ប្រវត្តិ​យុវតី​មួយ​រូប​ដែល​ចាញ់​បោក​គេ​​ថា​ទៅ​ធ្វើការ​ជា​អ្នក​លាង​ចាន

យុវតី​រង​គ្រោះ​មួយ​រូប​អាយុ​១៧​ឆ្នាំ មាន​ដើម​កំណើត​នៅ​ស្រុក​តាខ្មៅ ខេត្ត​កណ្តាល មាន​បង​ប្អូន​៥​នាក់​ដែល​ពុំ​បាន​រៀន​សូត្រ​អ្វី​សោះ​ដោយសារ​ជីវភាព​រស់​នៅ​ក្រីក្រ បាន​ត្រូវ​អ្នក​ជិត​ខាង​ម្នាក់​ដែល​ក្រុម​គ្រួសារ​នាង​ស្គាល់ បោក​បញ្ឆោត​យក​ទៅ​លក់​ធ្វើ​ជា​ស្ត្រី​បម្រើ​ផ្លូវ​ភេទ​នៅ​បន​ពេស្យា​មួយ​នៅ​អ្នកលឿង​ក្រោម​ផ្លាក​សញ្ញា​ជា​កន្លែង​លក់​បាយ។
ដោយ ម៉ៅ សុធានី
2010-01-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

“អ្នក​នៅ​ជិត​ខាង​បាន​ប្រាប់​ថា កន្លែង​ហ្នឹង​លក់​បាយ​ធម្មតា​ទេ ដល់​ខ្ញុំ​ទៅ​ដល់​គឺ​កន្លែង​ខារ៉ាអូខេ​ផង កន្លែង​លក់​ស្រី​ផង។ ខ្ញុំ​ចាញ់​បោក​គេ” ៖ យុវតី​រូប​នេះ​បាន​ត្រូវ​ចាញ់​បោក​អ្នក​ជិត​ខាង​ដែល​ល្បួង​ប្រាប់​ម្តាយ​របស់​នាង​ថា ទៅ​ធ្វើការ​នៅ​កន្លែង​លក់​បាយ​នៅ​អ្នកលឿង អាច​រក​ប្រាក់​បាន​ក្នុង​មួយ​ខែ​៣០​ដុល្លារ​អាមេរិក។ ប៉ុន្តែ​នាង​ត្រូវ​បាន​ថៅកែ​ឃុំឃាំង​ទុក​ក្នុង​ផ្ទះ ហើយ​វាយ​ធ្វើ​បាប​បង្ខំ​ឲ្យ​នាង​បម្រើ​ផ្លូវ​ភេទ​ដល់​អតិថិជន​ជា​បុរស​ពី​១០​នាក់​ទៅ​១៥​នាក់​ក្នុង​មួយ​ថ្ងៃៗ។

កញ្ញា​រង​គ្រោះ​រូប​នេះ បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​ក្នុង​មណ្ឌល​អង្គការ​អាហ្វេស៊ីប ដើម្បី​រៀន​សូត្រ​អក្សរ​និង​រៀន​យក​វិជ្ជា​ជំនាញ​ខាង​អ៊ុតសក់​ប្រមាណ​ជាង​ពីរ​ខែ​មក​ហើយ។ នាង​ឲ្យ​ដឹង​ថា រូប​នាង​ផ្ទាល់​និង​ស្ត្រី​វ័យ​ក្មេង​ប្រមាណ​ជា​១២​នាក់​ផ្សេង​ទៀត បាន​ត្រូវ​អាជ្ញាធរ​ប៉ូលិស​ជួយ​សង្គ្រោះ​រំដោះ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​ពី​បន​ពេស្យាចារ​មួយ​នៅ​អ្នកលឿង ដែល​មាន​ស្លាក​សញ្ញា​ខាង​ក្រៅ​ជា​ហាង​លក់​បាយ។

នាង​បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​ប្រមាណ​ជា​មួយ​ឆ្នាំ​រស់​នៅ​ផ្ទះ​បន នាង​ត្រូវ​បាន​ក្រុម​ជើង​កាង​វាយ​ធ្វើ​បាប​និង​ឆក់​ខ្សែ​ភ្លើង​ជា​ញឹកញាប់ នៅ​ពេល​ដែល​នាង​បម្រើ​ផ្លូវ​ភេទ​ដល់​ភ្ញៀវ​មិន​គ្រប់​ចំនួន​តាម​តម្រូវការ​របស់​ម្ចាស់​បន ៖ «ខ្ញុំ​ធ្វើការ​បម្រើ​ភ្ញៀវ គេ​បង្ខំ​ឲ្យ​ដេក​ជាមួយ​ភ្ញៀវ។ ខ្ញុំ​ចង់​រត់​ចេញ​ដែរ​តែ​រត់​អត់​រួច គេ​មាន​ជើង​កាង​ការពារ។ គេ​វាយ​ខ្ញុំ​ឲ្យ​ដេក​ជាមួយ​ភ្ញៀវ​ពី​១០​នាក់​ទៅ​១៥​នាក់ បើ​យើង​ពុំ​ព្រម​គេ​វាយ​ឆក់​ខ្សែ​ភ្លើង​និង​វាយ​នឹង​ខ្សែ​តី»

យុវតី​រង​គ្រោះ​រូប​នេះ​បាន​ថ្លែង​ប្រាប់​អ្នកស្រី ភិរម្យ នៃ​វិទ្យុ​អាស៊ី​សេរី ដែល​បាន​ទៅ​ជួប​សម្ភាស​ផ្ទាល់​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អង្គការ​អាហ្វេស៊ីប​ថា ទាំង​ម្តាយ​នាង​និង​រូប​នាង​ផ្ទាល់​ជឿ​ទុក​ចិត្ត​អ្នក​ជិត​ខាង​ដែល​មក​និយាយ​អូស​ទាញ។

យុវតី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «គេ​និយាយ​ថា បាន​ប្រាក់​ខែ​ច្រើន ហើយ​ណា​មួយ​ជីវភាព​គ្រួសារ​ខ្ញុំ​អត់ អ៊ីចឹង​អាច​ជួយ​ទប់​ឲ្យ​ម៉ែ​ឪ​ខ្ញុំ​ដែល​ក្រ មាន​កូន​ច្រើន​នៅ​តូចៗ​អ៊ីចឹង ខ្ញុំ​ចង់​ឲ្យ​គ្រួសារ​ខ្ញុំ​ធូរធារ។ គេ​ឲ្យ​ក្នុង​មួយ​ខែ​៣០​ដុល្លារ បើ​ធ្វើការ​ល្អ​គេ​ឲ្យ​៥០​ដុល្លារ។ គេ​និយាយ​តែ​ល្អៗ អ៊ីចឹង​ម៉ែ​ខ្ញុំ​ជឿ​តាម​គេ​ដែរ ឲ្យ​ខ្ញុំ​ទៅ​ធ្វើការ»

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​ជាតិ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​និង​ពលកម្ម បាន​មាន​ប្រសាសន៍​ថា ក្រុម​ទុច្ចរិត​មាន​កលល្បិច​ខ្ពស់​ក្នុង​ការ​និយាយ​ទាក់ទាញ​ចិត្ត​ជន​ដែល​គេ​មាន​បំណង​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។

លោកស្រី ជូ ប៊ុនអេង បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «អ្នក​ដែល​ព្យាយាម​ធ្វើ​ជា​ឈ្មួញ​កណ្តាល ឬ​អ្នក​ដែល​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ គេ​មាន​វិធី​សាស្ត្រ​គេ​ល្អ​ណាស់ សម្រាប់​អូស​ទាញ​និង​បញ្ចុះ​បញ្ចូល។ បើ​យើង​ក្រ​គេ​យក​លុយ​មក​ទាក់​ទាញ មក​ធានា​អះអាង ដូច្នេះ​ស្ត្រី​និង​កុមារ​ងាយ​រង​គ្រោះ​ចាញ់​បោក​គេ»

មន្ត្រី​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​ប្រទេស​កម្ពុជា​មាន​ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​បើក​បន​ពេស្យា ឬ​កន្លែង​ផ្តល់​សេវា​ផ្លូវ​ភេទ​ក៏ដោយ ក៏​មាន​ឈ្មួញ​ទុច្ចរិត​មួយ​ចំនួន​ធ្វើ​អាជីវកម្ម​ជួញ​ដូរ​ផ្លូវ​ភេទ​ក្នុង​ទម្រង់​រូបភាព​ផ្សេង​ទៅ​វិញ ហើយ​ដែល​ស្ថិត​ក្រោម​ស្លាក​សញ្ញា​ជា​កន្លែង​កម្រាន្ត​នានា ដូចជា​រង្គសាល កន្លែង​ផ្តល់​ម៉ាស្សា ខារ៉ាអូខេ​និង​កន្លែង​លក់​បាយ​ជាដើម។

នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​នៅ​មិន​ទាន់​មាន​ស្ថិតិ​ច្បាស់លាស់​អំពី​អត្រា​នៃ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ប៉ុន្មាន​ទេ ក៏​ប៉ុន្តែ​ប្រភព​ខ្លះ​ប៉ាន់​ប្រមាណ​ថា មាន​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ប្រមាណ​ពី​៥​ម៉ឺន​ទៅ​១០​ម៉ឺន​នាក់ ក្នុង​នោះ​មាន​៤០% ជា​អនីតិជន​ដែល​មាន​អាយុ​ក្រោម​១៦​ឆ្នាំ។

អ្នកស្រី សឹង កាម៉ារីយ៉ាន ប្រធាន​ការិយាល័យ​ច្បាប់​នៃ​អង្គការ​អាហ្វេស៊ីប បាន​មាន​ប្រសាសន៍​ថា យុវតី​ក្មេងៗ​ភាគ​ច្រើន​អាយុ​ចន្លោះ​ពី​១៦​ឆ្នាំ​ទៅ​២០​ឆ្នាំ​ដែល​ចាញ់​បោក​គេ​នោះ គឺ​ដោយសារ​ភាព​ក្រីក្រ​និង​ការ​ធ្វើ​ចំណាក​ស្រុក​ដើម្បី​រក​ការងារ​ធ្វើ ៖ «មាន​ស្ត្រី​មួយ​ចំនួន​ធំ​ឆ្លើយ​ថា ដោយសារ​ភាព​ក្រីក្រ អត់​ការងារ​ធ្វើ អ៊ីចឹង​ប្រជាពលរដ្ឋ​យើង​ដែល​រស់​នៅ​ជនបទ ជា​ពិសេស​ស្ត្រី​វ័យ​ក្មេង​ដែល​ធ្វើ​ចំណាក​ស្រុក​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ។ ដូច្នេះ​បញ្ហា​ហ្នឹង​ធ្លាក់​ក្នុង​ជីវភាព​គ្រួសារ​គាត់​ក្រីក្រ មួយ​ចំនួន​បង្ខំ​ចិត្ត​ធ្វើ​ជា​ស្ត្រី​លក់​ខ្លួន ខ្លះ​ចាញ់​បោក​គេ មួយ​ចំនួន​ធ្វើ​ចំណាក​ស្រុក​ដើម្បី​រក​ការងារ​ធ្វើ»

​លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បាន​មាន​ប្រសាសន៍​បន្ត​ថា ប្រសិនបើ​ក្រុម​គ្រួសារ​មាន​ការ​សង្ស័យ​ក្នុង​អំពើ​ជួញ​ដូរ​មនុស្ស គេ​ត្រូវ​តែ​ប្តឹង​មក​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​បន្ទាន់ ដើម្បី​ស្វែង​រក​ជន​ល្មើស​មក​ផ្តន្ទាទោស​តាម​ច្បាប់។

លោកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ដូច្នេះ ៖ «បើ​សិន​មាន​ករណី​អូស​ទាញ​ពី​ភូមិ ឬ​ពី​មូលដ្ឋាន​ផ្សេងៗ ហើយ​សង្ស័យ​ថា យក​ទៅ​កន្លែង​ពេស្យា​ជួញ​ដូរ​ដោយ​មក​ទាក់​ទាញ​យក​កូន​នោះ​ទៅ គឺ​យើង​ត្រូវ​បង្ក្រាប ដូច​នេះ​ក្រុម​គ្រួសារ​ត្រូវ​សហការ​ជាមួយ​រដ្ឋាភិបាល ឬ​សហការ​ជាមួយ​ភ្នាក់ងារ​មាន​សមត្ថិកិច្ច​ដើម្បី​ផ្តល់​ព័ត៌មាន សាក្សី​និង​ភស្តុតាង។ ប៉ុន្តែ​អ្វី​ដែល​ពិបាក​នោះ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មិន​បាន​យល់​ដឹង ហើយ​គិត​ថា គឺ​ពុំ​មែន​ជា​ការ​ជួញ​ដូរ​ផ្លូវ​ភេទ»

សូម​បញ្ជាក់​ជូន​ថា តាម​តួលេខ​របស់​ក្រសួង​មហាផ្ទៃ​ក្នុង​អំឡុង​៩​ខែ ដើម​ឆ្នាំ​២០០៩​កន្លង​មក​នេះ អាជ្ញាធរ​ប៉ូលិស​បាន​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នៅ​តាម​ខេត្ត​ក្រុង​មួយ​ចំនួន សរុប​មាន​១២៤​ករណី ហើយ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​បញ្ជូន​ទៅ​តុលាការ​បាន​១៥៨​នាក់ និង​រំដោះ​ស្ត្រី​រង​គ្រោះ​បាន​៦៨០​នាក់​ផង​ដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល