វិធានការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​និង​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​នៅ​កម្ពុជា

ច្បាប់​ស្តី​អំពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​បាន​ត្រូវ​សភា​ជាតិ​អនុម័ត​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០០៨​កន្លង​មក​នេះ ក្រោយ​ដែល​ក្រសួង​យុត្តិធម៌​បាន​កែប្រែ​និង​បន្ថែម​មាត្រា​ខ្លះ​ ដើម្បី​ឲ្យ​មាន​សុពលភាព​ក្នុង​ការ​ដាក់​ទោស​ជន​ល្មើស​និង​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ។
ដោយ ម៉ៅ សុធានី
2010-01-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

តើ​សកម្មភាព​ជួញ​ដូរ​មនុស្ស​និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​លើ​ស្ត្រី​និង​កុមារ មាន​ការ​ថយ​ចុះ​ដែរ​ឬ​ទេ​ក្រោយ​ដែល​ច្បាប់​ថ្មី​នេះ​បាន​អនុម័ត​រួច​ហើយ?

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​បាន​អះអាង​ថា ទោះ​បី​ជា​រាជ​រដ្ឋាភិបាល​ខ្មែរ​យក​ចិត្ត​ទុក​ដាក់​និង​ចាត់​វិធានការ​បង្ក្រាប​យ៉ាង​ណា​ក៏ដោយ រហូត​មក​ដល់​ពេល​នេះ​បញ្ហា​ការ​ជួញ​ដូរ​មនុស្ស​និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​លើ​ស្ត្រី​និង​កុមារ នៅ​តែ​បន្ត​កើត​មាន​និង​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​មុនៗ។

លោកស្រី លឹម មុន្នី ប្រធាន​ផ្នែក​កម្មវិធី​ស្ត្រី​និង​កុមារ​នៃ​សមាគម​អាដហុក បាន​មាន​ប្រសាសន៍​ថា ទោះ​បី​កម្ពុជា​មាន​ច្បាប់​ប្រឆាំង​ទប់​ស្កាត់​នូវ​រាល់​ទម្រង់​នៃ​ការ​ជួញ​ដូរ​និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ក៏ដោយ ក៏​ការ​អនុវត្ត​ជាក់​ស្តែង​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ ហើយ​បញ្ហា​ទាំង​នោះ​គឺ​បណ្តាល​មក​ពី ៖ «ឧបសគ្គ​វិញ គឺ​មាន​បញ្ហា​ច្រើន​ណាស់។ រឿង​និទណ្ឌភាព រឿង​សម្រប​សម្រួល​ឲ្យ​សង​ជា​ប្រាក់ ជន​រង​គ្រោះ​ស្ថិត​ក្នុង​ការ​គំរាម​និង​បាក់​ទឹក​ចិត្ត​មិន​ព្រម​ចង់​ប្តឹង​ផ្តល់»

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​បង្កើត​ជា​ច្បាប់​និង​បង្កើត​ជា​ក្រុម​ការងារ​អន្តរក្រសួង ដោយ​រួម​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ទប់​ស្កាត់​និង​ប្រឆាំង​សកម្មភាព​ជួញ​ដូរ​ផ្លូវ​ភេទ​ទាំង​នោះ។

លោកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ដូច្នេះ ៖ «ច្បាប់​នេះ​គឺ​ជា​បទដ្ឋាន​ដ៏​សំខាន់​សម្រាប់​អនុវត្ត​ក្នុង​ការ​ដាក់​ទោស​ជន​ល្មើស ក៏​ដូចជា​ការពារ​ដល់​ជន​រង​គ្រោះ​ដែល​ហៅ​ថា ច្បាប់​ស្តី​អំពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​និង​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។ បន្ទាប់​មក​យើង​ក៏​មាន​វិធានការ​ផ្សេងៗ ដែល​ឈាន​ដល់​បិទ​ក្រុមហ៊ុន​មិន​ស្រប​ច្បាប់​មួយ​ចំនួន​ដែល​ជ្រើស​រើស​ពលករ។ ការ​ប្រមូល​ស្ត្រី​ឲ្យ​ រៀប​អាពាហ៍​ពិពាហ៍​ក្លែងក្លាយ យើង​មាន​ក្រុម​ការងារ​អន្តរក្រសួង​និង​មាន​ការ​ចូល​រួម​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង​ដែរ»

លោកស្រី​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ជូ ប៊ុនអេង ដែល​រូប​លោកស្រី​ផ្ទាល់​មាន​តួនាទី​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​និង​ពលកម្ម បាន​មាន​ប្រសាសន៍​បន្ត​ថា បច្ចុប្បន្ន​គណៈកម្មាធិការ​នេះ​កំពុង​ពង្រឹង​ពង្រីក​ទៅ​ដល់​ថ្នាក់​មូលដ្ឋាន​ទៀត។

លោកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​បន្ត​ដូច្នេះ ៖ «យើង​មាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស។ យើង​កំពុង​ពង្រីក​ដល់​ថ្នាក់​ខេត្ត ស្រុក ឃុំ​សង្កាត់ ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស រួម​ទាំង​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​ពាក់​ព័ន្ធ​ក្នុង​ករណី​ដែល​មាន​អំពើ​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន»

ប្រភព​ជា​ច្រើន​រាប់​ទាំង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​សហរដ្ឋ​អាមេរិក​ផង បាន​បង្ហាញ​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​គឺ​ជា​ប្រភព ជា​ទី​កន្លែង​ឆ្លងកាត់​និង​ជា​ទិស​ដៅ​ដែល​ទាំង​ស្ត្រី​និង​កុមារ​ខ្មែរ​ត្រូវ​បាន​ក្រុម​ទុច្ចរិត​កេង​ប្រវ័ញ្ច​ទាញ​យក​ផល​កម្រៃ​ពី​អាជីវកម្ម​ផ្លូវ​ភេទ ការ​ជួញ​ដូរ​មនុស្ស​តាម​រយៈ​ការ​បោក​បញ្ឆោត​រក​ការងារ​ឲ្យ​ធ្វើ ការ​រៀប​អាពាហ៍ពិពាហ៍​ក្លែងក្លាយ​និង​បង្ខំ​ឲ្យ​ធ្វើការ​ជា​ទម្ងន់​និង​វាយ​ធ្វើ​បាប​ជាដើម។

អ្នកស្រី សឹង កាម៉ារីយ៉ាន ប្រធាន​ការិយាល័យ​ច្បាប់​នៃ​អង្គការ​អាហ្វេស៊ីប បាន​មាន​ប្រសាសន៍​ថា ការ​ជួញ​ដូរ​ស្ត្រី​និង​កុមារ​ក្នុង​អំពើ​ពេស្យាចារ ភាគ​ច្រើន​កើត​មាន​នៅ​តំបន់​ទេសចរណ៍៖ «យើង​បាន​កំណត់​ទុក​ហើយ​ថា ខេត្ត​ដែល​សំបូរ​ជាង​គេ គឺ​ខេត្ត​ជា​តំបន់​ទេសចរណ៍ ជា​ពិសេស​គឺ​នៅ​ក្រុង​ភ្នំពេញ​តែម្តង ហើយ​ខេត្ត​មួយ​ចំនួន​ទៀត ដូចជា​នៅ​ខេត្ត​ព្រះសីហនុ កោះកុង បន្ទាយមានជ័យ បាត់ដំបង សៀមរាប។ ប៉ុន្តែ​គ្រាន់​តែ​មាន​កន្លែង​ខ្លះ​បិទ​បាំង​ផ្លាក​ពី​មុខ​ដាក់​ថា ខារ៉ាអូខេ ម៉ាស្សា ប៉ុន្តែ​ខាង​ក្នុង​គឺ​លក់​ដូរ​ផ្លូវ​ភេទ»

ចំណែក​ឯ​លោកស្រី មូរ សុខហួរ អតីត​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​និង​ជា​តំណាង​រាស្ត្រ​នៃ​គណបក្ស​សមរង្ស៊ី បាន​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​ថា ទាំង​រដ្ឋាភិបាល​ក៏​ដូច​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ត្រូវ​សហការ​រួម​គ្នា​បន្ថែម​ទៀត​ដើម្បី​ជួយ​ដល់​ស្ត្រី​និង​កុមារ​ដែល​ងាយ​ទទួល​រង​គ្រោះ។

លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា ៖ «យើង​ត្រូវ​រួម​គ្នា​រក​វិធានការ​បំបាត់​ការ​ងាយ​រង​គ្រោះ​របស់​ស្ត្រី​យើង ដែល​រក​ការងារ​ធ្វើ​កន្លែង​ដែល​បុរស​ទៅ​សប្បាយ។ យើង​ត្រូវ​យក​ច្បាប់​មក​ការពារ​ស្ត្រី យើង​បំបាត់​ភាព​ក្រីក្រ និង​បច្ចុប្បន្ន​យក​ចិត្ត​ទុក​ដាក់​លើ​ស្ត្រី​ជា​ច្រើន​ដែល​បាន​បាត់​ការងារ​ធ្វើ​នៅ​តាម​រោងចក្រ»

លោកស្រី​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ជូ ប៊ុនអេង ក៏​បាន​មាន​ប្រសាសន៍​ទទួល​ស្គាល់​ផង​ដែរ​អំពី​មូលហេតុ​ធំៗ​បី​ដែល​សង្គម​កម្ពុជា​កំពុង​ប្រឈម​មុខ ៖ «ទី​១​ពាក់​ព័ន្ធ​នឹង​កត្តា​សេដ្ឋកិច្ច គឺ​ពាក់ព័ន្ធ​នឹង​ភាព​ក្រីក្រ។ ទី​២ គឺ​ទាក់ទង​នឹង​កត្តា​សង្គម ដែល​ពាក់ព័ន្ធ​ទៅ​នឹង​សុវត្ថិភាព​សណ្តាប់​ធ្នាប់​ក្នុង​សង្គម និង​កត្តា​ទី​៣ គឺ​ពាក់​ព័ន្ធ​នឹង​ការ​អប់រំ ដែល​ពាក់ព័ន្ធ​នឹង​វប្បធម៌ ប្រពៃណី​និង​បំណិនជីវិត»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ដែល​ធ្វើការ​ផ្ទាល់​ជួយ​ដល់​ស្ត្រី​និង​កុមារ​រង​គ្រោះ បាន​អះអាង​ថា ដើម្បី​ទប់​ស្កាត់​និង​បំបាត់​រាល់​ទម្រង់​នៃ​អំពើ​ជួញ​ដូរ​មនុស្ស ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​លើ​ស្ត្រី​និង​កុមារ​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ រាជ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ពង្រឹង​ផ្នែក​ប្រព័ន្ធ​តុលាការ ក្នុង​នោះ​រាប់​ទាំង​និទណ្ឌភាព ឬ​ភាព​មិន​ដាក់​ទោស​ដល់​ជន​ល្មើស ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​របស់​មន្ត្រី​តុលាការ​និង​អាជ្ញាធរ​ពាក់ព័ន្ធ កុំ​ទទួល​យក​ប្រាក់​សំណង​តែ​ម្យ៉ាង​ពី​ជន​ល្មើស៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល