ប្រវត្តិ​របស់​យុវតី​ម្នាក់​ដែល​ត្រូវ​ឪពុក​លក់​ឲ្យ​ធ្វើ​ជា​ស្ត្រី​បម្រើ​ភ្ញៀវ

យុវតី​មួយ​រូប​អាយុ​១៦​ឆ្នាំ មាន​ប្អូន​ប្រុស​បង្កើត​៣​នាក់ ម្តាយ​ស្លាប់​ដោយ​ជំងឺ​ពេល​ប្អូន​ប្រុស​ពៅ​អាយុ​បាន​១​ឆ្នាំ ដែល​មាន​ដើម​កំណើត​នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល​នោះ បាន​ត្រូវ​ឪពុក​បង្កើត​លក់​ឲ្យ​ទៅ​ធ្វើ​ជា​ស្រ្តី​បម្រើ​ផ្លូវ​ភេទ​នៅ​ហាង​ខារ៉ាអូខេ​មួយ​ឈ្មោះ​”ហាងស្រីនាង”។
2010-01-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

យុវតី​រូប​នេះ​មាន​ដើម​កំណើត​នៅ​ក្នុង​ស្រុក​ស្អាង ខេត្ត​កណ្តាល បាន​ត្រូវ​ឪពុក​បង្កើត​ធ្វើ​អាជីវកម្ម​ជួញ​ដូរ​ផ្លូវ​ភេទ ដោយ​លក់​កូន​ឲ្យ​ទៅ​ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ​មួយ​នៅ​ក្នុង​ខេត្ត​កោះកុង នៅ​ពេល​មាន​អាយុ​បាន​១៦​ឆ្នាំ​តែប៉ុណ្ណោះ។

នាង​បាន​ប្រាប់​អ្នកស្រី ភិរម្យ នៃ​វិទ្យុ​អាស៊ី​សេរី​ដែល​បាន​ទៅ​ជួប​សម្ភាស​ផ្ទាល់​នៅ​មណ្ឌល​ហ្វឹកហ្វឺន​ជំនាញ​នៃ​អង្គការ​អាហ្វេស៊ីប អំពី​ភាព​លំបាក​វេទនា​យ៉ាង​នេះ​ថា ៖ «ពេល​ខ្ញុំ​អត់​ព្រម​ទៅ គាត់​ចាប់​ឆ្កាង​វាយ​ធ្វើ​បាប​ខ្ញុំ ដល់​អ៊ីចឹង​ខ្ញុំ​ឆ្លើយ​យល់​ព្រម ដើម្បី​អនាគត​ប្អូនៗ​ខ្ញុំ ពីព្រោះ​បើ​ខ្ញុំ​ពុំ​ទៅ ប្អូនៗ​ខ្ញុំ​អត់​មាន​បាយ​ហូប អត់​អាច​ទៅ​រៀន​បាន។ ម្តាយ​ខ្ញុំ​ស្លាប់ មាន​តែ​ឪពុក។ គាត់​(ឪពុក)​មាន​មេរោគ ហើយ​ប្រពន្ធ​ចុង​ក៏​មាន​មេរោគ​ដែរ»

យុវតី​រូប​នេះ​មាន​ប្អូន​ប្រុស​៣​នាក់ នាង​ជា​កូន​ស្រី​បង។ ពេល​ម្តាយ​ស្លាប់ ប្អូន​ប្រុស​ពៅ​ទើប​មាន​អាយុ​បាន​១​ឆ្នាំ ហើយ​មាន​ផ្ទុក​មេរោគ​អេដសន៍​ទៀត ៖ «ម៉ាក់​ខ្ញុំ​ស្លាប់​ទៅ ពេល​ហ្នឹង​អត់​មាន​នរណា​រក​ប្រាក់​ចិញ្ចឹម​ក្នុង​គ្រួសារ ចិញ្ចឹម​ប្អូន​២​នាក់​ទៅ​រៀន ប្អូន​ពៅ​នៅ​បៅ​ទឹក​ដោះ​គោ​នៅ​ឡើយ»

នាង​បាន​រៀបរាប់​បន្ត​ថា នាង​ពុំ​បាន​ដឹង​ថា ឪពុក​លក់​នាង​ជា​ទឹក​ប្រាក់​ប៉ុន្មាន​ទេ ប៉ុន្តែ​នាង​ត្រូវ​ទៅ​ធ្វើការ​ជា​អ្នក​ចាក់​ស្រាបៀរ​នៅ​ហាង​ខារ៉ាអូខេ​ឈ្មោះ​”ហាងស្រីនាង” នៅ​ខេត្ត​កោះកុង។ ក្នុង​មួយ​ខែៗ​នាង​បាន​ទទួល​ប្រាក់​ពី​ថៅកែ​ពី​៨០​ដុល្លារ​ទៅ​១០០​ដុល្លារ ហើយ​ឆ្លៀត​យក​ប្រាក់​ដែល​បាន​នោះ​ផ្ញើ​មក​ប្អូនៗ ៖ «ខ្ញុំ​អត់​ដឹង​ថា គាត់​លក់​ខ្ញុំ​ប៉ុន្មាន ពេល​ខ្ញុំ​ធ្វើ​បាន​អ៊ីចឹង គាត់​ឲ្យ​ប្រាក់​ខ្ញុំ​ក្នុង​មួយ​ខែ​ពី​៨០​ទៅ​១០០​ដុល្លារ។ ពេល​គេ​ត្រូវការ​ខ្ញុំ​មួយ​យប់​អ៊ីចឹង ថៅកែ​បង្ខំ​ឲ្យ​ខ្ញុំ​ទៅ​គេង​ជាមួយ​ភ្ញៀវ បើ​ពុំ​ព្រម​ថៅកែ​ឲ្យ​ក្រុម​ស្ទាវ​វាយ​ធ្វើ​បាប​ចាប់​រំលោភ​ខ្ញុំ»

នាង​បាន​ទៅ​ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ​ស្រីនាង រយៈពេល​ប្រមាណ​១​ឆ្នាំ​កន្លះ​នៅ​ខេត្ត​កោះកុង។ នាង​ឲ្យ​ដឹង​ថា ក្នុង​មួយ​ខែៗ ជា​មធ្យម​នាង​ត្រូវ​បម្រើ​ផ្លូវ​ភេទ​ភ្ញៀវ​ពី​១៥​នាក់​ទៅ​២០​នាក់។

នាង​បាន​រៀបរាប់​ពី​ហេតុផល​ដែល​ត្រូវ​បាន​អាជ្ញាធរ​ជួយ​សង្គ្រោះ​រំដោះ​ចេញ​ពី​ទាសករ​ផ្លូវ​ភេទ​យ៉ាង​នេះ​ថា ៖ «មាន​បងៗ​នៅ​ក្នុង​ហាង​ស្រីនាង​គាត់​លួច​ទៅ​ប្តឹង ហើយ​គេ​ទៅ​ចាប់​ទៅ ហើយ​ខ្ញុំ​បាន​អង្គការ​អាហ្វេស៊ីប យក​មក​នៅ​ក្នុង​មណ្ឌល ហើយ​ពិនិត្យ​សុខភាព​អត់​មាន​កើត​អេដស៍​ទេ»

ទាក់ទង​នឹង​ករណី​ឪពុក​ម្តាយ​ជួញ​ដូរ​ផ្លូវ​ភេទ​លក់​កូន​ឲ្យ​ធ្វើ​ជា​ស្រី​ពេស្យា ឬ​ទៅ​ធ្វើ​ជា​ស្ត្រី​បម្រើ​ផ្លូវ​ភេទ​នៅ​ក្លឹប​កំសាន្ត​នានា​នោះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​ជាតិ​បង្ក្រា​បអំពើ​ជួញ​ដូរ​មនុស្ស ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​និង​ពលកម្ម បាន​មាន​ប្រសាសន៍​ពន្យល់​ថា ៖ «បើ​សិន​ជា​គ្រួសារ​នោះ​ស៊ុមគ្រលុំ ឬ​ចូល​រួម​ក្នុង​ការ​ជួញ​ដូរ​មនុស្ស សមាជិក​គ្រួសារ​នោះ​ក៏​ត្រូវ​មាន​ទោស​ដែរ។ ឧទាហរណ៍ ដូចជា​ឪពុក​ម្តាយ​យក​កូន​ទៅ​លក់។ តាម​ពិត​កូន​មិន​ជា​វត្ថុ​សម្រាប់​លក់​ដូរ​នោះ​ទេ គាត់​ត្រូវ​ការពារ គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​អ្នក​បង្កើត​គេ​និង​ជា​អ្នក​អាណាព្យាបាល គាត់​ត្រូវ​តែ​មើល​ការ​ទទួល​ខុស​ត្រូវ»

លោកស្រី​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ជូ ប៊ុនអេង បាន​មាន​ប្រសាសន៍​ផ្តល់​ដំបូន្មាន​ដល់​មាតា​បិតា​ថា ក្នុង​ករណី​ដែល​មាន​ជីវភាព​រស់​នៅ​ទី​ទ័ល​ក្រ​ខ្លាំង មុន​សម្រេច​ឲ្យ​កូន​ធ្វើ​អ្វី​មួយ គេ​គួរ​តែ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ឬ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជា​មុន​សិន។

លោកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ដូច្នេះ ៖ «បើ​សិន​ជា​គាត់​ចង់​ឲ្យ​មាន​ប្រាក់​ចំណូល​ដោយសារ​កម្លាំង​ពលកម្ម តាម​រយៈ​អាពាហ៍ពិពាហ៍ គាត់​ត្រូវ​ពិភាក្សា​ពិចារណា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អង្គការ​ក្រៅ​រដ្ឋាភិបាល តែ​បើ​សិន​ជា​គាត់​លក់​កូន​ដោយ​ចេតនា គាត់​ពិត​ជា​មាន​ទោស​ហើយ»

ទោះ​បី​ជា​យុវតី​វ័យ​ក្មេង​រូប​នេះ បច្ចុប្បន្ន​មាន​អាយុ​១៨​ឆ្នាំ ធ្លាប់​បាន​ឆ្លង​កាត់​បទពិសោធន៍​ក្នុង​ជីវិត​ដ៏​ជូរចត់ ត្រូវ​បាន​ឪពុក​បង្កើត​ជួញដូរ​ផ្លូវ​ភេទ​ក៏ដោយ ក៏​នាង​នៅ​តែ​មាន​ក្តី​សង្ឃឹម​ជឿ​ជាក់​ថា ក្រោយ​ពី​នាង​រៀន​វិជ្ជា​ជំនាញ​ផ្នែក​សំអាង​ចប់​នៅ​មណ្ឌល​អាហ្វេស៊ីប នាង​នឹង​ចេញ​ទៅ​ប្រកប​ការងារ​រក​ប្រាក់​ដើម្បី​ជួយ​ផ្គត់ផ្គង់​ប្អូន​ប្រុស​នាង​៣​នាក់ ដែល​បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​ក្នុង​មណ្ឌល​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ខេត្ត​កំពង់សោម។

យុវតី​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «មាន​ជំនាញ​កែ​សម្ផស្ស រៀន​បាន​៥​ខែ​ហើយ ហើយ​ប្រហែល​ជា​៧​ឬ​៨​ខែ​ទៀត​ខ្ញុំ​រៀន​ចប់​ហើយ ខ្ញុំ​ទៅ​បើក​ហាង​នៅ​កោះកុង។ ឪពុក​មិន​ដែល​ទាក់​ទង​មក​ទេ ហើយ​បាន​ទទួល​ដំណឹង​ថា ប្អូនៗ​បាន​ត្រូវ​គេ​យក​ទៅ​នៅ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កំពង់សោម។ ខ្ញុំ​ប្រឹង​ខំ​រៀន​ដើម្បី​ជួយ​ប្អូនៗ​ឲ្យ​មាន​ការងារ​ធ្វើ​ត្រឹមត្រូវ កុំ​ឲ្យ​ដើរ​លួច​ឆក់​ប្លន់​គេ»

អង្គការ​អាហ្វេស៊ីប គឺ​ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​កម្ពុជា ដែល​បាន​សហការ​យ៉ាង​ជិតស្និទ​ជាមួយ​ក្រសួង​កិច្ចការ​នារី ក្រសួង​មហាផ្ទៃ ដើម្បី​ជួយ​រំដោះ​ស្ត្រី​និង​កុមារ​រង​គ្រោះ​ពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ហើយ​យក​មក​ឲ្យ​ស្នាក់​នៅ​ក្នុង​មណ្ឌល​ដើម្បី​អាច​ទទួល​ការ​រៀន​សូត្រ​អក្សរ រៀន​វិជ្ជា​ជំនាញ​កាត់ដេរ អ៊ុតសក់ សំអាងការ​និង​កែ​សម្ផស្ស។ ក្រោយ​រៀន​វិជ្ជា​ជំនាញ​ចប់​សព្វ​គ្រប់ អង្គការ​អាហ្វេស៊ីប​នឹង​ផ្តល់​ជា​កញ្ចប់​ថវិកា​ឬ​ជា​ប្រាក់ តាម​រយៈ​មីក្រូ​គ្រេឌីត សម្រាប់​ស្ត្រី​ណា​ដែល​មាន​បំណង​ចង់​ប្រកប​របរ​រក​ស៊ី ដូច​ជា​បើក​ហាង​តូចៗ អ៊ុតសក់ ហាង​កាត់ដេរ​ក្នុង​ភូមិ​ស្រុក​របស់​គេ ឬ​នៅ​កន្លែង​ណា​ដែល​ស្ត្រី​ទាំង​នោះ​គិត​ថា អាច​រក​ប្រាក់​ចំណូល​បាន​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​គេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល