ហេតុផល​ដែល​ស្ត្រី​និយម​ចង់​ធ្វើ​ស្បែក​ឱ្យ​មាន​សម្បុរ​ស

បច្ចុប្បន្ន ស្ត្រី​ភាគ​ច្រើន​នៅ​ប្រទេស​កម្ពុជា ដែល​សម្បូណ៌​ប្រាក់​កាស កំពុង​និយម​ចង់​បាន​សម្បុរ​ស្បែក​ស ដោយ​យល់​ឃើញ​ថា អ្នក​មាន​សម្បុរ​ស គឺ​មាន​សម្រស់​ស្អាត សាច់​ល្អ និង​មាន​ឋានៈ​ស្តុកស្តម្ភ​ក្នុង​សង្គម។

0:00 / 0:00

ទន្ទឹម​គ្នា​នេះ គេ​មាន​ទស្សនៈ​ថា ស្ត្រី​ដែល​មាន​ស្បែក​សម្បុរ​ស្រអែម ឬ​ខ្មៅ​វិញ គឺ​ដោយ​សារ​មាន​ជីវភាព​រស់នៅ​លំបាក ធ្វើ​ការ​ហាល​ថ្ងៃ ទើប​ស្បែក​មុខ និង​ខ្លួន​ប្រាណ ប្រែ​ក្លាយ​ជា​សម្បុរ​ស្រអែម ឬ​ខ្មៅ។

នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ស្ត្រី​ខ្មែរ​ភាគ​ច្រើន​ដែល​មាន​វ័យ​ក្មេងៗ និង​ខ្លះ​មាន​វ័យ​ក្រោម​៥០ឆ្នាំ ដែល​សម្បូណ៌​ទ្រព្យ​សម្បត្តិ បាន​ចំណាយ​ប្រាក់​កាស​យ៉ាង​ច្រើន ដើម្បី​កែ​សម្ផស្ស​ធ្វើ​ឲ្យ​ស្បែក​របស់​ខ្លួន​មាន​ពណ៌​ស ទោះ​បី​ជា​ខ្លួន​កើត​មក​មាន​ស្បែក​សម្បុរ​ស្រអែម ឬ​ខ្មៅ​ពី​កំណើត​ក៏​ដោយ។

ប្រការ​នេះ បាន​ញ៉ាំង​ឲ្យ​មាន​ស្ត្រី​ខ្លះ រហូត​ដល់​ប្រើប្រាស់​សេវា​បក​ស្បែក​មុខ ខ្លួន​ប្រាណ ដើម្បី​ចង់​បាន​សម្បុរ​ស និង​កែ​ទម្រង់​ភ្នែក ច្រមុះ បបូរ​មាត់ ជាដើម ដោយ​ពុំ​បាន​គិត​ពី​ផល​វិបាក​ដល់​សុខភាព​ទៅ​ថ្ងៃ​អនាគត។

មន្ត្រី​សង្គម​ស៊ីវិល​ខ្លះ និង​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សុខភាព​នៅ​កម្ពុជា អះអាង​ថា ស្ត្រី​ដែល​ប្រើ​វិធី​បក​ស្បែក ព្រោះ​មាន​ទស្សនៈ និង​ការ​យល់​ឃើញ​ថា សម្បុរ​ស្បែក​ស ជា​សម្បុរ​ស្រស់​ស្អាត ទទួល​ជោគជ័យ​ក្នុង​ជីវិត និង​មាន​ឋានៈ​ខ្ពង់ខ្ពស់​ក្នុង​សង្គម​នោះ គឺ​ជា​ការ​យល់​ច្រឡំ និង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ទៅ​ថ្ងៃ​អនាគត។

លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ អ្នក​ជំនាញ​ផ្នែក​សុខភាព និង​ជា​ប្រធាន​ទស្សនាវដី្ត​សុខភាព​យើង មាន​ប្រសាសន៍​ថា ការ​បក​ស្បែក គឺ​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព ដែល​មាន​ស្ត្រី​ខ្លះ​អាច​ប្រតិកម្ម​ខ្លាំង​ទៅ​នឹង​ផលិតផល​ដែល​ប្រើប្រាស់​សម្រាប់​បក​ស្រទាប់​ស្បែក​នោះ៖ «ពួក​គាត់​សព្វថ្ងៃ​នេះ គឺ​ប្រើប្រាស់​ផលិតផល​ធ្វើ​ឲ្យ​ស្បែក​ស និយាយ​រួម ធ្វើ​ឲ្យ​ប៉ះពាល់​ស្បែក​ទៅ​ថ្ងៃ​ក្រោយ ទៅ​តាម​ផលិតផល​នោះ​ឯង។ បើ​ផលិតផល​នោះ ពុំ​មាន​ជាតិ​មេឡានីន (Melanin) ច្រើន​នោះ មិន​អី​ទេ។ តែ​ផ្ទុយ​ទៅ​វិញ បើ​ប្រើ​ផលិតផល​ខ្លាំងៗ ដូច​ជា​បក​ស្រទាប់​ស្បែក​ទី១ ទី២ ចេញ​អ៊ីចឹង ហ្នឹង​គ្រោះថ្នាក់​ហើយ​ទៅ​ថ្ងៃ​ក្រោយ»

ក្នុង​អត្ថបទ​ចុះ​ផ្សាយ​មួយ​ក្នុង​គេហទំព័រ​របស់​លោក​វេជ្ជបណ្ឌិត ម៉េម៉េត អ៊ូហ្ស (Mehmet Oz) ឬ​ហៅ Doctor Oz ដែល​មាន​កម្មវិធី​ពិភាក្សា​សុខភាព នៅ​ស្ថានីយ​ទូរទស្សន៍​ក្នុង​សហរដ្ឋអាមេរិក​នេះ បាន​ឲ្យ​ដឹង​ថា ស្បែក​របស់​មនុស្ស​យើង​ម្នាក់ៗ គឺ​មាន​ជាតិ​ពណ៌​ខ្មៅ​ក្នុង​ស្បែក ដែល​ភាសា​អង់គ្លេស​ហៅ​ថា មេឡានីន។ អ្នក​ដែល​មាន​សម្បុរ​ស្បែក​ស្រអែម ឬ​ខ្មៅ គឺ​មាន​ជាតិ​មេឡានីន​ច្រើន ដែល​អាច​ជួយ​ការពារ​ស្បែក​មិន​ឲ្យ​ឆាប់​ជ្រីវជ្រួញ។ ប៉ុន្តែ​អ្នក​ដែល​មាន​ស្បែក​ស​វិញ នៅ​ពេល​ត្រូវ​កាំ​រស្មី​ព្រះអាទិត្យ (UV) កង្វះ​ជាតិ​មេឡានីន អាច​នាំ​ឲ្យ​បំផ្លាញ​ដល់​កោសិកា​ស្បែក ជា​ហេតុ​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក​ស្បែក ដែល​ភាសា​អង់គ្លេស​ហៅ​ថា មេឡាណូម៉ា (Melanoma)។

ចំណែក​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្ត្រី​វ័យ​ក្មេងៗ​ជាច្រើន បាន​នាំគ្នា​ជឿ​ការ​ផ្សព្វផ្សាយ​អំពី​ផលិតផល និង​កន្លែង​កែ​សម្ផស្ស ដែល​ផ្តល់​សេវា​បក​ស្រទាប់​ស្បែក​ឲ្យ​មាន​សម្បុរ​ស និង​ឡេ​ប្រើ​លាប​លើ​ផ្ទៃ​មុខ និង​ខ្លួន​ប្រាណ។ បន្ថែម​ពី​នេះ ស្ត្រី​ខ្លួន​ឯង​ផ្ទាល់​គិត​ថា បើ​ខ្លួន​មាន​សម្បុរ​ស ពួក​គេ​នឹង​មាន​ភាព​ស្រស់​ស្អាត អាច​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ទាក់ទាញ​បុរស​ឲ្យ​ស្រឡាញ់​ខ្លួន ពីព្រោះ​បុរស​ខ្មែរ​ភាគ​ច្រើន​និយម​ចូល​ចិត្ត និង​ស្រឡាញ់​ស្ត្រី​ដែល​មាន​សម្បុរ​ស។

ម្ចាស់​ហាង​កែ​សម្ផស្ស ដ៏​តូច​មួយ​កន្លែង នៅ​ផ្សារ​ដើម​ថ្កូវ ក្រុង​ភ្នំពេញ កញ្ញា អ៊ុច សុភី បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី តាម​ទូរស័ព្ទ​ថា សព្វថ្ងៃ​នេះ ស្ត្រី​វ័យ​ក្មេង​ភាគ​ច្រើន គឺ​ប្រកួត​ប្រជែង​គ្នា​តាម​រយៈ​សម្ភារៈ​និយម និង​យល់​ឃើញ​ថា សម្បុរ​ស គឺ​ជា​សម្បុរ​ដែល​កំពុង​ពេញ​និយម​ក្នុង​សង្គម៖ «ភាគ​ច្រើន បើ​ខ្ញុំ​និយាយ​សម្រាប់​ក្មេងៗ​នៅ​ស្រុក​ខ្មែរ គាត់​និយម​ថា ឲ្យ​តែ​ស​គឺ​ស្អាត​ហើយ។ តាម​សម័យ​បច្ចុប្បន្ន គឺ​គេ​ធ្វើ​តាម​គ្នា ចង់​បាន​សម្រស់ ម៉ូដ​អាវ ម៉ូដ​ទូរស័ព្ទ។ បើ​និយាយ​ឲ្យ​ខ្លី​ទៅ កត្តា​សំខាន់ គឺ​ស្ត្រី​ចង់​បាន​ស​ស្អាត និង​មាន​មោទនភាព​ខ្លួន​ឯង»

កញ្ញា អ៊ុច សុភី បន្ត​ថា រូប​នាង​ផ្ទាល់​មិន​ដែល​បក​ស្បែក​មុខ ឬ​ខ្លួន​ប្រាណ​ទេ។ នាង​មាន​សម្បុរ​ស្រអែម ហើយ​ភាព​ស្រស់​ស្អាត​របស់​នាង គឺ​ពី​ធម្មជាតិ។ នាង​បន្ត​ថា ផលិតផល​ប្រើប្រាស់​សម្រាប់​បក​ស្រទាប់​ស្បែក​អតិថិជន គឺ​មាន​ក្លិន​ខ្លាំង​ណាស់ នាំ​ឲ្យ​ពិបាក​ដក​ដង្ហើម ហើយ​នាង​មិន​ហ៊ាន​ប្រើ​ទេ ដោយ​ខ្លាច​គ្រោះថ្នាក់៖ «ហាង​ខ្ញុំ អត់​ដែល​ជួប​ប្រទះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ឮ​តាម​ហាង​ផ្សេងៗ ដែល​វា​មាន​បញ្ហា ពេល​បក​ស្បែក​រហូត​ដល់​ស្លាប់ បើ​និយាយ​អាច​ប៉ះពាល់​ដល់​ហាង​គេ។ កន្លែង​ក្មួយ​អត់​ធ្វើ​ទេ បើ​កុម្ម៉ង់​ឡេ​បាន ចំហុយ​ខ្លួន និង​ត្រាំ​ទឹកដោះ​គោ​បាន។ ចង់​នរណា​ថា​អត់​ចេះ​ក៏​ថា​ចុះ ថ្នាំ​បក​ស្បែក​នោះ​ខ្លាំង​ណាស់ ទ្រាំ​ក្លិន​អត់​បាន​ទេ»

នៅ​ក្នុង​ប្រទេស​កម្ពុជា គេ​ពុំ​ដែល​មាន​ស្ថិតិ​ច្បាស់​លាស់​ថា តើ​អត្រា​ស្ត្រី​ដែល​ប្រើ​សេវា​បក​ស្បែក ឬ​មុខ​មាត់​មាន​ប៉ុន្មាន​ភាគ​រយ​ទេ ហើយ​វិធី​នេះ​ផ្តល់​ផល​វិបាក​នាំ​ឲ្យ​ស្លាប់ ឬ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​យ៉ាង​ណា​នោះ​ឡើយ។ ប៉ុន្តែ​សព្វថ្ងៃ​នេះ នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ហាង​កែ​សម្ផស្ស​បាន​បើក​រក​ស៊ី​យ៉ាង​ច្រើន ដើម្បី​ផ្តល់​សេវា​ដូច​ជា​ការ​បក​ស្បែក​ខ្លួន​ប្រាណ បក​ស្បែក​មុខ ឬ​ឡេ​សម្រាប់​លាប​មុខ ការ​ខាត់​ដុះ​ស្បែក​ឲ្យ​ស និង​សេវា​ជាច្រើន​ទៀត ដោយ​ពុំ​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ពី​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ​ឡើយ។

អ្នកស្រី លឹម មុន្នី អនុប្រធាន​កម្មវិធី​ស្ត្រី និង​កុមារ​របស់​សមាគម​អាដហុក មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​នាំ​ចូល​ផលិតផល​សម្រាប់​បក​ស្បែក​ធ្វើ​ឲ្យ​សម្បុរ​ពណ៌​ស ឬ​កន្លែង​កែ​សម្ផស្ស គេ​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល និង​សេវា​របស់​គេ។

ប៉ុន្តែ ក្រសួង​សុខាភិបាល​វិញ មិន​ដែល​បាន​អប់រំ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដល់​ពលរដ្ឋ​ខ្មែរ អំពី​វិធី​ថែ​រក្សា​សម្រស់ ដោយ​ធម្មជាតិ​នោះ​ឡើយ៖ «ខាង​អង្គការ​អត់​មាន​នរណា​មាន​កម្មវិធី​អប់រំ​ទេ។ គ្រាន់​តែ​ក្រសួង​សុខាភិបាល​ធ្លាប់​បាន​ផ្សាយ​ម្តង​ដែរ យូរ​ហើយ គេ​ថា ការ​បក​ស្បែក បើ​សិន​ជា​ខុស​បច្ចេកទេស ឬ​ប្រើ​ថ្នាំ​ខុស អាច​ធ្វើ​ឲ្យ​កើត​មហារីក​ស្បែក​៥ឆ្នាំ​ក្រោយ​មក។ ដូច្នេះ វា​អត់​ឈ្នះ​នឹង​ការ​ផ្សព្វផ្សាយ ដែល​ប្រកប​អាជីព​ហ្នឹង គេ​ផ្សាយ​គ្រប់​ប៉ុស្តិ៍​វិទ្យុ ទូរទស្សន៍ ហើយ​គេ​ជួល​ពិធីករ ពិធី​ការិនី​ស្អាតៗ ដើម្បី​ផ្សាយ ហើយ​ផ្សាយ​ហើយ​ផ្សាយ​ទៀត រៀងរាល់​ថ្ងៃ»

ទស្សនៈ និង​ការ​យល់​ឃើញ​អំពី​ពណ៌​សម្បុរ​ស ថា​ជា​សម្បុរ​ស្រស់​ស្អាត សាច់​ល្អ និង​មាន​ឋានៈ​ស្តុកស្តម្ភ​ក្នុង​សង្គម​នេះ គឺ​ច្រើន​មាន​ចំពោះ​ពលរដ្ឋ​ជា​ស្ត្រី​នៅ​ក្នុង​ទ្វីប​អាស៊ី រួម​មាន​ប្រទេស​កម្ពុជា ថៃ ឥណ្ឌា និង​ហ្វីលីពីន ជាដើម។ ផ្នត់​គំនិត​ទាំង​នេះ គឺ​មាន​ភាព​ផ្ទុយ​ស្រឡះ​ពី​សង្គម​នៅ​បណ្ដា​ប្រទេស​ខាង​លិច ដូច​ជា​នៅ​សហរដ្ឋអាមេរិក ជាដើម ដែល​ភាគ​ច្រើន គេ​មាន​ការ​ផ្សព្វផ្សាយ​ច្រើន​តែ​អំពី​ផលិតផល​ធ្វើ​ឲ្យ​ស្បែក​មាន​សម្បុរ​ស្រអែម ឬ​សម្បុរ​ពណ៌​ត្នោត។

ក្នុង​សង្គម​នៃ​បណ្ដា​ប្រទេស​លោក​ខាង​លិច គេ​ច្រើន​មាន​ទស្សនៈ​ថា អ្នក​ដែល​មាន​សម្បុរ​ស្រអែម ឬ​សម្បុរ​ពណ៌​ត្នោត គឺ​ជា​អ្នក​ដែល​សម្បូណ៌​ប្រាក់​កាស ដើរ​ចាយ​វាយ ឈប់​សម្រាក​ការងារ លំហែ​អារម្មណ៍​សម្រាប់​វិស្សមកាល​នៅ​កន្លែង​ទេសចរណ៍​ផ្សេងៗ និង​ទៅ​លំហែ​កាយ​នៅ​ឆ្នេរ​សមុទ្រ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។