើងនាំគ្នាទៅតវ៉ា»។
របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សនៅកម្ពុជា ផ្សព្វផ្សាយកាលពីខែកញ្ញា ដែលបានសម្ភាសស្ត្រីមានវិវាទដីធ្លីចំនួន ៦០០នាក់រកឃើញថា ស្ត្រីប្រមាណពាក់កណ្ដាលលើកឡើងថា វិវាទដីធ្លីបានប៉ះពាល់ដល់ទំនាក់ទំនងគ្រួសារដែលជាផលវិបាកអវិជ្ជមាន មានទំហំលើសពីវិបត្តិសេដ្ឋកិច្ចទៅទៀត។ មានស្ត្រីចំនួនជាង ៤០ភាគរយ ថាពួកគេពុំមានទំនាក់ទំនងល្អជាមួយប្ដី និងមួយចំនួនទៀតមានបញ្ហាជាមួយកូនៗ។ លើសពីនេះ ករណីអំពើហិង្សាក្នុងគ្រួសារ បានកើនឡើងជាងនៅមុនពេលពួកគេមានជម្លោះដីធ្លី។ ចំនួន ២៣% នៃស្ត្រីទាំងនោះបានកំណត់ថា ខ្លួនជាជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ។
បើទោះជាយ៉ាងណា ស្ត្រីភាគច្រើនបានឆ្លើយថា ប្ដីពួកគេគាំទ្រសកម្មភាពនៃការតវ៉ាទាមទារសិទ្ធិដីធ្លីរបស់ពួកគាត់។ មូលហេតុចម្បងមួយក្នុងករណីអំពើហិង្សាក្នុងគ្រួសារនៃអ្នកមានជម្លោះដីធ្លី គឺការទទួលទានគ្រឿងស្រវឹងហួសកម្រិត។ មូលហេតុបន្ទាប់បន្សំផ្សេងទៀតរួមមាន ភាពតានតឹងបន្ទាប់ពីមានបញ្ហាដីធ្លី ជម្លោះកើតចេញពីការបាត់បង់ប្រាក់ចំណូល ទុក្ខព្រួយក្នុងផ្លូវចិត្ត និងការមិនព្រមព្រៀងគ្នា។
អ្នកស្រី យ៉ោម បុប្ផា មានប្រសាសន៍បន្តថា សុភមង្គលគ្រួសារបានបាត់បង់ អ្នកខ្លះត្រូវព្រាត់ប្រាសគ្រួសារដោយត្រូវជាប់ពន្ធនាគារ៖ «ដូច្នេះបាត់បង់មុខរបរ បាត់បង់សុភមង្គលក្នុងគ្រួសារ។ យើងទៅតវ៉ា ប្ដីហ្នឹងដើរតួនាទីធ្វើជាប្រពន្ធផង ជាប្ដីផង។ គាត់នៅដាំបាយផង ធ្វើម្ហូបផង។ គាត់ទៅធ្វើការផង ត្រឡប់មកវិញក្រពុលមុខរៀងខ្លួន។ ជួនកាលអត់បានជួបមុខគ្នាផង ជួនឃើញតែមុខគ្នាឈ្លោះគ្នាក៏មានដែរ ដូចជាជាក់ស្ដែងស្ត្រីច្រើនណាស់ក្នុងតំបន់បឹងកក់ខ្ញុំ លែងលះ និងជាប់គុក។ ឥឡូវនេះតំណាងសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី នៅជាប់ក្នុងពន្ធនាគារនៅឡើយ ទុកឲ្យកូនគាត់នៅកំព្រាអត់មាននរណាមើលថែ»។
មន្ត្រីសម្របសម្រួលគម្រោងកែទម្រង់ដីធ្លីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វ៉ាន់ សុផាត មានប្រសាសន៍ថា ក្រៅពីភាគីប្ដី និងប្រពន្ធមានទំនាស់ ផលប៉ះពាល់ក៏ធ្លាក់ទៅលើកុមារ ដែលជាកូនៗក្នុងគ្រួសារថែមទៀត។
របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្ដីពីស្ត្រីក្នុងជម្លោះដីធ្លីនៅកម្ពុជា រកឃើញទៀតថា ម្ដាយចំនួនជិតពាក់កណ្ដាលនៃអ្នកដែលបានផ្ដល់សម្ភាស ឲ្យដឹងថា បានប្រើហិង្សាទៅលើកូនៗដែលភាគច្រើនមិនធ្លាប់កើតមានទេនៅមុនពេលពួកគាត់មានជម្លោះដីធ្លី។
ស្ត្រីរហូតដល់ជិត ៨៣% បានរាយការណ៍ថា មានការខឹងសម្បាបន្ទាប់ពីមានជម្លោះដីធ្លី ដែលនេះអាចជាកត្តាមានអំពើហិង្សាកើនឡើង។ ម្យ៉ាងទៀត កុមារក៏រងផលប៉ះពាល់ផ្ទាល់ពីវិវាទដីធ្លីដែរ ក្នុងនោះរួមមាន កុមារភាគច្រើនឆាប់ខឹង មានបញ្ហាក្នុងអារម្មណ៍ បាត់បង់ទំនុកចិត្ត បាត់បង់ការយកចិត្តទុកដាក់រៀនសូត្រ បោះបង់ការរៀនសូត្រ កុមារត្រូវរៀនផងធ្វើការផង និងកុមារមួយចំនួនតូចមានទុក្ខព្រួយព្រោះឪពុកម្ដាយលះលែង និងសេពគ្រឿងស្រវឹង ឬថ្នាំញៀន។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា បញ្ហាទាំងនេះចាំបាច់ត្រូវគ្រប់ភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយ៖ «សំខាន់ផ្លូវចិត្តគាត់ទេ។ ខ្ញុំគិតថាកាលដែលយើងជាអង្គការសង្គមស៊ីវិល រដ្ឋាភិបាលក្ដី ឬក៏ម្ចាស់ជំនួយក្ដី ក្នុងការចូលរួមជាមួយ ធ្វើយ៉ាងណាជួយផ្ដល់នូវសេវាផ្លូវចិត្ត ឬក៏សេវាអីដែលជួយកាត់បន្ថយនូវផលប៉ះពាល់ទៅដល់ពួកគាត់ ដែលពួកគាត់ទទួលរងក្នុងបញ្ហាជម្លោះដីធ្លីនេះ។ ខ្ញុំគិតថា ទាំងដំណោះស្រាយក្នុងរឿងទំនាស់ដីធ្លី ទាំងរឿងផលប៉ះពាល់សង្គម ឬជីវភាពរបស់គាត់ គឺជាចំណុចសំខាន់មែនទែន»។
អគ្គនាយករងផ្នែកអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី អ្នកស្រី ខឿន សាវ៉ាតឌី ឆ្លើយតបថានឹងព្យាយាមជួយដោះស្រាយបញ្ហាតាមការអប់រំផ្សព្វផ្សាយទប់ស្កាត់អំពើហិង្សា៖ «ខ្ញុំនឹងពាំនាំយកនូវសេចក្ដីស្នើសុំ ឬក៏អនុសាសន៍មួយចំនួនដែលបានធ្វើឡើងនៅក្នុងរបាយការណ៍នេះ ជូនថ្នាក់ដឹកនាំទៅដល់លោកជំទាវរដ្ឋមន្ត្រី ដើម្បីឲ្យលោកជ្រាប ហើយលោកនឹងជួយនៅក្នុងការងារដែលបងប្អូនបានសុំ ដូចជាការបណ្ដុះបណ្ដាលទៅដល់អាជ្ញាធរតាមមូលដ្ឋានពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនេះមួយ ការផ្សព្វផ្សាយទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនៅតាមមូលដ្ឋានឲ្យបានទូលំទូលាយជាងនេះ បានន័យថា ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ។ យើងក៏ទទួលស្គាល់ដែរថា យើងមានការខ្វះចន្លោះខ្លះ»។
ទាក់ទងនឹងករណីអំពើហិង្សាក្នុងគ្រួសារ មានរបាយការណ៍ដែលបង្ហាញថា ចំនួននៃអំពើហិង្សាមានការថយចុះ បើគិតពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១០ ប៉ុន្តែនៅតែមានអត្រាប្រេវ៉ាឡង់កម្រិតខ្ពស់។ មកដល់ពេលនេះ នៅពុំទាន់មានការអះអាងថា មានការកើនឡើង ឬថយចុះនៅឡើយ ចាំបាច់ត្រូវមានការសិក្សាជាក់លាក់ពីស្ថានភាពបច្ចុប្បន្ន។ បើទោះជាយ៉ាងណា អំពើហិង្សាក្នុងគ្រួសារនៅតែជាក្ដីបារម្ភ នៅពេលដែលក្រុមអង្គការមិនមែនរដ្ឋាភិបាលនៅតែរកឃើញថា មានការកើនឡើងនូវអំពើហិង្សាដែលឈានដល់ការកាប់សម្លាប់រវាងប្ដី និងប្រពន្ធ ឬរវាងសមាជិកក្នុងគ្រួសារ៕